ពលករ​ខ្មែរ​២​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩​នៅក្នុង​ប្រទេស​ថៃ

16
សីហា

ពលករ​ខ្មែរ​២​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩​នៅក្នុង​ប្រទេស​ថៃ

ប្រភព៖ RFA

ពលករ​ខ្មែរ​២​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ខេត្ត​ឈុនបូរី (Chunburi) ប្រទេស​ថៃ ចំណែក​ពលករ​ជាច្រើន​ទៀត​ក៏​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ដោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​យកចិត្តទុកដាក់​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ភ្លាមៗ ពិសេស​ជំនួយ​ផ្នែក​ផ្លូវចិត្ត ដើម្បី​បន្ធូរបន្ថយ​ភាព​ភ័យខ្លាច​របស់​ពួកគេ។

ពលករ​ខ្មែរ​២​នាក់​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់ ឈ្មោះ ជី.អេហ្វ.អិន (GFN) ក្នុង​ខេត្ត​ឈុនបូរី (Chunburi) ប្រទេស​ថៃ បាន​ស្លាប់​កាល​ពី​ថ្ងៃទី​១៥ ខែ​សីហា ដោយសារ​ជំងឺ​កូវីដ​១៩ ក្រោយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត។

អ្នក​ទាំងពីរ​នាក់​មាន​ភេទ​ប្រុស ម្នាក់​មាន ឈ្មោះ ហុក សួន អាយុ​៤០​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ឈន ជីវ៉ា។ ក្រៅពី​ករណីនេះ​នៅ​មាន​ពលករ​ជាច្រើន​នាក់​ទៀត​កំពុង​មាន​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ និង​មាន​ពលករ​ជាច្រើន​ទៀត​កំពុង​សម្រាក​ព្យាបាល ដោយ​ខ្លួនឯង​នៅក្នុង​រោងចក្រ។

ពលករ​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ GFN ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា បុរស​ទាំង​២​នាក់ ដែល​បាន​ស្លាប់ ត្រូវ​ខាង​រោងចក្រ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក ហើយក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​នៅតែ​មិន​អាច​សង្គ្រោះ​ជីវិត​បាន ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​។ ពលករ​ដដែល​បន្ត​ថា កាល​ពី​ថ្ងៃទី​១៥ ខែ​សីហា គឺ​ភ្លាមៗ​ក្រោយ​មរណភាព​របស់​អ្នក​ទាំងពីរ ក្រុម​គ្រូពេទ្យ​នៃ​ក្រសួង​សុខាភិបាល​ថៃ បាន​ចុះ​ទៅ​ដល់​រោងចក្រ និង​បាន​រៀបចំ​ទីតាំង​សម្រាប់​ពិនិត្យ​សុខភាព​ពលករ ដែល​កំពុង​ស្នាក់នៅ​រោងចក្រ​នេះ​។ លោក​ថា លើស​ពី​នេះ ក្រសួង​សុខាភិបាល និង​ភាគី​ថៅកែ​រោងចក្រ សម្រេច​សាងសង់​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ នៅ​ជាប់​រោងចក្រ​នោះ​តែម្ដង ដើម្បី​ផ្ដល់​ការ​ព្យាបាល​ត្រឹមត្រូវ ដល់​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩៖ «កាល​មុនដំបូង ខាង​ក្រុមហ៊ុន​ហាក់ដូចជា​មិន​បាន​ឱ្យ​ព័ត៌មាន​ទូលំទូលាយ​ទៅ​ខាង​ក្រៅ​។ អ៊ីចឹង ព្យាយាម​ព្យាបាល​ខ្លួនឯង ព្យាយាម​ព្យាបាល​គ្នាឯង ដល់ពេល​មាន​អ្នក​ស្លាប់​ចឹង​ទៅ ឃើញ​ថា ខាង​ក្រសួង​គេ​ចុះ​មក គេ​ក៏​ត្រួតពិនិត្យ ហើយ​គេ​ក៏​ដាក់​គំនាប​ឱ្យ​ខាង​ក្រុមហ៊ុន ថត​អ៊ិច្សរ៉េ ( X-Ray) សួត​ពលករ​ទាំងអស់ ហើយ​នឹង​ធ្វើ​មន្ទីរពេទ្យ ដើម្បី​បំបែក​អ្នក​ជំងឺ ចែក​ទៅ​តាម​ប្រភេទ។ អ៊ីចឹង​យើង​ចាំ​មើល​តិច​ទៀត​សិន​។ កន្លង​មក យើង​ដូចជា​មិន​កក់ក្ដៅ ប៉ុន្មាន​ដែរ ដោយសារ​ពេទ្យ​គ្នាឯង ហើយ​ម្យ៉ាងទៀត ទៅតាម​មន្ទីរពេទ្យ​ខេត្ត ស្រុក​ហ្នឹង យើង​ដឹង​ហើយ​ថា សូម្បីតែ​ប្រជាជន​គេ​ហ្នឹង​ក៏​ទប់​មិន​ជាប់​ផង»

វិទ្យុ​អាស៊ីសេរី​ព្យាយាម​ទូរស័ព្ទ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​សព​ពលករ​ទាំង​២​នាក់ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ស្ថានភាព​ពួកគាត់ និង​ការ​ទុកដាក់​សព​អ្នក​ទាំងពីរ ប៉ុន្តែ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ កាលពី​យប់​ថ្ងៃទី​១៥ សីហា​។ ចំណែក​មន្ត្រី​ស្ថានទូត​ប្រចាំ​នៅ​ទីក្រុង​បាងកក និង​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ក៏​នៅ​មិន​អាច​ទាក់ទង​បាន​ដែរ។

ពលករ​នៅ​រោងចក្រ GFN ម្នាក់ទៀត ដែល​សុំ​លាក់​ឈ្មោះ​ដែរ​នោះ ឱ្យ​ដឹង​ទៀត​ថា នៅ​មាន​ពលករ​ជាច្រើន​នាក់​កំពុង​ស្ថិតនៅ​កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ និង​មាន​អ្នក​ដួល​សន្លប់ ដោយ​ពុំ​មាន​មូលហេតុ​ជាច្រើន​នាក់​ផង​ដែរ​។ លោក​ថា​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលករ ដែល​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯង និង​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក មានការ​ភ័យ​បារម្ភ​កាន់តែ​ខ្លាំង​។ ប្រភព​ដដែល​បន្ថែម​ថា មាន​ពលករ​មួយចំនួន​នាំគ្នា​ទៅ​សុំ​លិខិតឆ្លងដែន​ពី​ភាគី​ថៅកែ​រោងចក្រ ដើម្បី​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុកកំណើត​វិញ​។ លោក​ថា ដំណាក់កាល​នេះ​ពលករ​ចង់បាន​ការ​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ពួកគាត់ និង​ការ​ព្យាបាល​ត្រឹមត្រូវ៖ «យើង​ចង់ឱ្យ​រោងចក្រ​ហ្នឹង​ធ្វើ​យ៉ាងម៉េច​ឱ្យ​ដូច​តាម​ស្តង់ដារ​របស់​ក្រសួង​សុខាភិបាល​ថៃ ដែល​គេ​ធ្វើ​ហ្នឹង​ទៅ។ យើង​អត់​ចង់ឱ្យ​ស្ដង់ដារ​នៅ​ក្រៅ​រោងចក្រ តាម​មន្ទីរពេទ្យ​គេ​ធ្វើ​អញ្ចេះ នៅ​រោងចក្រ​ធ្វើ​ផ្សេង គឺ​អត់​អ៊ីចឹង​ឱ្យ​អ៊ីចឹង​ទេ​ចង់​ឱ្យ​ដូចគ្នា»

ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​រោងចក្រ GFN មាន​ចំនួន​សរុប​ប្រមាណ ៣​ពាន់​នាក់ ភាគច្រើន​កំពុង​ស្នាក់​ក្នុង​បរិវេណ​រោងចក្រ ទៅ​តាម​ទីតាំង ដែល​ថៅកែ​បាន​រៀបចំ​ឱ្យ​។ ពួកគេ​ត្រូវ​ថៅកែ​បិទ​ខ្ទប់​មិន​ឱ្យ​ចេញ​ក្រៅ ចាប់តាំង​ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្លាំងក្លា​ក្នុង​ប្រទេស​នេះ។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពេលនេះ​ពលករ​កំពុង​ច្របូកច្របល់ និង​ភ័យខ្លាច​។ លោក​ស្នើ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ថៃ​យកចិត្តទុកដាក់​ដល់​ពួកគេ ដើម្បី​បាន​ថែទាំ​សុខភាព​ត្រឹមត្រូវ៖ «ស្ថានទូត​គួរតែ​មាន​វិធានការណ៍​មួយ​ជួយ​ទៅដល់​ពួក​គាត់ ដូចជា​អ្នក​ដែល​សង្គ្រោះ​បន្ទាន់ និង​អ្នក​នៅក្នុង​រោងចក្រ ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​សុវត្ថិភាព ទាំង​ផ្លូវកាយ និង​តាម​ផ្លូវ​អារម្មណ៍​។ អ្នក​ឆ្លង​ហើយ​ហ្នឹង​គួរតែ​មាន​ការ​ពង្រឹង​ស្មារតី​ពួកគាត់ ដើម្បី​កុំឱ្យ​ភិតភ័យ ពីព្រោះ​ឥឡូវ​ហ្នឹង​មាន​អ្នកខ្លះ​ទៅ​សុំ​ប៉ាស្ទ័រ ពី​ខាង​គ្រប់គ្រង​ឯកសារ​ហ្នឹង ដើម្បី​បាន​ទៅ​ខ្មែរ​វិញ ព្រោះ​គាត់​គាត់​រន្ធត់ ភ័យខ្លាច ហើយ​ណាមួយ​មាន​បងប្អូន​ពី​ខ្មែរ​នោះ គេ​ទូរស័ព្ទ​មក គាត់​ព្រួយ​បារម្ភ គាត់​ចង់​ឱ្យ​ទៅ​ខ្មែរ​តែម្ដង»

នេះ​ជា​ករណី​ស្លាប់​ពលករ​ចំណាកស្រុក​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​លើក​ដំបូង នៅ​ក្រោយ​ពេល​មានការ​ឆ្លង​រាលដាល​ជំងឺ កូ​វីដ​១៩ ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​នេះ ដោយ​ចាប់ផ្តើម​តាំងពី​ខែ​មិថុនា​មក​។ ពលករ​ខ្មែរ​ជាច្រើន ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ត្អូញត្អែរ​ពី​ការ​លំបាក ដោយ​ខ្វះខាត​អាហារ​ហូបចុក និង​ការ​ព្យាបាល​ជំងឺ​នេះ​ដោយ​ខ្លួនឯង នៅ​តាម​ទីកន្លែង​ធ្វើការ​របស់​ពួកគេ ដូចជា​នៅ​តាម​រោងចក្រ និង​នៅ​តាម​ការដ្ឋាន​សំណង់​ជាដើម ជាទី​ដែល​ពួកគេ​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​ចាកចេញ​ទៅណា​បាន​។ ពួកគេ​ភាគច្រើន​ពុំ​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ និង​ពុំ​ទទួល​បាន​ជំនួយ​ណាមួយ​ពី​ស្ថានទូត​ខ្មែរ​ឡើយ​។ ក្រៅ​ពី​នេះ​មាន​ពលករ​ជាច្រើន​ពាន់​នាក់​សម្រុក​ចេញពី​ប្រទេស​ថៃ​ទៅ​ស្រុកកំណើត​វិញ ដោយសារ​ភ័យខ្លាច​ឆ្លង​ជំងឺ​ផង គ្មាន​ការងារ​ធ្វើ​ផង និង​ដោយសារ​ឆ្លង​ជំងឺ ប៉ុន្តែ​មិន​បាន​ការ​ព្យាបាល នៅ​ពេល​ដែល​តាម​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​ទទួល​តែ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ផង។

ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ជា​ករណី​ទី​១ នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​៣០ ខែមេសា នៅ​មន្ទីរ​ពេទ្យ​ក្រុង​បាងកក ហើយ​សព​ត្រូវ​បូជា​នៅ​ទីនោះ ទៅតាម​វិធានការ​សុខាភិបាល៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...