អង្គការការងារ និងសហជីព ស្វែងរកការគាំទ្រញត្តិ ដើម្បីទាមទារឲ្យមានការកែប្រែស្ថានភាពហានិភ័យសំណង់ ក្រោយមានការបាក់រលំអគារជាបន្តបន្ទាប់
អង្គការឃ្លាំមើលសិទ្ធិការងារ និងសហជីពសំណង់ នឹងស្វែងរកការគាំទ្រញត្តិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកែលម្អស្ថានភាពហានិភ័យក្នុងវិស័យសំណង់ ក្រោយមានហេតុការណ៍បាក់រលំអគារសង្កត់កម្មករស្លាប់ជាបន្តបន្ទាប់។
ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារ ក្នុងវិស័យសំណង់ នាំគ្នាធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ មករា ដើម្បីជំរុញរដ្ឋាភិបាល និងភាគីពាក់ព័ន្ធឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើសុវត្ថិភាពកម្មករក្នុងវិស័យសំណង់។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិមនុស្ស និងការងារ លោក ឃុន ថារ៉ូ និយាយថា សន្និសីទកាសែត គឺចង់អំពាវនាវឲ្យរដ្ឋាភិបាល ក្រសួងដែនដី និងអាជ្ញាធរពាក់ព័ន្ធ ធានាសុវត្ថិភាពកម្មករសំណង់ឲ្យមានប្រសិទ្ធិភាព និងត្រូវទប់ស្កាត់គ្រោះថ្នាក់ពីការបាក់រលំអគារទ្រង់ទ្រាយធំ កុំឲ្យកើតមានតទៅទៀត។
លោកថា អង្គការសង់ត្រាល់ (CENTRAL) និងសហជីពសំណង់ បានទាមទារឲ្យមានការកែប្រែ និងធានាសុវត្ថិភាពកម្មករសំណង់ ចំនួន ៧ចំណុច ក្នុងនោះ ក៏មានការទាមទារបន្ថែមឲ្យអាជ្ញាធររកទីតាំងធ្វើស្តូបគោរពវិញ្ញាណក្ខន្ធ នៅខេត្តព្រះសីហនុ និងនៅខេត្តកែប ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់ ដោយសារអគារដួលរលំសង្កត់ ចំនួន ៦៤នាក់ (ព្រះសីហនុ ២៨ កែប៣៦)។
ញត្តិនេះ នឹងត្រូវអង្គការសង់ត្រាល់ និងសហជីពសំណង់ ស្វែងរកការគាំទ្រពីក្រុមពលរដ្ឋ នៅតាមស្ថាប័នរដ្ឋ អង្គការ សមាគមនានា មុនយកទៅដាក់នៅតាមស្ថាប័នរដ្ឋពាក់ព័ន្ធនៅសប្ដាហ៍ក្រោយ។ លោក ឃុន ថារ៉ូ សង្ឃឹមថា រដ្ឋាភិបាលនឹងទទួលយកអនុសាសន៍របស់សង្គមស៊ីវិល ទៅអនុវត្ត ឲ្យមានប្រសិទ្ធិភាព៖ «មើលឃើញថា វាមិនទាន់មានការអនុវត្តបានពេញលេញ។ អ៊ីចឹងហើយ បានយើងនៅតែបន្តជំរុញដដែល អ្វីដដែលហ្នឹង ថារាជរដ្ឋាភិបាលហ្នឹង ត្រូវមានវិធានការតឹងរ៉ឹង គាត់ត្រូវមានវិធានការតឹងរ៉ឹង ដើម្បីធានាអំពីគុណភាព និងសុវត្ថិភាព នៅកន្លែងការងារសម្រាប់កម្មករសំណង់ហ្នឹង។ អ៊ីចឹង អនុសាសន៍ទាំង៧ចំណុចហ្នឹង ខ្ញុំគិតថា វាសំខាន់»។
ការទាមទារទាំង ៧ចំណុចក្នុងញត្តិរបស់អង្គការសង់ត្រាល់ និងសហជីពសំណង់ បានស្នើសុំឲ្យ ផ្អាកជាបន្ទាន់ និងចាត់វិធានការច្បាប់ចំពោះម្ចាស់គម្រោងណា ដែលសាងសង់ គ្មានច្បាប់អនុញ្ញាត សាងសង់ខុសស្តង់ដារបច្ចេកទេសសំណង់ ហើយត្រូវមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំ និងឲ្យមានប្រសិទ្ធិភាព តម្លាភាព ផ្ដល់សំណងផ្នែកច្បាប់ ដល់កម្មកររងគ្រោះ និងអ្នកក្នុងបន្ទុកគ្រួសារឲ្យបានសមរម្យ ស្រាវជ្រាវរកអ្នកទទួលខុសត្រូវ អ្នកពាក់ព័ន្ធ មកទទួលខុសត្រូវមុខច្បាប់ និងជំរុញឲ្យអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងសំណង់ ក្នុងការផ្ដល់កន្លែងសម្រាប់កម្មករ និយោជិក ស្នាក់នៅ ក្រៅការដ្ឋានសំណង់ជាដើម។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន លើកឡើងថា កម្មករនៅតែមិនទាន់ទទួលបានយុត្តិធម៌ ទាំងករណីបាក់រលំអគារ ៧ជាន់នៅខេត្តព្រះសីហនុ និងនៅខេត្តកែប។ លោកថា មកដល់ពេលនេះទៅហើយ កម្មកររងគ្រោះពីការបាក់រលំអគារសង្កត់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩ នៅមិនទាន់ទទួលបានសំណងរដ្ឋប្បវេណី ហើយបារម្ភថា កម្មកររងគ្រោះនៅខេត្តកែប អាចរងភាពអយុត្តិធម៌ដូចគ្នា៖ «លទ្ធផលនៃការអនុវត្តតាមនីតិវិធី ហាក់បីដូចជាអត់មានផល និងយុត្តិធម៌សម្រាប់កម្មករទេ មកដល់ពេលនេះ»។
ហេតុការណ៍បាក់រលំអគារសង្កត់មនុស្សស្លាប់ បានកើតឡើងទ្រង់ទ្រាយធំ ៣លើក ក្នុងរយៈពេល ៧ខែចុងក្រោយនេះ គឺការបាក់រលំអគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ របស់ថៅកែជនជាតិចិន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលសង្កត់កម្មករ ២៨នាក់ស្លាប់ និង ២៦នាក់រងរបួស។ អគារសាលាឆាន់មួយ ក្នុងវត្តគោកចក នៅខេត្តសៀមរាប បានបាក់រលំកាលពីយប់ថ្ងៃទី០៣ ធ្នូ ឆ្នាំ២០១៩ សង្កត់មនុស្ស ៣នាក់ស្លាប់ របួស ១៣នាក់ និងសំណង់អគារនៅខេត្តកែប បាក់សង្កត់ស្លាប់កម្មករ និងកូនក្មេងតូចៗ ចំនួន ៣៦នាក់ រងរបួស ២៣នាក់៕
ប្រភព៖វិទ្យុអាស៊ីសេរី