លទ្ធផលបូកសរុប និងអនុសាសន៍ពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក តាមរយៈការជ្រើសរើសប្រកបដោយក្រមសីលធម៌

20
ធ្នូ

លទ្ធផលបូកសរុប និងអនុសាសន៍ពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក តាមរយៈការជ្រើសរើសប្រកបដោយក្រមសីលធម៌

មានប្រជាជនកម្ពុជាជាច្រើននាក់បាន​ធ្វើចំណាកស្រុកទៅក្រៅប្រទេសដើម្បីស្វែងរកការងារធ្វើ បានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គត់ជីវភាពគ្រួសារ។ យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(២០២២) មានពលករកម្ពុជាចំនួនជាង ១.៣ លាននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសគោលដៅចំនួន ៧ ដែលក្នុងនោះ​មាន ប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ប្រទេសជប៉ុន ប្រទេសសិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុង និង ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ថៃជាប្រទេសដែលមានពលករកម្ពុជាចំណាកស្រុកច្រើនជាងគេ ដែលតាមការប៉ាន់ប្រមា​ណ មានពលករមិនតិចជាង ២ លាន នាក់នោះទេ ដែលកំពុងបម្រើការងារនៅទីនោះ ដោយភាគច្រើនពួកគេចំណាកស្រុកតាមប្រព័ន្ធមិនផ្លូវការ និងមិនមានឯកសារគ្រប់គ្រាន់ ឬឯកសាររបស់ពួកគេផុតសុពលភាព បាត់បង់ភាពស្របច្បាប់។ យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងពលករអន្តោប្រវេសន៍ថៃ គិតត្រឹមខែ មេសា ឆ្នាំ២០២៣ នេះ ពលករចំណាកស្រុកកម្ពុជាដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ តាមរយៈប្រព័ន្ធអនុស្សារណៈយោគយល់គ្នា (MOU) មានចំនួន ១២៧,០០២ នាក់។ ​ពួកគេបម្រើការងារក្នុងវិស័យផ្លូវការ នៅតាមរោងចក្រសាច់មាន់ រោងចក្រកែច្នៃម្ហូបអាហារ រោងចក្រអេឡិចត្រូនិចជាដើម។ ចំណែកពលករភាគច្រើនទៀតកំពុងបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចមិនរៀបរយដូចជា វិស័យសំណង់ កសិកម្ម សេវាកម្ម ការងារតាមផ្ទះ និងចុះទូកនេសាទជាដើម។

ការធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍​ គឺជាសិទ្ធិ និងជាជម្រើសរបស់បុគ្គលម្នាក់ៗ ដោយគ្មានការបង្ខិតបង្ខំ ដែលអនុញ្ញាតឲ្យពួកគេអាចស្វែងរកការងារ បង្កើនប្រាក់ចំណូល ព្រមទាំងបង្កើតជំនាញតាមការស្រលាញ់ពេញចិត្តរបស់ពួកគេ។ រាជរដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយស្តីពីទេសន្តរប្រវេសន៍សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩-២០២៣ និងបទបញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ និងការជម្រុញឲ្យមានដំណើរការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ ដូចជា អនុក្រឹត្យលេខ ១៩០ ស្តីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន  និងប្រកាសបំពេញបន្ថែមពាក់ព័ន្ធដទៃទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រមប្រតិបត្តសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា រួមទាំងយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តផងដែរ។ យ៉ាងណាមិញ នៅក្នុងការអនុវត្តជាក់ស្តែង តែងជួបប្រទះបញ្ហាប្រឈម និងឧបសគ្គនៅក្នុងការជម្រុញដំណើរការនេះឲ្យទទួលបានប្រសិទ្ធភាព តម្លាភាព និងប្រកបដោយការទទួលខុសត្រូវ។​

បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង ភាគច្រើននៃពលករកម្ពុជា ត្រូវចំណាកស្រុកដោយសារតែគ្មានជម្រើស ឬដោយសារស្ថានភាពបង្ខំ ដូចជា កង្វះខាតឱកាសការងារសមរម្យ ទទួលបានចំណូលមិនសមរម្យ និងទៀងទាត់នៅក្នុងស្រុក  ការជំពាក់បំណុល ទិន្នផលកសិកម្មធ្លាក់ចុះ និងខ្វះ ឬគ្មានទីផ្សារលក់ផលិតផលជាដើម។ កត្តាទាំងនេះបានរុញច្រានឲ្យពលករចំណាកស្រុក ជ្រើសរើសការចំណាកស្រុកតាមប្រព័ន្ធមិនផ្លូវការ ដូចជាទៅតាមរយៈមេខ្យល់ ឬតាមរយៈសាច់ញាតិ ជាជាងការទៅតាមប្រព័ន្ធ MOU ដោយសារពួកគេចាំបាច់ត្រូវស្វែងរកការងារឲ្យបានឆាប់ ដើម្បីទទួលបានប្រាក់ចំណូលដោះស្រាយបញ្ហាជីវភាព ការផ្គត់ផ្គង់គ្រួសារ និងដោះស្រាយបំណុល។ ប្រការនេះនាំឲ្យពលករចំណាកស្រុកពិសេស ពលករជាស្រី្ត និងកុមារ ក្លាយជាក្រុមងាយធ្លាក់ខ្លួនទៅក្នុងស្ថានភាពរងគ្រោះកាន់តែខ្លាំង ដូចជាចាញ់បោកមេខ្យល់ ទទួលរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភបំពានសិទ្ធិការងារ និងរងគ្រោះក្នុងអំពើជួញដូរមនុស្ស។

តាមរយៈការសិក្សា និងការសម្ភាសន៍ជាមួយពលករចំណាកស្រុកកន្លងមក អង្គការសង់ត្រាល់បានរកឃើញបញ្ហាមួយចំនួនដែលពលករតែងជួបប្រទះ។ ពលករដែលចំណាកស្រុកទៅតាមរយៈប្រព័ន្ធ MOU ត្រូវចំណាយខ្ពស់លើសលប់ គឺចន្លោះពី ៤៥០ ទៅ ៦៥០ ដុល្លារ ទៅឲ្យក្រុមហ៊ុនជ្រើសរើសឯកជន សម្រាប់ដំណើការនៃការចំណាកស្រុកទៅស្វែងរកការងារធ្វើ​។​ ចំណាយទាំងនេះរួមមាន ការចំណាយលើ ការធ្វើឯកសារពាក់ព័ន្ធការធ្វើដំណើរ ដូចជាលិខិតឆ្លងដែន ទិដ្ឋាការការងារ ប័ណ្ណអនុញ្ញាតការងារ ថ្លៃពិនិត្យសុខភាព និងថ្លៃសេវារកការងារឲ្យធ្វើជាដើម។ ពួកគេក៏បានបញ្ជាក់ដែរថា នីតិវិធីដំណើរការ មានភាពស្មុគស្មាញ និងចំណាយពេលយូរដែល​ធ្វើឲ្យពួកគេជួបការលំបាក ហើយភាគច្រើនគឺមិនអាចរង់ចាំដំណើរការតាមប្រព័ន្ធ MOU នេះបានទេ។

នៅក្នុងការស្ទង់មតិមួយធ្វើឡើងដោយអង្គការសង់ត្រាល់ក្នុងឆ្នាំ ២០២១ ដែលបានសម្ភាសន៍ជាមួយពលករជិត៤០០ នាក់ មានពលករចំនួន ៦៤.៧% ចំណាកស្រុកដោយស្ថិតក្នុងស្ថានភាពជំពាក់បំណុល។ ពលករជាច្រើនមិនមានលទ្ធភាពចំណាយដោយខ្លួនឯងនោះទេ​ គឺត្រូវខ្ចីប្រាក់ពីសាច់ញាតិ ចងការប្រាក់ពីឯកជន ឬកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ស្ថិតក្នុងស្ថានភាពដែលពួកគេពុំមានចំណូល និងជាប់ជំពាក់បំណុល ការធ្វើចំណាកស្រុកតាមប្រព័ន្ធ MOU ដែលដំណើរការតាមរយៈការបញ្ជូនរបស់ទីភ្នាក់ងារជ្រើសរើសឯកជន មិនមែនជាជម្រើសសម្រាប់ពួកគេឡើយ។ ពលករមួយចំនួន ក៏បានចែករំលែកពីបទពិសោធន៍ដែលពួកគេបានជួបបញ្ហាលំបាក ដោយសារក្រុមហ៊ុនជ្រើសរើសពលករតែងតែពន្យាពេលក្នុងការបញ្ជូនទៅបំពេញការងារនៅក្រៅប្រទេស។ ពលករលើកឡើងថា ពួកគេត្រូវរង់ចាំចន្លោះពី ៣ខែ ទៅ ៦ខែ ទើបបានចាកចេញទៅបំពេញការងារ នៅក្នុងប្រទេសគោលដៅ។  ចំណែកពលករមួយចំនួនទៀត ក៏បានលើកឡើងពីបញ្ហាដែលពួកគេបានចាញ់បោកមេខ្យល់ ឬក្រុមហ៊ុនដែលមិនមានចុះបញ្ជីត្រឹមត្រូវ​ ខាតបង់ប្រាក់ ពេលវេលា និងមិនទទួលបានការងារដូចនៅក្នុងកិច្ចសន្យាជាដើម។

នៅឯប្រទេសគោលដៅឯណោះវិញ ពិសេសនៅក្នុងប្រទេសថៃ ពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេ មិនទាន់ទទួលបាននូវការការពារសិទ្ធិ និងកិច្ចគាំពារសង្គមបានពេញលេញនៅឡើយ។​ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីកិច្ចគាំពារសង្គមក្នុងប្រទេសគោលដៅមិនបានដាក់បញ្ចូលពលករចំណាកស្រុកគ្រប់វិស័យក្នុងការទទួលបានអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមបានពេញលេញនៅឡើយ ព្រោះហេតុផលសញ្ជាតិ ស្ថានភាពនៃការចំណាកស្រុក ប្រភេទការងារ និងទម្រង់នៃការរើសអើងជាដើម ។ ជាក់ស្តែង ដូចជាក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ពលករចំណាកស្រុកមួយចំនួនធំ ទទួលរងការរើសអើង មិនទទួលបានការចាក់វ៉ាក់សាំងបង្កា ការព្យាបាលជំងឺទាន់ពេលវេលា និងអាហារសមរម្យនោះទេ។ លើសពីនេះ ពលករដែលមិនមានឯកសារស្របច្បាប់ និងពលករដែលបំពេញការងារក្នុងវិស័យមិនរៀបរយតែងទទួលរងនូវការរំលោភបំពានសិទ្ធិការងារ ការមិនបើកប្រាក់ឈ្នួល ការបញ្ចប់កិច្ចសន្យាការងារមិនប្រក្រតី និងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។​  ជាការកត់សម្គាល់ ពលករចំណាកស្រុកភាគច្រើន មិនបានដឹងពីយន្តការនៃការរាយការណ៍ ឬបណ្ដឹងតវ៉ារកដំណោះស្រាយ​ និងរកយុត្ដិធម៌នៅក្នុងករណីដែលខ្លួនជួបប្រទះបញ្ហានោះទេ។ ស្ថានភាពនេះរឹតតែធ្ងន់ធ្ងរនៅពេលដែលពលករចំណាកស្រុកយល់ថាពួកគេមិនអាចស្វែងរកជំនួយ ដោយសារពួកគេចំណាកស្រុកតាមប្រព័ន្ធមិនផ្លូវការ ហើយមិនមានឯកសារស្របច្បាប់ ។

នៅពេលពលករវិលត្រលប់មកប្រទេសកំណើតវិញ ពួកគេភាគច្រើនពុំមានការងារធ្វើជាហេតុនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាសម្រេចកាត់បន្ថយការចំណាយលើថ្លៃម្ហូបអាហារ ការសិក្សាអប់រំរបស់កូនៗ និងថ្លៃព្យាបាលថែទាំជម្ងឺ ការទទួលរងសម្ពាធផ្លូវចិត្ត និងអំពើហិង្សាជាដើម។  ម៉្យាងវិញទៀត ពលករមិនទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនៅឡើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការទទួលបានជំនួយឧបត្ថម្ភនៅពេលមានគ្រោះអាសន្ន និងការទទួលបានប័ណ្ណក្រីក្រ។ កត្តាដែលពលករក្រីក្រមិនទទួលបានប័ណ្ណក្រីក្រ អាចបណ្តាលមកពីការចំណាកស្រុករយៈពេលយូរ​ មិនបានស្នាក់នៅផ្ទះជាប់លាប់ បាត់ឈ្មោះ អាស័យដ្ឋានរបស់គេនៅក្នុងភូមិ កង្វះខាតឯកសារសម្រាប់ការស្នើសុំ និងបញ្ហានៃនីតិវិធីស្នើសុំជាដើម។

ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករចំណាកស្រុក ដោយផ្អែកលើការរកឃើញក្នុងការសិក្សាស្រាវជ្រាវ ការអនុវត្តការងារ និងតាមរយៈការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិចំនួន៦លើក ក្នុងចន្លោះ ឆ្នាំ២០២១ ដល់ ២០២៣ ជាមួយភាគីពាក់ព័ន្ធ អញ្ជើញមកពីតំណាងក្រសួងស្ថាប័ន អង្គការជាតិ និងអន្តរជាតិ តំណាងពលករចំ​ណាកស្រុក និងអ្នកប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុក និងដើម្បីធានាឲ្យមានការលើកកម្ពស់សិទ្ធិ ការការពារអត្ថប្រយោជន៍របស់ពលករចំណាកស្រុកកម្ពុជា អង្គការសង់ត្រាល់ ស្នើឲ្យមានការឆ្លើយតបជាក្របខណ្ឌគោលនយោបាយ ច្បាប់ និងការអនុវត្ដន៍ជាក់លាក់ដូចខាងក្រោម៖

១/ តម្លៃសេវា និងដំណើការឯកសារទាំងអស់នៃការជ្រើសរើស រដ្ឋាភិបាលត្រូវ៖

  • កំណត់គ្រប់ថ្លៃចំណាយសម្រាប់ដំណើរការជ្រើសរើសមិនមែនជាបន្ទុករបស់ពលករទេ លើកលែងតែការចំណាយលើឯកសារអត្ដសញ្ញាណផ្ទាល់ខ្លួនរបស់ពលករមានដូចជាលិខិតឆ្លងដែន និងឯកសារធ្វើដំណើរផ្សេងសម្រាប់ពលករកម្ពុជាធ្វើការនៅបរទេស។ ការចំណាយលើដំណើរការជ្រើសរើសទាំងនោះគឺជាបន្ទុករបស់ភាគីនិយោជក។
  • កំណត់ពេលវេលាជាក់លាក់ និងឆាប់រហ័សចំពោះគ្រប់ដំណើរការ និងការធ្វើឯកសារផ្សេងៗរួមមាន លិខិតឆ្លងដែន ប័ណ្ណពលករ(OCWC) ការពិនិត្យសុខភាព ថ្លៃទិដ្ឋាការ និងពាក្យស្នើសុំការងារធ្វើនៅក្រៅប្រទេស។ រាល់ដំណើរការធ្វើឯកសារពាក់ព័ន្ធទាំងអស់របស់ពលករក្នុងប្រទេសកម្ពុជា មិនត្រូវលើស៦០ថ្ងៃ (ហុកសិប) គិតចាប់ពីពលករបានដាក់ពាក្យស្នើសុំធ្វើការងារនៅទីភា្នក់ងារជ្រើសរើសឯកជន។
  • កំណត់តារាងតម្លៃចំណាយរាល់ឯកសារឲ្យបានច្បាស់លាស់ និងជាក់លាក់ ហើយផ្សព្វផ្សាយឲ្យបានទូលំទូលាយចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
  • រៀបចំឲ្យមានមន្ដ្រីប្រចាំការនៅកន្លែងធ្វើលិខិតឆ្លងដែនដើម្បីជួយសម្រួលដល់ពលករ ជាពិសេសអ្នកមិនចេះអក្សរ។
  • ធានាឲ្យមានតម្លាភាពនូវរាល់ដំណើរការទាំងអស់នៃការជ្រើសរើស។

២/ តម្លាភាព និងគណនេយ្យភាពនៃដំណើរការជ្រើសរើសពលករ រដ្ឋាភិបាលត្រូវ៖

  • ពិនិត្យតាមដានចំពោះគ្រប់ដំណើការនៃការជ្រើសរើសរបស់ទីភ្នាក់ងារជ្រើសរើសឯកជន ដើម្បីធានានូវភាពត្រឹមត្រូវ ស្របតាមច្បាប់ និងគោលការណ៍ការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ ។
  • ក្រុមហ៊ុនជ្រើសរើសពលករត្រូវបង្ហាញពីអាស័យដ្ឋានក្រុមហ៊ុន ឈ្មោះក្រុមហ៊ុន ឈ្មោះម្ចាស់ឬប្រធានក្រុមហ៊ុន និងលេខទំនាក់ទំនង នៅតាមមធ្យោបាយផ្សព្វផ្សាយទាំងអស់។
  • ក្រុមហ៊ុនជ្រើសរើសឯកជនត្រូវទទួលខុសត្រូវរាល់បញ្ហាកើតមានចំពោះពលករទាំងកំពុងធ្វើដំណើរចេញពីប្រទេសកំណើត កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសគោលដៅ និងពេលវិលត្រលប់មកវិញ។
  • ធានាថាការផ្សព្វផ្សាយជ្រើសរើសពលកររបស់ទីភ្នាក់ងារជ្រើសរើសឯកជនស្របតាមច្បាប់ជាធរមាន មិនប្រាសចាកពីការពិត ចៀសវាងការផ្សព្វផ្សាយក្នុងន័យបោកបញ្ឆោតធ្វើឲ្យពលរដ្ឋខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ និងធ្លាក់ក្នុងកម្មវត្ថុនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។
  • កំណត់ឲ្យមានវត្តមានមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចូលរួមតាមដាន និងសង្កេតលើដំណើរការជ្រើសរើសពលករគ្រប់ដំណាក់កាល។
  • បើរកឃើញថា ក្រុមហ៊ុនជ្រើសរើសឯកជនណាមួយ មានការផ្សព្វផ្សាយខុសពីការពិត ត្រូវព្រមាន ឬដាក់ទោសទណ្ឌផ្អែកលើគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
  • ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវផ្សព្វផ្សាយពីតារាងតម្លៃជាក់លាក់លើសេវារកការងារឲ្យធ្វើ និងឯកសារពាក់ព័ន្ធផ្សេងៗទាំងអស់។
  • ភាគីពាក់ព័ន្ធអាចតាមដានវាយតម្លៃបានដើម្បីធានាថាគ្មានការរើសអើងលើយេនឌ័រ  ស្រ្តី ក្រុមមានពិការភាព ធានាការអនុវត្តស្មើភាពគ្នា និងមិនត្រូវផាត់ចោលនរណាម្នាក់ក្នុងដំណើរជ្រើសរើសប្រកបដោយក្រមសីលធម៌។

៣/ ផ្ដល់ព័ត៌មាន និងបង្ហាញឯកសារពាក់ព័ន្ធគ្រប់ជ្រុងជ្រោយ ​ រដ្ឋាភិបាលត្រូវធានាថា៖

  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី/ខេត្ត និងអាជ្ញាធរមូលដ្ឋាន ទីភ្នាក់ងារជ្រើសរើសឯកជន ត្រូវបង្កើនការផ្សព្វផ្សាយស្តីពីការជ្រើសរើសប្រកបដោយក្រមសីលធម៌ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព គ្មានការងារដោយបង្ខំ និងភាពងាយរងគ្រោះនៃអំពើជួញដូរមនុស្សទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែទូលំទូលាយតាមរយៈការសហការជាមួយអង្គការសង្គមស៊ីវិល។
  • ពលករបានអាន និងយល់ខ្លឹមសារទាំងស្រុងគ្រប់ប្រភេទនៃកិច្ចសន្យាការងារ និងឯកសារពាក់ព័ន្ធផ្សេងៗ។
  • មានភាគីទី៣​ ដូចជា មន្ត្រីរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល សាច់ញាតិ ឬបងប្អូន ត្រូវតែចូលរួមចុះហត្ថលេខាដើម្បីជាសាក្សីលើរាល់ឯកសារចុះហត្ថលេខារវាងភាគីក្រុមហ៊ុនជ្រើសរើសឯកជន និយោជក និងពលករ រួចហើយថតចម្លង និងប្រគល់ជូនពលករ ១ច្បាប់​ ដើម្បីរក្សាទុកជាភស្តុតាង។
  • រាល់ឯកសារស្របច្បាប់របស់ពលករមិនត្រូវបានដកហូតដោយក្រុមហ៊ុនជ្រើសរើសឯកជន និយោជក ឬថៅកែឡើយ។

៤/ វគ្គបណ្តុះបណ្តាលតម្រង់ទិសមុនចេញដំណើរ និងពេលចេញដំណើរ រដ្ឋាភិបាលត្រូវតែ៖

  • ផ្តល់វគ្គបណ្តុះបណ្តាលតម្រង់ទិសមុនចេញដំណើរដល់ពលករ ដោយមានរយៈពេលសមរម្យ កន្លែងសមរម្យ​ មានផាសុខភាព និងអាហារហូបចុកសមរម្យ។
  • ខ្លឹមសារ និងមេរៀនសំខាន់ៗគប្បីដាក់បញ្ចូលក្នុងកម្មវិធីតម្រង់ទិស ក្នុងនោះរួមមាន ការយល់ពីជំនាញបម្រើការងារ អន្តរវប្បធម៌ សិទ្ធិជាមូលដ្ឋានទាក់ទងនឹងការងារ ក្រមសីលធម៌ការរស់នៅ ការចាត់ចែងប្រាក់ចំណូល យន្តការបណ្តឹងតវ៉ា និងកិច្ចស្នើសុំអន្តរាគមន៍សុំជំនួយគាំទ្រ ។ល។
  • បង្កើត និងសម្រួលឲ្យមានឧបករណ៍(IEC Materials)បង្រៀនសម្រាប់ពលករអនក្ខរកម្ម។
  • វត្តមានអង្គការសង្គមស៊ីវិល ក្រុមហ៊ុនជ្រើសរើសឯកជន សហជីព គួរត្រូវបានលើកទឹកចិត្តឲ្យចូលរួមសហការ អង្កេតការ និងផ្តល់ចំណេះដឹងដល់ពលរដ្ឋក្នុងកម្មវិធីបណ្តុះបណ្តាលនោះដែរ។
  • ចែកខិត្តប័ណ្ណដែលមានលេខទូរស័ព្ទទំនាក់ទំនងរបស់ស្ថាប័នពាក់ព័ន្ធដែលធ្វើការលើវិស័យការពារសិទ្ធិពលករ ដល់ពលករក្នុងករណីដែលពួកគេត្រូវការជំនួយគាំទ្រ ឬព័ត៌មានបន្ថែម។
  • រៀបចំប្រព័ន្ធផ្ញើរប្រាក់សម្រាប់ពលករដោយធានានូវតម្លៃសេវាបញ្ញើទាប និងមានសុវត្ថិភាពបំផុត។ ​

៥/ កែសម្រួលបន្ថែម និងពិនិត្យតាមដានលើការអនុវត្តអនុស្សារណៈយោគយល់គ្នា (MoU) រវាងប្រទេសបញ្ជូន និងនៅប្រទេសគោលដៅ រដ្ឋាភិបាលត្រូវធានាថា៖

  • រាល់ដំណើរការធ្វើអនុស្សារណៈយោគយល់គ្នា (MoU)រវាងប្រទេសកម្ពុជា និងប្រទេសទទួលពលករ ត្រូវបញ្ចូលភាគីពាក់ព័ន្ធដូចជា អង្គការសង្គមស៊ីវិល សហជីព និយោជក និងតំណាងពលករចូលរួមផ្តល់មតិយោបល់។
  • អនុព័ន្ធការងារដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជាត្រូវចុះតាមដាននៅកន្លែងធ្វើការ និងកន្លែងរស់នៅរបស់ពលករកម្ពុជាដើម្បីធ្វើការសិក្សាស្វែងយល់ពីស្ថានភាពរបស់ពលករថាមានសភាពសមរម្យ និងសមស្របតាមកិច្ចសន្យា និងស្របតាមច្បាប់ការងារ បទដ្ឋានអន្តរជាតិស្ដីពីទេសន្តរប្រវេសន៍ និងស្តង់ដារសុវត្ថិភាពដែរឬទេ។
  • ក្នុងករណីរកឃើញថានិយោជក ឬថៅកែមិនអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបទដ្ឋានទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិការងារ និងកិច្ចព្រមព្រៀងទេ ត្រូវសហការជាមួយអាជ្ញាធរនៃប្រទេសទទួល ឬប្រទេសគោលដៅដើម្បីតម្រូវឲ្យនិយោជក ឬថៅកែនោះគោរពគោលការណ៍ទាំងនោះឲ្យខានតែបាន។​
  • ធ្វើកិច្ចសហការជាមួយខាងភាគីនៃប្រទេសគោលដៅដោយចុះធ្វើអធិការកិច្ចជាប្រចាំនៅតាមទីតាំងរោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅដែលមានកម្លាំងពលកម្មពលករបរទេស។
  • សហការជាមួយភាគីប្រទេសគោលដៅ រួមទាំងដៃគូអភិវឌ្ឍពាក់ព័ន្ធនានាដើម្បីលើកកម្ពស់ការយល់ដឹង និងអនុវត្តការជ្រើសរើសប្រកបដោយក្រមសីលធម៌ឲ្យបានទូលំទូលាយ។

៦/ លើកកម្ពស់វិសាលភាពកិច្ចគាំពារសង្គម និងផ្តល់សុពលភាពអតីភាពការងារដល់ពលករទាំងនៅប្រទេសបញ្ជូន និងប្រទេសទទួលពលករ៖

ប្រទេសបញ្ជូនពលករ៖

  • ភាគីពាក់ព័ន្ធរួមមានទីភ្នាក់ងារជ្រើសរើសពលករ ជាពិសេសរាជរដ្ឋាភិបាល ត្រូវធានាថាពលករចំណាកស្រុកកម្ពុជាធ្វើការនៅបរទេសទាំងអស់់ទទួលបានព័ត៌មាន និងយល់ដឹងពីកិច្ចគាំពារសង្គមដែលពួកគេត្រូវទទួលបាន។
  • ត្រូវផ្ដល់ជូនប័ណ្ណអាទិភាព ឬប័ណ្ណក្រីក្រ ដល់ពលករ និងអតីតពលករដែលក្រីក្រ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ។
  • ផ្ដល់ការការពារពេញលេញទាំងសុខភាព សុវត្ថិភាព និងសន្ដិសុខ ដល់គ្រប់អតីតពលករចំណាកស្រុក និងសមាជិកគ្រួសាររបស់ពួកគេនៅក្នុងបន្ទុក ដែលក្រីក្រ និងងាយប្រឈមហានិភ័យសេដ្ឋកិច្ចសង្គម។
  • ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតការងារឲ្យបានគ្រប់គ្រាន់ ព្រមទាំងបង្កើត និងពង្រីកមុខរបរសម្រាប់អតីតពលករចំណាកស្រុកដែលវិលត្រលប់ ដើម្បីធានាស្ថិរភាពប្រាក់ចំណូល សុខមាលភាព សិទ្ធិ និងសេចក្ដីថ្លៃថ្នូរ របស់ពួកគេ។
  • ផ្ដល់ការគាំពារផ្នែកសុខមាលភាព សុវត្ថិភាព និងឧបត្ថម្ភជាហិរញ្ញវត្ថុ ដល់អតីតពលករចំណាកស្រុក និងសមាជិកគ្រួសាររបស់ពួកគេនៅក្នុងបន្ទុក នៅពេលដែលពួកគេជួបគ្រោះថ្នាក់ ឬវិបត្ដិផ្សេងៗដែលមិនអាចដោះស្រាយបានដូចជា៖ រស់នៅតំបន់ដាច់ស្រយាលជួបការលំបាក មានជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ មរណៈភាព ជួបឧប្បត្តិហេតុគ្រោះធម្មជាតិ ជំងឺរាតត្បាត ជាដើម។
  • ផ្ដល់សេវាសាធារណៈជាអាទិភាព និងឥតគិតថ្លៃដល់កូនរបស់អតីតពលករចំណាកស្រុក។

ប្រទេសទទួលពលករ៖

  • ភាគីពាក់ព័ន្ធ ទីភ្នាក់ងារជ្រើសរើសឯកជន និយោជក អ្នកបញ្ជាទិញ ជាពិសេសរាជរដ្ឋាភិបាលគួរធានាថាពលករចំណាកស្រុកកម្ពុជាធ្វើការនៅបរទេសទាំងអស់់ទទួលបានព័ត៌មាន យល់ដឹង និងទទួលបានកិច្ចគាំពារសង្គមពេញលេញ ពីរដ្ឋនៃប្រទេសទទួលពលករ។
  • និយោជក និងទីភ្នាក់ងារជ្រើសរើសឯកជន ត្រូវយល់ឲ្យច្បាស់ពីគោលនយោបាយ និងជំនួយគាំទ្រនៃកិច្ចគាំពារសង្គមសម្រាប់ពលករចំណាកស្រុក ដើម្បីផ្ដល់ការគាំទ្រ និងជំនួយទៅដល់ពួកគេដើម្បីឲ្យទទួលបានសេវានេះពេញលេញ។
  • នៅពេលពលករធ្វើមាតុភូមិនិវត្តត្រលប់មកកម្ពុជាវិញ ត្រូវរក្សាសុពលភាពនៃអតីភាពការងារ និងផ្តល់វិញ្ញាបនប័ត្របញ្ជាក់ពីគុណវុឌ្ឍិន៍។
  • អនុព័ន្ធការងារត្រូវដើរតួនាទីជាអ្នកលើកកម្ពស់ និងផ្សព្វផ្សាយស្តីពីសិទ្ធិទទួលបានកិច្ចគាំពារសង្គមនៅប្រទេសទទួលពលករ ឲ្យបានទូលំទូលាយដល់ពលករ។
  • បង្កើត និងធានាឲ្យបាននូវការអនុវត្ដយន្ដការដោះស្រាយវិវាទ/បណ្ដឹងតវ៉ា ដើម្បីឲ្យពលករចំណាកស្រុក អាចតវ៉ា ប្ដឹងទាមទារនូវអត្ថប្រយោជន៍ពីកិច្ចគាំពារសង្គមបាន។
  • ផ្ដល់ការគាំពារផ្នែកសុខភាព សុវត្ថិភាព និងឧបត្ថម្ភជាហិរញ្ញវត្ថុ ដល់ពលករចំណាកស្រុក និងសមាជិកគ្រួសាររបស់ពួកគេនៅក្នុងបន្ទុក នៅពេលដែលពួកគេជួបគ្រោះថ្នាក់ ឬវិបត្ដិផ្សេងៗដែលមិនអាចដោះស្រាយបានដូចជា៖ ទីតាំងធ្វើការងារនៅឆ្ងាយជួបការលំបាក មានជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ មរណៈភាព ជួបឧប្បត្តិហេតុ គ្រោះធម្មជាតិ ជំងឺរាតត្បាត ជាដើម។

៧/ យន្តការបណ្តឹង និងការអន្តរាគមន៍ ចូលរួមពីភាគីពាក់ព័ន្ធរួមមាន និយោជក ទីភ្នាក់ងារជ្រើសរើសឯកជន រដ្ឋាភិបាលដែលមានក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបទេស និងក្រសួងយុត្តិធម៌ ជាពិសេសអនុព័ន្ធការងារប្រចាំប្រទេសទទួលពលករ  ត្រូវរៀបចំយន្តការទទួលពាក្យបណ្តឹងរបស់ពលករ ហើយត្រូវធានាថា៖

  • គ្រប់រោងចក្រ សហគ្រាស មានបិទប្រកាសលេខទូរស័ព្ទរបស់អនុព័ន្ធការងារ ស្ថានទូត ឬស្ថានកុងស៊ុល និងតាមជម្រើសសមស្របផ្សេងៗ។
  • ជម្រុញឲ្យទំព័រហ្វេសប៊ុគរបស់អនុព័ន្ធការងារ ស្ថានកុងស៊ុល ឬស្ថានទូត ដោយផ្សព្វផ្សាយពីសេវាកម្មគាំពារ សង្គ្រោះ និងប្រឹក្សាយោបល់ទាក់នឹងបញ្ហាទេសន្តរប្រវេសន៍ការងារឲ្យបានទូលំទូលាយដល់ពលករ។
  • រៀបចំធនធានថវិកា​ និងធនធានមនុស្សរបស់អនុព័ន្ធការងារ ស្ថានកុងស៊ុល ឬស្ថានទូតឲ្យបានគ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ពលករ។
  • ក្នុងដំណើរការគាំពាររឿងក្តីរបស់ពលករទាំងក្រៅ និងក្នុងប្រព័ន្ធតុលការ គប្បីមានតំណាងពលករ ឬមេធាវីតំណាងដែលរៀបចំដោយរដ្ឋាភិបាល ឬអនុព័ន្ធការងារ ឬអង្គការមិនមែនរដ្ឋាភិបាល។​
  • នៅពេលទទួលពាក្យបណ្ដឹង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអនុព័ន្ធការងារ ត្រូវសហការជាមួយអាជ្ញាធរនៃប្រទេសទទួលពលករ ដើម្បីដោះស្រាយបណ្តឹង និងផ្តល់ដំណោះស្រាយសមស្របណាមួយទាំងតាមក្រៅប្រព័ន្ធ ឬក្នុងប្រព័ន្ធដល់ពលករ។
  • ពន្លឿនដំណើរការនីតិវិធីចំពោះដំណើរការក្តីក្នុងតុលាការឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពដើម្បីធានាថាពលករទទួលបានយុត្តិធម៌ ឬសំណងនានាផ្តល់ជូនដល់ពលករ​។
  • ក្នុងករណីពលករទទួលរងគ្រោះថ្នាក់ការងារ អនុព័ន្ធការងារ មន្ត្រីស្ថានទូត ឬស្ថានកុងស៊ុល ត្រូវផ្តល់ការគាំទ្រ និងធានាថាពួកគេទទួលបានការព្យាបាលបានត្រឹមត្រូវ និងចំណាយផ្សេងៗត្រូវតែជាបន្ទុករបស់ប្រព័ន្ធកិច្ចគាំពារសង្គមផ្អែកតាមច្បាប់ការងារនៃប្រទសទទួលពលករ។

៨/ ពង្រីកវិសាលភាពសេវារដ្ឋ ដើម្បីលើកកម្ពស់ការធ្វើចំណាកស្រុកតាមផ្លូវការ ឬតាមការជ្រើសរើសប្រកបដោយក្រមសីលធម៌ វាទាមទារឲ្យមានទីតាំងធ្វើលិខិតឆ្លងដែន និងមន្ត្រីជំនាញតាមមូលដ្ឋាន៖

  • បណ្តុះបណ្តាលមន្ត្រីជំនាញសម្របសម្រួលរបស់រដ្ឋទទួលបន្ទុកផ្សព្វផ្សាយ និងប្រឹក្សាយោបល់ពីការធ្វើចំណាកស្រុកប្រកដោយសុវត្ថិភាព និងសេវារកការងារឲ្យធ្វើក្នុងមូលដ្ឋាន ឃុំ-សង្កាត់។
  • បង្កើនទីតាំងធ្វើលិខិតឆ្លងដែនទៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនថែមទៀតដើម្បីជួយសម្រួលដល់ពលករក្នុងការធ្វើដំណើរចុះឡើង ជាការចូលរួមចំណែកកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗ។
  • តារាងតម្លៃលិខិឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ត្រូវបិទប្រកាសក្នុងការិយាល័យឃុំ/សង្កាត់ទូទាំងប្រទេស។​
  • បន្ទាប់ពីធ្វើលិខិតឆ្លងដែនរួច ត្រូវបញ្ជូនតាមមធ្យោបាយសមស្របណាមួយដល់ដៃពលករ ដូចប្រទេសជិតខាងមួយចំនួនមានជាអាទិ៍ប្រទេសថៃ។

៩/ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ដល់ភាគីពាក់ព័ន្ធ រដ្ឋាភិបាលត្រូវធានាថា៖

  • គ្រប់ទីភា្នក់ងារជ្រើសរើសឯកជនទាំងអស់ទទួលបានវគ្គបណ្តុះបណ្តាលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងកម្មវត្ថុពង្រឹង និងបង្កើនសមត្ថភាព និងប្រសិទ្ធិភាពដល់ទីភ្នាក់ងារជ្រើសរើសឯកជនចំពោះការអនុវត្តច្បាប់ បទបញ្ញត្តិនានា និងជំនាញវិជ្ជាជីវៈ កម្មវិធីតម្រង់ទិសសម្រាប់ពលករមុនពេលចេញដំណើរ។
  • ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសារៈសំខាន់នៃដំណើរការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ដល់ភាគីពាក់ព័ន្ធមានដូចជាមន្ត្រីអនុវត្តច្បាប់ថ្នាក់ជាតិ មន្ត្រីរដ្ឋតាមមូលដ្ឋាន (ឃុំ-សង្កាត់) អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។
  • លើកកម្ពស់ និងជម្រុញការចូលរួមតាមដានពីភាគីពាក់ព័ន្ធលើការអនុវត្តគោលការណ៍ជ្រើសរើសប្រកបដោយក្រមសីលធម៌ប្រកបដោយប្រសិទ្ធភាព។

១០/ តាមដាន និងវាយតម្លៃការអនុវត្តរបស់ទីភា្នក់ងារជ្រើសរើសឯកជន និងនិយោជក រដ្ឋាភិបាលត្រូវធានាថា៖

  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋនៃប្រទេសទទួលពលករ ត្រូវពង្រឹងយន្តការធ្វើអធិការកិច្ចគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត​ ជម្រុញការប្ដេជ្ញាចិត្ដ និងលើកកម្ពស់ដំណើរការជ្រើសរើសប្រកបដោយក្រមសីលធម៌។
  • ផ្តល់ការលើកទឹកចិត្តដល់ទីភ្នាក់ងារជ្រើសរើសឯកជនដែលអនុវត្តតាមគោលការណ៍ការជ្រើសរើសប្រកបដោយក្រមសីលធម៌ ​ និងដាក់ទោសកំរិតទាប មធ្យម និងធ្ងន់ដល់ទីភ្នាក់ងារជ្រើសរើសណាដែលប្រព្រឹត្តកំហុស មិនអនុលោមតាមច្បាប់​ បទបញ្ញត្តិជាធរមាន និងពិន័យផ្នែករដ្ឋបាលដូចជាដកហូតអាជ្ញាប័ណ្ណ និងពិន័យជាប្រាក់មិនឲ្យដំណើរការបន្ត ហើយបោះពុម្ពផ្សាយព្រឹត្តិបត្រប្រចាំឆ្នាំលើគេហទំព័រក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
  • ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវមានព័ត៌មានច្បាស់លាស់ និងដាក់បញ្ចូលលើប្រព័ន្ធអនឡាញ។

១១/ លើកកម្ពស់ និងគោរពសំឡេងពលករ រដ្ឋាភិបាលត្រូវធានាថា៖

  • បង្កបរិយាកាសឲ្យពលករមានសំឡេងដោយសេរី និងសុវត្ថិភាព ដើម្បីស្វែងរកការគាំទ្រ និងការឆ្លើយតបចំពោះបញ្ហា ក៏ដូចជាតម្រូវការរបស់ពួកគេ។
  • ទទួលស្គាល់ និងផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធនូវសំឡេងរបស់ពលករ ដែលចេញពីការរាយការណ៍ ការសិក្សាស្រាវជ្រាវ ការសម្តែងមតិ និងការលើកឡើងតាមមធ្យោបាយផ្សេងៗ។
  • អនុញ្ញាតឲ្យមានចលនាសមាគម និងសហជីពពលករដែលធ្វើការនៅក្រៅប្រទេសដែលបានបង្កើតឡើងស្របច្បាប់ យោងតាមអនុសញ្ញាអង្គការអន្តរជាតិផ្នែកការងារ (ILO) និងក្រមប្រតិបត្តិសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា (ACRA)។
  • ផ្តល់ឱកាសដល់ពលករ ឬស្ថាប័នធ្វើការលើវិស័យការពារសិទ្ធិពលករបានចែករំលែកបទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈមនានានៃការអនុវត្តសិទ្ធិ និងការការពារសិទ្ធិទាំងពលករកម្ពុជា​ និងពលករបរទេស។

១២/ បង្កើត​ និងជម្រុញដំណើការនៃការជ្រើសរើសតាមរយៈប្រព័ន្ធអនឡាញ រដ្ឋាភិបាលត្រូវធានាថា៖

  • បង្កើត និងជម្រុញការជ្រើសរើសពលករតាមប្រព័ន្ធអនឡាញ ដែលងាយស្រួល រហ័ស ចំណាយតិច និងមានសុវត្ថិភាព។​
  • អប់រំផ្សព្វផ្សាយពីការស្វែងរកការងារធ្វើ ការដាក់ពាក្យ និងការជ្រើសរើសពលករទៅធ្វើការទាំងក្នុងប្រទេស និងក្រៅប្រទេសតាមប្រព័ន្ធអនឡាញឲ្យបានទូលំទូលាយ គួរទុកចិត្តបាន និងមានសុវត្ថិភាព។

១៣/ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យនៃការចំណាកស្រុក រដ្ឋាភិបាលត្រូវធានាថា៖

  • ពង្រឹង និងពង្រីក បច្ចេកទេស គោលនយោបាយ ការវិភាជធនធាន និងការអនុវត្ដការគ្រប់គ្រងទិន្នន័យនៃការចំណាកស្រុកឲ្យបានច្បាស់លាស់ ជាក់លាក់ ត្រឹមត្រូវ និងមានប្រសិទ្ធភាពដើម្បីងាយស្រួលស្វែងរកព័ត៌មានលើប្រព័ន្ធអនឡាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬស្ថាប័នពាក់ព័ន្ធ។
  • បង្កើនប្រសិទ្ធភាព និងមុខងារ នៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ តាមប្រព័ន្ធឌីជីថល។
  • បណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងអនុវត្ដ ការការគ្រប់គ្រងទិន្នន័យ ដល់គ្រប់មន្រ្តី និងដៃគូពាក់ព័ន្ធ។
  • ប្រមូល រក្សាទុក ធ្វើបច្ចុប្បន្នភាពជាប្រចាំ និងប្រើប្រាស់ទិន្នន័យប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ។

 

លទ្ធផលបូកសរុប និងអនុសាសន៍ពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ

លិខិតជួនក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

 

 

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...