កម្ពុជាត្រៀមទទួលពលករខ្មែរជាង៣០០នាក់ដែលអាជ្ញាធរថៃបញ្ជូនមកវិញ
ប្រភព៖ VOD
អាជ្ញាធរខេត្តបាត់ដំបងបានឱ្យដឹងថា កម្ពុជាត្រៀមទទួលពលករខ្មែរជាង៣០០នាក់ដែលជាប់ធ្វើចត្តាឡីស័កនៅទឹកដីថៃ ខណៈអាជ្ញាធរថៃនឹងបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញនៅចុងសប្តាហ៍នេះ។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងកិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ លោក ស ខេង បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសអាជ្ញាធរខេត្តបាត់ដំបង ត្រូវដោះស្រាយបញ្ហាប្រឈមនានាជូនពលករដែលត្រឡប់មកពីថៃ បង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី “ដែលតា” ដោយសារខេត្តនេះស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះខ្លាំងជាងគេ។
អ្នកនាំពាក្យ និងជានាយករដ្ឋបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ ប្រាប់ វីអូឌី នៅថ្ងៃទី១១ ខែសីហានេះថា តាមព័ត៌មានបឋមដែលទទួលបានពីភាគីថៃ គឺថៃនឹងបញ្ជូនពលករខ្មែរដែលជាប់ធ្វើចត្តាឡីស័កជាង៣០០នាក់ក្នុងទឹកដីថៃឱ្យត្រឡប់មកកម្ពុជាវិញតាម«ច្រកទ្វារព្រំដែនសួនស៊ុំ» ហៅ «អូរលន់លួក» ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែសីហានេះ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តបានសហការជាមួយក្រុមការងារជំនាញពាក់ព័ន្ធ ដើម្បីត្រៀមទទួលយកពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក និងរៀបចំកន្លែងសម្រាប់ធ្វើតេស្តរហ័ស រួមទាំងផ្តល់ទីតាំងស្នាក់នៅបណ្តោះអាសន្នសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ចំនួន២ទីតាំងផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងយកទៅ មិនមែនយកទៅភ្លាមទេ បានន័យថា [ពលករ] ចូលមក ឱ្យគាត់អង្គុយមានគម្លាតសុវត្ថិភាព ហើយយើងចាប់ផ្តើមធ្វើតេស្តរហ័ស។ អ្នកវិជ្ជមាន យើងយកទៅមណ្ឌលព្យាបាល អ្នកអវិជ្ជមាន យកទៅមណ្ឌលចត្តាឡីស័ក ព្រោះយើងយកសាលារៀនដល់ទៅ២ សម្រាប់ធ្វើជាមណ្ឌលព្យាបាលនៅវិទ្យាល័យស្រុកកំរៀង និងសាលាបឋមសិក្សាសន្តិភាព ស្រុកសំពៅលូន ជាមណ្ឌលព្យាបាលអ្នកកើតជំងឺកូវីដ-១៩។ ហើយកាលណាពលករឆ្លងជំងឺកូវីដ-១៩ គឺចាត់ទុកថាជាប្រភេទ “ដែលតា” ជាប្រភេទបំប្លែងថ្មី គោលការណ៍កំណត់មកអ៊ីចឹង»។
បន្ថែមពីនេះ លោកថា អាជ្ញាធរពាក់ព័ន្ធក៏កំពុងរង់ចាំទទួលពលករខ្មែរដែលមានបំណងត្រឡប់មកកម្ពុជាវិញ ក្រោយពីរដ្ឋាភិបាលបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនៅចុងសប្តាហ៍នេះ ក្នុងនោះ អាជ្ញាធរបានត្រៀមការធ្វើតេស្តរហ័ស ហើយបើរកឃើញវិជ្ជមានកូវីដ-១៩នោះនឹងបញ្ជូនទៅព្យាបាល ហើយអ្នកមិនមានជំងឺ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កដូចពលករដែលអាជ្ញាធរថៃបញ្ជូនកន្លងមក។
អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមទទួលពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នាអំឡុងពេលរដ្ឋាភិបាលបើកព្រំដែនឱ្យចរាចរឡើងវិញ ប៉ុន្តែលោកមិនទាន់ទទួលបានព័ត៌មានថាពលករប៉ុន្មាននាក់ដែលនឹងត្រឡប់មកកម្ពុជាវិញនោះទេ។
ទោះជាបែបនេះក្តី អភិបាលខេត្តរូបនេះបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធបានសហការគ្នា និងធ្វើកន្លែងសម្រាប់ដាក់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ រួមទាំងអ្នកធ្វើចត្តាឡីស័កឱ្យមានផាសុកភាពនៅតាមព្រំដែនបន្ថែមទៀត ដើម្បីដាក់ពលករទាំងនោះ បានប្រហែលចន្លោះពី៦ ០០០នាក់ ទៅ៨ ០០០នាក់ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ។
លោកមានប្រសាសន៍ថា៖ «យើងរៀបចំកន្លែងទីតាំងមួយៗ យើងត្រូវគិតគូរកន្លែងបត់ដៃបត់ជើង[បន្ទោបង់] បង្គន់អនាម័យ កន្លែងងូតទឹក។ បើយើងយកគាត់មក ឱ្យគាត់មកនៅតែម្តង អត់កើតទេ! នៅចំពោះមុខ យើងខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយរួមគិតរួមធ្វើទាំងអស់គ្នា»។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី បានទេ នៅរសៀលថ្ងៃនេះ។
មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍គាំទ្រចំពោះវិធានការជួយសម្រួលដល់ពលករចំណាកស្រុកមកពីប្រទេសថៃ ប៉ុន្តែលោកបារម្ភថា បើរដ្ឋាភិបាលមិនរៀបចំកន្លែងសម្រាប់ព្យាបាលនិងធ្វើចត្តាឡីស័កឱ្យកម្មករបានល្អទេ នឹងធ្វើឱ្យវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩របស់រដ្ឋាភិបាលមិនទទួលបានផលវិជ្ជមានឡើយ។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាគួរតែគិតគូរពិចារណាពាក់ព័ន្ធនឹងនិយាមសុវត្ថិភាពនៃការដឹកជញ្ជូន សុវត្ថិភាពក្នុងការស្នាក់នៅមណ្ឌលចត្តាឡីស័ក ហើយនិងការទទួលឱ្យមានការស្នាក់នៅសមរម្យ ក៏ដូចជាម្ហូបអាហារ ការស្នាក់នៅ ជាដើម ដើម្បីចៀសវាងអំពីការដែលគាត់ស្នាក់នៅមណ្ឌលដែលមិនបានគោរពនិយាមសុវត្ថិភាព វាទៅជាកន្លែងចម្លងជាដើម»។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបិទខ្ទប់ការធ្វើដំណើរឆ្លងព្រំដែនគោកជាមួយប្រទេសថៃ និងខេត្តចំនួន៨ រយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការនាំមេរោគកូវីដ-១៩ប្រភេទ “ដែលតា” ចូលសហគមន៍តាមរយៈពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ៕