កម្មករជាង ១៥ ០០០ នាក់ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ពេលត្រឡប់មកពីចូលឆ្នាំ
ភ្នំពេញៈ កម្មករ-កម្មការិនីចំនួនជាង ១៥ ០០០ នាក់ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ នៅតាមបន្ទប់ជួល ឬកន្លែងស្នាក់នៅរបស់ពួកគេរៀងៗខ្លួន បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីលេងស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាត់វិធានការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ សម្រាប់កម្មករដែលបានធ្វើដំណើរទៅស្រុកក្នុងពេលបុណ្យចូលឆ្នាំថ្មី។
លិខិតលោក ម៉ម ប៊ុនហេង បញ្ជាក់ថាស្ថានភាពជំងឺកូវីដ ១៩ នាពេលនេះស្ថិតក្នុងដំណាក់កាលដែលត្រូវមានការប្រុងប្រយ័ត្នបំផុតដែលត្រូវទប់ស្កាត់កុំឲ្យមានការចម្លងរាតត្បាតចូលក្នុងសហគមន៍។ លោកបន្តថា វិធានការនេះក៏យោងទៅលើអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការហាមឃាត់ ការសម្រុកទៅស្រុកផងដែរ។
លោក ម៉ម ប៊ុនហេង សរសេរថា៖ «ដើម្បីបង្ការហានិភ័យនៃការចម្លងកូវីដ ១៩ ចំពោះកម្មករ កម្មការិនី ដែលនឹងត្រូវវិលត្រឡប់មកកន្លែងធ្វើការនៅរោងចក្រ សហគ្រាសរបស់ពួកគាត់វិញនោះក្រសួងសុខាភិបាលសុំស្នើក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការចាត់វិធានការលើបុគ្គលទាំងនោះដោយត្រូវតែដាក់ខ្លួននៅដាច់ដោយឡែកនៅកន្លែងស្នាក់នៅរបស់បុគ្គលនោះក្នុងរយៈពេល ១៤ ថ្ងៃជាចាំបាច់»។
លោកស្នើឲ្យមានការតាមដានក្នុងការអនុវត្តវិធានការចត្តាឡីស័ក និងត្រួតពិនិត្យតាមដានសុខភាពពីក្រុមគ្រូពេទ្យនៃក្រសួងការងារក្នុងករណីមានបុគ្គលណាមួយមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការពន្យល់បន្ថែមបានទេកាលពីម្សិលមិញ។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា លិខិតរបស់លោក ប៊ុនហេង បង្ហាញរួចហើយអំពីការធ្វើចត្តាឡីស័ក ហើយក្រសួងក៏ធ្លាប់បានចេញវិធីសាស្ត្រសម្រាប់ការធ្វើចត្តាឡីស័កបែបណានោះដែរ។
កាលពីមុនពិធីបុណ្យចូលឆ្នាំលោក ហ៊ុន សែន បានដាក់ចេញបទបញ្ជាហាមមិនឲ្យមានការធ្វើដំណើរឆ្លងពីខេត្ត ១ ទៅខេត្ត ១ ប៉ុន្តែបានអនុញ្ញាតឲ្យមានការឆ្លងកាត់រវាងភ្នំពេញ និងខេត្តកណ្ដាលដោយចាត់ទុកភូមិសាស្ត្រនេះជាតំបន់តែ ១។ វិធានការនេះធ្វើឡើងចាប់ពីយប់ថ្ងៃទី ៩ មេសា ហើយត្រូវបានដកកាលពីព្រឹកម្សិលមិញ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានសរសេរលិខិតទៅគណៈអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំយោបល់អំពីការធ្វើចត្តាឡីស័ក កម្មករ-កម្មការិនីចំនួន ១៥ ៧២៦ នាក់ មកពីរោងចក្រចំនួន ៦៧២ នៅភ្នំពេញ ដែលបានទៅស្រុកក្នុងពិធីបុណ្យចូលឆ្នាំ។ ក្នុងលិខិតរបស់លោកបញ្ជាក់ថា សាលារាជធានីបានត្រៀមសាលារៀនចំនួន ៣៧ ស្មើនឹង ៦៩៩ បន្ទប់ សម្រាប់អនុវត្តវិធានការនៅដាច់ដោយឡែក។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការធ្វើចត្តាឡីស័កនេះមិនមែនជាទោសពៃរ៍នោះទេ គ្រាន់តែជាវិធានការដើម្បីទប់ស្កាត់លទ្ធភាពចម្លងនៃជំងឺកូវីដ ១៩ ប៉ុណ្ណោះ។ លោកថា កាលពីដំបូងក្រុមការងារបានពិភាក្សាគ្នាថា តើត្រូវដាក់ឲ្យពួកគាត់ទាំងជាង ១៥ ០០០ នាក់នោះដោយវិធីណា។
លោកថា ក្រុមការងារបានពិភាក្សាជម្រើស ២ គឺទី ១ ឲ្យពួកគាត់នៅតាមបន្ទប់ជួល ឬតាមផ្ទះរបស់ពួកគាត់ដោយមានការត្រួតពិនិត្យ និងមិនឲ្យមានការប្រាស្រ័យទាក់ទងជាមួយអ្នកជិតខាងក្នុងវិធីមួយដែលអាចចម្លងជំងឺ។
ចំណែកជម្រើស ១ ទៀតគឺឲ្យដាក់ពួកគាត់ ១៤ ថ្ងៃ នៅតាមសាលារៀន ប៉ុន្តែជម្រើសនេះមានការពិបាកបន្តិចដោយសារតែការធ្វើចត្តាឡីស័កបែបនេះត្រូវការការរៀបចំច្រើនរួមមានទាំងបន្ទប់ទឹក និងអគ្គិសនី អាហារ និងមុងភួយជាដើម។ ដូច្នេះចុងក្រោយការពិភាក្សាបានសម្រេចយកការដាក់ពួកគាត់នៅតាមកន្លែងពួកគាត់ស្នាក់នៅរៀងៗខ្លួនដោយមានការត្រួតពិនិត្យ តាមដានសុខភាពដិតដល់។
លោកថ្លែងថា៖ «យើងចុងក្រោយយើងគិតថា អត់មានជម្រើសអីក្រៅពីខិតខំធ្វើយ៉ាងម៉េចឲ្យបងប្អូនយើងត្រឡប់ទៅកន្លែងដែលធ្លាប់នៅ ត្រឡប់ទៅនៅផ្ទះកន្លែងណា ប៉ុន្តែផ្ទះទាំងអស់នោះ ទីតាំងទាំងអស់នោះត្រូវតែយល់ពីគោលការណ៍ ១៤ ថ្ងៃ ដើម្បីទាំងអស់គ្នាការពារខ្លួនឯងផង ការពារទាំងអស់គ្នាផង។ នេះជាការជជែកគ្នាចុងក្រោយគឺបែបនេះ»។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សយល់ឃើញថា ការតម្រូវឲ្យកម្មករ កម្មការិនីដែលបានទៅស្រុកអនុវត្តវិធានការចត្តាឡីស័កនេះហាក់ដូចជាមានលក្ខណៈជាសម្ពាធបន្តិចសម្រាប់ពួកគេ។
លោកមើលឃើញជារួមថា ការលើកទឹកចិត្តឲ្យពួកគាត់មិនចេញទៅស្រុកជាវិធានការល្អមួយហើយ តែវិធានការក្នុងការកាត់បន្ថយកត្តាជំរុញមិនឲ្យទៅនោះហាក់ដូចជាខ្សោយ។ កត្តាជំរុញនោះគឺរោងចក្រខ្លះត្រូវបានព្យួរ ដែលធ្វើឲ្យពួកគេបាត់បង់ការងារជាហេតុធ្វើឲ្យពួកគាត់សម្រេចចិត្តវិលត្រឡប់ទៅស្រុកវិញ។
លោកថា តាមលោកដឹងពីកម្មករខ្លះគោលការណ៍ទទួលបានប្រាក់ឧបត្ថម្ភ ៧០ ដុល្លារពីរដ្ឋាភិបាល និងពីរោងចក្រដែលត្រូវព្យួរនោះមិនទាន់បានអនុវត្តល្អទេ ដោយកម្មករទទួលបានតែពីភាគីរោងចក្រប៉ុណ្ណោះ។ អ្នកដែលបានទៅស្រុកក្នុងពេលចូលឆ្នាំក៏មិនប្រាកដថា វិលត្រឡប់មកវិញដែរ។
លោកថា ក្រៅពីលើកទឹកចិត្តកុំឲ្យពលរដ្ឋទៅស្រុកនៅតាមរោងចក្រនីមួយៗគួរតែអនុវត្តវិធានការបង្ការ និងអនាម័យ។ លោកឃើញកម្មករនៅរោងចក្រមួយចំនួនមិនមានម៉ាស់ពាក់ទេ ហើយចំនួនកម្មករធ្វើដំណើរទៅកាន់រោងចក្រក្នុងចំនួនច្រើននៅលើឡានដឹកកម្មករ ដែលដឹកកម្មករពីរោងចក្រផ្សេងៗច្របូកច្របល់គ្នា៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
This post is also available in: អង់គ្លេស