30
មិថុនា

កម្មករកាត់ដេរជាង៥០នាក់តវ៉ានៅមុខក្រសួងការងារទាមទារឲ្យរោងចក្របើកប្រាក់ខែ

កម្មកររោងចក្រ ញូបេស គ្លូបល ថេកស្តាយ ក្នុង​ខេត្ត​កំពង់ស្ពឺ​ជាង៥០នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ បានតវ៉ា​នៅមុខ​ក្រសួង​ការងារ ទាមទារ​ឲ្យ​មាន​ការដោះស្រាយ​ ​ក្រោយ​​​ថៅកែ​មិន​បើកប្រាក់​ខែ​​ឲ្យ​​​​កម្មករ​អស់​ជាង​បួន​ខែ​។

អ្នកស្រី ង៉ែត ស្រីណាក់ តំណាងកម្មករ​​លើកឡើងថា ក្រុម​កម្មករ​​មក​ក្រសួងកា​រ​ងារ​​ដើម្បីដាក់ញត្តិ​ទៅក្រសួង ​សុំ​​អន្តរាគមន៍​​ឲ្យ​ថៅកែរោងចក្រ ញូបេស គ្លូបល ថេកស្តាយ ​បើក​ប្រាក់​ខែ និង​ប្រាក់​​លើកទឹក​ចិត្ត​ផ្សេងៗ ដល់​​​កម្មករ​សរុប​ចំនួន​​៦៦៣នា​​ក់  ឲ្យ​បាន​ឆាប់​រហ័ស បន្ទាប់​ពី​ក្រុមហ៊ុននេះបាន​ផ្អាក​ការងារ​កម្មករ​ និង​មិន​បើក​ប្រាក់​ខែ​ឲ្យ​ តាំង​ថ្ងៃទី១០ ខែកុម្ភៈ មក។ អ្នកស្រី​បន្ត​​ថា​ ក្នុង​​រយៈពេល​ជាង​៤ខែ​មក​នេះ កម្មករ​ទាំងអស់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​មន្ទីរការងារ​ខេត្ត​កំពង់ស្ពឺ​ និង​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​មក​ក្រសួង​ការងារ​២ដង​រួចមក​ហើយ ប៉ុន្តែ​មិន​មាន​ការឆ្លើយ​តប។​

តំណាង​កម្មករ​រូប​នេះ​បន្ថែម​ថា បើទោះបី​​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ប្រកាស​មិន​ឲ្យ​ជួបជុំ​គ្នាច្រើន​​ដើម្បី​ចូលរួម​ការពារ​ជំងឺ​កូវីដ​១៩ ​ប៉ុន្តែអ្នកស្រី​ថា ដោយសារ​ជីវភាព កម្មករ​ជាង​៥០​នាក់​នេះ​បាន​បង្ខំ​ចិត្ត​មក​ជុំគ្នាដើម្បី​តវ៉ា​រក​ដំណោះស្រាយ។​

អ្នកស្រី​បញ្ជាក់​ថា៖ «​ពួកខ្ញុំ​អត់​ចង់​ជុំគ្នា​ទេ ប៉ុន្តែ​ដោយសារ​តែពួក​ខ្ញុំ​ទាល់ អស់​ជម្រើស ហើយ​ពួកខ្ញុំ​មក​នេះ​ពួក​ខ្ញុំ​ជិះឡាន​ឈ្នួល​មក​ទម្រាំ​មក​ដល់​ទីនេះ ពួកខ្ញុំ​ត្រូវ​ចំណាយ​លុយ​ជិះឡាន​ឈ្នួល ទោះបីជា​ពួក​ខ្ញុំ​អត់​មាន​លុយ ក្នុង​ការទិញ​ម្ហូប​ហូប ប៉ុន្តែ​ខ្ញុំ​រក​ដំណោះស្រាយ​ដើម្បី​ខ្ចី​លុយ​គេ ដើម្បី​ឲ្យ​បាន​ជិះឡាន​ឈ្នួល​មក​ដល់​ក្រសួង​ការងារ​នេះ»។

ចំណែក​​អ្នកស្រី រ៉ុម ចាន់ណា កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ ញូបេស គ្លូបល ថេកស្តាយ លើក​ឡើង​ដែរ​ថា​ ក្នុង​រយៈពេលជាង​បួន​ខែ​​ដែល​រោងចក្រ​នេះ​ផ្អាក​ដំណើរការ​ អ្នកស្រី​មិន​បាន​បំពេញ​ការងារ​កន្លែង​ផ្សេង​ទេ ដោយសារ​រោងចក្រ​ផ្សេង​ទៀត​ក៏​ផ្អាក​ការងារ​បណ្តោះ​អាសន្ន​ដូច​គ្នា។ កម្មការិនី​កាត់ដេររូប​នេះ​បន្ត​ថា ក្នុងអំឡុង​ពេល​ដែល​រោងចក្រ​ផ្អាក​ការងារ ព្រម​ទាំង​មិន​បើក​ប្រាក់​ខែឲ្យ កម្មករ​មាន​ការប្រឈម​​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ជីវភាព​ និង​ការបង់​​សង​​ធនាគារ។

អ្នកស្រី​និយាយ​ថា៖ «​ខ្ញុំសំណូម​ពរ​ដល់​សម្តេច ជួយ​ពួក​ខ្ញុំ​ផង ​ព្រោះ​ពួកខ្ញុំ​ទាល់​ខ្លាំង​ណាស់ អត់​មាន​លុយ​បង់​ធនាគារ បង់​ថ្លៃ​ផ្ទះ​ ថ្លៃភ្លើង ទឹក​ដោះគោកូន។ អ្នកខ្លះ​គ្នា​សម្រាល​កូន​ក៏​អត់​មាន​បាន​លុយ […] ពិបាក​ជាង​គេ​គឺ​ធនាគារ រោងចក្រ​បិទ​ ម៉េច​​គេ​ដឹង​តែ​មក​យក ដល់​ខែ​ដឹង​តែ​គាត់​មក​យក​​ពួកខ្ញុំ​ហើយ​»។

ក្រោយ​ការ​តវ៉ា​ប៉ុន្មាន​ម៉ោង​ តំណាង​ខាងក្រសួង​ការងារ​បាន​ចេញ​មក​យក​ញត្តិ​ពី​ក្រុម​កម្មករ។

លោក និន វណ្ណៈ អគ្គលេខាធិការង​ក្រសួង​ការងារ​មាន​ប្រសាសន៍​ថា ​ក្រសួង​នឹង​រៀបចំ​ផែនការ​ដោះស្រាយ​ជូន​កម្មករ​នៅ​ថ្ងៃពុធ ទី០១ ខែកក្កដា ខាង​មុខនេះ ហើយ​លោក​សំណូមពរ​ឲ្យ​កម្មករ​ទាំងអស់​រងចាំ​ការដោះស្រាយ​ពី​ក្រសួង​​។

លោក​ថា៖​ «​សូម​ឲ្យ​បងប្អូន​រក្សាភាព​ស្ងៀមស្ងាត់​ រង់ចាំ​ការដោះ​ស្រាយ»។

លោក ឃុន​ ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃអង្គការ​សង់ត្រាល់ លើក​ឡើង​ថា ក្រុមហ៊ុន​រោងចក្រ​ ញូបេស គ្លូបល ថេកស្តាយ បិទ​ដោយ​មិន​បាន​ផ្តល់​ដំណឹង​ទៅ​តាម​ផ្លូវ​ច្បាប់ ហើយ​មក​ទល់​ពេល​នេះ​ក្រសួង​មិន​ទាន់​បាន​បញ្ជូនសំណុំរឿង​របស់​កម្មករ​ទៅ​កាន់ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៅឡើយ​ទេ។​

លោក​បញ្ជាក់​ថា៖ «មក​ដល់​ពេល​នេះ​សំ​ណុំ​រឿ​ង​រក្សា និង​ការពារ​ទ្រព្យ​សម្បត្តិ​បាន​ចេញ​ពី​តុលាការ​ហើយ  ខណៈ​ការអនុវត្ត​ច្បាប់​នៃ​ការរក្សា និង​ការពារ​ទ្រព្យសម្បត្តិ​មិនមាន​ប្រសិទ្ធភាព ដែល​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​អគារ​​យកសម្ភារៈ​ចេញ​ក្រៅ​បាន ហើយ​ប្រសិន​បើ​ក្រសួង​នៅ​តែអូស​បន្លាយ​ពេល​ទៀត សម្ភារៈ​នឹង​ត្រូវ​យក​ចេញ​អស់​ជា​មិន​ខាន»។

លោក ឃុន ថារ៉ូ ​បន្ថែម​ថា ប្រសិនបើ​ប្រធាន​ក្រុមហ៊ុន​មិន​ចូលរួម​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ នោះ​គួរ​តែមាន​​​ការ​​​យក​​សម្ភារៈ​ក្នុង​រោងចក្រ​​ដើម្បី​លក់​ទូទាត់​ជូន​កម្មករ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ម្ចាស់​រោង​ចក្រ​បាន​ជញ្ជូន​សម្ភារៈចេញ​ជាបន្ត​បន្ទាប់​​។

លោកថា៖ «មាន​តែ​ឲ្យអាជ្ញាធរ ឲ្យ​ក្រសួង​ហ្នឹង​ទេ​ដែល​ចាត់​វិធានការ​ឲ្យ​បាន​លឿន ដោះស្រាយ​ដល់​ពួកគាត់ […] ហើយ​បើ​មិនមាន​ដំណោះស្រាយ គាត់​មាន​ជម្រើស​អី​ក្រៅ​ពី​បន្ត​ការតវ៉ា»។

បើតាម​លោក ឃុន ថារ៉ូ ការតវ៉ា​របស់​កម្មករ​ទាមទារ​ប្រាក់ខែ និង​ប្រាក់​រង្វាន់​ផ្សេងៗ​នេះ ធ្វើ​ឡើង​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ តាំង​ពី​ខែ​មិនា​មក ហើយ​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​សមស្រប​សម្រាប់​ពួកគាត់​នៅ​ឡើយ៕

ប្រភព៖ Newsroomcambodia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...