អ្នកការពារ​សិទ្ធិ​កម្មករ​ជំរុញ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឱ្យ​ស្រប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ

30
សីហា

អ្នកការពារ​សិទ្ធិ​កម្មករ​ជំរុញ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឱ្យ​ស្រប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ

សង្គម​ស៊ីវិល និង​សហជីព​ការពារ​សិទ្ធិ​កម្មករ​ជំរុញ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា​សម្រាប់​កម្មករ​ចាប់​ពី​២២០​ដុល្លារ​អាមេរិក​ឡើង​ទៅ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួក​គេ ​ខណៈ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​នៅ​តែ​បន្ត​ឡើង​ថ្លៃ។​

ការ​អំពាវនាវ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នេះ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ជំរុញ​ឱ្យ​ក្រសួង​ការងារ​ និង​ភាគី​ពាក់​ព័ន្ធ​ពិភាក្សា​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ ​សម្លៀក​បំពាក់​និង​ស្បែក​ជើង ​សម្រាប់​ឆ្នាំ​២០២៤ ខាងមុខ​នេះ​ ឱ្យ​បាន​មុន​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពាក់កណ្តាល​ខែ​តុលា​ខាង​មុខ​នេះ។​

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី​ យ៉ាង សោភ័ណ្ឌ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋា​ភិបាល​គួរ​តែ​មាន​យន្ត​ការ​ និង​ការ​សិក្សា​ច្បាស់​លាស់​ទៅ​លើ​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាក់​ឈ្នួល​ដែល​ពួក​គេ​ទទួល​បាន​អាច​សម​ស្រប​នឹង​សេដ្ឋ​កិច្ច​ទីផ្សារ​បច្ចុប្បន្ន។​

អ្នកស្រី​ថ្លែង​ថា៖​ «ខ្ញុំ​ស្នើ​សុំ​ឱ្យ​រដ្ឋ​កំណត់​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​និយោជិក​ហ្នឹង​គឺ​ឱ្យ​បាន​ច្បាស់​លាស់​ ចង់​និយាយ​ថា ​ត្រូវ​សិក្សា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​បន្ទាប់​មក​ឧទាហរណ៍​ថា​ យើង​សិក្សា​គ្រប់​ជ្រុង​ជ្រោយ​ជា​ជំហាន​ដំបូង​ ហើយ​ថា ​ប្រាក់​ឈ្នួល​ប៉ុណ្ណា​ដែល​ធ្វើ​ឱ្យ​កម្មករ​និយោជិត​អាច​ចាយ​បាន​ ហើយ​បន្ទាប់​មក​ឆ្នាំ​ក្រោយៗ​ យើង​មើល​ទៅ​លើ​អតិផរណា​ទី​ផ្សារ​អី​ផ្សេងៗ​ គឺ​យើង​អាច​ដំឡើង​ឱ្យ​កម្មករ​និយោជិត​បាន​ហើយ»។​

អ្នកស្រី​បន្ត​ថា ​សម្រាប់​ប្រាក់​ឈ្នួល​គោល​ដែល​កម្មករ​និយោជិត​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​ចំនួន​២០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ គឺ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ។ ​អ្នកស្រី​ថា ​កម្មករត្រូវ​រ៉ាប់​រង​បន្ទុក​ជា​ច្រើន ​ហើយ​ស្រប​ពេល​ដែល​ទំនិញ​លើ​ទីផ្សារ​កំពុង​មាន​ការ​កើន​ឡើង​នោះ​ ​ពួក​គេ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ម្ហូប​អាហារ​ដែល​បង្ក​ជា​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព។​

ជា​រៀង​រាល់​ចុង​ឆ្នាំ ​ក្រសួង​ការងារ​តែង​សម្រប​សម្រួល​ឱ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ។ ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៣​ ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​និយោជិត​ទទួល​បាន​ ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។​

រូបឯកសារ៖ កម្មករ​រោងចក្រ ធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ នៅ​ខេត្ត​កំពង់ឆ្នាំង នា​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩។ កម្មករ​ភាគច្រើន បាន​ពាក់ម៉ាស ​ក៏ប៉ុន្តែ​ពិបាក​រក្សា​គម្លាត​ពីគ្នា​។ ថត​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ កម្មករ​រោងចក្រ ធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ នៅ​ខេត្ត​កំពង់ឆ្នាំង នា​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩។ កម្មករ​ភាគច្រើន បាន​ពាក់ម៉ាស ​ក៏ប៉ុន្តែ​ពិបាក​រក្សា​គម្លាត​ពីគ្នា​។ ថត​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ ​ថ្លែង​ថា ​លោក​មិន​សង្ឃឹម​ថា ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​មាន​ការ​កើន​ឡើង​ច្រើន​នោះ​ទេ​ ប្រសិន​បើ​នៅ​តែ​មាន​ការ​ប្រើ​ប្រាស់​រូប​មន្ត​កំណត់​ប្រាក់​ឈ្នួល​ដដែល​នោះ។ ​ទោះ​យ៉ាងណា​លោក​ថា​ រដ្ឋាភិបាល​គួរ​តែ​មាន​ការ​គិត​គូរ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ឱ្យ​បាន​សម​ស្រប​ទៅ​ជីវភាព​របស់​ពួក​គេ ​ស្រប​ទៅ​តាម​ទិដ្ឋភាព​ច្បាប់​ការងារ។​

លោក​និយាយ​ថា៖​ «ផ្អែក​តាម​រដ្ឋ​ធម្មនុញ្ញ ​ប្រាក់​ឈ្នួល​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ ដោយ​ផ្អែក​ទៅ​នឹង​កត្តា​សង្គម ​និង​សេដ្ឋកិច្ច។ ​ចំណុច​មួយ​នេះ​វា​គឺ ​ជា​កាតព្វ​កិច្ច​របស់​រដ្ឋ​ក្នុង​ការ​ធានា​ប្រាក់​ឈ្នួល​ដែល​អាច​ធានា​ដល់​ជីវភាព​រស់​នៅ​ការ​ហូប​ចុក​សមរម្យ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ​ ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​ឱ្យ​ពួក​គាត់​មាន​ការ​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​នាម​ជា​មនុស្ស»។​

លោក​ ឃុន ថារ៉ូ ​បន្ថែម​ថា ​កម្មករ​កម្មការិនី​រោងចក្រ​មាន​ជាប់​បំណុល​ជា​មធ្យម​ពីរ​កន្លែង ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​ផ្នែក​សេដ្ឋកិច្ច​រយៈពេល​វែង​សម្រាប់​កម្មករ ​និង​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​តិចតួច​ ខណៈ​កម្ពុជា​មិន​ទាន់​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​សមរម្យ​នៅ​ទ្បើយ។​

លោក​ថា​ ក្រៅ​ពី​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ ​រដ្ឋាភិបាល​ក៏​គួរ​យក​ចិត្ត​ទុក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​ស៊ី​ជម្រៅ​ដើម្បី​ការ​ការពារ​សិទ្ធិ​កម្មករ​ កុំ​ឱ្យ​មាន​បញ្ហា​រំលោភ​សិទ្ធិ​ការងារ​បន្ត​ទៀត។​

លោក​ ឃុន ថារ៉ូ​ ថា ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​បណ្តាញ​ប្រាក់​ឈ្នួល​អាស៊ី​ក្នុង​ឆ្នាំ​២០២២ ​និង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រុម​សហជីព​ស្តីពី​ស្ថានភាព​គ្រួសារ ​និង​ការ​ចំណាយ​ក្នុង​គ្រួសារ​ជា​មូលដ្ឋាន​របស់​កម្មករ​ ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​និយោជិត​គួរ​តែ​ត្រូវ​បាន​ដំឡើង​យ៉ាង​ហោច​ណាស់​៣៧១​ដុល្លារ​ក្នុង​១​ខែ​ ក្នុង​ឆ្នាំ​២០២៤​នេះ។

កាល​ពី​ថ្ងៃ​អង្គារ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ​ថា​ ក្រសួង​ការងារ​ត្រូវ​ពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​អប្បបរមា​ឱ្យ​បាន​ល្អ​ សម្រាប់​ឆ្នាំ​២០២៤​ និង​ថា​ ត្រូវ​ធ្វើ​កិច្ច​ការងារ​នេះ​ឱ្យ​បាន​លឿន។​

លោក​ ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «ត្រូវ​ខិតខំ​ការ​សម្រប​សម្រួល​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​បាន​ល្អ​ ដោយ​ឈរ​លើ​លក្ខណៈ​វិទ្យាសាស្រ្ត​ និង​លក្ខណៈ​វិនិច្ឆ័យ​ ដែល​ចែង​ក្នុង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​បាន​មុន​ពេល​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ។ ត្រូវ​ធ្វើ​ឲ្យ​លឿន ​ធ្វើ​ម៉េច​ឲ្យ​ប្រជា​ពលរដ្ឋ​ដឹង​ថា ​ឆ្នាំ​២០២៤​បាន​ឡើង។ ​ពេល​ភ្ជុំ​បិណ្ឌ​គាត់​អាច​ទៅ​ប្រាប់​ឪពុក​ម្ដាយ​គាត់ឆ្នាំ​ក្រោយ​បាន​ឡើង​ប៉ុណ្ណា ​…. ឲ្យ​បាន​តិច​ ឬ​ច្រើន​ត្រូវ​តែ​ឡើង​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ»។​

វីអូអេ ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ហេង សួរ​ រដ្ឋមន្រ្តី​ក្រសួង​ការងារ​បាន​នៅ​ឡើយ​ទេ។​
លោក​ ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​ឬ​ GMAC​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​កំពុង​ដំណើរ​ការ​មិន​ល្អ​នោះ​ទេ ​ហើយ​ការ​នាំ​ចេញ​របស់​កម្ពុជា​គិត​ត្រឹម​ខែ​កក្កដា​ ក្នុង​ឆ្នាំ​២០២៣​នេះ​បាន​ធ្លាក់​ចុះ​ជិត​២០%។​ ទោះ​យ៉ាង​ណា​លោក​ថា​ សមាគម​កំពុង​រង់​ចាំ​ពិនិត្យ​លទ្ធផល​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ។​

លោក​ប្រាប់​វីអូអេ​ជា​ភាសា​អង់​គ្លេស​ដោយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ ​«ការ​ពិភាក្សា ​ឬ​ការ​ចរចា​នា​ពេល​បច្ចុប្បន្ន​គួរ​តែ​ស្ថិត​ក្នុង​បរិបទ​នៃ​របៀប​ដែល​វិស័យ​នេះ​ និង​សេដ្ឋ​កិច្ច​អាច​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០២៤​ ដែល​នាំ​មក​នូវ​ការងារ​ត្រឡប់​មក​វិញ ​និង​ម៉ោង​ធ្វើ​ការ​ពេញ​លេញ។​ ការ​រក្សា​បាន​នូវ​តម្លៃ​ប្រកួត​ប្រជែង​គឺ​មាន​សារៈ​សំខាន់​ក្នុង​ការ​រក្សា ​និង​នាំ​យក​ការ​បញ្ជា​ទិញ​មក​វិញ។​ យើង​ត្រូវ​រក្សា​ការ​ប្រកួត​ប្រជែង​តម្លៃ​ពលកម្ម​តាម​រយៈ​កម្រិត​សមរម្យ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិត​ភាព ​និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់​ផ្សេង​ទៀត​ដូច​ជា ​តម្លែ​ការ​ដឹក​ជញ្ជូន​ជាដើម»។​

យ៉ាង​ណា​មិញ​លោក​ថា​ អត្រា​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ ​(២០១៣-២០២២) ​គឺ​មាន​ចំនួន​១០,៥% ​ខណៈ​ដែល​អត្រា​កំណើន​ផលិត​ភាព​មាន​ត្រឹម​តែ ០,១% តែ​ប៉ុណ្ណោះ។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើ​ដំណើរ ​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ទំនិញ​ធំ​បំផុត​របស់​កម្ពុជា ​ដែល​មាន​ទីផ្សារ​ធំ​នៅ​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​ ៨០​ ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​ គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជន​បទ។​ ប៉ុន្តែ​វិស័យ​នេះ​ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩​ និង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែន​ផង​ដែរ៕

ប្រភព៖ វីអូអេ

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...