មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរមានចំណាត់ការសង្គ្រោះពលករខ្មែរក្នុងប្រទេសថៃជាបន្ទាន់ ក្នុងវិបត្តិកូវីដ១៩រលកថ្មីនេះ

09
មករា

មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរមានចំណាត់ការសង្គ្រោះពលករខ្មែរក្នុងប្រទេសថៃជាបន្ទាន់ ក្នុងវិបត្តិកូវីដ១៩រលកថ្មីនេះ

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ អំពាវនាវ ឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បន្ថែមទៀតលើពលករខ្មែរកំពុងបម្រើការនៅក្នុងប្រទេសថៃ ដែលកំពុងជួបវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងអំឡុងការផ្ទុះឡើងនៃជំងឺកូវីដ១៩រលកថ្មីនេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានអះអាងថា ក្រោយពេលអាជ្ញាធរថៃរកឃើញ ការផ្ទុះឡើងសារជាថ្មី នៃវីរុសកូវីដ១៩ ដែលបណ្តាលមកពីពលករបរទេសភូមា ដែលបានឆ្លងដែនចូលទៅប្រទេសថៃនោះ ប្រជាជន និងអាជ្ញាធរថៃមួយចំនួនហាក់មានការើសអើងនឹងពលករបរទេសក្នុងរយៈពេលចុងក្រោយនេះ។

លោក បញ្ជាក់ថា ចំពោះពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសថៃបានជួបការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលប្រឈមទៅនឹងការបញ្ឈប់ពីការងារ ដោយគ្មានប្រាក់សំណង ក្រោមលេសវិបត្តិកូវីដ១៩ ពីថៅកែរោងចក្រជាដើម តែសម្រាប់ពលករខ្មែរខ្លះ ដែលបានចូលទៅបម្រើការនៅទីនោះដោយគ្មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់រឹតតែមានការលំបាកបន្ថែមទៀត។

លោក ត្អូញត្អែរថា ពួកគេមិនអាចទទួលបានការត្រួតពិនិត្យសុខភាព ឬការព្យាលបាលនោះទេ ប្រសិនបើពួកគេ វិជ្ជមានវីរុសកូវីដ១៩នោះ។ ជាងនេះទៀត ពួកគេកំពុងរងការបាត់បង់កន្លែងស្នាក់អាស្រ័យ និងការងារផងដែរ ដោយសារមានការចុះត្រួតពិនិត្យពីសំណាក់អាជ្ញាធរថៃតាមរោងចក្រនីមួយៗ នាំឲ្យពលករខ្មែរទាំងនោះគេចខ្លួនទៅសា្នក់នៅតាមព្រៃជាដើម។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ សម្រេចអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី១៦ ខែមករា រហូតលដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃបានប្រកាសថា អ្នកដែលបានឆ្លងវីរុសកូវី១៩ បានកើនឡើងដល់ទៅជាង ៩ពាន់នាក់ហើយ ក្នុងនោះ     ពលករខ្មែរចំនួន ១០៨ នាក់ ពលករភូមារចំនួន ៦២៣នាក់ ពលករឥណ្ឌាចំនួន ៨២នាក់ ជនជាតិថៃជាង ៥០០នាក់ និងពលករជនជាតិដទៃទៀតប្រមាណជាង ១ពាន់ ផងដែរ។ របាយការណ៍នេះមិនទាន់បញ្ជាក់ថា ពលករខ្មែរដែលវិជ្ជមានវីរុសកូវីដ១៩ទាំងនោះ ឆ្លងនៅខេត្តណាឲ្យជាក់ច្បាស់នៅឡើយទេ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹង ទៅដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសថៃ ថា រដ្ឋាភិបាលថៃ បានសម្រេចបិទប្រទេសទាំងមូលចាប់ពីថ្ងៃទី១៦ ខែមករា រហូតលដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រលកថ្មីនេះ។

ស្ថានទូតកម្ពុជា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការបន្ថែមទៀត ដើម្បីអនុវត្តវិធានការនានារបស់រដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងត្រូវនាំគ្នារក្សាអនាម័យឲ្យបានត្រឹមត្រូវក្នុងស្ថានភាពដ៏អាក្រក់នេះ។

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ មេបញ្ជាការព្រំដែនគោក៨១៥  ខេត្តបន្ទាយមានជ័យលោក សួង សៅ បានចុះពិនិត្យល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ដើម្បីបង្ការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងដើម្បីការពារការចម្លងជំងឺកូវីដ-១៩ជាយថាហេតុ។

មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា បទពិសោធន៍កន្លងមករដ្ឋាភិបាលកម្ពុជា ចំពោះវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិតជាអនុវត្តន៍បានយ៉ាងល្អ និងព្យាបាលមានប្រសិទ្ធភាពខ្ពស់ផងដែរ។

បញ្ហានេះ លោក សំណូមពរឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃឲ្យបានទាន់ពេលវេលា និងតាមលទ្ធភាព ដូចជាការជួយសង្គ្រោះបឋម ជាដើម ជាពិសេសគឺជួយដល់ពលករខ្មែរ ដែលមិនមានឯកសារបម្រើការនៅប្រទេសថៃដោយស្របច្បាប់នាពេលកន្លងមក។

ចំណែកក្រសួងសុខាភិបាលកម្ពុជាឯណេះវិញ បានប្រកាសថា គិតត្រឹមថ្ងៃទី០៨ មករា នេះ ពលករដែលធ្វើដំណើរមកពីប្រទេសថៃ ក្រសួងបានរកឃើញ វិជ្ជមានកូវីដ១៩ កើនឡើង ១នាក់ ទៀតហើយ  ខណៈថ្ងៃទី៧ មករា ម្សិលម៉ិញ មានត្រឹមតែ ២០នាក់ ប៉ុណ្ណោះ៕

 

ប្រភព៖ The Cambodia Daily

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...