10
កញ្ញា

កម្មករ​រោងចក្រ​​ ហុង សេន ​នៅ​ខេត្ត​តាកែវ នាំ​គ្នា​តវ៉ា​រឿង​​ថៅកែ​​​មិន​បើក​ប្រាក់​ឈ្នួល

កម្មករ​​រោងចក្រ​ហុង សេន ថិចស្ថាយ (Hong Sen Textile (Cambodia) Co.ltd) ជិត ១.០០០នាក់ នៅ​ខេត្ត​តាកែវ​ នាំ​គ្នា​បន្ត​ការ​​​តវ៉ា នៅ​មុខ​រោងចក្រ​ ទាមទារ​ឲ្យ​​មាន​ដំណោះស្រាយ​ ករណី​ថៅកែ​រត់ចោល​កម្មករ ដោយ​មិន​បើក​ប្រាក់​ឈ្នួល​​​ និង​ប្រាក់​អត្ថប្រយោជន៍​ការងារ។

កម្មការិនី​ផ្នែក​ដេរ លោកស្រី​​ ម៉ៅ សារ៉ន ឲ្យ​ដឹង​ថា កម្មករ​ចាប់​​ផ្ដើម​តវ៉ា​ នៅ​ថ្ងៃ​ទី៩ កញ្ញា ហើយ​នៅ​ថ្ងៃ​ទី១០ កញ្ញា មន្ត្រី​ក្រសួង​ការងារ ចុះ​ទៅ​អន្តរាគមន៍ ដោយ​ខាង​ក្រសួង បាន​ផ្ដល់​​​ជម្រើស ២ ឲ្យ​កម្មករ គឺ​ជម្រើស​តវ៉ា​តាម​ផ្លូវ​តុលាការ ដោយ​ឲ្យ​កម្មករ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ឬ​ជ្រើស​យក​ការ​ដោះ​ស្រាយ​​ក្រៅ​ប្រព័ន្ធ​តុលាការ គឺ​ដាក់​ពាក្យ​ស្នើសុំ​លក់​ឡាយឡុង សម្ភារៈ​ក្នុង​រោងចក្រ។​

លោកស្រី ម៉ៅ សារ៉ន ក្រុម​កម្មករ​​ បាន​​នាំ​គ្នា ដាក់​ញត្តិ​​ទៅ​មន្ត្រី​ក្រសួង​ការងារ​​នៅ​ថ្ងៃ​ទី​១០ កញ្ញា ដោយ​ស្នើសុំ​ឲ្យ​ថៅកែ​ចូល​ដោះស្រាយ ក្នុង​រយៈ​ពេល​​៤៨​ម៉ោង បើ​ពុំ​ដូច្នេះ​ទេ​កម្មករ​នឹង​លក់​ឡាយឡុង​សម្ភារៈ​ក្នុង​រោងចក្រ​ចែក​​គ្នា​។ តែ​កម្មករ​ ព្រួយ​បារម្ភ​ថា ការ​លក់​ឡាយឡុង​សម្ភារៈ​ក្នុង​រោងចក្រ មិន​គ្រប់​ចំនួន​លុយ​របស់​កម្មករ ព្រោះ​ កម្មករ​ត្រូវ​បាន​លុយ​​ពី​ការ​បិទ​រោងចក្រ​នេះ សរុប​ទាំង​ប្រាក់​ឈ្នួល និង​ប្រាក់​​ប្រយោជន៍ ប្រហែល ៧០០​ដុល្លារ ក្នុង​ម្នាក់៖ «ចាំ​មើល​សិន អា​ហ្នឹង​មិន​ទាន់​ច្បាស់​ដែរ ព្រោះ​សហជីព​ខ្លះ និយាយ​ដូច​ថា ​បំផុស​បំផុល មិន​ឲ្យ​កម្មករ​​នេះ ចង់​ឲ្យ​កម្មករ​យក​ក្រៅ​ផ្លូវ​ការ​ទៅ​វា​លឿន។ ចុះ​បើ​​ប៉ះ​ឡាយឡុង បាន​ម្នាក់ ដប់ ម្ភៃ​ រៀល ៣០​រៀល (ដុល្លារ) ​អ្វី​ទៅ វា​ម្ដេច​ទៅហើយ​បើ​លុយ​ពួក​យើង​ច្រើន​ណាស់។ តាម​មតិ​ខ្លះ គេ​ថា តវ៉ា​តាម​ផ្លូវ​ការ​ទៅ ព្រោះ​លុយ​ពួក​យើង​ច្រើន។ តែ​ឥឡូវ​នេះ មិន​ដឹង​យ៉ាង​ម្ដេច​ទេ ចាំ​មើល​ថ្ងៃ​សៅរ៍»

នៅ​ពេល​កម្មករ​កំពុង​តវ៉ា ទាមទារ​ដំណោះស្រាយ ក៏​មាន​មន្ត្រី​អគ្គិសនី ចំនួន​៦នាក់ ​មក​អង្គុយ​មុខ​រោងចក្រ ចាំ​ទារ​​លុយ​ថ្លៃ​ភ្លើង​​ពី​ថៅកែ​ដែរ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​​បញ្ជាក់​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី១០ កញ្ញា ដោយសារ​ លោក​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​ប្រធាន​​​​​សហភាព​ចលនា​កម្មករ​កម្ពុជា និង​តំណាង​របស់​សហភាព​ដែល​​​ទទួល​បាន​ការ​ពឹង​ពាក់​ពី​កម្មករ​ ក្នុង​ការ​ជួយ​​ធ្វើ​ជា​តំណាង ​ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដែរ។

កម្មករ ឲ្យ​ដឹង​ថា ថៅកែ​​​រោងចក្រ​ហុង សេន ថិចស្ថាយ បាន​ព្យួរ​ការងារ​​កម្មករ​រយៈ​ពេល ៣ខែ​មក​ហើយ កាល​ពី​មេសា ដល់​ខែ​មិថុនា។ នៅ​ខែ​កក្កដា កម្មករ​បាន​ចូល​ធ្វើការ​វិញ ដោយ​ថៅកែ​តម្រូវ​​ធ្វើការ​ងារ​ តែ​ពាក់​កណ្ដាល និង​ទទួល​បាន​​​ប្រាក់​ឈ្នួល​ ចំនួន ៥០ភាគ​រយ ដោយសារ​ថៅកែ​អះអាង​ថា រោងចក្រ​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ១៩ (Covid-19)។

ថៅកែ​រោងចក្រ​ហុង សេន ថិចស្ថាយ ជា​ជនជាតិ​ចិន។ រោងចក្រ​នេះ បើក​ដំណើរ​ការ​រយៈ​ពេល ៨ឆ្នាំ​មក​ហើយ ដោយ​​កម្មករ​សរុប​ប្រហែល ៩០០នាក់ កាត់ដេរ​​ខោ​អាវ​ក្នុង​ និង​ខោ​អាវ​កូន​ក្មេង។ តែ​កម្មករ​ ប្រាប់​ថា មិន​ស្គាល់​ម៉ាក និង​មិន​ដឹង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ណា​ទេ។

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ​ជំរុញ​ ឲ្យ​ក្រសួង​ការងារ ​​ធានា​ថា ​កម្មករ​រោងចក្រ ហុង សេន ថិចស្ថាយ ទទួល​បាន​ដំណោះ​ស្រាយ​ និង​អត្ថប្រយោជន៍ ​ត្រឹមត្រូវ​តាម​​ច្បាប់​ការងារ។ លោក យល់​ថា អាជ្ញាធរ គួរ​តែ​តាម​ស្រាវជ្រាវ​រក​ថៅកែ​រោងចក្រ ហុន សេន ថិចស្ថាយ ឲ្យ​ឃើញ ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​កាតព្វកិច្ច​សំណង​កម្មករ៖ «អាជ្ញាធរ​ហ្នឹង គាត់​ត្រូវ​តែ​ស្វែង​រក​ថៅកែ​ហ្នឹង ឲ្យ​មក​ចូល​ខ្លួន​មក។ គាត់​គ្មាន​ទៅ​ណា​ទេ ស្ថានភាព​បែប​ហ្នឹង​នោះ គាត់​នៅ​ក្នុង​ស្រុក​ហ្នឹង។ រូប​ភាព​កន្លង​មក ដែល​យើង​អង្កេត​ឃើញ​ហ្នឹង គឺ​ថា វា​មាន​នូវ​អា​តួ​អង្គ ចូល​រួម​ដោះស្រាយ តែ​អា​ធាតុ​ពិត​ហ្នឹង គាត់​គ្មាន​ទៅ​ណា​ទេ នៅ​តែ​ក្នុង​ស្រុក​ខ្មែរ​ហ្នឹង»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា ក្នុង​របាយការណ៍​​​កិច្ច​ប្រជុំ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ក្រសួង​ការងារ បង្ហាញ​ថា គិត​​ចាប់​តាំង​ពី​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ពី​ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ទី១០ កញ្ញា​ មាន​​រោងចក្រ ៤៩១ បាន​ព្យួរ​ការងារ​ ដោយ​ខ្លះ​ព្យួរ​​យូរ ហើយ​ខ្លះ​ទៀត​ព្យួរ​រយៈ​ពេល​ខ្លី​ ដែល​បណ្ដាល​ឲ្យ​កម្មករ​សរុប​​​ជិត​បី​សែន (២៩ម៉ឺន)​នាក់ រង​ផល​ប៉ះពាល់៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...