សហជីព៖ កម្មករកាត់ដេរជាង១ម៉ឺននាក់ត្រូវបានព្យួរការងារចាប់តាំងពីខែកក្កដាមក
យ៉ាងហោចណាស់មានកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១០.៧៣១នាក់ មកពីរោងចក្រចំនួន៨ នៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ឆ្នាំងត្រូវបានផ្អាកការងារ ឬបញ្ចប់ការងារ ចាប់តាំងពីខែកក្កដាមក ។ នេះបើយោងតាមរបាយការណ៍បឋមរបស់សហជីព ។
លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បាននិយាយថា ការព្យួរការងារកម្មករដ៏ច្រើននាក់នាពេលថ្មីៗនេះមិនមែនជារឿងថ្មីទេសម្រាប់វិស័យកាត់ដេរ និងជាផលវិបាកនៃវិបត្តិសេដ្ឋកិច្ចនិងទិដ្ឋភាពនយោបាយនៅកម្ពុជា ។
លោកស្រី ទូច សើ បាននិយាយយ៉ាងដូច្នេះថា ៖ «នៅមុនការព្យួរនិងការបញ្ចប់កិច្ចសន្យាការងារកម្មកររោងចក្របានប្រាប់កម្មករថា អត់មានវត្ថុធាតុដើម អត់មានអ្នកបញ្ជាទិញ ហើយការផ្គត់ផ្គង់និងតម្រូវការមិនស្មើគ្នា» ។
វិស័យកាត់ដេរសម្លៀកបំពាក់ ដែលផ្ដល់ការងារដល់ប្រជាជនប្រមាណ ៧០០.០០០នាក់ និងបង្កើតប្រាក់ចំណូលប្រហែល ៨០% នៃចំណូលនាំចេញសរុបរបស់ប្រទេសកម្ពុជា គឺជាវិស័យដ៏ធំជាងគេបំផុតនៅកម្ពុជា ដែលផ្ដល់ការងារដល់កម្មករដែលមានជំនាញទាប ។
ការបញ្ចប់កិច្ចសន្យាការងារកម្មករដែលបានចងក្រងនៅក្នុងរបាយការណ៍ គឺឆ្លុះបញ្ចាំងពីនិន្នាការមួយនៅក្នុងឧស្សាហកម្មនេះ ដែលបានជួបប្រទះនូវការបញ្ឈប់កម្មករក្នុងចំនួនច្រើនៗនាក់នៅឆ្នាំនេះ ។ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានប្រាប់សារព័ត៌មាន ខេមបូចា កាលពីខែមីនា ថារោងចក្រចំនួន ៧១កន្លែងបានព្យួរការងារកម្មករ ៣២.០២៣នាក់ នៅខែមករា និងខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងចំណោមក្រុមហ៊ុនរោងចក្រចំនួន៨ ដែលត្រូវបានបញ្ចូលនៅក្នុងរបាយការណ៍ ក្រុមហ៊ុន Quantum Clothing Group, Wanglin-Zongheng Garment Factory និង T.F.G Garment មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយតាមអ៊ីមែលពីអ្នកសារព័ត៌មានឡើយ ។ ក្រុមហ៊ុន Tripos International និង Shoe Premier II មិនបានឆ្លើយតបនឹងការហៅទូរសព្ទសុំអត្ថាធិប្បាយពីសារព័ត៌មាន ខេមបូចា នោះទេ ។ ក្រុមហ៊ុន M&V International Manufacturing និង Meng Da Footwear Industrial ពុំអាចទាក់ទងបានទេ ។

នៅពេលទាក់ទងបានតាមទូរសព្ទនិងតេឡេក្រាម មន្ត្រីផ្នែកធនធានមនុស្សនៃក្រុមហ៊ុនរោងចក្រ Can Sports Shoes បាននិយាយថា គាត់ត្រូវទាក់ទងទៅក្រុមមន្ត្រីច្បាប់របស់ក្រុមហ៊ុនជាមុនសិន ទើបអាចឆ្លើយសំណួរបាន ។ រហូតមកដល់ពេលនៃការចេញផ្សាយអត្ថបទនេះ ខេមបូចា ពុំទាន់ទទួលបានការឆ្លើយតបពីក្រុមហ៊ុននេះនៅឡើយទេ ។
អនុប្រធាន FTUWKC លោកស្រី សាយ សុខនី បាននិយាយថា៖ «ស្ថានភាពនាពេលថ្មីៗនេះ គេសង្កេតឃើញការកើនឡើងគួរឱ្យភ្ញាក់ផ្អើលនូវករណីព្យួរការងារនៅតាមរោងចក្រ» ។ លោកស្រីបានបន្ថែមថា៖ «ស្របពេលជាមួយគ្នានេះដែរ រោងចក្រថ្មីមួយចំនួនធំបានប្រែក្លាយខ្លួនពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលប្រើកម្មករច្រើននាក់ ទៅជារោងចក្រផលិតឧបករណ៍អគ្គិសនីដែលប្រើកម្មករតិចៗនាក់» ។
លោកស្រី សុខនី បាននិយាយថា លោកស្រីក៏បារម្ភផងដែរថា វិនិយោគទុនអន្តរជាតិនៅកម្ពុជាអាចនឹងធ្លាក់ចុះ ដែលនាំឱ្យមានការកាត់បន្ថយកម្មករនិយោជិតកាន់តែច្រើនថែមទៀត ដោយសារការរិះគន់ពីបណ្ដាប្រទេសនានាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាកាលពីពេលថ្មីៗនេះ ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងផ្អាកកម្មវិធីជំនួយបរទេសជាក់លាក់មួយចំនួន ប៉ុន្តែ សេចក្ដីថ្លែងការណ៍មិនបាននិយាយដល់វិស័យកាត់ដេរ ឬកម្មករកាត់ដេរនោះទេ ។
កាលពីឆ្នាំ២០២០ សហភាពអឺរ៉ុបបានដក ២០% នៃកិច្ចព្រមព្រៀង EBA ជាមួយកម្ពុជា ដោយសារការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ។ ប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់សហរដ្ឋអាមេរិក ដែលបានផុតអាណត្តិនៅឆ្នាំ២០២០នេះដែរ ពុំត្រូវបានបន្តជាថ្មីនៅឡើយទេ ។
លោក កាន់ សុខវី ជាកម្មករធ្វើការនៅរោងចក្រ Can Sports Shoes នៅខេត្តកំពង់ឆ្នាំង ដែលត្រូវបានដាក់បញ្ចូលនៅក្នុងរបាយការណ៍ បានប្រាប់ ខេមបូចា ថា លោកទើបតែបានត្រឡប់ទៅធ្វើការវិញនៅខែសីហានេះទេ បន្ទាប់ពីព្យួរការងារអស់រយៈពេលពីរខែ ។ លោកក៏មានតួនាទីជាប្រធានសហជីព FTUWKC ផងដែរ ដែលតំណាងឱ្យសមាជិកសហជីពនៅក្នុងរោងចក្ររបស់លោក ។
លោកបាននិយាយថា ការបញ្ឈប់បុគ្គលិកនាពេលថ្មីៗនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់កម្មករ ហើយលោកជឿថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏អាចនឹងរងផលប៉ះពាល់ពីទណ្ឌកម្មបរទេសដែលអាចកើតមាននៅពេលខាងមុខនេះ ផងដែរ ។
លោក សុខវី និយាយដូច្នេះថា៖ «[រដ្ឋាភិបាល]គួរតែដកថយមួយជំហានដើម្បីគោរព សិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យ ហើយទីផ្សារការងារនឹងកើនឡើង ដូច្នេះកម្មករគ្រប់គ្នាអាចមានការងារធ្វើ» ។ លោកបានបន្ថែមថា៖«អ្នកវិនិយោគគ្រប់គ្នានៅកម្ពុជាសង្កេតមើលថ្នាក់ដឹកនាំរដ្ឋាភិបាល។ ប្រសិនបើអ្នកដឹកនាំគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស នោះពួកគេនឹងវិនិយោគជាមួយយើង» ។

រដ្ឋាភិបាលបានសន្យាផ្ដល់ជំនួយជាសាច់ប្រាក់ដល់កម្មកររោងចក្រដែលត្រូវបានព្យួរការងារ ដោយផ្ដល់ជាប្រាក់ឧបត្ថម្ភ ៣០ដុល្លារក្នុងមួយខែពីក្រុមហ៊ុន និងរដ្ឋាភិបាលផ្ដល់បន្ថែម ៤០ដុល្លារក្នុងមួយខែ ។ កន្លងមក រដ្ឋាភិបាលបាននិយាយថា ខ្លួនបានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែនេះដល់កម្មករនិយោជិតជាង ៣៦.០០០នាក់ មកពីរោងចក្រចំនួន៨៩ ។ កម្មវិធីស្រដៀងគ្នានេះដែរក៏ត្រូវបានផ្ដល់ឱ្យដល់កម្មកររោងចក្រផងដែរក្នុងអំឡុងពេលកូវីដ-១៩ ចាប់ពីឆ្នាំ២០២០ ដល់ដើមឆ្នាំ២០២២ ។
លោក សុខវី បាននិយាយថា កម្មករដែលជាសមាជិកសហជីពនៅក្នុងរោងចក្ររបស់លោក រួមទាំងខ្លួនលោកផ្ទាល់ មិនបានទទួលជំនួយដែលរដ្ឋាភិបាលបានសន្យាផ្ដល់នេះទេ ។ លោកនិយាយថា ទោះបីពួកគេបានទទួលក៏ដោយ ក៏វាមិនគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការដែរ ។
លោក សេង សក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនបានឆ្លើយតបការហៅទូរសព្ទ ឬសារសំណួរតាមតេឡេក្រាមរបស់ ខេមបូចា ឡើយ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនល្អ ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ក្នុងនោះរាប់ទាំងកម្ពុជា ផងដែរ ។ លោកបាននិយាយថា កម្មវិធីជំនួយរដ្ឋាភិបាលនឹងជួយកម្មករដែលត្រូវបានព្យួរការងារ ឬបញ្ឈប់ពីការងារ ឲ្យមានស្ថិរភាពហិរញ្ញវត្ថុ ។
លោកនិយាយយ៉ាងដូច្នេះថា៖ «ដោយសារវិបត្តិនៅអ៊ុយក្រែននិងរុស្ស៊ី និងការធ្លាក់ចុះនូវការបញ្ជាទិញ រោងចក្រត្រូវបានព្យួរការងារ និងបិទទ្វារ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា» ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បាននិយាយថា ការព្យួរការងារ ឬការបញ្ឈប់ការងារកម្មករគឺជាលទ្ធផលនៃការធ្លាក់ចុះនូវតម្រូវការ និងការលុបចោលការបញ្ជាទិញ ។ លើសពីនេះទៀត លោកថា ម្ចាស់រោងចក្រមួយចំនួនកេងប្រវ័ញ្ចកម្មករខ្លួនឯង និងមិនគោរពច្បាប់ការងារទេ ។
លោក អាត់ ធន់ និយាយយ៉ាងដូច្នេះថា៖ «ថ្មីៗនេះ ម្ចាស់ក្រុមហ៊ុនបានបិទក្រុមហ៊ុនរបស់ពួកគេដោយមិនសងសំណង[ដល់កម្មករ]ទេ រួចហើយទៅបើកក្រុមហ៊ុនថ្មី» ។
កាលពីខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចចិត្តលើកលែងការយកពន្ធមួយចំនួនពីសហគ្រាសកាត់ដេរនិងឧស្សាហកម្ម រហូតដល់ឆ្នាំ២០២៥ ដើម្បីជួយដល់វិស័យដែលកំពុងធ្លាក់ចុះទាំងនេះ ។ លោក គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា ការលើកលែងពន្ធថ្មីនេះបានលើកទឹកចិត្តម្ចាស់ក្រុមហ៊ុនមួយចំនួនឱ្យបិទរោងចក្រ ។
លោកនិយាយថា៖ «ការព្យួរការងារកម្មករវាទាក់ទងទៅនឹងច្បាប់ថ្មី ។ ច្បាប់ថ្មីផ្ដល់ការលើកលែងពន្ធដល់ម្ចាស់ក្រុមហ៊ុននៅពេលពួកគេបើកអាជីវកម្មថ្មី ។ ដូច្នេះ [ម្ចាស់]ក្រុមហ៊ុនខ្លះបិទក្រុមហ៊ុនចាស់ និងបើក[រោងចក្រ]ថ្មី» ។
លោក ឃុន ថារ៉ូ មន្ត្រីគ្រប់គ្រងកម្មវិធីនៃអង្គការមិនមែនរដ្ឋាភិបាលសង់ត្រាល់ បាននិយាយថា ទិន្នន័យបឋមពីអង្គការសង់ត្រាល់ បង្ហាញថា កម្មកររោងចក្រប្រហែល ២០.០០០នាក់ត្រូវបានព្យួរការងារ ឬបញ្ឈប់ការងារ គិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដានៃឆ្នាំនេះ ។ លោកបាននិយាយថា រោងចក្រមួយចំនួនមិនបានគោរពតាមលក្ខខណ្ឌតម្រូវរបស់ក្រសួងការងារទេ នៅពេលបញ្ឈប់ការងារ ឬព្យួរការងារកម្មករនិយោជិត ។
លោក ថារ៉ូ និយាយ៖ «និន្នាការ[នៃការបញ្ឈប់ការងារកម្មករ] បាននិងកំពុងកើតមានឡើងចាប់តាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែបានកើនឡើង[កាន់តែច្រើនថែមទៀត] នៅពេលជិតដល់ថ្ងៃបោះឆ្នោតជាតិ» ។
លោកបានបន្ថែមថា អ្នកវិនិយោគបរទេសអាចនឹងរារែកក្នុងការបោះទុនវិនិយោគនៅពេលជិតដល់ការបោះឆ្នោតជាតិម្ដងៗ នៅពេលដែលមានភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេស ។ បើយោងតាមអង្គការសង់ត្រាល់ រោងចក្រធំៗមួយចំនួនបានកាត់បន្ថយបុគ្គលិកកម្មករ ២០% ទៅ ៣០% នៅឆ្នាំនេះ ៕
ប្រភព៖ ខេបូចា