ពលរដ្ឋ និង​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​អសមត្ថភាព​ជួយ​ដល់​ពលករ​នៅ​ពេល​ជាប់​ឃុំ​លើទឹក​ដី​ថៃ

29
មេសា

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​អសមត្ថភាព​ជួយ​ដល់​ពលករ​នៅ​ពេល​ជាប់​ឃុំ​លើទឹក​ដី​ថៃ

ពលករ​ដែល​ឆ្លងដែន​ខុសច្បាប់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំខ្លួន​លើកឡើង​ថា ពួកគាត់​មិនដែល​ទទួល​បាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​កម្ពុជា​ទេ នៅពេល​ស្ថិត​ក្នុង​ពន្ធនាគារ។ សង្គម​ស៊ីវិល​ថា បញ្ហា​នេះ​កើតឡើង​ដោយសារ មន្ត្រី​អន្តោប្រវេសន៍​ខ្មែរ​អសកម្ម និង​គ្មាន​ឆន្ទៈ​ជួយ​ដល់​ពលករ។

ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំ​ខ្លួន និង​ទើបតែ​ចេញពី​ពន្ធនាគារ​ថ្មីៗ​នេះ អះអាង​ថា អាជ្ញាធរ​កម្ពុជា​មិន​ខ្វល់​ពី​ពួកគាត់​នោះ​ទេ នៅពេល​ពួកគេ​ជាប់ឃុំ​។ ពួកគេ​លើកឡើង​ថា ករណី​ពលករ​ឆ្លងដែន​ខុសច្បាប់​នេះ អាជ្ញាធរ​ក៏​មាន​ចំណែក​ខុស​ដែរ ព្រោះ​ដោយសារ​រយៈពេល​ធ្វើ​ឯកសារ​ឱ្យ​ពលករ​ចំណាយពេល​យូរ បត់បែន​ច្រើន និង​ចំណាយ​ថវិកា​អស់​ច្រើន។

ពលករ​ម្នាក់ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ មេសា ថា កញ្ញា​ត្រូវ​បាន​អាជ្ញាធរ​ថៃ​នៅ​ខេត្ត​ស្រះកែវ (Sa Kaeo) ឃុំខ្លួន​អស់​រយៈពេល​៥​ថ្ងៃ ដោយសារតែ​ឆ្លងដែន​ខុសច្បាប់​នៅ​ច្រក​បឹងត្រកួន ស្រុក​ថ្មពួក ហើយ​អាជ្ញាធរ​ថៃ​បាន​ដោះលែង​វិញ កាលពី​ថ្ងៃទី​២៦ មេសា បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​រួច។ កញ្ញា​ប្រាប់​ថា នៅ​ពេល​ជាប់ឃុំ មិនដែល​មាន​អាជ្ញាធរ​កម្ពុជា ចេញមុខ​មក​ជួយ​សម្រប​សម្រួល​ឱ្យ​ក្រុម​ពលករ​នោះ​ទេ ដោយ​ទុក​ឱ្យ​ពួកគាត់​ប្រឈមមុខ​ជាមួយ​មន្ត្រី​ប៉ូលិស​ថៃ​ដោយ​ខ្លួនឯង​។ ជាងនេះ​ទៅ​ទៀត ប៉ូលិស​អន្តោប្រវេសន៍​ថៃ បាន​យក​លុយ​ពី​ពលករ​ដែល​នៅ​ជាប់​នឹង​ខ្លួន​ទាំងអស់ ដែល​ធ្វើ​ឱ្យ​កញ្ញា​ត្រូវ​ខ្ចីប្រាក់​ពី​បងប្អូន ឬក៏​មិត្ត​ភ័ក្ដិ​ដើម្បី​ធ្វើ​ដំណើរ​ទៅផ្ទះ​វិញ។

ពលករ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «កំពុង​តេ​ទៅ​ខ្ចី​គេ​នៅ​ថៃ ហើយ​ពេល​ឡើង​ទៅ​ផ្ទះ​វិញ​មិន​បាន​ទៅ​ដល់​ផ្ទះ​ទេ»

ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រុម​ពលករ​ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដោយសារតែ​នៅពេល​ពួកគាត់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ពួកគាត់​បាន​ថត​វីដេអូ និង​រូបភាព​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព្រោងព្រាត ដើម្បី​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​បន់ស្រន់​ឱ្យ​លោក ហ៊ុន សែន ដែល​ពួកគេ​ហៅថា​សម្ដេច​ពុក​ឱ្យ​ជួយ​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ។

កាលពី​ថ្ងៃទី​២៣ ខែមេសា ទាហាន​ថៃ​នៅ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) ខេត្ត​ស្រះកែវ បាន​ចាប់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ជាង ១​រយ​នាក់​(១២៣​នាក់​)​ដែល​លួច​ឆ្លងដែន ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ក្រោយ​បុណ្យចូលឆ្នាំ​រួច។ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន ១១២​នាក់ ក្មេង​៧​នាក់ និង​បងក្លាដែស (Bangladesh) ចំនួន​១១​នាក់ ចំណែក​ជនជាតិ​ថៃ ២​នាក់​ទៀត​គឺជា​មេខ្យល់​។ លទ្ធផល​បូកសរុប​បឋម របស់​អាជ្ញាធរ​ថៃ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​បញ្ចប់​នៃ​បុណ្យចូលឆ្នាំ មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជិត ៩​រយ​នាក់​(៨៧៨​នាក់​) ហើយ​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បាន។

ចំពោះ​ករណី​ចាប់​ពលករ​ខ្មែរ​ម្ដង​រាប់​រយ​នាក់​បែប​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ឬក៏​ចេញមុខ​បកស្រាយ​រឿង​នេះ​នោះ​ទេ។

ពលករ​ម្នាក់ទៀត មាន​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ធ្វើការ​នៅ​ទីក្រុង​បាងកក (Bangkok) លោក ជិន រដ្ឋា ឱ្យ​ដឹង​ថា លោក​បាន​ជាប់​ពន្ធនាគារ​អស់​ជាច្រើន​ថ្ងៃ​នៅ​ខេត្ត​ស្រះកែវ (Sa Kaeo) ដោយសារ​ឆ្លងដែន​ខុសច្បាប់​។ លោក​លើកឡើង​ថា គ្មាន​នរណា​ម្នាក់​ចង់​ឆ្លងដែន​មក​ធ្វើការ​ខុសច្បាប់​ដូច្នេះ​ឡើយ ក៏ប៉ុន្តែ​ដោយសារ​បញ្ហា​ជីវភាព​ខ្វះខាត គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឯកសារ ទើប​ធ្វើ​ឱ្យ​លោក​បង្ខំចិត្ត​ផ្សង​នឹង​គ្រោះថ្នាក់​លួច​ឆ្លងដែន​ទាំង​ប្រថុយប្រថាន​បែបនេះ​។ លោក​បន្ត​ថា ក្នុង​រយៈពេល​ដែល​លោក​ធ្វើការ​នៅ​ស្រុក​ថៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ អាជ្ញាធរ​កម្ពុជា​មិន​យកចិត្តទុកដាក់​លើ​ពលករ​ខ្មែរ​ឡើយ ដូចជា​ការ​ជួយ​ធ្វើ​ឯកសារ​ឱ្យ​ពលករ​ខុសច្បាប់ និង​ការ​ឃ្លាំមើល​ពី​ការរំលោភ​សិទ្ធិ​ពលករ​ដោយ​ថៅកែ​ជនជាតិ​ថៃ​នោះ​ឡើយ។

លោក ជិន រដ្ឋា៖ «យើង​ត្រូវការ​ឯកសារ​ដើម្បី​ធ្វើ​ទៅ​តាមផ្លូវ​ច្បាប់ យើង​ឡើង​មកដល់​ស្ថានទូត​ខ្លួនឯង ជួនកាល​(​មន្ត្រី​អន្តោប្រវេសន៍​)​អាច​នឹង​ស្ដីឱ្យ​គ្នា អត់​មាន​តាម​ការ​បណ្ដុះបណ្ដាល​ឱ្យ​គ្នា​ស្គាល់​ពី​ច្បាប់ទម្លាប់ ឬ​យ៉ាងណា​។ អត់​មាន​ប្រាប់​គ្នា ធ្វើ​ម៉េច​បើ​គ្នា​ល្ងង់​ទៅ​ហើយ​។ យើង​ចង់បាន​ឯកសារ​ដើរ​ដើម្បី​បញ្ជាក់​ឯកសារ​អី​អ៊ីចឹង​។ ជួនកាល​ស្ដី​ឱ្យ​គ្នា​អញ្ចេះ​មួយៗ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិប៊ុល ដើម្បី​សុំ​ការ​បកស្រាយ​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៨ មេសា។

ទាក់ទង​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ការពារ​ព្រំដែន លោក អ៊ុំ សុផល ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិនដឹង​ពី​ព័ត៌មាន​ករណី​អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​នោះ​ឡើយ​។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា រឿង​នេះ​មិន​ចោទ​ជា​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​អាជ្ញាធរ​ថៃ​ឃុំខ្លួន​ពលករ​ខ្មែរ​យ៉ាង​យូរ​៣​ថ្ងៃ ហើយ​គេ​នឹង​ដោះលែង​វិញ។

លោក អ៊ុំ សុផល៖ «វា​មិន​មាន​ជាប់ពន្ធនាគារ ខ្ញុំ​វា​មិនដឹង អ៊ីចឹង​បាន​ខ្ញុំ​សួរ​ថា ជាប់​នៅឯណា?»

ជុំវិញ​រឿង​នេះ មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់​លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា តាម​ការ​ប៉ាន់ប្រមាណ របស់​អង្គ​ការ​សង់ត្រាល់ ក្នុងចំណោម​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ​២​លាន​នាក់ មាន​ប្រមាណ​៨០​ម៉ឺន​នាក់​(៨០.០០០)​ជា​ពលករ​ខុសច្បាប់​។ លោក​បន្ត​ថា ចំពោះ​ករណី​អាជ្ញាធរ​ថៃ យក​ប្រាក់​ពី​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​អស់ពី​ខ្លួន​នេះ គឺជា​ការប្រព្រឹត្ត​ខុស​គោលការណ៍​ច្បាប់។ លោក​លើកឡើង​ទៀត​ថា តាមរយៈ​ការ​ជួប​សន្ទនា​ជាមួយ​ពលករ ពួកគេ​អះអាង​ដូចៗ គ្នា​ថា អាជ្ញាធរ​កម្ពុជា​អសកម្ម​ក្នុង​ការ​ជួយ​គាំពារ​ពលករ ទៅលើ​ការ​សម្របសម្រួល​ធ្វើ​ឯកសារ និង​អន្តរាគមន៍​ការរំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ជនជាតិ​ថៃ។

លោក ឌី ថេហូយ៉ា៖ «យើង​សង្កេត​ឃើញ​ថា​ក្រោយ​មកនេះ​ទាំង​ពលករ​នៅក្នុង​មូលដ្ឋាន​ក្ដី មើលឃើញ​ថា មន្ត្រី​ជាទូទៅ​ច្រើនតែ​ដើរតួ​នៅក្នុង​កិច្ច​ការងារ​បម្រើ​បក្ស​ច្រើនជាង​បម្រើ​រាស្ត្រ​បម្រើ​ប្រជាពលរដ្ឋ ពលករ​អី​ជាដើម​។ ធ្វើ​កិច្ច​ការងារ​ចុះ​(​មូលដ្ឋាន​) ដែរ ប៉ុន្តែ​ចុះ​ក្នុង​ន័យ​បង្កើន​សមាជិក​បក្ស​ជាដើម​អ៊ីចឹង​ទៅ​។ អ៊ីចឹង​យើង​ឃើញ​ថា គាត់​ប្រើប្រាស់​ថវិកា​របស់​ជាតិ ប្រើប្រាស់​តួនាទី​របស់​ជាតិ ប៉ុន្តែ​ពេលខ្លះ​ធ្វើ​កិច្ច​ការងារ​មិន​ចំ​នឹង​តួនាទី​របស់​គាត់​ទេ»

របាយការណ៍​របស់​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា ត្រឹម​ដំណាច់ឆ្នាំ​២០២២ មាន​ពលករ​កម្ពុជា​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស សរុប​ជាង ១​លាន ៣​សែន​នាក់ ក្នុង​នោះ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។ ក៏ប៉ុន្តែ អង្គការ​សង់ត្រាល់ (Central) ប៉ាន់ប្រមាណ​ថា ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ បើ​គិត​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ប្រមាណ​ពីរ​លាន​នាក់។

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​លើកឡើង​ថា ប្រសិនបើ​ដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា ជា​ប្រទេស​តូច ហើយ​មាន​បេះដូង​ធំ​ពិតមែន​នោះ រដ្ឋាភិបាល​គួរតែ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បង្កើន​ការងារ​ក្នុងស្រុក និង​ជួយ​គាំពារ​ដល់​ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស មិនមែន​ធ្វើ​ល្អ​តែ​ជាមួយ​ជនជាតិ​ដទៃ​នោះ​ឡើយ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...