រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព មានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ថ្មីៗនេះ ទាក់ទងនឹងអំពើហិង្សាដែលបង្កឡើងដោយអាជ្ញាធររដ្ឋ ដែលរួមមានការបៀតបៀនផ្លូវភេទទៅលើស្ត្រីមួយចំនួន ដែលចូលរួមក្នុងការជួបជុំ និងធ្វើកូដកម្មដោយសន្តិវិធី ។ ជាពិសេស សមាជិកសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ដែលភាគច្រើនជាស្ត្រី បានទទួលរងនូវអំពើហិង្សា ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តវិធានការកូវីដ១៩ ដោយមិនត្រឹមត្រូវ ក្នុងការឆ្លើយតបទៅនឹងការធ្វើកូដកម្មដោយសន្តិវិធីរបស់អ្នកទាំងនោះ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មក ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់រុញ ទាញ និងសែង កូដករអហិង្សាទាំងនោះ ដោយបង្ខំឱ្យចូលទៅក្នុងរថយន្តក្រុងមុនពេលបញ្ជូនពួកគេ ទៅមណ្ឌលធ្វើចត្តាឡីស័កជំងឺកូវីដ១៩ មួយកន្លែង នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចជាបុរសម្នាក់ បានចាប់និងច្របាច់ដោះរបស់ស្ត្រីម្នាក់ ខណៈពេលដែល នាងត្រូវបានបង្ខំឱ្យចូលទៅក្នុងរថយន្តក្រុង ។ ស្រដៀងគ្នានេះដែរ នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធររដ្ឋបានប្រើភាសាអាសគ្រាមបំពារបំពានផ្លូវភេទមិនសមរម្យទៅលើកូដករ។ យើងបានកត់សម្គាល់ថា ទង្វើនៃការបៀតបៀនផ្លូវភេទស្រដៀងគ្នានេះ ក៏ធ្លាប់កើតមានចំពោះស្រ្តីវ័យក្មេងដែលជាសកម្មជនបរិស្ថានកន្លងមកដែរ ។
កូដករជាស្ត្រីជាច្រើន ត្រូវបានអាជ្ញាធរដាក់គោលដៅជាបន្តបន្ទាប់ដោយមិនសមស្រប ក្នុងការបំបែកការតវ៉ា និងការធ្វើកូដកម្មដោយសន្តិវិធី ។ អំឡុងខែមករា កូដករដែលភាគច្រើនជាស្ត្រី ដែលក្នុងនោះមានស្ត្រីមានផ្ទៃពោះមួយចំនួន ត្រូវបានគេហាមឃាត់ក្នុងការប្រើប្រាស់បន្ទប់ទឹកនៅជិតកន្លែងធ្វើកូដកម្មដោយមិនសមហេតុផល ទាំងដែលបន្ទប់ទឹកទាំងនោះ នៅបើកឱ្យប្រើប្រាស់ឡើងវិញជារៀងរាល់ថ្ងៃ ក្រោយពេលដែលកូដករទាំងអស់វិលត្រឡប់ទៅផ្ទះវិញ ។ អាជ្ញាធរ ក៏បានរារាំងកូដករជាស្ត្រី ដោយមិនឱ្យអ្នកទាំងនោះត្រឡប់ទៅផ្ទះរហូតដល់យប់ជាច្រើនដង ហើយពេលខ្លះតាមដានអ្នកទាំងនោះនៅពេលដែលពួកគេត្រូវបានអនុញាតឱ្យត្រឡប់ទៅផ្ទះវិញ។
នៅក្នុងខែនេះ កូដករទាំងអស់បានអនុវត្តជាបន្តបន្ទាប់តាមបទបញ្ជានិងការណែនាំនានា ក្នុងការធ្វើតេស្តជំងឺកូវីដ ១៩ ជាច្រើនដង និងបានបំពេញតាមលក្ខខណ្ឌនៃការធ្វើចត្តាឡីស័កផងដែរ ។ ទោះបីជាបានធ្វើតាមលក្ខខណ្ឌទាំងអស់នេះហើយក្តី ក៏នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កូដករចំនួន ៦៤ នាក់ ក្នុងនោះស្ត្រី ៥៦ នាក់ និងបុរស ៨ នាក់ ត្រូវបាននាំខ្លួនដោយបង្ខំ ទៅកាន់ទីតាំងធ្វើចត្តាឡីស័កមួយកន្លែង ខណៈដែលពួកគេព្យាយាមធ្វើកូដកម្មបន្តទៀត ហើយរហូតដល់ពេលយប់ទើបពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កូដករចំនួន ៣៩នាក់ ដែលមានស្ត្រី ៣១ នាក់ និង បុរស ៨ នាក់ ត្រូវបាននាំខ្លួនដោយបង្ខំយកទៅកាន់មណ្ឌលចត្តាឡីស័កនៅទីតាំងដដែល។ កូដករ បានរាយការណ៍ថា ទីតាំងចត្តាឡីស័កនោះ ពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់និងបរិភោគ ឬកន្លែងសម្រាប់សម្រាកគ្រប់គ្រាន់នោះទេ ។ នៅថ្ងៃទី ២៣ ខែកុម្ភៈ កូដករចំនួន ៥១ នាក់បន្ថែមទៀត ដែលរួមមានស្ត្រី ៤១ នាក់ និងបុរស ១០ នាក់ ត្រូវបានបង្ខំឱ្យទៅកាន់មណ្ឌលចត្តាឡីស័កដដែលនោះ។ ក្នុងចំណោមកូដករដែលនៅមណ្ឌលចត្តាឡីស័កទាំងនោះ មិនមានកូដករណាម្នាក់ ត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញនៅឡើយទេ គិតចាប់តាំងពីថ្ងៃអង្គារ៍ ទី ២២ មកម្ល៉េះ។ មិនតែប៉ុណ្ណោះ កូដករដែលជាប់នៅមណ្ឌលចត្តាឡីស័កទាំងនោះ នឹងត្រូវអាជ្ញាធរបង្ខំឱ្យបង់ប្រាក់ពិន័យចំនួនរហូតដល់ ២លានរៀល (៥០០ ដុល្លារ) ក្នុងម្នាក់។
ជាមួយគ្នានេះដែរ សមាជិកនិងថ្នាក់ដឹកនាំនៃសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៏(LRSU) ចំនួន ១១ នាក់ ក្នុងនោះមានស្ត្រី ៧ នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មកហើយ នៅពេលដែលអ្នកទាំងនោះអនុវត្តសេរីភាពក្នុងការធ្វើកូដកម្មអហិង្សា ។ បច្ចុប្បន្នអ្នកទាំង ១១ កំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ។ ស្ត្រីទាំង ៧ នាក់នេះ ត្រូវបានចោទប្រកាន់ពី បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយពួកគេប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដែលមានសភាពចង្អៀតណែន ប្រសិនបើត្រូវបានផ្តន្ទាទោស ។
ទង្វើហិង្សាប្រឆាំងទៅលើស្ត្រី ដែលបង្កដោយតួអង្គរដ្ឋ ការអនុវត្តវិធានការកូវីដ ១៩ ដោយមិនត្រឹមត្រូវ និងការប្រើប្រាស់ស្ថាប័នតុលាការដើម្បីបំបិទសេរីភាពក្នុងការធ្វើកូដកម្មអហិង្សា គឺមិនសមហេតុផល និងខុសច្បាប់ ក្រោមច្បាប់ជាតិ និងអន្តរជាតិ ។ ជាពិសេស ទង្វើទាំងនេះបានរំលោភបំពានទៅលើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្ដីពីការជួបជុំ និងប្រមូលផ្ដុំដោយសន្តិវិធី និងសិទ្ធិនានា នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (ស៊ី ដ) ដូចដែលបានបកស្រាយនៅក្នុងអនុសាសន៍ទូទៅរបស់គណៈកម្មាធិការ ស៊ី ដ លេខ ៣០ និង ៣៥។
ការរំលោភបំពានទៅលើសិទិ្ធសេរីភាពរបស់ស្ត្រី នៅតែបន្តកើតមានឡើងច្រើននៅក្នុងប្រទេស ដោយមានស្ត្រីជាច្រើន បានរាយការណ៍អំពីអារម្មណ៍ដែលមានសេរីភាព តិចជាងបុរស ក្នុងការប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបជុំគ្នា ។ ស្ត្រីក៏បានទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ ដោយសារតែឧស្សាហកម្មដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេរួមមាន វិស័យសេវាកម្សាន្តនិងបដិសណ្ឋារកិច្ច មានចំនួនស្ត្រីច្រើនជាងវិស័យផ្សេងៗទៀត ដែលមានបុគ្គលិកភាគច្រើនជាស្ត្រីកំពុងធ្វើការងារ។ ស្ត្រីទាំងនោះ តែងតែទទួលរងនៅអំពើហិង្សាដោយផ្អែកលើភេទ។ នៅក្នុងស្ថានភាពនេះ ស្ត្រីត្រូវតែទទួលបានការការពារ និងគាំទ្រឱ្យកាន់តែច្រើនជាងមុន ហើយក្រុមសង្គមស៊ីវិល និងអាជ្ញាធរដ្ឋមិនត្រូវរក្សាភាពស្ងៀមស្ងាត់ចំពោះទង្វើហិង្សាទាំងនោះទេ ជាពិសេសនៅពេលដែលអំពើហិង្សាទាំងនោះ ត្រូវបានប្រព្រឹត្តដោយក្រុមអាជ្ញាធររដ្ឋមួយចំនួន។
យើងខ្ញុំ សូមរំឭកដល់រាជរដ្ឋាភិបាល អំពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តអនុសញ្ញា ស៊ី ដ និងអនុសាសន៍របស់គណៈកម្មាធិការចាប់ពីកថាខណ្ឌទី ៩ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធានាពេញលេញ នូវសិទិ្ធរបស់អ្នកការពារសិទិ្ធមនុស្សជាស្ត្រី អ្នកដឹកនាំសហជីព សកម្មជនបរិស្ថាននិងដីធ្លី និងសមាជិកគណបក្សជំទាស់ ជាពិសេសសិទិ្ធសេរីភាពក្នុងការជួបជុំ ប្រមូលផ្តុំ និងបញ្ចេញមតិ ដោយមិនមានការរំលោភបំពាន តាមដានត្រួតពិនិត្យចាប់ពិរុទ្ធ និងរឹតត្បិតមិនត្រឹមត្រូវនានា ។ យើងខ្ញុំ សូមអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បិតសេរីភាពរបស់ស្ត្រី ដើម្បីឱ្យពួកគេបន្តធ្វើកូដកម្មដោយសន្តិវិធី និងប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេដោយគ្មានការរើសអើង និងសូមអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់និងដោយឥតលក្ខខណ្ឌចំពោះសមាជិក និងថ្នាក់ដឹកនាំសហជីពទាំងអស់ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ព្រមទាំងទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងនឹងពួកគេ ៕
សេចក្តីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
១. អង្គការអាក់សិនអេតកម្ពុជា ( ActionAid Cambodia)
២. សមាគមគាំពារស្ត្រីងាយរងគ្រោះ (ASVW)
៣. អង្គការបន្ទាយស្រី (Banteay Srei)
៤. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
៥. សហភាពការងារកម្ពុជា(CLC)
៦. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៧. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៨. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៩. សមាគមការពារសិទ្ធមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (ADHOC)
១០. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)
១១. បណ្តាញយុវជនកម្ពុជា (CYN)
១២. អង្គការម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC)
១៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
១៤. សមាគមសម្ពន័្ធសហគមន៍កសិករកម្ពុជា (CCFC)
១៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រែ្វល)
១៦. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១៧. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១៨. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
១៩. អង្គការក្លាហាន (Klahaan)
២០. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)
២១. អង្គការសមាគមធាងត្នោត (STT)
២២. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងលើស្រ្តី (NGO-CEDAW)
២៣. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង (UPWD)
២៤. អង្គការនារីដើម្បីសន្តិភាព (WPM)
២៥. អង្គការកម្មវិធី អភិវឌ្ឍន៍ ធនធានយុវជន (YRDP)
២៦. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២៧. សហគមន៍អមលាំង (កំពង់ស្ពឺ)
២៨. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
២៩. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៣០. សហគមន៍បឹងប្រាំ (បាត់ដំបង)
៣១. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៣២. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣៣. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
៣៤. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
៣៥. បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADNet)
៣៦. សហគមន៍កំព្រើស (ត្បូងឃ្មុំ)
៣៧. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៣៨. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៣៩. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៤០. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៤១. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៤២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៤៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៤៤. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៤៥. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៤៦. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៤៧. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៤៨. សហគមន៍ដីធ្លីតានូន (កោះកុង)
៤៩. សហគមន៍ថ្មដា (ពោធិ៍សាត់)
៥០. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥១. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសាខ្មែរ
ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសាអង់គ្លេស
This post is also available in: អង់គ្លេស