ពលករខ្មែរមួយក្រុមខំប្រឹងធ្វើការទាំងប្ដីប្រពន្ធនៅលើកោះមួយនៅថៃដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ
ពលករខ្មែរមួយក្រុមខំប្រឹងធ្វើការទាំងប្ដីនិងប្រពន្ធនៅលើកោះមួយក្នុងប្រទេសថៃ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ និងផ្ដល់ទៅឱ្យឪពុកម្ដាយនៅកម្ពុជា។ ពលករខ្លះបានទុកកូនឱ្យឪពុកម្ដាយចាស់ជរាមើលថែទាំនៅស្រុកកំណើត ខណៈពួកគេធ្វើការនៅទីនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារជីវភាពក្រីក្រ និងគ្មានការងារធ្វើនៅក្នុងស្រុក។ តើក្រុមពលករទាំងនោះជួបការលំបាកបែបណាខ្លះ?
ក្រុមពលករខ្មែរទាំងនោះធ្វើការនៅលើកោះតូចមួយ ជាប់ទីក្រុងប៉ាតាយ៉ា (Pattaya) ក្នុងខេត្តឈុនបូរី (Chunbori)របស់ថៃ។ ពលករប្រុសស្រីទាំងអស់នោះ ភាគច្រើនរស់នៅធ្វើការជាប្ដីប្រពន្ធ ហើយមានវ័យប្រមាណពី២៥ ទៅ៤០ឆ្នាំប្លាយ។ ពួកគេធ្វើការនៅលើកោះមួយនេះកាក់កប គ្រាន់បើជាងធ្វើការនៅក្នុងស្រុក។ ទោះជាបែបនេះក្ដីពួកគេអះអាងថា ប្រសិនបើនៅកម្ពុជាមានការងារធ្វើសល់ប្រាក់សន្សំខ្លះនោះ ពួកគេនឹងមិនទៅធ្វើការឃ្លាតឆ្ងាយពីស្រុកកំណើតបែបនេះឡើយ។
ពលករមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ លោក ហួត ធី រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា លោកមកធ្វើការផ្នែករត់តុ និងទទួលភ្ញៀវឱ្យចូលអង្គុយក្នុងតង់ជាប់ឆ្នេរកោះមួយនេះអស់រយៈពេល ១០ឆ្នាំមកហើយ។ បុរសសម្បុរស្រអែមមាឌរាងស្ដើងខ្ពស់ វ័យ៣១ឆ្នាំរូបនេះ បន្តថា ការងារដែលលោកធ្វើនៅលើកោះមួយនេះមិនសូវលំបាកនោះទេ។ លោកបន្ថែមថា ពេលមមាញឹកខ្លាំងគឺនៅម៉ោងប្រមាណ១១ព្រឹកដល់ម៉ោង៤រសៀល ជាពិសេសចាប់ពីខែធ្នូដល់ខែមីនា ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ជាឱកាសដែលលោកអាចរកប្រាក់ចំណូលបានច្រើនដែរ ដោយក្នុងមួយខែលោកអាចរកប្រាក់បានប្រមាណពី ២ម៉ឺនទៅ៤ម៉ឺនបាត ឬស្មើនឹងប្រមាណពី ៦០០ដុល្លារទៅជាង ១ពាន់ដុល្លារ។
លោក ហួត ធី៖ «បើយើងអត់ខំប្រឹងរកអ៊ីចឹង យើងម៉េចស្រួលបានបង អ៊ីចឹងយើងមានតែយើងហត់តែកុំឱ្យកូនហត់អ៊ីចឹង ធំឡើងកូនពិបាកដូចយើង។ បាទវាល្មមដោះស្រាយដែរ វាអត់ដូចនៅខ្មែរទេ នៅខ្មែរបានប្រាក់តិច តែវាចំណាយច្រើន តែនៅនេះ វាបានកាន់តែច្រើនតែវាចំណាយតិច។ យើងអត់មានចំណាយអីផង យើងគ្រាន់ចំណាយយើងចង់ហូបអី ឬទៅទិញរបស់របរប្រើប្រាស់អីកន្លងដេកនៅលើគេ។ ធ្វើតាមភ្ញៀវបើភ្ញៀវមាន ក៏យើងធ្វើ បើអត់យើងអង្គុយលែង អត់ដូចធ្វើការរោងចក្រធ្វើការសំណង់ទេ»។
ទោះជាយ៉ាងណាលោកថា ចំពោះខែណាដែលមិនសូវមានភ្ញៀវលោកធ្វើការបានប្រាក់ខែត្រឹម ១ម៉ឺន២ពាន់បាត ឬស្មើនឹងប្រមាណ ៣៥០ដុល្លារប៉ុណ្ណោះ ដោយមិនបានប្រាក់ចំណូលផ្សេងដូចជាលុយធីបនោះទេ។
ពលកររូបនេះធ្វើការនៅលើកោះក្នុងប្រទេសថៃជាមួយប្រពន្ធ ដោយទុកកូនប្រុសស្រីតូចចំនួន៣នាក់ ឱ្យម្ដាយចាស់ជរាមើលថែនៅឯស្រុកកំណើត ហើយយូរៗម្ដង ទើបលោកបានទៅលេងកូននៅកម្ពុជា។ ប្រពន្ធរបស់លោកមានវ័យ ៣០ឆ្នាំប្លាយធ្វើការផ្នែកលក់ខោអាវ លក់របស់ក្មេងលេងនិងពោងហែលទឹក នៅមាត់ឆ្នេរក្បែរតង់ ដែលលោករត់តុ។ ប្ដីប្រពន្ធមួយគ្រួសារនេះជាមនុស្សរហ័សរហួន និងរស់រាយរាក់ទាក់។ នៅពេលដែលមានភ្ញៀវទេសចរចូលកម្សាន្តម្ដងៗពួកគេតែងតែរាក់ទាក់ហៅភ្ញៀវឱ្យចូលអង្គុយក្នុងតង់របស់ពួកគេ។
លោក ហួត ធី បន្តថា ដោយសារតែភាពរហ័សរហួននេះហើយ ដែលធ្វើឱ្យថៅកែជនជាតិថៃស្រលាញ់ពួកលោក ហើយចាត់ទុកពួកលោកប្រៀបដូចឪពុកនឹងកូន។
លោក ហួត ធី៖ «ថៅកែគេស្រលាញ់គេឱ្យតម្លៃយើងណាស់គេអត់ចេះមើលងាយ មើលអីទេ របស់របរទិញ អីឱ្យយើង និយាយរួមគេបារម្ភពីយើង។ ទៅណាមកណាក៏គេបារម្ភយើងដែរ។ ចង់យប់ឡើង បើយើងទៅដើរលែងក្រៅ ក៏គេអត់ឱ្យយើងដែរ ព្រោះគេមានសន្តិសុខមានអីយប់ឡើងគេអត់ឱ្យចេញចូលទេ។ វាអត់លំបាកទេអត់មានធ្ងន់អីផងដើរទៅដើរមកហៅភ្ញៀវដើរតាមឆ្នេរសមុទ្រឱ្យកុម្ម៉ង់ម្ហូបអីអ៊ីចឹង»។
ពលករខ្មែរមួយគ្រួសារនេះមានសាច់ញាតិចំនួន ៦នាក់ធ្វើការជុំគ្នា ដោយសារពួកគេអត់ការងារធ្វើនៅកម្ពុជា។ ពួកគេធ្វើការងារកាក់កបអាចសល់ប្រាក់ខ្លះ ផ្ញើទៅឱ្យឪពុកម្ដាយនៅឯស្រុកកំណើត។

នៅលើកោះដែលពលករខ្មែរធ្វើការនេះ គឺមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីដីគោក និងចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ពីទីក្រុងបាងកក។ ចំនួនពលករខ្មែរសរុបនៅលើកោះនេះទាំងមូលមានប្រមាណ ១ពាន់នាក់ ភាគច្រើនធ្វើការនៅតាមអាហារដ្ឋាននៅតាមឆ្នេរកោះ។
ដោយឡែក ពលករខ្មែរដែលធ្វើការនៅអាហារដ្ឋានជាប់ឆ្នេរមួយនៅលើកោះនេះ ដែលអាស៊ីសេរីបានចុះជួប មានប្រមាណ៤០នាក់ ហើយភាគច្រើនពួកគេធ្វើការជាមួយក្រុមគ្រួសារ ដោយអ្នកខ្លះធ្វើការផ្នែកបម្រើភ្ញៀវ រត់តុ ចំអិនអាហារ បោសសំអាតនិងខ្លះទៀតចាំយកប្រាក់ពីភ្ញៀវចូលបន្ទប់ទឹកជាដើម។
ពលការិនីខ្មែរម្នាក់ទៀតធ្វើការជុំគ្នាប្ដីប្រពន្ធនៅលើកោះនេះដែរ គឺលោកស្រី ច្រែង ស្រីម៉ៅ ថ្លែងថា លោកស្រីមកធ្វើការនៅលើកោះមួយនេះប្រមាណ ១០ឆ្នាំហើយ ដោយសារជីវភាពក្រីក្រ និងអត់ការងារធ្វើនៅក្នុងស្រុក។ ស្ត្រីវ័យ ៤០ឆ្នាំរូបនេះមានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានកូន២នាក់ នៅជាមួយជីដូនចាស់ជរានៅកម្ពុជា។ ស្ត្រីសម្បុរស្រអែមរូបនេះធ្វើការផ្នែកចាំយកលុយពីភ្ញៀវចូលបន្ទប់ទឹក ដោយទទួលបានប្រាក់ខែចំនួន៦ពាន់បាតក្នុងមួយខែ ឬស្មើនឹងជិត២០០ដុល្លារ។ លោកស្រីបន្តថា លោកស្រីពីរនាក់ប្ដីប្រពន្ធក្នុងមួយខែសន្សំបានប្រាក់ប្រមាណ១ម៉ឺនបាត ឬស្មើនឹងប្រមាណ៣០០ដុល្លារផ្ញើទៅឱ្យកូននៅកម្ពុជា។ លោកស្រីឱ្យដឹងទៀតថា មូលហេតុដែលលោកស្រីធ្វើការបានប្រាក់ខែតិច តែសល់ប្រាក់ផ្ញើទៅឱ្យកូននៅកម្ពុជា ដោយសារបានប្រាក់ធីបពីភ្ញៀវខ្លះ ខណៈដែលថៅកែផ្ដល់អាហារបីពេល និងកន្លែងស្នាក់នៅដល់គ្រួសារលោកស្រី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃដើម្បីសុំអត្ថាធិប្បាយជុំវិញពីបញ្ហាពលករខ្មែរធ្វើការនៅប្រទេសថៃនេះបានទេនៅថ្ងៃទី៦ កក្កដា។
ជុំវិញការត្អូញត្អែររបស់ពលករចំណាកស្រុកថា អត់ការងារធ្វើនៅកម្ពុជា អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា នៅកម្ពុជាមានការងារជាច្រើន ជាពិសេសការងារផ្នែកកសិកម្មនៅតាមចំការកៅស៊ូ និងចំការម្រេច តែដោយសារពលរដ្ឋមួយចំនួនមិនចង់ធ្វើការងារនៅក្នុងស្រុក ទើបពួកគេចាកចេញទៅក្រៅស្រុក។
លោក សុខ ឥសាន៖ «អ៊ីចឹងសូមចូលរួមជាមួយប្អូនដែលថា ធ្វើការនៅកោះអីកាក់កបអាហ្នឹងសូមចូលរួមអបអរដែលគាត់បានចំណូលច្រើនប្រចាំខែ ទៅអាហ្នឹងអាចកែប្រែជីវភាពរស់នៅរបស់គាត់បាន។ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលតែងតែព្រីកទីផ្សារនៅក្រៅប្រទេសហ្នឹងដើម្បីឱ្យពលករយើងនឹងមានការងារធ្វើនៅក្រៅប្រទេសវាមានចំណូលខ្ពស់ជាងនៅក្នុងស្រុក»។
ផ្ទុយពីការលើកឡើងនេះ ក្រុមពលករអះអាងថា ពួកគេពិតជាមិនចង់ទៅធ្វើការនៅប្រទេសក្រៅទេ ព្រោះវាឃាតឆ្ងាយពីក្រុមគ្រួសារ ហើយរស់នៅស្រុកគេមិនស្រួលនោះទេ ប៉ុន្តែពួកគាត់គ្មានជម្រើសដោយសាររកការងារក្នុងស្រុកមិនបាន ឬបើមានខ្លះក៏ប្រាក់ខែទាប។
ទោះជាយ៉ាងណា ក្រុមពលករអះអាងថា ពួកគេពិតជាមិនចង់ទៅធ្វើការនៅប្រទេសក្រៅទេ ព្រោះវាឃ្លាតឆ្ងាយពីក្រុមគ្រួសារ ហើយរស់នៅស្រុកគេមិនស្រួលនោះទេ ប៉ុន្តែពួកគាត់គ្មានជម្រើសដោយសាររកការងារក្នុងស្រុកមិនបាន ឬបើមានខ្លះក៏ប្រាក់ខែទាប។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) ចេញក្នុងខែឧសភា ឆ្នាំ២០២០ ឲ្យដឹងថា ការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៣០ឆ្នាំ មកនេះ កំពុងរងការគំរាមកំហែងខ្លាំងពីការរាតត្បាតជំងឺកូវីដ ដែលនាំឲ្យការងាររបស់ប្រជាពលរដ្ឋយ៉ាងហោច ១លាន ៧សែននាក់ «ស្ថិតក្នុងហានិភ័យ»។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលកន្លងទៅ បានវាយតម្លៃថា ប្រជាពលរដ្ឋខ្មែរប្រមាណ ១លាន៣សែននាក់(១.៣០០.០០០) អាចធ្លាក់ក្នុងភាពក្រីក្រ ដោយសារតែផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩។
ជុំវិញរឿងនេះ មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន មានប្រសាសន៍ថា ក្រុមពលករទាំងនោះហាក់មានភ័ព្វសំណាងជាងពលករជាច្រើននាក់ទៀត ដែលអ្នកខ្លះត្រូវបានថៅកែបោកប្រាស់កម្លាំងពលកម្ម ដោយប្រើពួកគេឱ្យធ្វើការងារតែមិនបើកប្រាក់ឈ្នួលឱ្យ ឬបើកប្រាក់ឈ្នួលឱ្យតិចតួច។ លោកបន្តថា បើទោះបីជាពលករទាំងនោះហាក់កាក់កបនឹងការងារនៅក្រៅប្រទេសបែបនេះក្ដី ក៏ពុំមែនជារឿងល្អចំពោះសង្គមកម្ពុជាដែរ ប្រការនេះដោយសារពួកគេរស់នៅព្រាត់ប្រាសក្រុមគ្រួសារ។ លោកមើលឃើញថា បញ្ហានេះនឹងប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារ ដោយសារគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ។
លោក លឹង សុផុន៖ «យើងទុកកូនចោលវាសនារបស់កូនមិនដឹងជាយ៉ាងណាអ៊ីចឹង។ ហ្នឹងហើយបើសិនជារដ្ឋាភិបាលជួយយកចិត្តទុកដាក់ទៅលើកុមារនៅប្រទេសកំណើតរបស់ខ្លួន ដែលម៉ែឪមិនមានយកចិត្តទុកដាក់ដោយសារតែរវល់ធ្វើចំណាកស្រុក។ ដឹងស្រាប់ហើយថា បើសិនជាគ្រួសារទុកកូនចោលមិនបានយកចិត្តទុកដាក់ឱ្យកូនទៅរៀនសូត្រទេ អនាគតកូនហ្នឹងមិនដឹងទៅជាយ៉ាងណាទេ»។
មន្ត្រីផ្នែកការពារសិទ្ធពលកររូបនេះអំពាវនាវដល់រដ្ឋាភិបាលខ្មែរឱ្យបង្កើនការងារក្នុងស្រុកឱ្យបានច្រើន ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋ។ បន្ថែមពីនេះលោក លឹង សុផុន ក៏ស្នើឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ដល់ពលករធ្វើការនៅប្រទេសថៃដែរ ជាពិសេសសម្រួលដល់ការធ្វើលិខិតស្នាមរបស់ពលរដ្ឋ។ លោកបញ្ជាក់ថា ពលករនៅប្រទេសថៃភាគច្រើនជួបការលំបាកក្នុងការធ្វើឯកសារស្របច្បាប់ ដែលពួកគេត្រូវចំណាយអស់ប្រាក់ច្រើនក្នុងការបន្តសុពលភាពទិដ្ឋាការស្នាក់នៅម្ដងៗ។
របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់កំពុង ធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ បង្ហាញថា មានពលករខ្មែរកំពុង ធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃជាង ២លាននាក់ ដោយមួយចំនួនពួកគាត់ទទួលរងការរំលោភបំពានសិទ្ធិការងារ និងបាត់បង់ផលប្រយោជន៍ ដែលប៉ះពាល់ដល់បញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារ៕
ប្រភព៖ វិទ្យុអាស៊ីសេរី