រដ្ឋមន្ត្រី​ការងារ រំឭក​គណៈកម្មការ​ដោះស្រាយ​កូដកម្ម-បាតុកម្ម​ ឲ្យ​ដោះស្រាយ​រាល់​បញ្ហា​កុំ​ទុក​ឲ្យ​រាលដាល​ពី​តូច​ទៅ​ធំ

13
សីហា

រដ្ឋមន្ត្រី​ការងារ រំឭក​គណៈកម្មការ​ដោះស្រាយ​កូដកម្ម-បាតុកម្ម​ ឲ្យ​ដោះស្រាយ​រាល់​បញ្ហា​កុំ​ទុក​ឲ្យ​រាលដាល​ពី​តូច​ទៅ​ធំ

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ដែល​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា រំឭក​ដល់​គណៈកម្មការ​នេះ​ឲ្យ​បន្ត​ខិតខំ​ទប់ស្កាត់ និង​ដោះស្រាយ​រាល់​កូដកម្ម បាតុកម្ម​ដាច់ខាត​មិន​ទុក​ឲ្យ​រាលដាល​ពី​តូច​ទៅ​ធំ ក្លាយ​ទៅ​ជា​បដិវត្តន៍​ពណ៌​បំផ្លាញ​សន្តិសុខ​សណ្ដាប់ធ្នាប់ សង្គម បំផ្លាញ​ស្ថិរភាព​ជាតិ​។

លោក​ អ៊ិត សំហេង ថ្លែង​អំពី​បញ្ហា​នេះ​នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​លេខ​ ០១ ​បប របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការអនុវត្ត​ផែនការ​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅតាម​មុខសញ្ញា​ឆ្នាំ​ ២០២០-២០២៤ នៅ​សាលាខេត្ត​កណ្ដាល​ពី​ថ្ងៃ​អង្គារ​។

លោក​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ពិតជា​បានរួម​ចំណែក​ដ៏សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​ការពារ​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម និង​ការពង្រឹង​នីតិរដ្ឋ ដើម្បី​ជីវភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​»​។

លោក​រដ្ឋមន្ត្រី​បន្តថា​៖ «[​គណៈកម្មការ​នេះ​] ​បាន​ទប់ស្កាត់ និង​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​សកម្មភាព​បាតុកម្ម​នយោបាយ​របស់​ក្រុម​ជ្រុលនិយម​ដែល​មាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​បណ្តា​មជ្ឈដ្ឋាន​ខាងក្រៅ ដែល​ប៉ុនប៉ង​បំផ្លាញ​លទ្ធផល​នៃ​ការបោះឆ្នោត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ជាពិសេស​ធានាបាន​នូវ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ក៏ដូចជា​ការពារ​ផលប្រយោជន៍​ជូន​កម្មករ​និយោជិត​នាពេល​កន្លងមក​»​។

លោក​បាន​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខ​សញ្ញា​ទាំង​នៅ​ថ្នាក់ជាតិ និង​តាម​រាជធានី​ខេត្ត​។ គណៈកម្មការ​បាន​ចូលរួម​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅតាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់​ឧស្សាហកម្ម ដោយ​អនុវត្ត​តាម​សារាចរ​ណែនាំ និង​បទបញ្ជា​ដែល​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​។

លោក​ថ្លែង​ថា អ្វីដែល​គិតស្មាន​មិន​ដល់ និង​មិន​អាច​ព្យាករ​ជាមុន​បាន​នោះ​គឺ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវីដ​១៩ ដែល​បាន​រាតត្បាត​សកល និង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ពិភពលោក​ទាំងមូល​។ កម្ពុជា​ក៏​ទទួលរង​ឥទ្ធិពល​ពី​ការផ្ទុះឡើង​នៃ​ជំងឺ​នេះ​ដែល​ប៉ះពាល់​ខ្លាំង​ទៅលើ​វិស័យ​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​កម្ពុជា​នៅតែ​រក្សា​បាន​ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រជាជន​បាន​រស់នៅ​ប្រកប​ដោយ​ភាព​សុខក្សេមក្សាន្ត​។ សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ ៦ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ​មាន​វិស័យ​មួយចំនួន​នៅតែ​បង្ហាញ ភាពវិជ្ជមាន​ដែល​បន្ត​ផ្តល់​ជំនឿ​ចិត្ត​ចំពោះ​ដំណើរ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​តទៅ​មុខទៀត​»​។

រដ្ឋាភិបាល​បាន​អនុវត្ត​ដោយ​ពេញលេញ​នូវ​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការបញ្ចេញមតិ​ការជួបជុំ​ដើម្បី​ធ្វើ​កូដកម្ម បាតុកម្ម​ស្រប​តាម​ច្បាប់​ជា​ធរមាន​។ កម្ពុជា​នៅ​តែ​បន្ត​ធ្វើដំណើរ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ត្រឹមត្រូវ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការប្រព្រឹត្ត​ទៅ​នៃ​នីតិរដ្ឋ សិទ្ធិសេរីភាព​របស់​បុគ្គល សេរីភាព​ខាង​សារព័ត៌មាន និង​ការបញ្ចេញមតិ សិទ្ធិ​ធ្វើបាតុកម្ម សកម្មភាព​នៃ​បណ្តា​គណបក្ស​នយោបាយ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ការចូលរួម​របស់​ប្រជាពលរដ្ឋ​ជាដើម ត្រូវ​បាន​គោរព និង​ការពារ​។ នេះ​បើ​តាម​លោក​ អ៊ិត សំហេង ដដែល​។

លោក​បាន​លើក​នូវ​អនុសាសន៍​ជាច្រើន​ចំណុច​សម្រាប់​ឲ្យ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​អនុវត្ត​រួមមាន​ការក្ដាប់​ព័ត៌មាន តាមដាន​ផែនការ សកម្មភាព​របស់​ក្រុម​ដែល​លោក​ហៅថា​ «​ជ្រុលនិយម​ជ្រក​ក្រោម​ស្លាក​គណបក្ស​នយោបាយ អង្គការ មិនមែន​រដ្ឋាភិបាល​» ​និង​ «​មជ្ឈដ្ឋាន អមិត្ត​ដែល​ប៉ុនប៉ង​បំផុស​កូដកម្ម បាតុកម្ម កុបកម្ម បដិវត្តន៍​ពណ៌​»​។

គណៈកម្មាធិការ​ក៏ត្រូវ​ពង្រឹង​វិន័យ សមត្ថភាព បង្កើន​កិច្ចសហការ​​ជាមួយ​អង្គការ​សហជីព សមាគម និយោជក អង្គការ​មិនមែន​រដ្ឋាភិបាល និង​ត្រូវខិតខំ​ដោះស្រាយ​ករណី​រោងចក្រ សហគ្រាស​ដួលរលំ​ដោយ​ថៅកែ​រត់ចោល​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​ករណី​កូដកម្ម បាតុកម្ម​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​លោក​ ទេស រុក្ខផល អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​គ្រប់មុខ​សញ្ញា​បាន​ទេ​ពី​ម្សិលមិញ​។

លោក​ មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ (CENTRAL) ​ថ្លែង​ថា​៖ «​ជារួម​យើង​ឃើញ​មាន​ការកើនឡើង​ [​បាតុកម្ម​] ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​។ មូលហេតុ​នៃ​ការកើនឡើង​គឺ​មកពី​រោងចក្រ​ដែល​បិទ​មិន​ព្រម​ដោះស្រាយ​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​។ យើង​ឃើញ ការតវ៉ា​ភាគច្រើន​គឺ​អ៊ីចឹង​។ ដើម្បី​ទប់​កុំ​ឲ្យ​មាន​កូដកម្ម បាតុកម្ម ខ្ញុំ​គិតថា ក្រសួង​ការងារ​ត្រូវ​ពិនិត្យមើល​បញ្ហា​ទាំងអស់​នេះ​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...