សេចក្ដីថ្លែងការណ៍រួមស្ដីពី៖ការបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងឡើងៗទៅលើកូដករ

25
មីនា

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

 

នាពេលថ្មីៗនេះ អាជ្ញាធរបានបង្កើនការឃាត់ខ្លួន និងការប្រើប្រាស់អំពើហិង្សាគួរឱ្យព្រួយបារម្ភ ​ ទៅលើសមាជិកសហជីព នៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក៏ដូចជាការរឹតត្បិតខ្លាំងឡើងចំពោះអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលឃ្លាំមើលការបង្ក្រាបកាន់តែអាក្រក់ទៅៗពីសំណាក់អាជ្ញាធរ ។ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្នើសុំរាជរដ្ឋាភិបាលឱ្យបញ្ឈប់ស្ថានភាពតានតឹងនេះ ហើយបញ្ឈប់ការបំភិតបំភ័យលើកូដករម្តងហើយម្តងទៀត ដែលរួមមានការដឹកអ្នកទាំងនោះទៅកាន់កន្លែងដែលឆ្ងាយពីទីក្រុង ហើយទុកពួកគេចោលនៅពេលយប់ជ្រៅស្ងាត់ ។

 

យើងខ្ញុំ ព្រួយបារម្ភចំពោះវិធានការថ្មីៗនេះពីសំណាក់អាជ្ញាធរ​ ដែលបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន មិនឱ្យឃ្លាំមើលការបន្តប្រើប្រាស់អំពើហិង្សាទៅលើកូដករអហិង្សា ដែលភាគច្រើនជាស្ត្រី ។ ជាច្រើនលើកច្រើនសារ អាជ្ញាធរបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានពីការថតរូប ឬឈរនៅជិតទីតាំងនៃការឃាត់ខ្លួនបែបហិង្សាទាំងនេះ ។ អ្នកសារព័ត៌មាន ត្រូវបានគំរាមកំហែងចាប់ខ្លួន ដោយសារចុះយកព័ត៌មានស្ដីពីកូដកម្ម ហើយជាច្រើនករណីទៀត អាជ្ញាធរបានបណ្ដេញអ្នកឃ្លាំមើល និងអ្នកសារព័ត៌មានចេញឆ្ងាយ ខណៈដែលអាជ្ញាធរចាប់សែងកូដករទៅកាន់រថយន្តក្រុងយ៉ាងហិង្សា ។ ពួកគេក៏បានគំរាមឃាត់ខ្លួនអ្នកឃ្លាំមើលជាមួយកូដករនៅទីតាំងធ្វើចត្តាឡីស័កកូវីដ-១៩ ផងដែរ ។

 

ក្នុងករណីមួយចំនួន អាជ្ញាធរបានបង្ខំអ្នកឃ្លាំមើលឱ្យលុបរូបភាព និងវីដេអូ អំពីហេតុការណ៍ ដែលអាចបង្ហាញនៅពេលក្រោយថា ការឃាត់ខ្លួនដោយរំលោភបំពានទាំងនេះ ជាប្រភពនៃភាពអាម៉ាស់ និងមិនសមហេតុផល ផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ ។ ប្រសិនបើអ្នកឃ្លាំមើល នៅតែបន្តត្រូវបានរឹតត្បិត យើងខ្ញុំភ័យខ្លាចថា ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពាន អាចនឹងកើនឡើងបន្ថែមទៀត អំឡុងពេលមានការបង្ក្រាបនេះ ។

 

លើសពីនេះ នាពេលថ្មីៗនេះ អាជ្ញាធរបានរុញកូដករចូលទៅក្នុងរថយន្តក្រុងយ៉ាងហិង្សា ហើយដឹកអ្នកទាំងនោះទៅកាន់ជាយក្រុង ហើយទុកពួកគេចោល ដោយបង្ខំឱ្យពួកគេរកមធ្យោបាយធ្វើដំណើរត្រឡប់មកផ្ទះវិញដោយខ្លួនឯង ។ សកម្មភាពនេះ គឺជាសកម្មភាពដែលមិនត្រឹមត្រូវទាំងស្រុង និងជាការដាក់ទណ្ឌកម្មយ៉ាងច្បាស់មកលើក្រុមកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍ ដោយមិនមានមូលហេតុស្របច្បាប់ណាមួយត្រូវបានលើកឡើងដោយអាជ្ញាធរ ។

 

កូដករជាស្ត្រី មកពីសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានដាក់គោលដៅជាមួយអំពើហិង្សា ការបៀតបៀនផ្លូវភេទ ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តដោយរំលោភបំពាន នៃវិធានការការពារជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងកូដកម្មអហិង្សារបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានហេតុការណ៍នៅក្នុងវីដេអូមួយ ដែលអាជ្ញាធរបានប្រើប្រាស់ភាសាអាសគ្រាមដោយមិនសមរម្យ ទៅលើកូដករម្នាក់ ព្រមទាំងបានគំរាមរំលោភបំពានផ្លូវភេទលើរូបនាងផងដែរ ។ កាលពីថ្ងៃទី២២ ខែកុម្ភៈ បុរសជាអាជ្ញាធរម្នាក់ បានចាប់ និងច្របាច់ សុដន់របស់ស្ត្រីជាកូដករម្នាក់ ខណៈដែលនាងកំពុងត្រូវបានបង្ខំឱ្យចូលក្នុងរថយន្តក្រុង ។ កាលពីថ្ងៃទី ២២ ខែមីនា កូដករជាស្ត្រីម្នាក់ត្រូវបានអាជ្ញាធរដាល់ចំភ្នែក នៅពេលដែលអាជ្ញាធររុញច្រានយ៉ាងហិង្សាបង្ខំឱ្យកូដករចូលក្នុងរថយន្តក្រុង ។ សកម្មភាពទាំងនេះ គឺមិនអាចទទួលយកបានឡើយ ។

 

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មរបស់ពួកគេដោយសន្តិវិធី និងក្នុងក្របខ័ណ្ឌនៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលធានាអំពីសិទ្ធិក្នុងការជួបជុំ និងប្រមូលផ្ដុំគ្នាដោយសេរី ។ ប៉ុន្តែការឆ្លើយតបរបស់រាជរដ្ឋាភិបាល ចំពោះកូដកម្មនេះ គឺជាការចាប់ខ្លួនអ្នកដឹកនាំ សមាជិក និងសកម្មជនសហជីពចំនួន១១រូបទៅវិញ ពាក់ព័ន្ធនឹងបទចោទមិនត្រឹមត្រូវ ។ បើទោះជាជិតបីខែក្រោយមក អ្នកទាំងនោះ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នក្តី ក៏បទចោទទៅលើពួកគេមិនទាន់ត្រូវបានទម្លាក់ចោលនៅឡើយទេ ។ អាជ្ញាធរនៅតែបន្តរុញច្រានបង្ខំ និងឃាត់ខ្លួនកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍រាប់រយនាក់ទៅក្នុងរថយន្តក្រុងស្ទើរតែរាល់ថ្ងៃ ក៏ដូចជាដឹកអ្នកទាំងនោះដោយមិនត្រឹមត្រូវទៅកាន់មណ្ឌលចត្តាឡីស័ក ហើយថ្មីៗនេះដឹកយកទៅទុកចោលនៅទីតាំងដាច់ស្រយាលមួយកន្លែងនៅជាយរាជធានីភ្នំពេញ​ ។

 

​យើងខ្ញុំ សូមសំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាល ចាប់ផ្ដើមបញ្ឈប់ស្ថានភាពតានតឹងនេះ និងចាត់វិធានការច្បាស់លាស់ ដើម្បីដោះស្រាយវិវាទការងារនេះ ដែលរួមមានការធានាឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមចរចាដោយភាពស្មោះត្រង់ និងគោរពច្បាប់ជាតិជាធរមាន ៕

 

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
  3. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
  4. សហគមន៍អមលាំង (កំពង់ស្ពឺ)
  5. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  6. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  7. សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
  8. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  9. សហគមន៍បឹងប្រាំ (បាត់ដំបង)
  10. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  11. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  13. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  14. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  15. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  16. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  17. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  18. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
  19. សហភាពការងារកម្ពុជា (CLC)
  20. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  21. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
  22. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  23. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  24. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  25. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  26. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  27. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  28. បណ្តាញយុវជនកម្ពុជា (CYN)
  29. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  30. អង្គការសមធម៌កម្ពុជា (EC)
  31. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  32. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
  33. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  34. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  35. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
  36. សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
  37. ខ្មែរថាវរៈ
  38. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  39. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  40. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  41. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
  42. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  43. សហគមន៍មានជ័យ (ស្វាយរៀង)
  44. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
  45. អង្គការស្ពានសន្តិភាព (PBO)
  46. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  47. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
  48. សហគមន៍ភ្នំក្រោម (សៀមរាប)
  49. សហគមន៍ភ្នំត្នោត (កំពត)
  50. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  51. អង្គការពន្លកខ្មែរ (PKH)
  52. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
  53. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  54. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  55. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
  56. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  57. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  58. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  59. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  60. សហភាពផ្ទះសាមគ្គី (SH)
  61. អង្គការសមាគមធាងត្នោត (STT)
  62. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  63. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  64. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  65. សហគមន៍ដីធ្លីតានី (សៀមរាប)
  66. សហគមន៍ដីធ្លីតានូន​ (កោះកុង)
  67. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើង​លើ​ស្រ្តីភេទ (NGO-CEDAW)
  68. សហគមន៍ថ្មដា (ពោធិ៍សាត់)
  69. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  70. អង្គការតម្លាភាពកម្ពុជា (TI)
  71. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  72. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសាខ្មែរ

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសាអង់គ្លេស

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...