ក្រុម​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ស្នើ​រដ្ឋាភិបាល​ឱ្យ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន

06
មីនា

ក្រុម​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ស្នើ​រដ្ឋាភិបាល​ឱ្យ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន ដើម្បី​ឲ្យ​ពលរដ្ឋ​ក្រីក្រ មាន​លទ្ធភាព​ចំណាយ ហើយ​អាច​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល គាំទ្រ​ចំពោះ​ការ​ស្នើសុំ​នេះ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ចំនួន​ខេត្ត ធ្វើ​លិខិត​ឆ្លងដែន​ឱ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​ឱ្យ​បាន​ឆាប់ ដើម្បី​ជួយ​កាត់​បន្ថយ​ចំណាយ​របស់​ពួក​គេ ក្នុង​ការ​បំពេញ​ឯកសារ ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ទៀត។

ពលករ​ខ្មែរ​ម្នាក់ ដែល​កំពុង​ធ្វើការ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន លោក គួ សាវឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​បាន​ធ្វើ​ចំណាក​ស្រុក​ជាមួយ​ប្រពន្ធ​លោក ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ២០១៥ ដោយ​ត្រូវ​ចំណាយ​អស់​ម្នាក់ ១ម៉ឺន​បាត (១០.០០០បាត) ឬ​ប្រហែល ៣០០ដុល្លារ​អាមេរិក ដើម្បី​បំពេញ​ឯកសារ​ឱ្យ​បាន​ស្រប​ច្បាប់។ លោក​បន្ថែម​ថា លោក​បាន​បង់​លុយ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​បំពេញ​បែបបទ​ឯកសារ​ឱ្យ​លោក ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​ធ្វើ​ឯកសារ​យឺតយ៉ាវ តម្រួត​ថៃ​បាន​ចាប់​ប្រពន្ធ​លោក និង​កូន​របស់​លោក ដែល​មាន​អាយុ​ទើប​តែ ២ខែ ទៅ​បង្ខាំង​ទុក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ខូកខាម (Khok Kham) បាត់ ហើយ​នៅ​ថ្ងៃ​ទី៥ ខែមិនា ហើយ​ពេល​នេះ​លោក​កំពុង​យក​លុយ ២ម៉ឺន​បាត (២០.០០០បាត) ឬ​ប្រហែល ៦រយ​ដុល្លារ​អាមេរិក ដើម្បី​យក​ប្រពន្ធ​កូន​របស់​លោក​វិញ។ លោក គួ សាវឿន បន្ថែម​ថា គ្រួសារ​របស់​លោក​មិន​សូវ​បាន​ផ្ញើ​លុយ​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ ព្រោះ​លោក​ត្រូវ​ចំណាយ​លើ​ថ្លៃ​បំពេញ​ឯកសារ​ស្រប​ច្បាប់​ច្រើន។

លោក គួ សាវឿន «ចុះ​តម្លៃ​មក​អ៊ីចឹង បងប្អូន​យើង​គាត់​អាច​ធ្វើ​ច្រើន (ឯកសារ​ស្រប​ច្បាប់) ពេល​នេះ បង​ប្អូន​គាត់​ដាច់​ឯកសារ ដល់​ពេល​ជួល​គេ​ទៅ​ធ្វើ​អស់​ថ្លៃ។ ជួន​កាល​ធ្វើការ​មួយ​ថ្ងៃ​បាន ៣០០រយ ឬ១០ដុល្លារ អី ហើយ​គាត់​ធ្វើ​អ៊ីចឹង​ទៅ បងប្អូន​ខ្លះ​គាត់​ខ្វល់​គាត់​ខ្វាយ ពួក​តម្រួត​ថៃ​ចង់​ចុះ​ចាប់ ចង់​អី​អ៊ីចឹង ពិបាក​ចិត្ត​ដែរ​រាល់​ថ្ងៃ​ហ្នឹង»

ស្រដៀង​គ្នា​នេះ ពលករ​ខ្មែរ​ម្នាក់​ទៀត ដែល​កំពុង​ធ្វើការ​នៅ​ទីក្រុង​បាងកក (Bangkok) លោក ហាក់ ស្លូ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោកបានមកធ្វើការនៅប្រទេសថៃជាមួយប្រពន្ធជិត២ឆ្នាំមកហើយ ប៉ុន្តែ​គ្រួសារ​របស់​លោក​នៅ​តែ​មិន​អាច​មាន​លទ្ធភាព​ឱ្យ​កូន​ចូល​រៀន​បាន​នោះ​ឡើយ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​លោក​កំពុង​ទាក់ទង​ឱ្យ​ក្រុមហ៊ុន​ឯកជន​រត់​ឯកសារ ដើម្បី​បាន​ធ្វើការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​បន្ត ដោយ​លោក​ត្រូវ​ចំណាយ​ក្នុង​ម្នាក់ ៧ពាន់​បាត (.០០០បាត) ឬ​ប្រហែល​ជាង ២រយ​ដុល្លារ​អាមេរិក (២០០ដុល្លារ)។ លោក ហាក់ ស្លូ ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​ឱ្យ​បាន​ឆាប់ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​គ្រួសារ​របស់​លោក និង​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត។

លោក ហាក់ ស្លូ៖ «បាន​តែ​មួយ​ហូប មួយ​ចិញ្ចឹម​កូន ព្រោះ​កូន​ច្រើន​ពេក ៣នាក់ ហើយ​នៅ​តូចៗ។ សំណូមពរ​ដល់​រដ្ឋាភិបាល​ខ្មែរ​យើង ឱ្យ​ចុះ​តម្លៃ​ធ្វើ​ប៉ាស្ព័រ​ជាង​ហ្នឹង​ទៀត ព្រោះ​ខ្ញុំ​រក​លុយ​អត់​សូវ​បាន​អ៊ីចឹង​ទៅ មាន​លុយ​ឱ្យ​កូន​បាន​ចូល​រៀន»

ប្រៀបធៀប​ជាមួយ​ធ្វើ​លិខិត​ឆ្លងដែន​ជាមួយ​ប្រទេស​ជិត​ខាង​វិញ ការ​ធ្វើ​លិខិត​ឆ្លងដែន​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង​គេ។ ដើម្បី​ធ្វើ​លិខិត​ឆ្លងដែន​ប្រើប្រាស់ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ចំណាយ​ចាប់​ពី​ជាង ១រយ​ដុល្លារ (១១០ដុល្លារ) ទៅ​ដល់​ជាង ២រយ​ដុល្លារ​អាមេរិក (២៣០ដុល្លារ) ខណៈ​ការ​ធ្វើ​លិខិត​ឆ្លងដែន ប្រទេស​ថៃ (Thailand) និង​ប្រទេស​ឡាវ (Lao) ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង ២នេះ ត្រូវ​ចំណាយ​ត្រឹម ៥០ដុល្លារ​តែ​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អគ្គស្នងការ​រង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន ដើម្បី​បក​ស្រាយ​ជុំវិញ​ការ​ស្នើសុំ​នេះ​បាន​ទេ នៅថ្ងៃទី៥ ខែមិនា ដោយ​ទូរស័ព្ទ​ចូល តែ​លោក​ថា កំពុង​ជាប់​រវល់។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី១ ខែមីនា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ។

លោក ស ខេង៖ «ឥឡូវ​មាន​តែ​ប៉ាស្ព័រ​ទេ ដែល​មាន​តម្លៃ ហើយ​មាន​អ្នក​ខ្លះ​គាត់​ស្រែក​ថា ប៉ាស្ព័រ​ហ្នឹង​ថ្លៃ​ពេក (សំឡេង​សើច) ថ្លៃ​ពេក​ដែរ រដ្ឋាភិបាល​នឹង​ពិចារណា​ទៀត តើ​តម្លៃ​ប៉ុណ្ណា ដែល​ស្រប ព្រោះ​រដ្ឋាភិបាល​យើង​នេះ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត»

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា គាំទ្រ ចំពោះ​ការ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លងដែន​ឱ្យ​បាន​ឆាប់ ។ លោក​បន្ថែម​ថា ការ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ចំណាយ​ពលករ​ខ្មែរ ដែល​ធ្វើការ​ចំណាក​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កត្តា​ជំរុញ​ពលករ​ខ្មែរ​ឱ្យ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់​ទៀត​ផង។ លើស​ពី​នេះ លោក​ថា រដ្ឋាភិបាល​គួរ​អនុញ្ញាត​ឱ្យ​ខេត្ត​នីមួយៗ អាច​ធ្វើ​លិខិត​ឆ្លងដែន​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់​ខ្លួន ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក មឿន តុលា៖ «នីតិវិធី​នៃ​ការ​ធ្វើ​ប៉ាស្ព័រ​ហ្នឹង យើង​ធ្វើ​ម៉េច​កុំ​ឱ្យ​វា​ចំណាយ ឬ​កុំ​ឱ្យ​វា​មាន​ភាព​ស្មុគស្មាញ​ទៅ​ដល់​ប្រជាពលរដ្ឋ​ពេក ហើយ​ឥឡូវ​នេះ​យើង​មាន​នៅ​ភ្នំពេញ និង​បាត់ដំបង ប៉ុន្តែ បើ​សិន​ជា​អាច​ធ្វើ​ប្រតិភូកម្ម ទៅ​ឱ្យ​បណ្ដា​ខេត្ត​អី​ផ្សេងៗ ទៀត ក៏​ល្អ​ដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ហ្នឹង គាត់​មិន​ចាំបាច់​ឡើង​មក​ភ្នំពេញ មិន​ចាំបាច់​ឡើង​ទៅ​បាត់ដំបង​អី លោក​អាច​ធ្វើ​បាន​នៅ​ខេត្ត ដែល​ខ្លួន​រស់​នៅ​ហ្នឹង​ឯង​បាទ»

ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​រាប់​លាន​នាក់ ក្នុង​នោះ​ភាគ​ច្រើន​នៅ​ប្រទេស​ថៃ។ ជាមួយ​គ្នា​នេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ នៅតែ​ប្រឈម​ជីវភាព​លំបាក ដោយសារ​ការ​ចំណាយ​ច្រើន​ទៅ​លើ​ការ​ធ្វើ​លិខិត​ឆ្លងដែន និង​ការ​បំពេញ​ឯកសារ​ផ្សេងៗ។ ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​រក​ចំណូល​បាន​ទាប​ជាង​គេ ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​ឱ្យ​បាន​ទាប​ជាង ឬ​យ៉ាង​ហោច​ណាស់​ស្មើ​ប្រទេស​ជិត​ខាង ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...