សហជីពសេរីកម្មករព្រមានប្តឹងក្រុមហ៊ុនទៅក្រសួងករណីរើសអើងសហជីព

22
សីហា

សហជីពសេរីកម្មករព្រមានប្តឹងក្រុមហ៊ុនទៅក្រសួងករណីរើសអើងសហជីព

សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមានប្តឹងក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ ទៅក្រសួងកា​​រ​​ងា​រប្រឆាំងនឹងការរើសអើងសហជីព ក្រោយពីមេដឹកនាំ៣នាក់ប្រចាំរោងចក្រ ត្រូវបានថៅកែប​ញ្ច​​​ប់ពីកា​​​​​រងារជាង២ខែ គ្មានដំណោះស្រាយ។

ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រកាត់ដេរ សេងបូ ហ្គាមិន (ខេមបូឌា) អ្នកស្រី រឿន កុលាប ឱ្យដឹងនៅ​ថ្ងៃទី២២សីហានេះថា ពួកគាត់៣នាក់ មានលោក ហាក់ ហៀង ជាអនុប្រធាន និងលោក កក្កដា ជាជំ​នួយ​ការសហជីព ត្រូវថៅកែជនជាតិចិន បញ្ឈប់ពីការងារ ក្រោយបង្កើតសហជីពបាន២ថ្ងៃ សម្រាប់ជំរុញល​ក្ខ​ខណ្ឌការងារ ។

អ្ន​កស្រីឱ្យដឹងទៀតថា រោងចក្រនេះ មានទីតាំងនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយថាពួកគាត់ត្រូវក្រុមហ៊ុនបញ្ឈ​ប់ កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣។

អ្នកស្រីបញ្ជាក់ថា ក្រោយការបញ្ឈប់ ពួកគាត់បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានវិវាទការងារ នៃក្រសួងកា​​រងារ ប៉ុន្តែថាជាង២ខែកន្លងទៅនេះ ភាគីរោងចក្រមិនព្រមទទួលយកពួកគាត់ឱ្យចូលធ្វើការវិញទេ ទោះ ស្ថា​ប័នដោះស្រាយវិវាទ ចេញខិលិត បង្គាប់ភាគីរោងចក្រឱ្យ ទទួលយកពួកគាត់ចូលធ្វើការវិញក៏ដោយ។

អ្នកស្រីថា៖«បើនិយាយទៅខ្ញុំដោះស្រាយ២បីដងហើយ ឥឡូវហ្នឹងគឺគាត់[ភាគីរោងចក្រ]និយាយថា គេមិនទទួលស្គាល់ មិនទទួលឱ្យយើងចូលធ្វើការវិញទេ»។

ប្រធានផ្នែករដ្ឋបាលនៃរោងចក្រ សេងបូ ហ្គាមិន (ខេមបូឌា) លោក អាំ មុន្នី បដិសេ បញ្ជាក់ពីមូលហេតុនៃកា​​របញ្ឈប់។ គាត់ថាអ្នកទាំង៣នាក់នោះ មិនមែនជាមេដឹកនាំសហជីពទេ ហើយថាការបញ្ឈប់បានធ្វើឡើ​ង​តាមផ្លូវច្បាប់ ដែលនាយកដ្ឋានវិវាទការងារបានបញ្ជាក់។

លោកថា៖«ខ្ញុំអត់មានការរើងអើងទាក់ទងនឹងសហជីពអីទេ។ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ក្រុមហ៊ុននឹងអនុវត្តតាមផ្លូវច្បាប់»។

តាមលិខិតមួយច្បាប់ របស់នាយកដ្ឋានវិវាទការងារ ចុះថ្ងៃទី១៥ ខែសីហា បានបង្គាប់ឱ្យភាគីថៅកែក្រុមហ៊ុ​ន​នេះ​ ទ​ទួលយកអនុប្រធានសហជីពសេរីកម្មករ លោក ហាក់ ហៀង ចូលធ្វើការវិញ និងសងរំលឹកប្រាក់ឈ្នួលចា​ប់ពីថ្ងៃទី១១​ ខែកក្កដាឆ្នាំ២០២៣ ជាថ្ងៃដែលក្រុមហ៊ុនបញ្ឈប់ រហូតដល់ថ្ងៃទទួលយកចូលធ្វើការងារវិញ​ ក្រោយរកឃើញថាភាគីក្រុមហ៊ុន បានអនុវត្តផ្ទុយពីច្បាប់ស្តីពីសហជីព។

នាយកដ្ឋានវិវាទការងារ ក៏បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការសម្រេចនេះ និយោជក ឬកម្មករ-និយោជិត ដែលត្រូវបញ្ឈប់ ឬសហជីពរបស់កម្មករ-និយោជិតនោះមានរយៈពេល ២ខែ ដើម្បីតវ៉ាទៅរដ្ឋមន្ត្រីក្រសួងការងារ។

លោក ហាក់ ហៀង បានឱ្យដឹងថា លោកនៅតែត្រូវបានភាគីរោងចក្រមិនអនុញ្ញាតឱ្យចូលធ្វើការទេ គិតត្រឹមថ្ងៃទី២២ ខែសីហានេះបើទោះមានលិខិតបង្កាប់ពីស្ថាប័នដោះស្រាយវិវាទក្តី។

លោកថា៖« នេះជាការរើសអើងសហជីព។ គេហៅថាប្រឆាំងនឹងច្បាប់បាត់ហើយ ព្រោះក្រសួងគេចេញលិខិតឱ្យចូលហើយ យើងបែរជាអត់ឱ្យចូល អ៊ឹចឹងបានន័យថាគេរើសអើងសហជីព។  ហើយគេប្រឆាំងនឹងច្បាប់ហ្នឹងហើយ គេមិនចង់ឱ្យរោងចក្របង្កើតសហជីព»។

ជុំវិញបញ្ហាបនេះ ប្រធានសហព័ន្ធសហជីពសេរីកម្មករ អ្នកស្រី ទូច សើ លើកឡើងថា នឹងបន្តដាក់ពាក្យបណ្តឹ​ងទៅក្រសួងការងារ ដោយថាទង្វើនេះជាការរើសអើងនិងរំលោភសិទ្ធិសហជីពធ្ងន់ធ្ងរ ក្នុ​ង​​គោលបំណង កេងប្រវ័ញ្ញកម្លាំងពលកម្ម ​កម្មករ-និយោជិត ។

អ្នកស្រីថា៖«អាហ្នឹងហាក់បីដូចជាមើលងាយសហជីព រើសអើងសហជីពខ្លាំងបំផុត។ យើងនៅមាននីតិវិធីដើម្បីយើងតវ៉ា យើងប្តឹងផ្តល់តទៅទៀត យើងអត់បោះបង់គ្នាចោលទេ គឺយើងត្រូវការប្តឹងទៅរដ្ឋមន្ត្រី(ក្រសួងការងារ)បន្ថែមទៀត»។

មាត្រា៤៣នៃច្បាប់ស្តីពីសហជីពត្រង់កថាខណ្ឌទី១វាក្យខណ្ឌទី១បានចែងថា រាល់ការបញ្ឈប់ប្រតិភូបុ​គ្គលិ​​​​កឬរាល់ការបញ្ឈប់ជនណាម្នាក់ពីការងារអាចធ្វើទៅបាន លុះត្រាតែមានការយល់ព្រមពីអធិការកិច្ចការងារនៃក្រសួងការងារ។​

រីឯមាត្រា៦៧ ​នៃច្បាប់ដដែលត្រង់កថាខណ្ឌទី១ វាក្យទី១ បានចែងថា កម្មករ-និយោជិតទាំងអស់ដែលបេ​ក្ខ​​ជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីពទទួលបាននូវការការពារ និ​ង​ការបញ្ឈប់ពីការងារដូចប្រតិភូបុគ្គលិកដែរ។

ប្រ​​ធានគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ និយាយថា បើស្ថាប័នរដ្ឋមិនអាចចា​​ប់​បង្ខំឱ្យថៅកែគោរពច្បាប់បាន វាឆ្លុះបញ្ចាំងពីកម្សោយនៃការអនុវត្តច្បាប់ ។

លោកបារម្ភថា បើបញ្ហានេះមិនត្រូវបានទប់ស្កាត់ វានឹងជំរុញឱ្យ​​មានករណីរំ​លោ​​ភសិទ្ធិកម្មករ សហជីព កា​ន់តែធ្ង​ន់ធ្ងរ ក្នុងវិស័យមួយនេះ ហើយទីបំផុតនឹងក្លាយជាបញ្ហាពិបាកដោះស្រាយ បង្កផលប៉ះទង្គិចដល់ជី​វភា​​ពកម្មករ-និយោជិត និង សហជីពជាតួអង្គដើរតួនាទីសំខាន់ក្នុងជំរុញលក្ខខណ្ឌការងារ ដើម្បីការពារប្រ​យោ​​​​ជន៍កម្មករ។

លោកថា៖«ការដោះស្រាយនេះ យើងមើលឃើញថាមានចំណុចកម្សោយខ្លះអំពីយន្ធការអធិការកិច្ច ប្រសិទ្ធភា​​​​ពក្នុងការជំរុញ»។

ជាងនេះទៅទៀតលោកថា បើកាលណាការអនុវត្តច្បាប់ខ្សោយ ធ្វើឱ្យសិទ្ធិសេរីភាពរបស់សហជីពកាន់តែរួមតូចទៅៗ ហើ​យថៅ​​កែក្រុមហ៊ុនផ្សេងៗទៀត ក៏កាន់តែរំលោភលើសិទ្ធិកម្មករ-និយោជិត តាមដែលខ្លួនចង់បាន។

ជាការផ្តល់យោបល់លោកថា ដើម្បីដោះស្រាយបញ្ហានេះ លុះត្រាតែអាជ្ញាធរអនុវត្តច្បាប់ ញែកឱ្យដាច់រវាងវិវា​ទការងាររួម(វិវាទសហជីព)និ​ង​វិ​​វាទបុគ្គល(វិវាទជាមួយកម្មករ) ហើយស្វែងរកយុត្តិធម៌ឱ្យភាគីនីមួយៗឱ្យ​បានឆាប់ និងមានតម្លាភាព។

បើតាមលោក ថារ៉ូ រយៈពេល ៨ខែឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំសហជីព និងសកម្មជនជាង ៧០នាក់ មកពីស​ហជីពចំនូន១៦ ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយបង្កើតសហជីពនៅកន្លែងការ​ងា​រ ដោយក្នុងនោះ​មានមួយចំនួនកំពុងទាមទារឱ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ។

អ្ន​កនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង​ សែនករុណ​ លើកឡើងថា ការយាយីមេដឹ​ក​នាំ​​សហជីព ដែលកំពុងរាលដាល អាចជាផ្នែកមួយយកគំរូតាមថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដែលថៅកែររំ​លោ​​​ភច្បាប់បែជារួចខ្លួន រីឯមេដឹកនាំសហជីពជំរុញលក្ខខណ្ឌការងារស្របតាមច្បាប់ ត្រូវបានចាប់ដាក់ពន្ធនារ​គារ និងខ្លះនៅជាប់បណ្តឹងនៅតុលការនៅឡើយ ដែលធ្វើឱ្យវិវាទអូសបន្លាយជាង២ឆ្នាំ រកច្រកចេញមិនរួច ។

លោកថា៖«គួរតែមានការពិនិត្យមើលឡើងវិញ ហើយដោះស្រាយឆ្លើយតបទៅនឹងការទាមទារ ឬក៏សំណូពររបស់ពួកគាត់ជាវិជ្ជមាន អាហ្នឹងវាអាចបញ្ចប់ហើយ»៕ ​

ប្រភព៖ Newsroom

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...