លោក ហ៊ុន សែន បន្ត​លើក​ទឹកចិត្ត​ឲ្យ​ធនាគារ​រឹបអូស​ទ្រព្យ​កូន​បំណុលដែល​តវ៉ា​សុំ​ផ្អាក​សងបំណុល

16
សីហា

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ប្រកាស​បន្ត​លើកទឹកចិត្ត​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រឹបអូស​ទ្រព្យសម្បត្តិ​កូនបំណុល​ណា​ដែល​ចេញមុខ​តវ៉ា​សុំ​ផ្អាក​សងបំណុល​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ បារម្ភ​ថា ការប្រកាស​របស់​លោក ហ៊ុន សែន គឺ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជំពាក់​បំណុល កាន់តែ​រងគ្រោះ​ទ្វេដង ប្រសិនបើ​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី និង​អាជ្ញាធរ អនុវត្ត​តាម​មែន​នោះ។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​លើក​ទី​២​ថា លោក​លើកទឹកចិត្ត​ឲ្យ​ធនាគារ និង​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ រឹបអូស​ដីធ្លី និង​ផ្ទះសម្បែង​ពលរដ្ឋ​ពីរ​ទៅ​បី​រយ​នាក់ ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​គ្មាន​កន្លែង​ជ្រកកោន​ដេក​ហាលភ្លៀង​ហាលថ្ងៃ ប្រសិនបើ​ពួកគេ​ធ្វើតាម​ការឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​អំពាវនាវ​ឲ្យ​ផ្អាក​សងបំណុល​ទាំង​ការ​ទាំង​ដើម ដោយសារ​វិបត្តិ​ជំងឺ​កូវីដ។

លោក ហ៊ុន សែន ប្រកាស​ទាំង​កំហឹង​ដោយ​ដំឡើង​សំឡេង​ខ្លាំងៗ​រហូត​ភ្លាត់​សំឡេង និង​មាន​កាយវិការ​ច្រងេងច្រងាង​ថា កន្លង​មក លោក​ធ្លាប់​អំពាវនាវ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យោគយល់​ដល់​កូនបំណុល​ណា​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​រួចហើយ ប៉ុន្តែ​លោក​ចោទ​ពលរដ្ឋ ណា​ដែល​មិន​សងបំណុល​នោះ គឺជា​ក្រុម​មនុស្ស​ខូច និង​ជឿ​តាម​បក្ស​ប្រឆាំង​។ ការប្រកាស​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​សួន «ទឹកហ្គាឌិន ស៊ិ​ធី​» ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ សីហា​​៖ «អ៊ីចឹង​អា​ផល​ដែល​អ្នកឯង​ខូច ទទួល​បាន​មកវិញ​នូវ​ការ​រឹបអូស​ដីធ្លី និង​ផ្ទះសម្បែង ប៉ុន្តែ​អ្នក​ស្លូតត្រង់​ត្រូវ​ទទួល​បាន​នូវ​ការយោគយល់ និង​ការ​អធ្យាស្រ័យ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។ ប្រាប់​អ្នកឯង​ឲ្យ​ដឹង​និង​ភ្លឺ​ភ្នែក​ម្តង​ទៀត ហើយ​បើ​ធ្វើបាតុកម្ម មើល​មុខ​អា​ធ្វើបាតុកម្ម ចូលរួម​បាតុកម្ម អាហ្នឹង​មាន​ជំពាក់​ធនាគារ​អត់ បើ​មាន​ជំពាក់​ធនាគារ គឺ​ធនាគារ​ រឹបអូស​ទៅ មីក្រូ​នោះ​រឹបអូស​ទៅ ឲ្យ​ហ្អែងប​ន្ថែម​ហ្មង»

កន្លងមក ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពហិការ​ឈប់​សងបំណុល​ទៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថិ និង​ធនាគារ​មួយ​រយៈ​ក្នុងអំឡុងពេល​រងគ្រោះ ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ លោក សម រង្ស៊ី យល់ថា ការ​ធ្វើ​ដូច្នេះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ណែ​នាំទៅ​ធនាគារ​ឲ្យ​ពលរដ្ឋ​ផ្អាក​សងបំណុល​ទាំង​ការ​ទាំង​ដើម​រយៈពេល ៣​ខែ ទៅ​៦​ខែ ឬ​ចាំ​ពេល​មាន​លទ្ធភាព​ទើប​បន្ត​សង។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀសខ្លួន​នយោបាយ​នៅ​ប្រទេស​ថៃ លោក ឈុន វាន ថ្លែង​ថា ការប្រកាស​របស់​លោក ហ៊ុន សែន ស្មើនឹង​ចងក​សម្លាប់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ក្រីក្រ​គ្មាន​លទ្ធភាព​សងបំណុល​ទៅ​ធនាគារ ខណៈ​ពួកគេ​កំពុង​រងគ្រោះ​បាត់បង់​ការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​បាត់បង់​EBA ចំនួន​២០​ភាគរយ៖ «ប្រទេស​គេ​នៅ​លើ​ពិភពលោក គេ​ជួយ​ប្រជាពលរដ្ឋ​របស់​គេ​នៅ ក្នុង​ដំណាក់កាល​កូវីដ មើល​តែ​ប្រទេសជិតខាង​ប្រទេស​ថៃ​អី​ជាដើម គេ​បាន​ពន្យារ​ពេល​សងបំណុល ឲ្យ​ប្រជាពលរដ្ឋ​របស់​គេ​ដំបូង​៦ ហើយ​ឥឡូវ​ថែម​៦​ខែ​ទៀត ដូច្នេះ​រយៈពេល​១​ឆ្នាំ​ពេញ ហើយ​អត់​មាន គណបក្ស​ណា​ប្រាប់​ទេ គឺ​រដ្ឋាភិបាល​គេ គិតគូរ​ជួយ​ប្រទេស​របស់​គេ តែ​ប្រទេស​យើង​វិញ​គឺ​លោក ហ៊ុន សែន យក​លេស​ក្នុង​ការ​កម្ចាត់​គណបក្ស​ប្រឆាំង និង​យក​លេស​ដើម្បី​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ យើង​មើល​ជាក់ស្ដែង ក្នុង​មួយ​ថ្ងៃៗ​ប្រជាពលរដ្ឋ គាត់​រក​ចំណូល​មិនបាន​សម្រាប់​ចំណូល​ផ្គត់ ផ្គង់​ក្នុង​ជីវភាព​ផង តើ​មាន​លុយ​ណា​ទៅ​បង់​ធនាគារ ដូច្នេះ​រឿង​នេះ​មិន​ចាំបាច់​គណបក្សប្រឆាំង​ទៅ ប្រាប់​ឬ​បង្គាប់​នោះ​ទេ»

លោក ឈុន វាន ពិនិត្យ​ឃើញ​ដែរ​ថា ទោះបីជា​លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ យោគយល់​និង​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ដោយ​ទន់ភ្លន់​ក្តី ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​ពលរដ្ឋ​មួយ​ចំនួន នៅតែ​ត្អូញត្អែរ​ថា ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី មួយ​ចំនួន នៅតែ​បន្ត​បង្ខំ​ឲ្យ​ពលរដ្ឋ​សងបំណុល​ដូច​ធម្មតា​។ លោក ថា ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​លក់​កេរអាករ​ឬ​រក​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់ ឬ​អ្នកខ្លះ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ​ជាថ្មី​ដើម្បី​រក​ប្រាក់​ដោះស្រាយ​បំណុល​ទៀត​ផត។

ចំណែក​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថា​រ៉ូ មាន​ប្រសាសន៍​ថា ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ដែល​ជំពាក់​បំណុល គឺ​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ​។ លោក យល់ថា អ្វី​ដែល​រដ្ឋាភិបាល​ចាំ បាច់​ធ្វើ​នៅ​ពេល​នេះ គឺ​ស្វែងរក​មធ្យោបាយ​យ៉ាងណា​ដើម្បី​សម្រួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​បំណុល របស់​ប្រជាពលរដ្ឋ និង​កម្មករ៖ «រដ្ឋ​ត្រូវ​មាន​គោលនយោបាយ​គាំពារ​យ៉ាងម៉េច​ដើម្បី​ធានា​ថា វិស័យ​ទាំងអស់​នោះ មិន​ត្រូវ​បាន​ក្ស័យធន​ហើយ​នៅ​បន្ត​ដំណើរការ​ហើយ​កម្មករ​និយោជិក​ទទួល​បាន នូវ​ការ​អនុគ្រោះ​ក្នុង​ការ​ពន្យា​ពេល​នៃ​ការ​បង់​។​ឧទាហរណ៍​ថា រយៈពេល​៣​ខែ​ឬ​៦​ខែ​អំឡុង​ពេល​ដែល គាត់​ត្រូវ​បាន​បាត់បង់​ការងារ ត្រូវ​បាន​ព្យួរ​ការងារ​ដែល​គាត់​បាន​បាត់បង់​ប្រាក់ចំណូល ខ្ញុំ​គិត​ថា នេះ ដែល​ជា​ដំណោះស្រាយ​។​មកដល់ពេលនេះ ខ្ញុំ​មើល​ឃើញ​ថា កម្មករ​នៅតែ​លំបាក​វេទនា គាត់​នៅតែ ទទួលរង​ផល​លំបាក​ខ្លាំង»

តាម​របាយការណ៍​របស់​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២​លាន​៥​សែន​នាក់​មាន​ជាប់ជំពាក់​កម្ចី​ខ្នាត​តូច ជាមួយ​នឹង​អត្រា​កម្ចី​ជា​មធ្យម​៣​ពាន់​៨​រយ​ដុល្លារ .៨០០​ដុល្លារ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ។​

កន្លងមក គណបក្សប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្លាប់​ចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ការ​ព្រួយ​បារម្ភ​ស្រដៀង​គ្នា​ថា ប្រសិន បើ​រដ្ឋាភិបាល មិន​ចាត់វិធានការ​ជាក់លាក់ និង​ម៉ឺងម៉ាត់ ដើម្បី​ធានា​ឲ្យ​មានការ​ពន្យារ​ពេល ព្យួរ ឬ​ផ្អាក​ការ​សង​បំណុល​ទាំង​ប្រាក់​ដើម និង​ការប្រាក់​របស់​ប្រជា ពលរដ្ឋ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាព​ពេញលេញ​ទេ នឹង​ធ្វើ​​ឱ្យ​ជីវភាព​រស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​រួម​ទាំង​ផ្ទះ សម្បែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ហើយ​អាច នឹង​កើតមាន​វិបត្តិ​សង្គម​ផ្សេងៗ​ដែល​កាន់តែ​ពិបាក​ដោះស្រាយ​នៅ​ពេល​ខាងមុខ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...