សេចក្តីថ្លែងការណ៍រួម៖ ការស្នើពន្យារពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

26
មិថុនា

ថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

 

យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដូចមានរាយនាមខាងក្រោម មានកង្វល់យ៉ាង ខ្លាំងចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នៅមុនការបោះឆ្នោតថ្នាក់ជាតិដែលខិតជិតចូលមកដល់ខាងមុខនេះ ។ ការធ្វើវិសោធនកម្មនេះ ធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ និងពុំបានពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលផងដែរ ដែលនេះ គឺជាការប្រាសចាកពីគន្លងប្រជាធិបតេយ្យ ដែលតម្រូវឱ្យមានការចូល​មតិយោបល់ពី​ភាគី​ពាក់​ព័ន្ធ ។ ម៉្យាងទៀត ច្បាប់បោះឆ្នោត គឺពាក់ព័ន្ធនឹងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត របស់គណបក្ស​នយោបាយ​នានា និងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដូចនេះការធ្វើវិសោធនកម្មណាមួយគួរត្រូវបានធ្វើឡើង​ក្នុង​ពេល​វេលា​​សម​ស្រប ។  យើងខ្ញុំស្នើឱ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិចារណាឡើងវិញ ចំពោះសំណើវិសោធន​កម្ម​ច្បាប់​​បោះឆ្នោតនេះ ដោយគួរធ្វើឡើងនៅបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ដើម្បីឱ្យ​មាន​​​ពេល​វេលាគ្រប់គ្រាន់សម្រាប់ការសិក្សា និងពិភាក្សាលើផលប៉ះពាល់ប្រជាធិបតេយ្យដោយសេរី សេរីភាពនៃការ​បញ្ចេញ​មតិរបស់អ្នកបោះឆ្នោត សិទ្ធិបោះឆ្នោត និងឈរឈ្មោះជាបេក្ខជន ។

យើងខ្ញុំយល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក្នុងន័យដកសិទ្ធិចូលរួមប្រកួតប្រជែង​របស់​អ្នកនយោបាយ និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងករណីខកខានមិនបានទៅបោះឆ្នោត ខណៈដែលអាចមាន​ប្រជា​ពលរដ្ឋ និងអ្នកនយោបាយមិនអាចបំពេញកាតព្វកិច្ចបោះឆ្នោត វាអាចជះឥទ្ធិពលជាអវិជ្ជមានដល់​សិទ្ធិ​បោះ​ឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សជាអន្តរជាតិ ។ សេចក្តី​ព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរាជរដ្ឋាភិបាលបានដាក់ជូនទៅរដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានរដ្ឋសភាអនុម័ត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបានរៀបចំតាមការលើកឡើង​របស់សម្ដេចនាយករដ្ឋមន្រ្តី ដោយបន្ថែមមាត្រាមួយចំនួន ដូចជាមាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី​នៃច្បាប់​បោះ​ឆ្នោត​​ជ្រើសតាំងតំណាងរាស្រ្ត សំដៅ​ «…ដោយដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត…» ។

ជាគោលការណ៍ ច្បាប់ការពារការអនុវត្តសិទ្ធិពលរដ្ឋចូលរួមផ្នែកនយោបាយ ដូចមានចែងក្នុងមាត្រា៣៥ នៃ​រដ្ឋ​ធម្មនុញ្ញ ដែលបញ្ញត្តិថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោ​បាយ…។ វិសោធន​​កម្ម​​ច្បាប់មិនត្រូវរារាំងការចូលរួមរបស់ប្រជាពលរដ្ឋនោះទេ ពួកគេត្រូវមានសេរីភាពភាពគ្រប់​ដំណាក់​កាល​ក្នុងការ​សម្រេច​ចិត្ត​នាពេលបច្ចុប្បន្ន និងពេលអនាគត ។ តាមរយៈវិសោធនកម្មច្បាប់នេះ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិ​ន​មានលទ្ធភាពទៅបោះឆ្នោត អាចឱ្យពួកគេបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និង​ផ្ទុយពីមាត្រា៣៤ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ដែលបានបញ្ញត្តិថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត ។

យើងខ្ញុំយល់ឃើញថា ដើម្បីលើកស្ទួយសិទ្ធិចូលរួមបោះឆ្នោត និងធានាលើកកម្ពស់គុណតម្លៃ​នៃលទ្ធិ​ប្រជា​ធិប​​​តេយ្យ​​ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពិសេសដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុស​ត្រូវ​របស់​​អ្នកដឹកនាំ​នយោបាយ ដោយជ្រើសរើសតាមរយៈការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស រាជ​រដ្ឋាភិ​​បាល​​​មិនគួរចាំបាច់ក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំដៅកាត់បន្ថយ “សិទ្ធិឈរឈ្មោះឱ្យ​គេបោះ​ឆ្នោត” នោះទេ ។

យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល​ សមាគម និងសហជីព សូមស្នើពន្យារពេលការធ្វើវិសោធនកម្មច្បាប់ នៅ​មុន​​ការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនេះ ។ យើងខ្ញុំ ក៏សូមសំណូមពរឱ្យរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ត្រូវលើកទឹកចិត្ត និងបើកឱកាសឱ្យមានការជជែកពិភាក្សាពីប្រជាធិបតេយ្យ សិទ្ធិ និងការចូលរួមឱ្យ​បាន​ទូលំ​​ទូលាយ​​ទៅ​លើសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ សេរីភាពនៃសមាគម សិទ្ធិចូលរួមប្រកួតប្រជែង​ការ​បោះ​ឆ្នោត និងសិទ្ធិ​បោះ​ឆ្នោត​សម្រាប់ប្រជាពលរដ្ឋរស់នៅ ឬធ្វើការនៅក្រៅប្រទេស ដើម្បីអាចឱ្យពួកគេ​ប្រើប្រាស់​សិទ្ធិ​​ពេល​​លេញ ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និងសេចក្តីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ននៅក្នុងឆ្នាំ១៩៩២ ៕

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដែលចូលរួមគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន ៖

១. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)

២. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៥. អង្គការតម្លាភាពកម្ពុជា (TIC)

៦. អង្គការ​សមាគម​ធាងត្នោត​ (សធត)

៧. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

៨. គណៈកម្មា​ធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

៩. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)

១០. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

១១. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

១២. សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)

១៣. សហភាពការងារកម្ពុជា (CLC)

១៤. បណ្តាញពហុវិស័យ
១៥. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

១៦. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១៧. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC )

១៨. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)

១៩. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

២០. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

២១. សហព័ន្ធសហជីពកម្ពុជា (CATU)

២២. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)

២៣. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

២៤. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)

 

ទាញយកសេចក្តីថ្លែងការណ៍រួម (ភាសាខ្មែរ)

ទាញយកសេចក្តីថ្លែងការណ៍រួម (ភាសាអង់គ្លេស)

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...