សូមដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួន និងសូមបញ្ឈប់ការបង្ក្រាបមកលើក្រុមយុវជន
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង អំពីការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវនាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំងនោះ ។ យើងខ្ញុំ ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទិ្ធមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទិ្ធរបស់អ្នកទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។
កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា សមាជិកក្រុមយុវជន ខ្មែរថាវៈ លោក ថា ឡាវី ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលដែលលោកបំរុងចេញពីរ៉ឺម៉កកង់បី ដើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមតវ៉ាដោយអហិង្សាអំពាវនាវសូមឱ្យមានការដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ។ សមាជិកក្រុមយុវជន ខ្មែរ ថាវៈ ម្នាក់ទៀត កញ្ញា អេង ម៉ាឡៃ ត្រូវបាននគរបាលតាមដាន ក្រោយពីចូលរួមតវ៉ាអហិង្សា ហើយត្រូវបានចាប់ខ្លួន ក្រោយពេលដែលកញ្ញាចាកចេញពីការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទិ្ធមនុស្ស (UNOHCHR) ។
ការឃុំខ្លួនយុវជនទាំងនោះ ត្រូវបានធ្វើឡើងក្រោយពេលដែលសកម្មជនបរិស្ថានជាយុវជនចំនួន ៣នាក់ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើង នៅពេលដែលអ្នកទាំងបី គ្រោងនឹងរៀបចំយុទ្ធនាការមួយ ដែលយុវនារីម្នាក់ក្នុងចំណោមអ្នកទាំងបី នឹងដើរចេញពីវត្តភ្នំឆ្ពោះទៅកាន់គេហដ្ឋានរបស់សម្តេចនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ ដើម្បីផ្សព្វផ្សាយអំពីបញ្ហានៃការចាក់ដីលុបបឹងតាមោក ដែលនៅភាគខាងជើងរាជធានី ។ យុវជន/នារីទាំងបីរួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួង កែវរស្មី និងលោក ថុន រដ្ឋា ។ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា អ្នកទាំងបី ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬញុះញង់ឱ្យមានភាពវឹកវរដល់សង្គម យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងបី ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការចាប់ពីពេលនោះមក ។ ប្រសិនបើតុលាការផ្តន្ទាទោសដោយយោងតាមបទល្មើសខាងលើនេះ អ្នកទាំងបី អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ។ ក្នុងចំណោមអ្នកទាំងបី កញ្ញា ភួង កែវរស្មី ទើបតែមានអាយុ ១៩ឆ្នាំ ប៉ុណ្ណោះ ។
លើសពីនេះ នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ដដែល ព្រះសង្ឃជាសកម្មជនយុវជនព្រះនាម កើត សារាយ និងអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ លោក មាន ព្រហ្មមុន្នី ត្រូវបាននគរបាលចាប់ខ្លួន/ព្រះកាយ ពាក់ព័ន្ធនឹងគម្រោងប្រមូលផ្តុំគ្នាតវ៉ាអហិង្សានៅទីលានប្រជាធិបតេយ្យ ដើម្បីអំពាវនាវសុំឱ្យមានការដោះលែងប្រធានសហជីព លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងសមាជិកក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ និងអ្នកនាង ឈឿន ដារ៉ាវី ។ ព្រះតេជគុណ កើត សារាយ ត្រូវបានចាប់ផ្សឹកកាលពីរសៀលថ្ងៃច័ន្ទ ហើយអ្នកទាំងពីរត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ រួចត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ម ១ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន ។
នគរបាល ក៏បានចាប់ខ្លួនយុវជនអាយុ ២២ ឆ្នាំ ម្នាក់ ឈ្មោះ គា សុគន្ធ ដែលជាអ្នកនិពន្ធបទចម្រៀងរ៉េប នៅខេត្តសៀមរាប កាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ។ លោក ត្រូវបានតុលាការចោទប្រកាន់នៅថ្ងៃបន្ទាប់ ពីបទ ញុះញង់ ពាក់ព័ន្ធនឹងបទចម្រៀងរ៉េបមួយបទ ដែលលោកបាននិពន្ធ ហើយផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័របណ្តាញសង្គម យូធូប កាលពី ៤ខែមុន ដែលមានចំណងជើងថា៖ “ដីខ្មែរ” ។ បទចម្រៀងនេះ មានការលើកឡើងអំពីបញ្ហាព្រំដែន ហើយទទួលបានការចូលទស្សនាជាង ១លាន៣សែន ដង នៅលើគេហទំព័របណ្តាញសង្គម យូធូប ។ លោក សុគន្ធ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនៅខេត្តសៀមរាប ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពីមនុស្សចំនួន ៦នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ និងឃុំខ្លួនបណ្តោះអាសន្នកាលពីខែសីហា ផងដែរ ពាក់ព័ន្ធនឹងការអំពាវនាវសុំឱ្យមានការដោះលែង លោក រ៉ុង ឈុន ដែលរួមមាន លោក ជុំ ពុទ្ធី លោក ឈួ ផេង កញ្ញា ស កន្និកា អ្នកនាង ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ។
ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការទៅលើសមាជិកក្រុមយុវជន ខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដោយបានចោទប្រកាន់ក្រុមយុវជនទាំងនោះថា បានបង្កអសន្តិសុខសង្គម ។ ដោយបូកជាមួយនឹងការចាប់ខ្លួនយុវជន ថា ឡាវី និងកញ្ញា អេង ម៉ាឡៃ ចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន គឺឡើងដល់ ១០នាក់ ពាក់ព័ន្ធនឹងការចូលរួមតវ៉ាដោយអហិង្សា អំពាវនាវឱ្យមានការដោះលែង លោក រ៉ុង ឈុន ។
យើងខ្ញុំ មានការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់បទល្មើសញុះញង់ ដោយអាជ្ញាធរ ដើម្បីបំបិទសិទិ្ធសេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម ។ យើងខ្ញុំ សូមអំពាវនាវ ឱ្យអាជ្ញាធររដ្ឋទំលាក់ចោលបទចោទប្រកាន់ទាំងនោះ និងសូមឱ្យបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាបលើក្រុមយុវជនដែលជាសកម្មជនសិទិ្ធមនុស្ស និងបរិស្ថាន ។
សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖
- សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
- សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
- ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
- សហភាពការងារកម្ពុជា (CLC)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
- អង្គការស័្មគ្រចិត្តដើម្បីសង្គម (CVS)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- បណ្តាញយុវជនកម្ពុជា (CYN)
- បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
- អង្គការសមធម៌កម្ពុជា (EC)
- សមាគមឥន្ទ្រទេវី (IDA)
- សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
- គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PCDP)
- អង្គការពន្លកខ្មែរ (PKH)
- អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
- សមាគមធាងត្នោត (STT)
- អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (SACD)
- អង្គការមជ្ឈមណ្ឌលកម្ពុជា ដើម្បីការពារសិទ្ធិកុមារ (CCPCR)
សូមចុចតំណភ្ជាប់នេះដើម្បីដោនឡូដ
This post is also available in: អង់គ្លេស