10
មករា
បុគ្គលិក Naga World ប្រកាសធ្វើកូដកម្ម រហូតទាល់តែមានដំណោះស្រាយ
ភ្នំពេញ៖ បុគ្គលិក Naga World នាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែនិងស្នើសុំឱ្យប្រធានសហជីពឈ្មោះ ឈីម ស៊ីថរ ចូលបំពេញការងារវិញ នៅថ្ងៃទី៩ មករា ឆ្នាំ២០២០នេះ។ ។បុគ្គលិកកាស៊ីណូនិងសណ្ឋាគាររបស់ Naga Worldទាំងនោះ ប្រកាសទាមទាររហូតទាល់តែមានដំណោះស្រាយ ។
លោក សេង រាជ មន្ត្រីច្បាប់នៃអង្គការសង់ត្រាល់ បានប្រាប់សារព័ត៌មានថ្មីៗថា បុគ្គលិកទាំងនោះ ស្នើសុំដំឡើងប្រាក់ឈ្នួលអប្បបរមា៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ និង៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ។ជាពិសេស សុំោ្យមានការផ្តល់ប្រាក់ខែស្មើគ្នា ចំពោះបុគ្គលិកខ្មែរ និងបុគ្គលិកបរទេស ក្នុងតួនាទីដូចគ្នា។
ក្រៅពីនេះបុគ្គលទាំងនោះ ក៏ទាមទារឲ្យក្រុមហ៊ុនអនុវត្តថ្ងៃឈប់សម្រាកថ្ងៃបុណ្យជាតិតាមច្បាប់ស្តីពីការងារ, ឈប់ប្រើប្រាស់អំពើហិង្សា និងបៀតបៀនគ្រប់រូបភាពមកលើបុគ្គលិក រួមទាំងបញ្ឈប់នាយកគ្រប់គ្រងផ្នែកកាស៊ីណូពីការងារ ក្រោមហេតុផលថា បុគ្គលរូបនេះតែងតែជេរប្រមាទ និងបៀតបៀនកេរ្តិ៍ខ្មាស់មកលើបុគ្គលិកកន្លងមក ។ ចំណែកប្រធានសហជីពឈ្មោះ ឈីម ស៊ីថរ ដែលត្រូវបានបញ្ឈប់ពីការងារនោះ ក៏ស្ថិតនៅក្នុងលក្ខខណ្ឌទាមទារផងដែរ។ នេះបើតាមមន្ត្រីច្បាប់នៃអង្គការសង់ត្រាល់ ដែលបានបញ្ជាក់ថា បុគ្គលកូដកម្មនេះ មានគ្នាប្រមាណ១០០០នាក់។
ជុំវិញបញ្ហាកូដកម្មនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានសម្របសម្រួលជាមួយកម្មករនិយោជិក និងអ្នកគ្រប់គ្រង់ Naga World ចំនួន៣ដងហើយ ប៉ុន្តែភាគីទាំង២នៅតែមិនព្រមបន្ទន់ជំហររៀងខ្លួន។ នេះជាការបញ្ជាក់របស់លោក ហេង សួរ។
រូបភាពពី លោក រាជ
អ្នកនាំពាក្យក្រសួងការងាររូបនេះ បាននិយាយដូច្នេះថា៖ «ការធ្វើកូដកម្មថ្ងៃនេះ ក្រុមការងារក្រសួងបានចុះទៅពិនិត្យមើលដែរ ប៉ុន្តែភាគីទាំងពីរនៅតែប្រកាន់ជំហរ ដោយភាគីកម្មករនៅតែទាមទារតាមអ្វីដែលពួកបានស្នើសុំកន្លងមក ហើយខាង Naga នៅតែមិនយល់ព្រមតាមសំណើរ។ ដូច្នេះក្រសួងក៏មិនដឹងថា ត្រូវធ្វើយ៉ាងណារដែរ មានតែរង់ចាំភាគីទាំងពីបន្ទន់ជំហររៀងខ្លួន»។
កាលពីថ្ងៃទី៨ មករា សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាសម្រេចឲ្យបុគ្គលិកNaga World ផ្អាកការធ្វើកូដកម្មបណ្តោះអាសន្នសិន ហើយត្រូវចូលបំពេញការងារតាមវេន ពេលវេលា និងតួនាទីរបស់ខ្លួនជាធម្មតាវិញ ។ ដីកាសាលាដំបូង បានសង្កត់ថា បើកម្មករនិយោជិត ដែលនៅតែបន្តធ្វើកូដកម្ម ផ្ទុយនឹងខ្លឹមសារនៃសេចក្តីសម្រេចទី១និងទី២ ខាងលើនេះ ត្រូវកំណត់ជាកូដកម្មខុសច្បាប់ និងមានកំហុសធ្ងន់ធ្ងរ។
ដ្បិតមានដីកាសម្រេចបែបនេះក្តី ក៏បុគ្គលមួយចំនួននៅតែតវ៉ា ដោយពួកគេបានសរសេរលើបដាថា បញ្ឈប់រាល់ទម្រង់អំពើហិង្សា និងបៀតបៀនមកលើបុគ្គលិកពីសំណាក់ភ្ញៀវ, ការទាមទារប្រាក់ឈ្នួល រស់នៅសមរម្យ គឺជាសិទ្ធិមិនមែនជាបទល្មើសឧក្រិដ្ឋទេ ជាដើម។ ពួកគេនឹងតវ៉ារហូតទាល់តែមានដំណោះស្រាយច្បាស់លាស់។ នេះបើតាមលោក សេង រាជ មន្ត្រីច្បាប់នៃអង្គការសង់ត្រាល់៕
ប្រភព៖ថ្មីៗ