អាជ្ញាធរក្រុងភ្នំពេញ បន្តចាប់បញ្ជូនបុគ្គលិកណាហ្កាវើលដ៍ទៅមណ្ឌលចត្តាឡីស័ក
ប្រភព៖ RFA
ក្រុមសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កាវើលដ៍ (Naga World) ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៤កុម្ភៈ ដោយចាត់ទុកទង្វើអាជ្ញាធរក្រុងភ្នំពេញ ដែលបានបង្ក្រាបក្រុមកូដករបញ្ជូនទៅធ្វើចត្តាឡីស័ក នៅកន្លែងគ្មានអនាម័យ បរិភោគមិនគ្រប់គ្រាន់ គឺការដាក់ទណ្ឌកម្មដល់ក្រុមកូដករមិនឱ្យចេញតវ៉ារឿងវិវាទការងារជាមួយក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។
សហជីព និងក្រុមកូដករក្រុមហ៊ុនណាហ្កាវើលដ៍ (Naga World) ថ្កោលទោសទង្វើអាជ្ញាធរក្រុងភ្នំពេញក្នុងការបន្តបង្ក្រាបក្រុមកូដករដោយប្រើអំពើហិង្សារុញច្រានក្រុមកូដករបន្តបន្ទាប់មកនេះថា ជាការរំលោភបំពានធ្ងន់ធ្ងរដល់ក្រុមកូដករ និងបានរំលោភច្បាប់ជាតិ និងអន្តរជាតិ។ ក្រុមកូដករថា អាជ្ញាធរក្រុងភ្នំពេញនៅតែលម្អៀងទៅខាងក្រុមហ៊ុនបនល្បែងណាហ្កាវើលដ៍ ដោយសារតែអាជ្ញាធរនៅតែបន្តចាត់វិធានការចាប់ចងក្រុមកូដករ ដើម្បីបំបែកការធ្វើកូដកម្មស្វែងដំណោះជាមួយក្រុមហ៊ុនណាហ្កាវើលដ៍។
ក្រុមសហជីពទ្រទ្រង់សិទ្ធិការងារ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ថា ការបង្ក្រាបរបស់អាជ្ញាធរមកលើក្រុមកូដករទាំងអំពើហិង្សា គឺមានចេតនាធ្វើបាប ដាក់ទណ្ឌកម្មដល់ក្រុមកូដករក្នុងការចាប់បញ្ជូនពួកគេទៅធ្វើចត្តាឡីស័កនៅកន្លែងគ្មានអនាម័យភួយខ្នើយរុំព័ទ្ធដីធូលីដី គ្មានបន្ទប់ទឹក និងគ្មានអើពើផ្តល់ចំណីអាហារជូនពួកគេត្រឹមត្រូវនោះទេ។ ក្នុងមណ្ឌលចត្តាឡីស័កអាជ្ញាធរ ក៏បានដាក់លក្ខខណ្ឌឱ្យក្រុមកូដករបំពេញកិច្ចសន្យា ដើម្បីកុំឱ្យពួកគេប្រមូលផ្ដុំគ្នាចេញតវ៉ាទៀត ប៉ុន្តែពួកគេបដិសេធ។
កូដករម្នាក់ដែលជាប់ក្នុងមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ កញ្ញា សួន ជីវ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធររឹតត្បិតមិនឱ្យសាច់ញាតិយកសម្ភារៈប្រើប្រាស់ផ្សេងៗ ចូលក្នុងមណ្ឌលចត្តាឡីស័កឡើយ។ កញ្ញាបន្តថា ក្នុងមណ្ឌលចត្តាឡីស័កគ្មានអនាម័យនោះទេ ដោយក្រុមកូដករទាំងសម្រាកផ្ទាល់ដីនឹងកន្ទេលដាច់រហែក និងគ្មានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ កញ្ញាចាត់ទុកទង្វើអាជ្ញាធរបែបនេះថា កំពុងកាងអំណាចឱ្យក្រុមហ៊ុនបនល្បែងណាហ្កាវើលដ៍ និងបង្ខាំងធ្វើបាបក្រុមកូដករទាំងអយុត្តិធម៌៖ « »
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ការបង្ក្រាបក្រុមកូដករទាំងហិង្សាជាបន្តបន្ទាប់មកនេះ គឺជាការរំលោភបំពានសិទ្ធិក្រុមកូដករដោយតវ៉ាដោយសន្តិវិធី និងបានជះឥទ្ធិពលអវិជ្ជាមានដល់កម្ពុជាបន្ថែមទៀត។ លោកបន្តថា ការធ្វើកូដកម្មរបស់កូដករកន្លងមកនេះ គឺជាវិវាទការងារជាមួយក្រុមបុគ្គលិក និងថៅកែ ដូច្នេះ អាជ្ញាធរគួរណាជំរុញឱ្យថៅកែណាហ្កាវើលដ៍ចេញមុខចរចាជាមួយតំណាងសហជីព ប្រសើរជាងចាត់វិធានការបង្ក្រាបក្រុមកូដករទាំងអំពើហិង្សាក្រោមលេសល្មើសវិធានសុខាភិបាល៖ « »
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត ភក្តី ដើម្បីបំភ្លឺជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ កុម្ភៈ។ ចំណែកឯអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ អាជ្ញាធរក្រុងភ្នំពេញបន្តបង្ក្រាបក្រុមកូដករចំនួន ២៩នាក់បន្ថែមទៀត ដោយបានប្រើអំពើហិង្សារុញច្រានពួកគេចូលក្រុងរថយន្តក្រុងទាំងកម្រោលបណ្ដួលឱ្យក្រុមកូដកររងរបួសផងដែរ។ អាជ្ញាធរក៏បានដាក់កម្លាំងរាប់រយនាក់ ដើម្បីរឹតត្បិតមិនឱ្យក្រុមអ្នកសារព័ត៌មានជាតិអន្តរជាតិ ក្រុមអង្គការសង្គមស៊ីវិល ឃ្លាំមើលដំណើរការធ្វើកូដកម្មរបស់ក្រុមកូដករនៅក្បែរអាគារបនល្បែងណាហ្កាវើលដ៍នោះទេ។
ទាក់ទងរឿងនេះ ប្រធានសមាគមអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ការបង្ក្រាបក្រុមកូដករ ៣ថ្ងៃជាប់មកនេះ គឺជារឹតត្បិតសិទ្ធិសេរីភាពដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ និងបានរំលោភបំពានធ្ងន់ធ្ងរលើក្រុមកូដករជាស្ត្រី ដែលរងការប្រមាថប្រើហិង្សារុញច្រានពួកគេកន្លងទៅនេះ។ លោកមើលឃើញថា ចំណាត់ការអាជ្ញាធរហាក់មិនបានការពារវិធានការសុខាភិបាលនោះទេ ប៉ុន្តែ ឆ្លុះបញ្ចាំងពីការធ្វើទុក្ខបុកម្នេញសម្លុតគំរាមកំហែងក្រុមកូដករ ដើម្បីកុំឱ្យងើបទាមទារដំណោះស្រាយតែប៉ុណ្ណោះ៖ « »
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីពេលថ្មីៗ នេះ បានរិះគន់ថា អាជ្ញាធរក្រុងភ្នំពេញកំពុងអនុវត្តវិធានការសុខាភិបាល ដែលមានស្តង់ដារ២ ផ្សេងគ្នារវាងក្រុមកូដករ និងសាធារណជនទូទៅ ដែលបង្ហាញថា អាជ្ញាធរប្រឹងប្រែងរារាំងសកម្មភាពស្របច្បាប់របស់កូដករ។ លើសពីនេះទង្វើនេះ ផ្ទុយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ក្រុមអង្គការសង្គមស៊ីវិល និងសហជីព ថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ និងត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញការរំលោភបំពានបៀតបៀនលើរូបរាងកាយក្រុមកូដករជាស្រ្តី ដែលចេញតវ៉ារកដំណោះស្រាយដោយសន្តិវិធី។
មកដល់ពេលនេះមានតំណាងសហជីព និងកម្មករណាហ្កាវើលដ៍ចំនួន ១១នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែពួកគេ ធ្វើកូដកម្មដោយសន្តិវិធីទាមទាររកដំណោះស្រាយរឿងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍បញ្ឈប់បុគ្គលិក ៣៦៥នាក់ ពីការងារ។ ការបង្ក្រាបដោយបង្ខំឱ្យក្រុមកូដករធ្វើចត្តាឡីស័ក ៣ថ្ងៃកន្លងមកនេះ មានកូដករចំនួន ៩នាក់វិជ្ជមានកូវីដ–១៩ ដោយពួកគេកំពុងសម្រាកព្យាបាលនៅអគារកោះពេជ្រ៕