មន្ត្រីសង្គមស៊ីវិលមន្ទិលពីប្រសិទ្ធភាពនៃការដោះស្រាយតាមវេទិកាសាធារណៈ និងហ្វេសប៊ុក
មន្ត្រីអង្គការសង្គមស៊ីវិលមានមន្ទិលអំពីប្រសិទ្ធភាពនៃយន្តការរបស់របបក្រុងភ្នំពេញ ក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ និងការប្រមូលបណ្ដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក។
ប្រតិកម្មនេះធ្វើឡើង ក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញសេចក្ដីណែនាំឱ្យអភិបាលរាជនីខេត្ត រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ។ លោក ស ខេង ក៏ទើបបង្កើតក្រុមការងារ តាមដាន និងដោះស្រាយសំណូមពរមហាជនតាមហ្វេសប៊ុក។
ជាងកន្លះឆ្នាំក្រោយការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស រងផលប៉ះពាល់យ៉ាងដំណំ និងដង្ហោយរកអន្តរាគមន៍ពីរដ្ឋជាយូរមកហើយ ទើបតែកាលពីថ្ងៃទី១៥ ខែ មិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញសេចក្តីសម្រេច និងសេចក្តីណែនាំ ក្នុងថ្ងៃតែមួយ ឱ្យបើកវេទិកាសាធារណៈ និងបង្កើតក្រុមតាមដានសំណូមពរពលរដ្ឋ តាមបណ្ដាញសង្គមហ្វេសប៊ុក។
ការបើកវេទិកាសាធារណៈ ដែលលោក ស ខេង អះអាងថា ដើម្បីដោះស្រាយបញ្ហាប្រឈម ពិនិត្យសំណើ សំណូមពរ និងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋនៅមូលដ្ឋាននោះ គឺធ្វើឡើងក្រោយប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានរកគ្រប់គ្រប់មធ្យោបាយ ដើម្បីប្រាប់រដ្ឋាភិបាល ឱ្យដឹងអំពីទុក្ខកង្វល់របស់ពួកគាត់ និងស្នើសុំអន្តរាគមន៍។
ពលរដ្ឋរាប់រយសហគមន៍ ដែលខ្វះខាតជីវភាព កាលពីដើមខែ មេសា បាននាំគ្នាមកដាក់ញត្តិដល់ទីក្រុងភ្នំពេញ ដោយដើរដាក់ញត្តិតាមក្រសួង និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ដើម្បីសុំឱ្យជួយ។ ប៉ុន្តែ មិនត្រឹមតែមិនជួយទេ គឺមន្ត្រីប៉ូលិសបានឃាត់ខ្លួនស្ត្រីតំណាងសហគមន៍ ៩ នាក់ យកទៅសួរនាំអស់រយៈពេលជាង ១០ ម៉ោង ទម្រាំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ និងបង្ខំឱ្យធ្វើកិច្ចសន្យា ឈប់តវ៉ាតទៅទៀតផង ក្នុងអំឡុងពេលនេះ។
ជាបន្តបន្ទាប់មកទៀតពលរដ្ឋនៅខេត្តបាត់ដំបង ដែលខ្វះខាតជីវភាពខ្លាំង បានឱ្យគេថតវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ផ្តាំទៅរដ្ឋាភិបាលឱ្យគិតគូរសុខទុក្ខរាស្ត្រផង ព្រោះពិបាកណាស់។ មួយថ្ងៃក្រោយការស្រែកត្អូញអំពីការលំបាកនេះ ប៉ូលិសមូលដ្ឋានមួយក្រុម បានចុះទៅដល់ផ្ទះស្ត្រីម្ដាយនិងកូននោះ ដោយបង្ខំឱ្យប្ដឹងអ្នកថតវីដេអូគាត់ និងឱ្យចោទអ្នកនោះថាបង្ខំគាត់ឱ្យនិយាយផ្ទុយពីការពិត។ ស្ត្រីទាំងពីរបដិសេធធ្វើតាមប៉ូលិស ព្រោះពួកគាត់និយាយការពិត គ្មាននរណាបង្ខិតបង្ខំពួកគាត់ទេ។
ក្រោយៗមកទៀត ក្រុមកម្មករអូសរទេះនៅប៉ោយប៉ែត ដែលគ្រោងនាំគ្នាធ្វើបាតុកម្មតវ៉ា សុំឱ្យមានដំណោះស្រាយរឿងឱ្យថៃនាំអីវ៉ាន់ចូលបាន តែមិនឱ្យខ្មែរនាំអីវ៉ាន់ទៅថៃវិញនោះ ក៏រងការរឹតត្បិតយ៉ាងចាស់ដៃ ដោយដាក់ពង្រាយកម្លាំងសមត្ថិកិច្ចទប់មិនឱ្យតវ៉ាអ្វីទាំងអស់។
ឯក្រុមយុវជនចលនាខ្មែរថាវរៈ ៩នាក់ ដែលមានទាំងព្រះសង្ឃ ៥ អង្គផង បាននាំគ្នាធ្វើកូដកម្មបង្អត់អាហារខ្លួនឯង និងធ្វើធម្មយាត្រានៅខេត្តបាត់ដំបង ដើម្បីសុំឱ្យធនាគារពន្យារពេលឱ្យពលរដ្ឋទូទៅ ក្នុងការសងបំណុល។ ប៉ុន្តែ សមត្ថកិច្ចរារាំងការតវ៉ានោះ និងបានឃាត់ខ្លួនយុវជនមួយចំនួន ជាងពីរម៉ោង ទើបដោះលែងមកវិញ និងបង្ខំឱ្យធ្វើកិច្ចសន្យាឈប់តវ៉ាដែរ។
ទាំងនេះគឺសុទ្ធតែជាសម្រែករាស្ត្រ ដែលយកបញ្ហាជាក់ស្ដែងរបស់ពួកគាត់ ទៅប្រាប់ឱ្យអាជ្ញាធរនៅមូលដ្ឋានបានដឹង និងទៅប្រាប់ដល់មាត់ទ្វារក្រសួង និងការិយាល័យលោកនាយករដ្ឋមន្ត្រីទៀតផង។ ប៉ុន្តែ មិនបានលទ្ធផលអ្វីសោះឡើយ។
ម្យ៉ាងទៀតកន្លងមក វេទិកាសាធារណៈដែលរដ្ឋាភិបាល អះអាងថា បើកដើម្បីដោះស្រាយបញ្ហាសង្គម ក៏មិនបានផលអ្វីនោះដែរ ព្រោះបញ្ហាមានច្រើន តែដំណោះស្រាយមានតិច។
នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា ប្រាប់អាស៊ីសេរី ម្សិលមិញថា លោកដូចជាមិនមានសុទិដ្ឋិនិយម ឬក្តីសង្ឃឹម ថា ការបើកវេទិកាសាធារណៈ មានប្រសិទ្ធភាពនោះទេ ដោយយោងលើបទពិសោធន៍កន្លងមក៖ «សម្រាប់ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំសង្កេតឃើញថា តាំងពីបោះឆ្នោតឆ្នាំ ២០១៧ មកម្ល៉េះ នៅពេលដែលសំឡេងឆ្នោតគណបក្សប្រជាជនចាប់ផ្ដើមធ្លាក់ចុះ ហើយសំឡេងឆ្នោតពីរហ្នឹងហាក់ដូចជាប្រដំប្រសងគ្នា ខាងគណបក្សកាន់អំណាចប្រកាសរៀបចំវេទិកាសាធារណៈ ដើម្បីធ្វើឱ្យអាជ្ញាធរមូលដ្ឋានស្ដាប់កង្វល់របស់ប្រជាពលរដ្ឋ។ ប៉ុន្តែនៅពេលមានវេទិកាសាធារណៈហ្នឹង ប្រជាពលរដ្ឋលើកឡើងហ្នឹង វាធ្លាក់តែទៅលើទ្រូងអាជ្ញាធរខ្លួនឯង ដោះអត់បាន។ វេទិកាសាធារណៈហ្នឹង វាទៅជាគាំងស្ញេញ។ ការបើកវេទិកាជារឿងល្អ យ៉ាងហោចណាស់ក៏បានស្ដាប់កង្វល់ដែរ។ ប៉ុន្តែស្ដាប់ជារឿងមួយ។ សំណួរសួរថា ដោះឬអត់? បើលឺកង្វល់ពួកគាត់ហើយ អត់ដោះស្រាយឱ្យគាត់ វាកាន់តែដុតកំហឹងពលរដ្ឋថែមទៀត»។
ប្រហែលជាខ្លាចប្រជាពលរដ្ឋផ្ទុះកំហឹងនេះហើយ បានជាលោក ស ខេង ក្រៅតែពីណែនាំឱ្យបើកវេទិកាសាធារណៈតាមមូលដ្ឋាន លោកក៏ឱ្យបង្កើតក្រុមការងារថ្មី សម្រាប់ពិនិត្យបណ្ដឹងពលរដ្ឋតាមបណ្ដាញសង្គមហ្វេសប៊ុកដែរ។
ប៉ុន្តែ យន្តការស្រង់បណ្ដឹង មតិ ឬសំណូមពរពលរដ្ឋ ដែលរង់ផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះ រឹតតែធ្វើឱ្យពលរដ្ឋមានការភ័យខ្លាច ក្នុងការនិយាយបញ្ហាពិត ព្រោះបើដាក់ញត្តិជាសាធារណៈផង នៅតែរងការធ្វើទុក្ខបុកម្នេញ។អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថា ការប្រមូលទិន្នន័យតាមគេហទំព័រ(Facebook page) អាចធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន។ ដូច្នេះលោកយល់ថា យន្តការនេះនឹងមិនទទួលបានផលល្អ តាមការរំពឹងទុករបស់ក្រសួងនោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជឿថា ដើម្បីពង្រឹងអភិបាលកិច្ចឱ្យបានល្អ រដ្ឋាភិបាល គួរតែពង្រឹងការងារ និងច្បាប់ដែលមានស្រាប់ ដោយអនុវត្តឱ្យបានត្រូវពីថ្នាក់លើ ដល់មូលដ្ឋាន «ខ្ញុំនៅតែ លើកទឹកចិត្ដថា អាជ្ញាធរឬក៏ថ្នាក់លើហ្នឹង គួរតែធ្វើការត្រួតពិនិត្យ ក៏ធ្វើកិច្ចការងារដែលពង្រឹងនូវការអនុវត្តតាមដាន ខាងក្រោមជាតិហ្នឹង ធ្វើម៉េចឱ្យគាត់ហ្នឹងជាអ្នកដែលបម្រើរាស្ត្រហ្នឹង ដោយកាតព្វកិច្ចរបស់ខ្លួន និងដោយមនោសញ្ចេតនា»។
កាលពីឆ្នាំ ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ដោយសារ Facebook នេះហើយ ទើបលោកដោះស្រាយការងារបានរហ័សទាន់ចិត្ដ ឆ្លើយតបតាមសំណូមពររបស់ពលរដ្ឋ។ ប៉ុន្តែ ក្រោយមក លោកធ្លាប់សារភាពថា ការដោះស្រាយបណ្ដឹង និងសំណូមពរពលរដ្ឋ តាមរយៈបណ្ដាញសង្គមនេះ មិនបានផលទេ ដោយសារតែបញ្ហាមានច្រើនពេក ដែលបង្ខំចិត្តឱ្យលោក ត្រូវដកខ្លួនចេញពីក្រុមជជែកអំពីបញ្ហាសង្គមមួយ តាមបណ្ដាញសង្គមបែបនេះដែរ។
អ្នកសម្របសម្រួលនៃវិទ្យាស្ថានប្រជាធិបតេយ្យ លោកបណ្ឌិត សេង សារី យល់ថា ការបង្កើតក្រុមការងារត្រួតពិនិត្យសំណូមពរពលរដ្ឋតាមទំព័របណ្ដាញសង្គមហ្វេសប៊ុកនេះ ប្រហែលជាលោក ស ខេង ទទួលបានព័ត៌មានពីថ្នាក់ក្រោម មិនបានច្បាស់លាស់ ឬក៏អាចថា ជាការបន្ថែមយន្តការការងារថ្មី ដែលលោក ស ខេង សង្ឃឹមថាអាចប្រសើរជាងមុន។
លោកបណ្ឌិត សេង សារី បន្ថែមថា រដ្ឋាភិបាលគួរបើកទូលាយឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការស្វែងរកដំណោះស្រាយពិត និងជាក់ស្ដែងជូនប្រជាពលរដ្ឋទូទៅ។ លោកថារដ្ឋាភិបាលគួរផ្តល់ឱកាស ឱ្យបញ្ញវន្តជំនាន់ក្រោយ ឱ្យចូលរួមអភិវឌ្ឍសង្គមផងដែរ «រដ្ឋាភិបាលបើកចិត្ដឱ្យទូលាយ ដើម្បីអាចឱ្យបញ្ញវន្តគ្រប់ស្រទាប់ ក៏ដូចជាអ្នកជំនាញផ្សេងៗ ទាំងអ្នកជំនាញអន្តរជាតិ និងអ្នកជំនាញជាតិ មានឱកាសបានរួមចំណែកដោះស្រាយបញ្ហារួមរបស់ជាតិ»។
ទោះជាយ៉ាងនេះក្តី អ្នកឃ្លាំមើលសង្គម និងមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើន ធ្លាប់បានលើកឡើងហើយថា ចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពមានវិបត្តិជំងឺកូវីដ-១៩នេះ មានភាពយឺតយ៉ាវ និងតិចតួចស្តួចស្តើង និងធ្វើចោះៗទៅទៀត ដែលផ្ទុយទៅនឹងការសន្យារបស់លោក ហ៊ុន សែន ដែលថា មានលុយរាប់ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទូទៅ។ ការសន្យាច្រើន ប៉ុន្តែធ្វើតិចនេះ រដ្ឋាភិបាលចៀសមិនផុតពីកំហឹងប្រជាពលរដ្ឋ ដែលនឹងផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាយថាហេតុ ជាក់ជាមិនខាន៕
ប្រភព៖RFA