ឧបសគ្គរារាំង​ភាពជាតំណាង​៖ សេរីភាព​សហជីពក្នុងប្រទេសកម្ពុជា​

04
មិថុនា

របាយការណ៍ស្តីពី ឧបសគ្គរារាំង​ភាពជាតំណាង​៖ សេរីភាព​សហជីពក្នុងប្រទេសកម្ពុជា​

ការវាយតម្លៃ​លើការ​ពិនិត្យ​តាមដាន​ភាព​អនុលោម​តាម FOA របស់​កម្មវិធី​រោងចក្រ​កាន់​តែប្រសើរ​នៅកម្ពុជា

ខ្លឹមសារសង្ខេប

របាយការណ៍នេះ បំពេញ​មុខងារជា​សមាសធាតុមួយ​នៃគម្រោង​ដែល​កំពុង​បន្តរវាង​អង្គការ CENTRAL ជាមួយ CATU និង​ C.CAWDU ដើម្បី​ចងក្រងជាឯកសារថាតើសេរីភាព​សហជីព(FOA) ត្រូវ​បាន​​បំផ្លិចបំផ្លាញ​កម្រិតណានៅក្នុង​បណ្ដា​រោងចក្រកាត់ដេរ ផលិតស្បែកជើង និងសម្ភារធ្វើដំណើររបស់​កម្ពុជា​ទាំងមូល ដែលជាការបំផ្លាញ​ដល់​ការ​ប្ដេជ្ញាចិត្តផ្នែកសិទ្ធិមនុស្ស​របស់​កម្ពុជា​ រំលោភបំពាន​រដ្ឋធម្មនុញ្ញរបស់ប្រទេស​ និង​ច្បាប់​ស្ដីពីការងារ ព្រមទាំងធ្វើ​ឱ្យ​សមត្ថភាព​របស់ម៉ាកយីហោអន្តរជាតិក្នុងការ​អនុវត្តនីតិវិធី​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​យ៉ាង​រឹងមាំនៅក្នុង​សង្វាក់​ការផ្គត់​ផ្គង់​របស់ខ្លួន ប្រែជាធ្លាក់ចុះខ្សោយ។

 

ក្នុងនាមជា​របាយការណ៍ទីមួយដែល​បាន​ចេញ​ផ្សាយ​ក្រោម​គំនិតផ្ដួចផ្ដើម​នេះ ឯកសារនេះធ្វើ​ការវាយតម្លៃលើ​កម្មវិធីរោងចក្រ​កាន់​តែប្រសើរ​នៅកម្ពុជា (BFC) និង​ពិនិត្យ​ថាតើ​ដំណើរការនា​ពេលបច្ចុប្បន្នរបស់ BFC អាច​វាយតម្លៃបាន​សមស្រប និង​រាយការណ៍​បាន​គ្រប់គ្រាន់​អំពី​ឧបសគ្គរារាំងបង្កើត​ឡើង​ដោយ​និយោជកសម្រាប់​សេរីភាព​សហជីពឬទេ។ ក្នុង​នាមជា​ផ្នែកមួយ​នៃកម្មវិធីរោងចក្រ​កាន់​តែប្រសើរ​នៅកម្ពុជា[1] របស់អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សកម្មភាព​ស្នូលមួយ​របស់ BFC គឺធ្វើការ​ពិនិត្យ​លើភាព​អនុលោម​តាមច្បាប់របស់​រោងចក្រ​វាយនភណ្ឌសម្រាប់​ការនាំចេញធៀបជាមួយ​ស្ដង់ដាការងារ​អន្តរជាតិ​ដើម្បីផ្ដល់ជាមូលដ្ឋាន​ព័ត៌មាន​សម្រាប់ម៉ាកយីហោ និង​អ្នក​បញ្ជាទិញស្ដីពីលក្ខខណ្ឌការងារនៅក្នុង​រោងចក្រនីមួយៗ។ បច្ចុប្បន្ន BFC វាយតម្លៃលើ​លក្ខខណ្ឌការងារក្នុង​រោងចក្រ​ចំនួន ៧០៣ រោងចក្រ​នៅទូទាំងប្រទេសកម្ពុជាដែលជួល​កម្មករនិយោជិតប្រមាណ ៦៥១ ០០០ នាក់ឱ្យធ្វើ​ការងារ។[2]

 

ជាផ្នែកមួយ​នៃដំណើរការនេះ ម៉ាកយីហោ និង​អ្នក​បញ្ជាទិញអាច​ទិញ​របាយការណ៍​ភាព​អនុលោម​តាម​ច្បាប់ ចំណែក​របាយការណ៍​ទម្រង់សង្ខេប គឺ​មាន​សម្រាប់កម្មករនិយោជិត សហជីពតំណាង​ និង​សាធារណជន​ទូទៅនៅលើដេតា​បេស​តម្លាភាព​របស់ BFC។

 

អស់ពេលជាងមួយ​ឆ្នាំកន្លងទៅនេះ ក្រុមការងារ​របស់​យើង​បានធ្វើ​ការសម្ភាសជាច្រើនជាមួយ​ថ្នាក់ដឹកនាំ​សហជីព និង​អ្នកតំណាង​សហជីពមកពីរោងចក្រ​ដែល​បានចុះ​បញ្ជីជាមួយ BFC ចំនួន ១៤ រោងចក្រ​ ដើម្បីវាយតម្លៃលើ​សមត្ថភាព​របស់សមាជិកខ្លួន​ក្នុងការចូលទៅរក និង​យល់​អំពីទិន្នន័យជាសាធារណៈរបស់​ BFC ក៏ដូចជាដើម្បីវាយម្លៃ​លើ​ភាពសុក្រឹតនៃ​របាយការណ៍​ភាព​អនុលោម​តាម​ច្បាប់ដែលអាច​រក​បានជាសាធារណៈទាក់ទងជាមួយលក្ខខណ្ឌវិនិច្ឆ័យ​ស្ដីពី FOA។ ការសម្ភាស​របស់យើង​ជាមួយ​សហជីពនៅ​តាម​រោងចក្រ និង​កម្មករនិយោជិតបាន​បើកកកាយ​ឱ្យឃើញនូវបញ្ហាប្រឈមជាច្រើន​សម្រាប់កម្មករនិយោជិតដែល​ជួប​ការលំបាកទាំងក្នុង​ការចូលទៅរក​ទិន្នន័យ ក៏ដូចជាប្រើប្រាស់​ទិន្នន័យ​ទាំងនេះ។ កម្មករនិយោជិតក៏​បានចង្អុលបង្ហាញឱ្យឃើញ​អំពី​មិនស៊ីសង្វាក់គ្នា​ដ៏ច្រើន​សន្ធឹកសន្ធាប់​រវាងទិន្នន័យ​ បើធៀបជាមួយបទ​ពិសោធជាក់ស្ដែងដែល​ពួកគេជួបប្រទះ។ ថ្វីបើ​រោងចក្រ​ទាំង ១៤ នៅក្នុងការសិក្សា​នេះ សុទ្ធ​តែ​បាន​ពិន្ធុ​ដ៏ល្អឥតខ្ចោះពី BFC លើលក្ខខណ្ឌវិនិច្ឆ័យស្ដីពី FOA ក្ដី ប៉ុន្តែ​អ្នកតំណាង​សហជីពមកពីកន្លែងការងារចំនួន ១០ ក្នុងចំណោម​កន្លែងការងារ​ទាំង ១៤ បានរាយការណ៍ថា ពួកគេ​បាន​ជួបប្រទះឧបសគ្គរារាំងសម្រាប់ ​FOA ក្នុងនោះរួម​មាន​ទាំង​ការ​បំភិត​បំភ័យផ្ទាល់​មាត់ ការគំរាម​កំហែង ការយាយី និងការដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែលជាហេតុធ្វើឱ្យ​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​លើសមត្ថភាពរបស់​ពួកគេ​ក្នុងការបំពេញ​មុខងារ​របស់ខ្លួន។

 

បើយោង​តាមព័ត៌មាន​បាន​ទទួលពី​ការសម្ភាសក្រុម​គោលដៅ ការ​ស្ទាបស្ទង់​មតិកម្មករនិយោជិត និង​ការសម្ភាស​តាមដាន​បន្ត យើង​បាន​រកឃើញថា៖

 

  • សហជីពឯករាជ្យដែលត្រូវបាន​រួម​បញ្ចូល​ក្នុងការ​សិក្សា​នេះ បានរាយការណ៍ថា ដេតាបេស​តម្លាភាពរបស់ BFC និង​របាយការណ៍ភាពអនុលោម​តាម​ច្បាប់ដែលគេ​អាច​រក​បានជាសាធារណៈនោះ ពុំ​មានសារប្រយោជន៍ក្នុងការ​ដោះស្រាយ​ពាក្យ​បណ្ដឹងស្ដីពីភាព​អនុលោមតាមច្បាប់​ទាក់ទងជាមួយ FOA ទេ។ កម្មករនិយោជិត និងថ្នាក់ដឹកនាំ​សហជីពនៅក្នុង​ការសិក្សានេះ ​បានរាយការណ៍ថា ទិន្នន័យនៅ​តែបង្កការលំបាកសម្រាប់​ឱ្យសហជីព ក៏ដូចជាកម្មករនិយោជិតចូល​ទៅរក មាន​ការ​ពិបាកយល់ ព្រមទាំងខ្វះព័ត៌មាន​លម្អិតឱ្យបានគ្រប់គ្រាន់​ ដើម្បី​អាច​ឱ្យមានសារប្រយោជន៍នៅក្នុងការចរចារបស់ពួកគេជាមួយ​និយោជក និង/ឬម៉ាកយីហោ។
  • ថ្នាក់ដឹកនាំសហជីពភាគច្រើនបានរកឃើញ​ថា របាយការណ៍ភា​ពអនុលោម​តាមច្បាប់​របស់​ BFC សម្រាប់​រោងចក្រ​របស់យើង គឺពុំ​សុក្រឹតទេ ហើយពុំ​បាន​ឆ្លុះបញ្ចាំង​អំពីតថភាពជាក់ស្ដែងនៃមូលដ្ឋានឡើយ។ អ្នក​តំណាង​មកពី​រោងចក្រ​ចំនួន ១០ ក្នុង​ចំណោម​រោងចក្រ​ទាំង ១៤ ​ដែល​បាន​ចូលរួម​ក្នុងការ​សិក្សានេះ បានរាយការណ៍ថា ថ្វីបើ​រោងចក្រ​បាន​​ពិន្ទុឥតខ្ចោះ​សម្រាប់ភាព​អនុលោមតាមច្បាប់យោងតាមដេតាបេស​តម្លាភាពរបស់​ BFC ក្ដី ប៉ុន្តែ​មាន​ការរំលោភបំពាន​ FOA យ៉ាង​ពាស​ពេញនៅក្នុងកន្លែង​ដែល​ពួកគេធ្វើ​ការ។ របាយការណ៍ភាពអនុលោមតាមច្បាប់សាធារណៈ ក៏​ពុំ​បាន​បើក​បង្ហាញ​ព័ត៌មាន​លម្អិត​ស្ដីពីភាព​អនុលោម​តាម FOA ​ដែរ ជាហេតុធ្វើ​ឱ្យមិនសូវអាច​យករបាយការណ៍នោះទៅប្រើប្រាស់ឱ្យមាន​​ប្រយោជន៍នៅក្នុងការចរចាឡើយ។ ទិដ្ឋភាពនេះ ​ បង្កឱ្យមាន​សំណួរស្ដីពីភាព​សុក្រឹតរបស់របាយការណ៍ និង/ឬចន្លោះខ្វះខាតជាសក្ដានុពល​ដែល​មានក្នុង​វិធីសាស្រ្តការសង្ខេប​ទិន្នន័យ។
  • សកម្មភាព​សហជីពកម្ពុជា គឺត្រូវបាន​លាក់បាំង​ដោយការឈ្លបតាមដាន​ និង​តាម​ត្រួត​ពិនិត្យ​ជាប្រចាំពីសំណាក់សហជីពដែលជាសម្ព័ន្ធភាពជាមួយក្រុម​ហ៊ុន ព្រមទាំង​បរិយាកាស​មិនទុកចិត្ត​គ្នាដែល​មានយ៉ាង​សាយភាយ។ មាន​ភស្តុ​តាង​គួរជាទីកត់​សម្គាល់ដែលផ្ដល់តម្រុយបង្ហាញថា ថ្នាក់​គ្រប់គ្រង​រោងចក្រ​ប្រើប្រាស់ “សហជីពពណ៌លឿង” ដើម្បីយាយី និងបំភិត​បំភ័យសហជីពឯករាជ្យ និង​មាន​ការរាយការណ៍ជាច្រើន​អំពីការដាក់ចូល​ក្នុងបញ្ជី​ខ្មៅ ការរារាំង​មិនឱ្យ​អ្នកធ្វើ​ការងារ​សហជីពដែលត្រូវបានបណ្ដេញចេញពីការងារអាចរក​ការងារធ្វើ​នៅទីកន្លែង​ផ្សេង​បាន។ គេកម្រឃើញ​មាន​ការចាប់​បាន​អំពីការប្រតិបត្តិទាំងនេះនៅក្នុង​សវនកម្មសង្គមបែប​ប្រពៃណីណាស់ រួមទាំងសវនកម្មសង្គម​របស់ BFC ផងដែរ។​

 

ដោយសាររបាយការណ៍ភាពអនុលោមតាមច្បាប់របស់​ BFC ត្រូវបាន​ផលិតផល​ឡើង​ដោយអង្គការ ILO​ ហេតុដូច្នេះ របាយការណ៍ទាំងនេះមាន​ទម្ងន់ និងភាពគួរជាទីជឿជាក់យ៉ាងខ្លាំងនៅក្នុង​សង្វៀនសហជីព។ ថ្វីបើ​ប្រទេសកម្ពុជាធានាសហជីពតាម​ផ្លូវច្បាប់​ក្ដី ប៉ុន្តែ​ឧបសគ្គរារាំង​ទាំង​ផ្នែករចនាសម្ព័ន្ធ និង​ផ្នែកប្រតិបត្តិការ​ បានរារាំង​កម្មករនិយោជិត និង​សហជីព​មិនឱ្យ​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​យ៉ាងពេញលេញ។ នៅហួសពីជញ្ជាំង​រោងចក្រ នៅ​មាន​ឧបសគ្គរារាំង​ផ្នែករដ្ឋបាល និង​ផ្នែកយុត្តិធម៌ដែលរារាំង​ការងារសហជីពបន្ថែម​ទៀតដូចមាន​ជាឧទាហរណ៍ដូចជាដំណើរការ​ចុះបញ្ជិកាសហជីព និងដំណើរការទទួល​បាន​វិញ្ញាបនបត្រ​ភាពជាតំណាង​បំផុត​ដ៏វែងអន្លាយ​ ព្រមទាំងការចុះខ្សោយ​នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល។ ដោយមិនអាច​ពឹង​ផ្អែកលើប្រព័ន្ធច្បាប់​ក្នុង​ស្រុក​បាន សហជីព​​បានសម្លឹង​មើលទៅ BFC ដើម្បីជួយជ្រោម​ជ្រែង​ក្នុងការកត់ត្រា​ចងក្រង​អំពីភាពមិន​អនុលោម​តាម​ច្បាប់​។ បើ​គិតលើ​ទិដ្ឋភាព​ផ្នែកទ្រឹស្ដីរចនាសម្ព័ន្ធត្រីភាគីរបស់​ BFC គួរ​តែ​អនុញ្ញាតឱ្យមាន​ការ​កត់​ត្រា​ចងក្រងយ៉ាង​គត់មត់ និង​សុក្រឹត​អំពីការរំលោភបំពាន FOA ទាំងសម្រាប់​សហជីព ក៏ដូចជា​ម៉ាកយីហោ អាច​ពឹង​ផ្អែក​បាន​លើ​ការវាយតម្លៃទាំងនេះ ជាផ្នែកមួយ​នៃនីតិវិធីត្រួត​ពិនិត្យ​ភាព​ត្រឹមត្រូវ​របស់ខ្លួន។ ប៉ុន្តែ​ក្នុង​តថភាពជាក់ស្ដែង គឺគេ​ពុំអាចធ្វើ​បែបនេះបាន​ឡើយ ប្រសិនរបាយការណ៍ពុំ​មានភាព​សុក្រឹត​។ ប្រសិនរបាយការណ៍ទាំងនេះ ពុំ​បាន​ចាប់​យក​នូវ​ការរំលោភបំពាន​ទេនោះ ជាលទ្ធផល​ធ្វើ​ឱ្យ​មាន​ការបង្ក្រាបសហជីពដោយ​គ្មាន​ការត្រួត​ពិនិត្យ និង​គ្មានជាឯកសារ​ត្រឹមត្រូវ ជាហេតុធ្វើឱ្យ​តថភាពជាក់ស្ដែង​នៃការធ្វើការងារ​ក្នុង​រោងចក្រក្រោម BFC ត្រូវ​មាន​ភាព​ស្រពិចស្រពិល។

 

ដោយទទួលស្គាល់​នូវ​តួនាទីដ៏ចាំបាច់​ខ្វះមិន​បានរបស់ BFC ក្នុងប្រទេសកម្ពុជា យើងខ្ញុំ​សូម​សង្កត់​ធ្ងន់ថា រាល់​ការរិះគន់ទាំងឡាយដែល​មាន​ក្នុង​របាយការណ៍នេះ គឺពុំ​មាន​ចេតនា​ធ្វើឱ្យ​ប៉ះពាល់​ដល់ការងារ​ដ៏សំខាន់​របស់​ BFC និង​កម្មវិធីកាន់តែប្រសើរ ដែល​បាន​សម្រេចបាន​កន្លងមកក្នុងការជួយកែលម្អ​លក្ខខណ្ឌការងារ ការ​ពារសិទ្ធិ​របស់កម្មករនិយោជិត​ និងធានាឱ្យ​ប្រទេសកម្ពុជាមានភាពប្រកួតប្រជែង​ក្នុង​នាមជាប្រទេស​គោលដៅ​នៃការ​ទិញផលិតផលប្រកបដោយ​សីលធម៌នោះឡើយ។ ផ្ទុយទៅវិញ​តាម​រយៈ​ការបោះពុម្ពផ្សាយ​ទាំងនេះ យើង​ព្យាយាមពន្លេចឱ្យឃើញថាតើយើងអាចធ្វើ​យ៉ាងណា​ដើម្បីកែលម្អ​​ការវាយតម្លៃ​របស់​ BFC ស្ដីពី FOA បន្ថែម​ទៀត​ដើម្បីបង្កើតឱ្យមានបរិស្ថាន​កាន់​តែ​មាន​សុវត្ថិភាព និងប្រកបដោយ​ការគោរព​ថែម​ទៀត​សម្រាប់​សហជីពឯករាជ្យ​ដើម្បីអាច​មាន​ប្រតិបត្តិការ ហើយ​បញ្រ្ចាសមកវិញ គឺដើម្បីជួយសម្របសម្រួលដល់​ទំនាក់​ទំនង​វិជ្ជាជីវៈ និងផលិតភាព​កាន់​តែប្រសើរ​។

សន្និដ្ឋាន

ការសិក្សា​នេះ ផ្ដល់ភស្តុ​តាងគាំទ្រទៅលើ​អ្វីដែល​កម្មករនិយោជិត និង​សហជីព​បាន​លើកឡើង​អស់ពេលជាច្រើន​ឆ្នាំមកហើយតាមរយៈ​ការស្រាជ្រាវដោយឯករាជ្យ​ទៅលើដេតាបេស​តម្លាភាព​របស់​ BFC ដែលផ្ទុយពី​ទិន្នន័យ​បែបស្ថិតិ។ ថ្វីបើ​​ BFC គឺជាស្ថាប័នចម្បង​មួយដែល​ចាំបាច់សម្រាប់កិច្ចការ​ពារ​ស្ដង់ដាការងារ​ស្នូលដូចជាសេរីភាព​សហជីព​ក្ដី ប៉ុន្តែ​ស្ថាប័ននេះ ចាំបាច់ត្រូវ​ប្រឹង​ប្រែង​បន្ថែម​ទៀតដើម្បី​អាច​លើកកម្ពស់សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព មាន​លក្ខណៈឆ្លើយតប យុត្តិធម៌ និងប្រកបដោយ​អត្ថន័យនៅក្នុង​រោងចក្រក្រោម​ការត្រួតពិនិត្យ​​របស់ខ្លួន។ ការធ្វើ​ផ្ទុយពីនេះ គឺជាការខកខានមិន​បាន​លើកកម្ពស់តាម​អាណត្តិ​ការងាររបស់ខ្លួន ក៏ដូចជាធ្វើ​ឱ្យ​កម្មករនិយោជិតដែល​ខ្លួនអះអាង​ថាខ្លួន​កំពុង​បម្រើ​ឱ្យ ត្រូវខកចិត្ត​ផងដែរ។ យើងខ្ញុំ​សូមលើកទឹកចិត្តឱ្យ​ BFC និង​ស្ថាប័នជាអ្នក​ពាក់ព័ន្ធ​របស់ BFC ត្រូវធានាឱ្យបានថា ការកែលម្អលក្ខខណ្ឌការងារ គឺនៅតែជាស្នូល​ដ៏សំខាន់ជាដាច់ខាតនៃ​រាល់កិច្ចខិតខំទាំងអស់​របស់ខ្លួន។ តាមរយៈ​ការផ្ដោត​ការយកចិត្ត​ទុកដាក់ជាពិសេស​លើសេរីភាព​សហជីពនៅក្នុងរបាយការណ៍បឋមនេះ គោលដៅ​របស់យើង​ គឺដើម្បី​ទាញចំណាប់​អារម្មណ៍​ឱ្យឃើញអំពី​ការលំបាកដែលសហជីពឯករាជ្យត្រូវជួបប្រទះ​ ដើម្បី​អាចមាន​ការតំណាងដោយ​ស្មើភាពនៅក្នុង​ដេតាបេស​នៅក្នុង​ភាព​អនុលោម​តាមច្បាប់របស់ BFC ដែល​មានន័យថា ជាការបំផ្លាញ​ដល់ចេតនារបស់​គម្រោងទាំងមូល។

 

សម្រាប់ CENTRAL យើងមាន​បំណ​ងបន្ត​ប្រមូលទិន្នន័យ FOA សម្រាប់ឧស្សាហកម្ម​កាត់ដេរ  BFC ផ​​លិត​ស្បែកជើង និង​សម្ភារធ្វើដំណើរក្នុង​កិច្ចសហការជាមួយ CATU និង C.CAWDU ដែលមាន​ផែនការ​សម្ភាស​ថ្នាក់ដឹកនាំសហជីព និងសកម្មជនមកពី​រោងចក្រជាច្រើន​ទៀត ហើយ​នៅពេល​ក្រោយ​មក នឹងរួម​បញ្ចូលនូវបញ្ហា​សំខាន់ៗដទៃទៀតមិន​មែន​ត្រឹមតែ FOA មួយមុខ​នោះទេ។ យើងខ្ញុំ​មាន​ទស្សនៈយល់ឃើញថា គម្រោងនេះស្ថិតនៅក្រោម​វត្ថុបំណងទូលំទូលាយរបស់​យើងក្នុងការ​ពិនិត្យ​តាមដានការរំលោភបំពាន​សិទ្ធិ​ការងារជាប្រព័ន្ធនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងមើលឃើញរបាយការណ៍នេះថាជាចំណុចចាប់​ផ្ដើម​សម្រាប់​កិច្ចសន្ទនាទូលំទូលាយ​ ដើម្បីបន្ត​លើកកម្ពស់យន្តការ​វាយតម្លៃភាព​អនុលោម​តាម​ច្បាប់សម្រាប់​ពេលខាងមុខផងដែរ។

អនុសាសន៍

 យើងបាន​លើកអនុសាសន៍ជាច្រើនជូនដល់​ BFC សម្រាប់​រយៈ​ពេលជាច្រើន​ឆ្នាំ​កន្លងមក ហើយ​អនុសាសន៍ជាច្រើន គឺ​ត្រួត​ស៊ីគ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក។​ ដោយឡែក អង្គការ​ Human Rights Watch ថ្មីៗនេះ បានដាក់ចេញ​សកម្មភាពទូលំទូលាយ​សម្រាប់​អ្នក​ពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឈានឆ្ពៅទៅកែលម្អការគោរព FOA ក្នុងប្រទេសកម្ពុជា​ក្នុងអត្ថបទ​បោះពុម្ពផ្សាយ​របស់​ខ្លួនកាលពីឆ្នាំ ២០២២ ដែល​មាន​ចំណងជើងថា Only “Instant Noodle” Unions Survive: Union Busting in Cambodia’s Garment and Tourism Sectors.[3]

 

នៅទីនេះ យើងបាន​បង្រួមចំណុចផ្ដោត​ការយកចិត្តទុកដាក់​របស់យើង ដើម្បីផ្ដោត​ទៅលើ​កម្រង​អនុសាសន៍មួយចំនួន​ដើម្បីពង្រឹង​ភាពអាច​ធ្វើ​សកម្មភាពបាន។ ដោយហេតុថា ការបោះពុម្ពផ្សាយ​នេះ មាន​មុខងារជាចម្បងជា​របាយការណ៍​ស្រមោលនៃ​ទិន្នន័យតម្លាភាព​របស់​ BFC ស្ដីពី FOA  ហេតុដូច្នេះ អនុសាសន៍​របស់​យើង​គឺផ្ដោត​ដោយចំពោះ​ទៅកាន់​អ្នកទាំងឡាយដែលអាចដោះស្រាយកង្វល់​ទាំងអស់នោះ​បាន ពោលគឺ៖ the ILO, the IFC, កម្មវិធីការងារ​កាន់​តែប្រសើរ ​កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា និយោជក និង​អ្នក​បញ្ជាទិញ។ យើងមាន​បំណង​ផ្ដល់​អនុសាសន៍​របស់​យើងទៅកាន់ស្ថាប័ន​រដ្ឋាភិបាល​ដោយផ្ទាល់​ដោយក្នុងនោះគឺរួម​មាន រាជរដ្ឋាភិបាលកម្ពុជា និង​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅក្នុង​របាយការណ៍ដាច់ដោយឡែកដែល​នឹងដាក់ជូន​នៅពេល​បន្ទាប់ទៀត ហើយ​នឹងផ្ដោត​ការយកចិត្ត​ទុកដាក់ដោយ​ផ្ទាល់បន្ថែម​ទៀត​លើ​ឧបសគ្គរារាំង​ផ្នែកច្បាប់ និងផ្នែក​ស្ថាប័នសម្រាប់​ FOA។

 

សម្រាប់​អង្គការ  ILO, the IFC, កម្មវិធីការងារកាន់តែប្រសើរ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា​៖

 

១. ដាក់របាយការណ៍​ភាព​អនុលោម​តាម​ច្បាប់ទម្រង់​ពេញដែល​មាន​ផ្ដល់​ជូន​សម្រាប់អ្នកបញ្ជាទិញជូនដល់សាធារណជន​ ជាពិសេស​កម្មករនិយោជិត និង​អ្នកតំណាង​របស់ខ្លួន ដើម្បីអាចទិញបាននៅក្រោម​គម្រោង​ការកំណត់​តម្លៃសមធម៌ និងលក្ខខណ្ឌការ​ទិញ​បែបសមធម៌​។ បើ​គិត​តាម​លក្ខណៈ​បច្ចេកទេសសាធារណជន រួមទាំង​កម្មករនិយោជិត និង​អ្នក​តំណាង​របស់ខ្លួន អាច​ទិញ​របាយការណ៍វាយតម្លៃ​​ភាព​អនុលោម​តាម​ច្បាប់​ទម្រង់​ពេញក្នុង​តម្លៃ ១៥០០ដុល្លារ​អាមេរិក ប្រសិនរោងចក្រ​ផ្ដល់សិទ្ធិ​ឱ្យ​ទិញ។ ថ្វីបើ​មាន​ជម្រើស​បែបនេះសម្រាប់​សហជីព​ឯករាជ្យ​ក្ដី ប៉ុន្តែ​អត្រា​តម្លៃនេះ គឺពុំ​មែនជាតម្លៃដែលអាចមានលទ្ធភាព​ទិញ​បានសម្រាប់​ទិន្នន័យដែល​សហជីពមើលឃើញ​ថា ពុំ​មាន​សុក្រឹតភាព/ពុំ​មានប្រសិទ្ធភាព​សម្រាប់​ការចរចា​នោះទេ។ ជា​លទ្ធផលយើង​ពុំ​បានដឹងថា មាន​សហជីពឯករាជ្យណាមួយដែល​ធ្លាប់ព្យាយាម​ទិញរបាយការណ៍ទម្រង់​ពេញ ហើយពុំ​អាច​រាយការណ៍ថាតើរោងចក្រនឹង​អនុញ្ញាតឱ្យ​ពួកគេទិញ ឬមិន​អនុញ្ញាត​នោះឡើយ។ យើងខ្ញុំ​សូម​បញ្ជាក់​ជាថ្មីឡើងវិញ​ថា សហជីព និង​កម្មករនិយោជិត​មានការ​ចាប់​អារម្មណ៍ចង់បាន​របាយការណ៍ទម្រង់​ពេញនេះ ព្រោះថារបាយការណ៍នេះអាចមាន​សារប្រយោជន៍សម្រាប់​ការដោះស្រាយវិវាទ ជួយធានាភាព​អនុលោម​តាមច្បាប់ និង​មាន​ប្រយោជន៍ក្នុងការចរចា​ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ​។​ ករណីតែមួយ​គត់ដែល​សហជីព និង​កម្មករនិយោជិត​អាចមាន​លទ្ធភាព​ទទួល​បានរបាយការណ៍ទម្រង់ពេញ គឺនៅពេលពួកគេចូលរួម​ក្នុងកម្មវិធី​ប្រឹក្សា​យោបល់​ស្ម័គ្រចិត្ត​ (PICC) ដែលជា​កម្មវិធីថ្មីមួយ ប៉ុន្តែជាកម្មវិធីដែលពោរពេញដោយ​កង្វល់​ស្ដីអំពីកង្វះសមធម៌។ ផ្ទុយទៅវិញ​តាមរយៈទីតាំងគេហទំព័រក្នុង​ប្រព័ន្ធរបាយការណ៍​ដាច់ដោយឡែក​ ម៉ាកយីហោអាចមាន​លទ្ធភាពទទួល​បានរបាយការណ៍​វាយតម្លៃទម្រង់​ពេញ​ស្ដីពីរោងចក្រដែល​ពួកគេទិញទំនិញភ្លាម​ៗនៅពេល​របាយការណ៍នោះត្រូវ​បានបញ្ចប់រួចរាល់ និងដាក់បង្ហោះ​ក្នុងគេហទំព័រ ហើយ​យោង​តាម BFC បាន​ឱ្យដឹងថាជាទូទៅ គឺរយៈពេលមួយ​ខែ​បន្ទាប់​ពីការវាយតម្លៃត្រូវបានធ្វើ​ឡើយ របាយការណ៍នោះនឹងត្រូវបានបញ្ចប់​ពេញលេញ រួចដាក់បង្ហោះនៅក្នុង​គេហទំព័រ​។ ដោយហេតុថា ​ម៉ាកយីហោអាច​មានលទ្ធភាព​ទិញ​របាយការណ៍នេះបាន​យ៉ាងងាយស្រួល​សម្រាប់រោងចក្រនៅមួយៗដែលខ្លួន​បញ្ជា​ទិញ​ទំនិញ កម្មករនិយោជិត និងសហជីព គួរតែមានសិទ្ធិ​ស្មើភាព​​ក្នុងការចូលទៅទិញរបាយការណ៍អំពីរោងចក្រដែលជួលសមាជិកសហជីព និង​កម្មករនិយោជិត​ឱ្យធ្វើ​ការ ដើម្បី​មាន​សិទ្ធិដឹង​ថាតើរបាយការណ៍នោះនិយាយដូចម្ដេចខ្លះអំពីលក្ខខណ្ឌការងារ​របស់ខ្លួន។ ការកំណត់​តម្លៃថ្លៃហួសលទ្ធភាព បូករួមជាមួយ​បទប្បញត្តិ​ទាមទារឱ្យរោងចក្រត្រូវ​​ផ្ដល់​ការ​អនុញ្ញាត​ជាមុន​ដើម្បីអាច​ទិញបាន​ ក្លាយជាបន្ទុក​មិន​សមហេតុផល​សម្រាប់​អ្នក​ពាក់ព័ន្ធ​ដែល​មាន​ភាព​ងាយរងគ្រោះបំផុតនេះ ដែលយើងខ្ញុំ​សូមលើកទឹកចិត្តជាខ្លាំង និងផ្ដល់អនុសាសន៍​ឱ្យ​លុបចោលនូវការ​តម្រូវ​បែបនេះ។

 

២. ដាក់បញ្ចូល​ចំណុច​បញ្ហាទាំង ៥២​ នៅក្នុង​របាយការណ៍សង្ខេបសម្រាប់​សាធារណជន​ជំនួស​ឱ្យ​ដាក់​តែចំណុច​បញ្ហាចាំបាច់ចំនួន ២១ ដូចនៅក្នុងការបើកបង្ហាញនាពេលបច្ចុប្បន្ន​។ ដាក់​ទិន្នន័យ​សម្រាប់ចំណុច​បញ្ហាភាពអនុលោម​តាម​ច្បាប់កម្រិតទាប​ដែលនៅសល់ចំនួន ៣១ ចំណុច​ទៀតឱ្យ​អាច​រក​បានជាសាធារណៈ ដើម្បី​ជួយលើកកម្ពស់​ភាព​អនុលោម​តាមច្បាប់ឱ្យបាន​ទូលំទូលាយជំនួសឱ្យ​ផ្ដោត​តែទៅលើចំណុចបញ្ហា​ចាំបាច់ចំនួន ២១ ចំណុច។​ ថ្វីបើ​ចំណុចទាំងនោះ​មិន​ពាក់ព័ន្ធខ្លាំងជាមួយ​សេរីភាពសហជីព​ដែលជាចំណុច​ផ្ដោត​ការយកចិត្ត​ទុកដាក់នៅក្នុងរបាយការណ៍​របស់យើង​នាពេលនេះក្ដី ប៉ុន្តែ​ការបើកបង្ហាញ​គ្រប់​ចំណុច​ទាំងអស់​នៅ​ក្នុងរបាយការណ៍ នឹងអាចជួយពង្រីក​ទំហំ​ទិន្នន័យដែល​មាន​សម្រាប់​កម្មករនិយោជិត​ដើម្បីយកទៅចរចា​អនុសញ្ញារួមដែលជា​សិទ្ធិជាមូលដ្ឋាន​របស់​សហជីព ការពារដោយ​អនុសញ្ញា ILO លេខ ៩៨។ យោងតាម​ BFC បាន​ឱ្យដឹងថា មាន​ការ​ពិភាក្សា​លើ​ចំណុចនេះជាច្រើនដង​មកហើយ ប៉ុន្តែការងារនេះ គឺត្រូវការការ​អនុម័ត​យល់ព្រមពី​គណៈកម្មាធិការ​ប្រឹក្សា​គម្រោង​ត្រីភាគី ដោយក្នុងនោះគឺមាន​​អ្នក​តំណាង​មកពីរាជរដ្ឋាភិបាល​កម្ពុជា (ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ) សហជីព និងរោងចក្រ​។

 

៣. ដាក់របាយការណ៍តម្លាភាព​ដែលចេញផ្សាយថ្មីៗសម្រាប់​គ្រប់រោងចក្រ​ទាំងអស់​ឱ្យមាន​ក្នុងរយៈពេលមួយ​ខែ​ក្រោយ​កាលបរិច្ឆេទ​ការវាយតម្លៃ ដោយមានប្រព័ន្ធផ្ដល់​សញ្ញាដែល​កម្មករនិយោជិត និង​សហជីពអាច subscribe បាន។ ដូចបាន​ពន្យល់​ហើយ​ថា កម្មករនិយោជិត និង​បុគ្គលិក​សហជីពមាន​ការងារ​ច្រើន ហើយដែល​ពុំ​មាន​ពេលទំនេរ​ចូលមកមើលគេហទំព័រតម្លាភាព​​រកមើលទិន្នន័យ​អំពីរោងចក្រ​របស់ខ្លួន ដែលជាដំណើរការនៃការឆែករកព័ត៌មាននេះជាការងារដ៏ធំសម្បើម​សម្រាប់​កម្មករនិយោជិតភាគច្រើនដែល​ពុំ​និយាយភាសា​អង់គ្លេស​ផងនោះ ហើយ​អ្នក​ខ្លះពុំ​ចេះ​អានភាសាខ្មែរគ្រប់គ្រាន់ និង​/ឬ​ពុំ​ស្គាល់របៀបប្រើប្រាស់​ការឆែករក​បាន​អ៊ីនធឺណិត និង​ឧបករណ៍​ឆែករកព័ត៌មាននោះ។

 

៤. បង្កើត​យន្តការ​បណ្ដឹងសារទុក្ខផ្លូវដែលដាក់ទៅកាន់​ BFC សម្រាប់ករណី​រំលោភបំពានភាព​អនុលោមតាមច្បាប់ ដោយ​រួម​ទាំងការរំលោភបំពាន FOA ព្រមទាំងផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹងជាសាធារណៈឱ្យបាន​ទូលំទូលាយ​អំពីយន្តការនេះ ដើម្បីឆ្លើយតបចំពោះបណ្ដឹង​ដែលបច្ចុប្បន្ន​ត្រូវដាក់ជូនតាមរយៈ​ប្រព័ន្ធ QRថ្វីបើ​សហជីព និង​កម្មករនិយោជិតអាច​ចូលទៅរករបាយការណ៍​ភាព​អនុលោម​តាមច្បាប់ដែល​ពាក់ព័ន្ធ​របស់ BFC ក្ដី ប្រសិនកម្មករ និង​សហជីពរកឃើញ​មាន​ភាព​មិន​ត្រឹមត្រូវ ឬ​កង្វះព័ត៌មាន​ណាមួយ បច្ចុប្បន្នពុំ​មាន​ដំណើរការងាយស្រួល​ណាមួយដើម្បី​ឱ្យ​ពួកគេអាចរាយការណ៍អំពីកង្វល់​ទាំងនោះ​បាន​ទេ។ បច្ចុប្បន្ន BFC បញ្ជាក់ថា ពួកគេមាន​ពេល​ដើម្បីគាំទ្រ​ដល់​សហជីព និងរោងចក្រជានិច្ចក្នុងករណីមាន​វិវាទ​ ប៉ុន្តែ​គេក៏​បាន​អះអាងថា តួនាទី​របស់ ILO ពុំមែន​ដើម្បី​ដោះស្រាយវិវាទ​បុគ្គលតាមរយៈ​ការស៊ើបអង្កេត ឬ​ដំណោះស្រាយ​លើបណ្ដឹង​សារទុក្ខ​របស់បុគ្គលនោះឡើយ។ ថ្វីបើ​មាន​វត្តមានអស់​ពេលជា ២០ ឆ្នាំមកហើយ ហើយ​ថ្វីបើ​បញ្ហានេះត្រូវបាន​លើកឡើង​ម្ដងហើយម្ដង​ទៀតនៅក្នុង​អនុសាសន៍​នា​ពេល​កន្លងមកក្ដី ប៉ុន្តែ​គួរជាទីភ្ញាក់ផ្អើលដែល BFC នៅពុំ​ទាន់​បានបង្កើតនីតិវិធី​ដើម្បីចាត់ចែង​បណ្ដឹង​ដែលទទួលបាន​ដោយ​ផ្ទាល់​ពីកម្មករនិយោជិត​នៅក្នុង​លក្ខណៈផ្លូវការជាង​ពេលបច្ចុប្បន្ននោះឡើយ។ ប្រព័ន្ធក្រៅផ្លូវការដែលត្រូវបានបង្កើត​ឡើង​    ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះ​សហជីព និង​សហព័ន្ធ​សហជីពអាច​ផ្ញើព័ត៌មាន​មកកាន់ BFC តាមរយៈ​ប្រព័ន្ធលេខកូដ QR គឺ​ត្រូវបានដៃគូ​របស់​យើង​ពិពណ៌នា​ថា ជាប្រព័ន្ធដែលឥតមាន​ប្រសិទ្ធភាព។ ម្យ៉ាង​ទៀត ប្រព័ន្ធនេះពុំ​ត្រូវបាន​ផ្សព្វផ្សាយឱ្យដឹងជាសាធារណៈទូលំទូលាយឡើយ ហើយ​ពុំ​មាន​យន្តការដែលគេអាចដាក់​ពាក្យដើម្បីសុំ​ព័ត៌មានបច្ចុប្បន្នភាព​លើបញ្ហាដែលខ្លួន​រាយការណ៍នោះឡើយ។ នៅពេល​មិន​មាន​យន្តការផ្លូវការដែលគេ​ស្គាល់ និងដឹងច្បាប់​យ៉ាងទូលំទូលាយដើម្បីអាច​ឱ្យ​កម្មករនិយោជិតរាយការណ៍ពីភាពមិន​ត្រឹមត្រូវបាន​ទេនោះ របាយការណ៍ភាពអនុលោមតាមច្បាប់ គឺពុំ​តំណាងឱ្យ​ផលប្រយោជន៍របស់​ប្រជាពលករកម្ពុជាដោយ​សមធម៌នោះឡើយ។​

 

៥. បោះ​ពុម្ពផ្សាយ​ការ​ពន្យល់ប្រកបដោយ​តម្លាភាព និង​ច្បាស់​លាស់ស្ដីពីវិធីសាស្ត្រដែលបានប្រើប្រាស់​ទាំងសម្រាប់​ការវាយតម្លៃទម្រង់​ពេញលេញ និង​ទិន្នន័យ​សង្ខេប។ តម្លាភាព​រឹងមាំនៅក្នុង​វិធីសាស្រ្ត​វាយតម្លៃ និងរាយការណ៍​របស់​ BFC ច្បាស់ជាអាចជួយលើកកម្ពស់ការយល់ដឹង​របស់អ្នក​ពាក់​ព័ន្ធ និងការយល់ដឹង​របស់សាធារណជនទូទៅ​អំពីដំណើរការ​នៃការ​ត្រួត​ពិនិត្យឱ្យបាន​កាន់​តែប្រសើរ​ថែមទៀត។ ឧបករណ៍ និងឯកសារណែនាំទាំងអស់​របស់កម្មវិធីការងារ​កាន់​តែប្រសើរ/ BFC ក៏គួរ​ដាក់ឱ្យអ្នកពាក់ព័ន្ធទាំងអស់​អាច​ចូលទៅរក​បាន​ផងដែរ។ ក្នុងនោះ​ក៏អាច​រួម​មានការ​ពន្យល់​ពេញលេញ​អំពីរបៀបនៃការ​ចម្រាញ់​ទិន្នន័យ​ដាក់ចូលទៅក្នុងរបាយការណ៍សាធារណៈ និង​ព័ត៌មានសាធារណៈពាក់ព័ន្ធជាមួយ​ការប្រមូលទិន្នន័យផងដែរ (ដូចជា​ចំនួន​កម្មករនិយោជិតដែលពិគ្រោះយោបល់ និង/ឬចំនួន​សហជីពដែលបានចូលរួម​ក្នុងការសម្ភាស)។​

 

៦. ចាត់វិធាន​ការប្រកបដោយគណនេយ្យភាព ដើម្បីធានាឱ្យបានថា មាន​ការ​ពិចារណា​យ៉ាងពេញលេញ និង​យកចិត្ត​ទុកដាក់ចំពោះ​ផលប្រយោជន៍​របស់​កម្មករនិយោជិតនៅក្នុងដំណើរការនៃការវាយតម្លៃ​ដោយនៅក្នុងនោះ​ គួរ​រួ​មមាន​ការចូលរួម​ដោយផ្ទាល់​កាន់​តែទូលំទូលាយ​ថែមទៀតជាមួយ​កម្មករនិយោជិត ​និងអ្នក​តំណាង​កម្មករនិយោជិត ជាពិសេសនៅក្នុងអំឡុង​ពេលការវាយតម្លៃ។ ចំណុចនេះ គួរ​រួមបញ្ចូលទាំងការធានាឱ្យមាន​អនាមិកភាពយ៉ាងពេញលេញចំពោះកម្មករនិយោជិតដែល​បានផ្ដល់​ការសម្ភាសនៅ​គ្រប់រោងចក្រដែល​ BFC បាន​ចុះទៅពិនិត្យ និងធានាឱ្យបានថា សហជីពទាំង​អស់​គឺមាន​តំណាងនៅក្នុងការវាយតម្លៃនីមួយ​ៗ។ បន្ថែមលើនេះ ករណី​ការរំលោភបំពាន FOA ដែល​បានដាក់ជូន​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏គួរត្រូវបាន​កត់​ត្រា​ទាំងនៅក្នុងការវាយតម្លៃទម្រង់​ពេញលេញរបស់ BFC ក៏ដូចជានៅក្នុង​របាយការណ៍សាធារណៈ។ ការដាក់​ពាក្យ​បណ្ដឹង​អំពី​ការរំលោភបំពាន FOA ពុំ​បានបង្ហាញ​នៅក្នុងរបាយការណ៍​ទេនាពេលបច្ចុប្បន្ន នេះគឺអាចបណ្ដាលមកពីអ្នក​វាយតម្លៃ​សហគ្រាស​របស់ BFC ពុំ​បាននិយាយជាមួយ​សហជីព​ឯករាជ្យនៅក្នុង​ពេលចុះ​ទៅពិនិត្យ​រោងចក្រ។ សហជីព “ពណ៌លឿង” ដែលពួកគេសម្ភាស នឹងធានាប្រាប់​មន្រ្តី BFC ថាអ្វីៗ​គ្រប់យ៉ាង គឺសុទ្ធតែ​ល្អនៅក្នុង​រោងចក្រ​ ដោយហេតុថាពួកគេធ្វើ​ការ​ប្រកៀកស្មាជាដៃគូជាមួយ​ថ្នាក់គ្រប់គ្រង​រោងចក្រ។ ថ្វីបើ​កម្មករនិយោជិត​ត្រូវបានជ្រើសរើសចោះៗដោយ​អ្នក​វាយតម្លៃ​សហគ្រាសរបស់ BFC ​ក្ដី តាមធម្មតា​ការវាយតម្លៃគឺធ្វើ​ឡើងនៅក្នុងម៉ោង​ការងារដោយពុំ​មានរក្សា​ឯកជនភាពសម្រាប់​អ្នក​ផ្ដល់​ការសម្ភាសឡើយ ដែលជាហេតុអាចធ្វើឱ្យការឆ្លើយតប​របស់​ពួកគាត់​មាន​ភាព​លម្អៀង។ ក្នុងករណីមួយចំនួន រោងចក្រ​ផ្ទាល់ក៏ជួយជ្រើសរើស​កម្មករនិយោជិតសម្រាប់​ការសម្ភាស​ផងដែរ។

 

៧. ធ្វើ​ឱ្យមាន​សកម្មភាពខ្លាំងក្លា និងមាន​ការសម្រេចចិត្ត​ខ្ពស់នៅពេល​ក្រុម​ហ៊ុន​បំពានច្បាប់ FOA ។ កម្មករនិយោជិត និង​អ្នក​តំណាង​កម្មករនិយោជិតគួរ​បាន​ទទួល​ការជូនដំណឹង​អំពីការរំលោភបំពាន ហើយ​ BFC គួរ​បាន​ទទួល​ការបំពាក់​បរិក្ខារដើម្បីបម្រើតួនាទីជា​ប្រភពអាច​ផ្ទៀង​ផ្ទាត់​បាន​សម្រាប់កម្មករនិយោជិត។ យើង​តស៊ូមតិ​ឱ្យមានយុទ្ធសាស្រ្ត​ដែល​មាន​ការសម្របសម្រួល​គ្នា​ ដែលត្រូវបាន​គាំទ្រ​យ៉ាង​ពេញលេញ​ដោយ​រដ្ឋាភិបាល​ម្ចាស់​ជំនួយរបស់​កម្មវិធី​ការងារ​កាន់​តែប្រសើរ​ ដើម្បីពង្រឹង​កម្លាំងប្រសិទ្ធភាព​កម្មវិធី​ក្នុងប្រទេសក្នុងការកាត់បន្ថយការ​បំបាត់​សហជីពដែលកើត​មាន​យ៉ាងសាយភាយ​ក្នុងប្រទេស​នាពេលបច្ចុប្បន្ន។ យើងជំរុញ​ឱ្យមាន​អន្តរាគមន៍​កម្រិត​ខ្ពស់ដើម្បីបំបាត់​ចោល​ឧបសគ្គរារាំងផ្នែកស្ថាប័ន​ ផ្នែករចនាសម្ព័ន្ធ​ ផ្នែកនយោបាយ និងនៅក្នុង​ទស្សនៈយល់ឃើញ ឬ​ការលំបាក​ផ្សេងៗទាំងអស់​នេះ ដើម្បីផ្ដល់​អាទិភាព​ដល់សិទ្ធិ និង​សុខុមាលភាព​របស់​កម្មករនិយោជិត​នៅក្នុង​ក្របខ័ណ្ឌការងាររបស់​កម្មវិធី​ការងារកាន់​តែប្រសើរ។ នៅចុង​បញ្ចប់​នេះ ជាការសំខាន់​ខ្វះ​មិន​បានដែល​ BFC ត្រូវពង្រឹង​កម្លាំង​ការសន្ទនា​របស់ខ្លួនជាមួយ​សហជីពឯករាជ្យ ​និង​អង្គការសិទ្ធិកម្មករនិយោជិតស្ដីអំពីអ្វីដែល​ពួកគេ​ត្រូវការ ដើម្បី​សម្របសម្រួល​ឱ្យមាន​ការសហការកាន់​តែជិតស្និទ្ធ​ថែមទៀតឈានទៅដោះស្រាយ​កង្វល់​ស្ដីពីសិទ្ធិ​របស់​កម្មករនិយោជិតឱ្យបាន​ពេញលេញ។ ប្រសិនអាចសម្រេចបាន​ការងារ​គួបកម្លាំង​គ្នានេះ គឺចាំបាច់ត្រូវមាន​ការងារ​អនុវត្តផ្ទាល់​​បន្ថែម​ទៀត​ពីសំណាក់​ការិយាល័យកណ្ដាលរបស់​កម្មវិធី​ការងារ​កាន់​តែប្រសើរ ឬអន្តរាគមន៍​ថ្មីៗដទៃទៀត យើងខ្ញុំ​ស្នើឱ្យកម្មវិធី​ការងារ​កាន់​តែប្រសើរត្រូវ​ងើបឈរឡើង​ដើម្បីជម្នះបញ្ហាប្រឈមនេះ។

 

 

សម្រាប់​និយោជក​៖

 

៨. ប្រសិនអាចធ្វើ​បាន​ ត្រូវ​ដកថ្នាក់ដឹកនាំ​សហជីពជាប់​ឆ្នោត ស្ថាបនិកសហជីព និង​សកម្មជន​សហជីពចេញពីការបណ្ដេញ​ចេញទ្រង់ទ្រាយធំ ឬ​ការបញ្ឈប់​ការងារ។ សូម្បី​តែ​នៅពេល​មាន​ភាព​ចាំបាច់ផ្នែកហិរញ្ញវត្ថុក្នុងការ​ព្យួរការងារ ឬ​បញ្ឈប់ការងារកម្មករនិយោជិត​ក្ដី ប៉ុន្តែ​គួរ​រក្សា​មន្រ្តីសហជីពដើម្បីគោរពទៅតាម​សិទ្ធិ​សេរីភាព​សហជីព ដើម្បី​អាចឱ្យ​ពួកគេ​បន្ត​ការពារសិទ្ធិរបស់​កម្មករនិយោជិតនៅសេសសល់​ក្នុង​រោងចក្រ។ នៅក្នុង​ពេលដែល​វិបត្តិ​សេដ្ឋកិច្ចពិតជា​គំរាម​កំហែងដល់​អាជីវកម្ម ហើយនៅទីបំផុតក៏គំរាម​កំហែងដល់ជីវភាព​រស់នៅ​របស់​ទាំងអស់គ្នា ប៉ុន្តែចាំបាច់​ត្រូវ​តែបន្ត​គោរព​សិទ្ធិសហជីព ទោះបីក្នុង​ពេល​មាន​ភាព​មិន​ច្បាស់​លាស់ផ្នែកហិរញ្ញវត្ថុ​ក្ដី។

 

សម្រាប់​អ្នក​បញ្ជាទិញ​អន្តរជាតិ និង​ម៉ាកយីហោ៖

 

៩. ដាក់​ឱ្យមាន​ការចូលរួម​របស់​កម្មវិធីការងារ​កាន់​តែប្រសើរ​របស់​ ILO នៅក្នុង​គ្រប់​បណ្ដា​ប្រទេសផ្គត់​ផ្គង់ទំនិញ​ទាំងអស់​ដើម្បីជួយលើកកម្ពស់បរិយាបន្ន​កម្មករនិយោជិត​ និង​អ្នក​តំណាង​របស់​កម្មករនិយោជិត​នៅក្នុងដំណើរការវាយតម្លៃដើម្បីធានាឱ្យមាន​ការ​អនុវត្ត​តាមនីតិវិធីត្រួត​ពិនិត្យ​ត្រឹមត្រូវ។ មាន​ភស្តុ​តាង​គ្រប់គ្រាន់ដើម្បីចង្អុលបង្ហាញ​ឱ្យឃើញថា ការវាយតម្លៃ​របស់  BFC គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយពុំ​មានបរិយាបន្ន​សហជីពឯករាជ្យឱ្យបានពេញលេញ​ក្នុង​រោងចក្រ​នីមួយៗ។ កម្មករនិយោជិត និង​អ្នកតំណាង​របស់​ខ្លួន ជាពិសេសអ្នកតំណាង​មកពីសហជីពឯករាជ្យ គួរ​ត្រូវបានធានាឱ្យមានសំឡេងនៅក្នុង​គ្រប់ទិដ្ឋភាពទាំងអស់នៃសកម្មភាពរបស់ BFC​​ ដែលគួរ​ត្រូវបាន​ធានាតាមរយៈដំណើរការត្រួត​ពិនិត្យ​ភាព​ត្រឹមត្រូវរបស់​ម៉ាកយីហោ។ ទិដ្ឋភាព​បច្ចុប្បន្ន​នៃបរិយាបន្នសហជីពពណ៌លឿង អាច​រារាំងដល់សហជីពឯករាជ្យមិន​ឱ្យ​អាចសហការបាន​ពេញលេញ ហើយ​គួរប្រឆាំង​ទង្វើនេះតាមរយៈវិធានការការពារដើម្បីធានាឱ្យបានថា កម្មករនិយោជិត និងតំណាង​របស់ខ្លួនបាន​ទទួល​ការចូលរួម​ប្រកបដោយ​សមធម៌នៅក្នុង​ដំណើរការវាយតម្លៃភាព​អនុលោម​តាម​ច្បាប់។

 

១០. ធានាឱ្យមាន​យន្តការ​បណ្ដឹងសារទុក្ខដែល​មានប្រតិបត្តិការ​ល្អនៅក្នុងសង្វាក់​ការផ្គត់ផ្គង់​របស់ខ្លួន​ទាំងមូលដើម្បីធានាថាសេរីភាព​សហជីពត្រូវបានគោរព​នៅ​កម្រិត​រោងចក្រ ក៏ដូចជានៅក្នុងបរិបទនៃប្រទេស​ប្រតិបត្តិការ។ ម៉ាកយីហោត្រូវ​ទទួលខុសត្រូវ ធានាឱ្យមានការត្រួត​ពិនិត្យជាប្រចាំ និង​ត្រូវ​កែសម្រួលនីតិវិធី​ត្រួត​ពិនិត្យ​ភាព​ត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស​របស់ខ្លួន ឆ្លើយតបជាមួយ​ការវិវត្តនៃប្រតិបត្តិការរបស់ខ្លួន និងបរិបទ។ ម្យ៉ាង​ទៀត ម៉ាកយីហោ និង​អ្នក​បញ្ជាទិញក៏មានកាតព្វកិច្ចត្រូវបង្កើត ឬ​ចូលរួម​ប្រកបដោយអត្ថន័យ​ក្នុងយន្តការបណ្ដឹងសារទុក្ខនៅ​កម្រិត​ប្រតិបត្តិការដើម្បីឆ្លើយតបជាមួយកង្វល់​របស់​បុគ្គល​ និង​សហគមន៍។ យន្តការទាំងនេះ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់​អំពីការរំលោភបំពានសិទ្ធិមនុស្សជាសក្ដានុពលដែល​មាន​ក្នុងដំណើរការត្រួត​ពិនិត្យ​ភាព​ត្រឹមត្រូវទាំងមូល។ អនុលោមតាម​គោលការណ៍​មគ្គុទ្ទេសក៍​អង្គការសហប្រជាជាតិ យន្តការបណ្ដឹងសារទុក្ខដែលមានប្រតិបត្តិការ​ទាំងនេះ គួរប្រកាន់ខ្ជាប់​ស្ដង់ដារនីត្យានុកូលភាព លទ្ធភាព​អាច​ទទួល​យក​បាន ភាព​អាចព្យាករទុកជាមុន ភាព​ត្រឹមត្រូវ​យុត្តិធម៌ តម្លាភាព ភាពស្របគ្នាជាមួយ​សិទ្ធិមនុស្ស និងការពង្រឹងជាបន្ត​បន្ទាប់។ ការ​អភិវឌ្ឍ និងប្រសិទ្ធភាពរបស់ពួកគេ​ គួរ​ត្រូវបាន​កែសម្រួល​យោងទៅតាមការចូលរួម​យ៉ាង​សកម្ម និង​ការប្រាស្រ័យ​ទាក់ទងជាមួយ​អ្នកពាក់ព័ន្ធទាំងអស់​។

 

១១. ត្រូវឱ្យសង្វាក់ផ្គត់ផ្គង់​របស់​ខ្លួន​មាន​គណនេយ្យភាព​អនុលោម​តាមស្ដង់ដាសិទ្ធិមនុស្ស​អន្តរជាតិ និង​ស្ដង់ដាសិទ្ធិ​ការងារ រួមទាំងអនុសញ្ញា ILO សំខាន់ៗ​ដែល​ប្រទេសកម្ពុជា​បាន​ផ្ដល់​សច្ចាប័ន ដោយ​ប្រើប្រាស់​អំណាចនៃការ​ទិញ​របស់ខ្លួន ដើម្បីការពារ​កម្មករនិយោជិតនៅក្នុងសង្វាក់​ការផ្គត់​ផ្គង់។ ម៉ាកយីហោដែល​មានប្រតិបត្តិការនៅកម្រិត​អន្តរជាតិ គួរ​ធានាយ៉ាងណាឱ្យ​អ្នកផ្គត់​ផ្គង់​របស់ខ្លួន​ត្រូវមាន​គណនេយ្យភាពអនុលោម​តាម​ស្ដង់ដាខ្ពស់​បំផុតដែលអាចធ្វើ​បាន​ ដោយក្នុង​នោះ​រួម​មានការធានាឱ្យមានយ៉ាងណា​ឱ្យដំណើរការ​របស់ ILO BFC ​ត្រូវបន្ស៊ីជាមួយគោលដៅជាចេតនារបស់ខ្លួន។ ក្នុងនោះ​គឺ​រួម​មាន​ការធានានូវការគោរពអនុសញ្ញាស្ដីពីសិទ្ធិ​​សហជីព​ និងសិទ្ធិចងក្រង​របស់ ILO ឆ្នាំ ១៩៤៨ (លេខ ៨៧) និងអនុសញ្ញា​ស្ដីពីសិទ្ធិចងក្រង និង​អនុសញ្ញារួម ឆ្នាំ ១៩៤៩ (លេខ ៩៨) ដែលអនុសញ្ញា​ទាំងពីរនេះ កម្ពុជាបាន​ផ្ដល់សច្ចាប័ន និង​បាន​ចូលជាធរមាន​រួចហើយ។ ជំនួសមកវិញ ម៉ាកយីហោជារឿយៗ​តែងទិញពីបណ្ដា​រោងចក្រដែល​មានប្រតិបត្តិការទាម​ជាង​ស្ដង់ដាតាមរយៈ​ការយោងទៅតាម​ច្បាប់​ក្នុងស្រុក និងសេចក្ដី​សម្រេចតាមផ្លូវច្បាប់នៅក្នុងប្រទេសផលិត​ក្រោម​ការបំភាន់ស្ដីពី “ការគោរព​នីតិរដ្ឋ” ឬ​តាមរយៈ​ការដកស្រង់ទិន្នន័យ​របស់ BFC ដែលកម្មករនិយោជិត​ជាច្រើន​តែង​តែជំទាស់អំពីសុក្រឹតភាពនៃទិន្នន័យទាំងនោះ។ ម៉ាកយីហោចាំបាច់ត្រូវ​ទទួល​ស្គាល់ថា ដើម្បីក្លាយជាអ្នក​បញ្ជាទិញប្រកបដោយសីលធម៌ ពួកគេចាំបាច់ត្រូវ​ធ្វើ​ការងារ​បន្ថែម​ទៀតនៅក្នុងការគោរពសិទ្ធិ​កម្មករនិយោជិតនៅ​តាម​បណ្ដារោងចក្រ​ដែលខ្លួនបញ្ជាទិញ ពោលគឺ​ត្រូវ​ហួសពីអ្វីដែល​បាន​សម្រេច ឬ​មាន​កំណត់​នៅក្នុងប្រព័ន្ធយុត្តិធម៌ដេល​គេដឹងថាមាន​ភាព​ពុករលួយ ដោយក្នុងនោះនីតិរដ្ឋ​មាន​កេរ្តិ៍ដ៏អសោចដោយ​សារ​តែ​មាន​ភាពទន់ខ្សោយ។ បន្ថែមលើនេះ ក្នុងនាមជាអតិថិជនដែល​បង់ប្រាក់ ម៉ាកយីហោចាំបាច់ត្រូវឱ្យ BFC មាន​គណនេយ្យភាពធ្វើយ៉ាងណាឱ្យមាន​ការវាយតម្លៃដ៏រឹងមាំដែលកំណត់​អំពីការរំលោភបំពានសេរីភាព​សហជីពយ៉ាង​សុក្រឹត ហើយ​ផ្ដល់លទ្ធភាព​ឱ្យ​ពួកគេអាចផ្ដល់សំណង។

 

ទាញយករបាយការណ៍៖

របាយការណ៍សង្ខេបស្តីពី ឧបសគ្គរារាំង​ភាពជាតំណាង​៖ សេរីភាព​សហជីពក្នុងប្រទេសកម្ពុជា​

Barriers to Representation_ Freedom of Association in Cambodia

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...