13
ឧសភា
ពលរដ្ឋខ្មែរមួយចំនួន មិនអាចចេញពីម៉ាឡេស៊ី ព្រោះគ្មានប្រាក់ធ្វើតេស្តរកកូវីដ-១៩
ភ្នំពេញ៖ ពលរដ្ឋខ្មែរ១៥០នាក់ ដែលជាប់គាំងនៅម៉ាឡេស៊ី កំពុងខ្វះខាតហើយសុំចែកអាហារពីអ្នកដទៃ បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជានិងស្ថាប័នពាក់ព័ន្ធ ជួយឲ្យពួកគាត់ ឆាប់ត្រឡប់មកកម្ពុជាវិញ។ ពលរដ្ឋខ្មែរជាប់គាំងនៅម៉ាឡេស៊ី អះអាងថា គ្មានប្រាក់ គ្មានការងារ និង គ្មានលទ្ធភាពបង់ថ្លៃធ្វើតេស្តរកកូវីដ-១៩ ដើម្បីមកកម្ពុជាឡើយ។
អ្នកស្រី សៀង គីមអូន ជាពលរដ្ឋខ្មែរក្នុងចំណោម១៥០នាក់ ដែលត្រូវផ្អាកជើងហោះហើរ កាលពីថ្ងៃទី៧ ខែមេសា បានអះអាងថា រាល់ថ្ងៃនេះ អ្នកស្រី គ្មានប្រាក់ជាប់ខ្លួនឡើយ រស់ដោយសារអ្នកដទៃម៉ាឡេស៊ី ចែកអាហារឲ្យប៉ុណ្ណោះ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនង WhatsApp អ្នកស្រី និយាយថា៖«ពួកខ្ញុំ ពិបាកមែនទែន អត់លុយថ្លៃផ្ទះគេផង អត់មានបាយហូប បានមិត្តភក្តិគេឲ្យ ដូចអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ពងទា មី ដែលខាងជនជាតិម៉ាឡេ ដែលយកប្រពន្ធជាជនជាតិខ្មែរ យកមកឲ្យ»។
ម្ដាយនិងកូនរបស់អ្នកស្រី ក៏នៅជាមួយអ្នកស្រី ក្នុងប្រទេសម៉ាឡេស៊ីដែរ។ អ្នកស្រី ប្រាប់ថា អ្នកស្រីនិងម្តាយ ត្រូវជាប់គាំងនិងគ្មានការងារជិត១សប្ដាហ៍ហើយ។ សព្វថ្ងៃអ្នកស្រី កំពុងស្នាក់នៅក្នុងផ្ទះជួយជាមួយមិត្តភ័ក្តិ ដែលបានធ្វើការនៅប្រទេសម៉ាឡេស៊ីមុនអ្នកស្រី។
អ្នកស្រី គីមអូននិងគ្រួសារ (រូបភាពទទួលបានពីអ្នកស្រីគីមអូន)
អ្នកស្រី អះអាងថា មន្រី្តខាងស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ប្រាប់ឲ្យរង់ចាំសិន និងទារប្រាក់ចំនួន១៥០ដុល្លារ សម្រាប់ធ្វើតេស្តរកកូវីដ-១៩។ អ្នកស្រីថ្លែងថា៖«អត់និយាយអីទេ ឲ្យពួកខ្ញុំចាំសិនៗ ហើយនិយាយថា ឲ្យពួកខ្ញុំទៅពិនិត្យសុខភាព យកម្នាក់៦៥០ រីងហ្គីត (១៥០ដុល្លារ) ហើយបើថារឿងលុយគឺគ្មានមួយកាក់មួយសេនក្នុងខ្លួនតែម្តង បើពិនិត្យយកលុយគឺពួកខ្ញុំគ្មានលុយឲ្យទេ»។
និយាយបណ្តើរយំបណ្តើរ អ្នកស្រី ស្នើឲ្យអង្គការនិងរដ្ឋាភិបាល ជួយយកពួកគាត់ត្រឡប់មកវិញកម្ពុជាវិញផង។
ចំណែក លោក ពូ ខូលរី ជាអ្នកទេសចរខ្មែរធ្វើដំណើរទៅលេងម៉ាឡេស៊ី ដែលជាប់ក្នុងចំណោម១៥០នាក់ដែរនោះ និយាយថា ការមិនបានមកកម្ពុជាវិញ គឺធ្វើឲ្យលោក និងពលរដ្ឋជាច្រើននាក់ ដែលនៅម៉ាឡេស៊ី កំពុងជួបការខ្វះខាត និងគ្មានស្បៀងអាហារគ្រប់គ្រាន់។ លោក ខូលរី កំពុងសុំផ្ទះអ្នកស្គាល់នៅម៉ាឡេស៊ីស្នាក់នៅ ដោយរង់ចាំតែថ្ងៃមកកម្ពុជាវិញ ព្រោះគ្មានប្រាក់។ លោក ក៏បានទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ីដែរ ប៉ុន្តែហាក់គ្មានព័ត៌មានច្បាស់លាស់ក្រៅពីការរង់ចាំ។
«ខ្ញុំបានទាក់ទងទៅ (ស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ី) ថា ត្រូវធ្វើតេស្តនៅកន្លែងណា? គាត់ប្រាប់ថា ចាំគាត់ទាក់ទងរដ្ឋាភិបាលម៉ាឡេស៊ីសិន! ជាង១០ថ្ងៃហើយ គាត់ឆ្លើយបានត្រឹមតែថា បានទាក់ទងទៅខាងម៉ាឡេស៊ីហើយ ប៉ុន្តែគេមិនបានឆ្លើយ…។ គាត់ថាប្រទេសគេ ទារម្នាក់១៥០ដុល្លារ ធ្វើតេស្តហ្នឹង (កូវីដ-១៩)។ យើងអត់លុយផង ទៅរក១៥០ដុល្លារនៅណា? គាត់ឲ្យពួកខ្ញុំអ្នកចេញផ្ទាល់ ប៉ុន្តែខ្ញុំប្រាប់ទៅគាត់វិញថា មិនមែនរឿងពួកខ្ញុំទេ រឿងរាជរដ្ឋាភិបាល លុយរដ្ឋាភិបាលគេជួយគរគោក ម៉េចចេញមិនបាន។ ខ្ញុំប្រាប់គាត់ហើយ គាត់មិនឆ្លើយ បានតែចូលមើលឆាតខ្ញុំ»។ នេះជាការត្អូញត្អែររបស់លោក ខូលរី ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ WhatsApp។
រីឯ អ្នកស្រី ម៉ាត់ តោសរី ដែលទៅធ្វើការងារសំណង់ជាមួយប្ដី នៅម៉ាឡេស៊ី អស់រយៈពេល៣ឆ្នាំ បានអះអាងថា អ្នកស្រី គ្មានកម្លាំងឡើយ ព្រោះគ្មានអាហារគ្រប់គ្រាន់ ខណៈអ្នកស្រី កំពុងមានផ្ទៃពោះជាង៨ខែ។ អ្នកស្រី ម៉ាត់ តោសរី ដែលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាម WhatsApp ដែរនោះ រៀបរាប់ថា៖«រាល់ថ្ងៃបានអ្នកស្គាល់គ្នាឲ្យហូបទេ គ្មានលុយទិញចំណីបន្ថែម សម្រាប់ខ្លួនឯងឡើយ។ ខ្ញុំ ចង់ត្រឡប់ទៅផ្ទះនៅស្រុកខ្មែរវិញ កូនខ្ញុំ៤នាក់នៅខ្មែរកំពុងចាំមើល។ បើទៅដល់អត់ ឬមានអី ក៏អាចធ្វើនំបង្អែមលក់គ្រាន់បានលុយចាយដែរ។ នៅទីនេះគ្មានលុយ គ្មានការងារ ជិតគ្រប់ខែ ហើយប្ដីខ្ញុំទើបនឹងស្លាប់»។
អ្នកស្រី ក៏ដូចអ្នកខាងលើដែរ គឺស្នើឲ្យអង្គការ និងរដ្ឋាភិបាល ជួយសម្រួលយ៉ាងណា ឲ្យអ្នកស្រីនិងពលរដ្ឋខ្មែរជាប់នៅម៉ាឡេស៊ី ឆាប់បានមកកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៣ ខែឧសភានេះថា ការយឺតយ៉ាវនៃការវិលត្រឡប់របស់ពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ដោយសារដំណើរការនៃការពិនិត្យសុខភាពរកកូវីដ-១៩ របស់ម៉ាឡេស៊ីមិនទាន់ចាប់ផ្ដើម និងក្រុមហ៊ុនអាកាសចរណ៍ មិនទាន់កំណត់ជើងហោះហើរមកកម្ពុជា។
លោក កុយ គួង អធិប្បាយថា៖«ទូតយើង កំពុងចរចាជាមួយម៉ាឡេស៊ី ដើម្បីស្នើសុំធ្វើតេស្តកុំឲ្យយកលុយ។ ប៉ុន្តែកន្លងមកម៉ាឡេស៊ីថា គេធ្វើតេស្តមិនយកលុយចំពោះអ្នកទាំងឡាយណា ដែលមានរោគសញ្ញាអាចកើតជំងឺកូវីដ-១៩។ ឯអ្នកមិនមានរោគសញ្ញាសោះ ឲ្យគេធ្វើតេស្តគឺយកលុយ ប៉ុន្តែទូតយើង នៅតែទទូចឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យពលរដ្ឋខ្មែរជាង១៥០នេះ សុំកុំឲ្យគិតលុយ ទោះបីគាត់គ្មានរោគសញ្ញាក៏ដោយ ដោយដឹងថាគ្មានរោគ (កូវីដ-១៩) ដើម្បីបានត្រឡប់មកកម្ពុជា»។
លោក សង្កត់ធ្ងនថា ប្រសិនបើនរណាចង់ត្រឡប់មកឆាប់ គឺត្រូវចេញថ្លៃពិនិត្យដោយខ្លួនឯង ខណៈពេលនេះ ភាគីខាងស្ថានទូតកម្ពុជា កំពុងតែរង់ចាំការពិភាក្សា ជាមួយម៉ាឡេស៊ីបន្ត។ លោក អះអាងថា ទោះបីពលរដ្ឋខ្មែរ បានពិនិត្យសុខភាពដោយចេញប្រាក់ខ្លួនឯង ក៏ក្រុមហ៊ុនអាកាសចរណ៍ មិនទាន់កំណត់ជើងហោះមកកម្ពុជាដែរ គឺកំពុងរង់ចាំការចរចាគ្នាបន្តទៀត។
លោក មឿន តុលា នាយកប្រតិបតិ្តមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៣ ខែឧសភានេះថា សម្រាប់អង្គការក្រៅរដ្ឋាភិបាល គឺមានលទ្ធភាពតិចណាស់ ក្នុងការដោះស្រាយលើបញ្ហានេះ មានតែស្នើឲ្យស្ថាប័នរដ្ឋ ជាពិសេសគឺស្ថានទូតខ្មែរនៅម៉ាឡេស៊ី ក្នុងផ្ដល់ជំនួយជាបន្ទាន់គឺស្បៀងអាហារ។ កន្លងមក សង់ត្រាល់ បានសហការជាមួយអង្គការដៃគូ សម្រាប់ចែកស្បៀងឲ្យពលរដ្ឋខ្មែរនៅទីនោះខ្លះ។
លោក មានប្រសាសន៍ថា៖«រដ្ឋាភិបាល គួរមានវិធានការច្បាស់លាស់ ក្នុងការធ្វើមាតុភូមិនិវត្តន៍ (របស់ពលរដ្ឋខ្មែរ)។ យើង មើលតួលេខអ្នកឆ្លងនៅម៉ាឡេស៊ីមានច្រើនជាងខ្មែរ បើទុកឲ្យពួកគាត់នៅទីនោះ គឺគ្មានសុវត្ថិភាពសម្រាប់គាត់ទេ គួរមានផែនការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់មក ហើយរៀបចំឲ្យមានការពិនិត្យសុខភាពនៅម៉ាឡេស៊ី។ បើមិនអាចរៀបចំឲ្យពិនិត្យនៅម៉ាឡេស៊ីបានទេ រៀបចំឲ្យមានការពិនិត្យនៅខ្មែរពេលចុះពីយន្តហោះ ហើយធ្វើចត្តាឡីស័ក១៤ថ្ងៃ មុនពេលចូលសហគមន៍។ ករណីមានជនសង្ស័យ និងមានផ្ទុកកូវីដ-១៩ យើង ព្យាបាលគាត់ទៅ»។
លោក លើកឡើងទៀតថា ទាំងនេះ គឺវិធានការដែលរដ្ឋាភិបាល គួររៀបចំដោះស្រាយជូនពលរដ្ឋខ្មែរ។ ករណីមិនយកពលរដ្ឋខ្មែរចេញពីម៉ាឡេស៊ី រដ្ឋាភិបាល គួររៀបចំស្បៀងអាហារនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដល់ពួកគាត់នៅទីនោះ អំឡុងពេលពួកគាត់ កំពុងគ្មានការងារធ្វើ។
លោក មើលឃើញថា រដ្ឋាភិបាល គ្មានផែនការជាក់លាក់ ទើបពលរដ្ឋខ្មែរមិនអាចត្រឡប់មកវិញបាន។ លោក សម្តែងការមិនយល់ថា កញ្ចប់ថវិកាជាច្រើនលានដុល្លារ ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ ដែលរដ្ឋាភិបាលទទួលពីសហភាពអឺរ៉ុប USAID និងអ្នកពាក់ព័ន្ធផ្សេងៗ នឹងត្រូវរដ្ឋាភិបាលចាត់ចែងដោះស្រាយជួយយ៉ាងណា?៕
ប្រភព៖ ថ្មីៗ