ពលរដ្ឋខ្មែរជាប់នៅប្រទេសម៉ាឡេស៊ីជាង ២រយនាក់ បានទៅដល់ប្រទេសកម្ពុជាវិញហើយនៅល្ងាចថ្ងៃទី១៦ មិថុនា
ពលរដ្ឋ និងនិស្សិត រួមទាំងអ្នកដំណើរផ្សេងទៀតជាង ២រយនាក់ ដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៊ីប្រមាណជិត៤ខែ បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី១៦ មិថុនា។ ពួកគាត់បានបង្ហាញក្ដីរីករាយ ដែលបានជួបជុំគ្រួសារវិញ។ អ្នកទាំងនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមេសា ប្រកាសផ្អាកជើងយន្តហោះពីប្រទេសម៉ាឡេស៊ីភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ពលរដ្ឋ និងនិស្សិត រួមទាំងអ្នកដំណើរផ្សេងទៀតដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៊ីសរុបជាង២រយនាក់ ត្រូវអាជ្ញាធរកម្ពុជាតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ១៩ មុននឹងបន្តដំណើរទៅជួបជុំគ្រួសារវិញ។
ហ៊្វេសបុកស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី បង្ហោះផ្សព្វផ្សាយថា លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានទៅជូនដំណើរប្រជាពលរដ្ឋចំនួន ២១២នាក់ វិលត្រឡប់ទៅកម្ពុជាវិញនៅល្ងាចថ្ងៃទី១៦ ខែមិថុនា តាមជើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់ទេថា ក្នុងចំណោមនេះ មានពលករ និងនិស្សិតដែលជាប់គាំងប៉ុន្មាននាក់ទេ។ យ៉ាងណាក៏ដោយ និស្សិតដែលជាប់គាំងនៅម៉ាឡេស៊ីឲ្យអាស៊ីសេរីដឹងនៅមុនចេញដំណើរបន្តិចថា ក្នុងចំណោមពួកគាត់ ១៤៣នាក់ មាន ១១៥នាក់ បានរៀបចំនីតិវិធីចេញមកជាមួយគ្នា។
ពលករមកពីប្រទេសម៉ាឡេស៊ី លោកស្រី ម៉ាត់ តោះរី ដែលមានផ្ទៃពោះ៨ខែផង ឲ្យដឹងថា លោកស្រីសប្បាយរកអ្វីថ្លែងពុំបានឡើយដែលលោកស្រីអាចបានទៅដល់កម្ពុជាវិញ លោកស្រីសង្ឃឹមថានឹងបានជួបកូនៗ ទាំង ៤នាក់របស់លោកស្រីនៅឯស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំឆាប់ៗ៖ «គ្មានអ្វីប្រៀបទេបានទៅស្រុកខ្មែរវិញ ត្រេកអរមែន ដេកអត់លក់ទេ គេថាទៅថ្ងៃ១៦ហ្នឹង រង់ចាំថ្ងៃហ្នឹងហើយ ដេកអត់មែនអង្គុយចាំតែរាប់ថ្ងៃ។ នៅស្រុកខ្មែរហ្នឹងស្រួលដែរបើអត់មានការងារអីទៅដកពោតអីមួយថ្ងៃ១ម៉ឺន ទៅ១ម៉ឺន៥ពាន់ដែរ ចិញ្ចឹមកូនទៅ»។
ពលរដ្ឋខ្មែរដែលជាប់គាំងនៅក្នុងប្រទេសម៉ាឡេស៊ីទាំងនេះ ត្រូវបានក្រសួងសុខាភិបាលតម្រូវឲ្យធ្វើតេស្តសុខភាព ដើម្បីរកជំងឺកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅក្នុងរាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ជាការទប់ស្កាត់កុំឲ្យនាំចូលជំងឺកូវីដ-១៩ ពីប្រទេសម៉ាឡេស៊ី ចូលទៅកម្ពុជា។
ថ្វីបើបានទៅដល់ប្រទេសកំណើត ពលករមកពីម៉ាឡេស៊ីម្នាក់ទៀតគឺលោកស្រី ស៊ាង សំអូន ថ្លែងថា ក្ដីអំណរនិងទុក្ខលំបាកមានដំណាលគ្នា។ លោកស្រីព្រួយបារម្ភថា ពេលជាប់គាំងនៅប្រទេសម៉ាឡេស៊ីរយៈពេល ៤ខែ តាំងពីរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅប្រទេសម៉ាឡេស៊ីពួកគាត់គ្មានការងារធ្វើគ្មានប្រាក់ដោះបំណុលធនាគារនៅស្រុកខ្មែរ និងបង្កឲ្យជំពាក់លុយម្ចាស់ផ្ទះជួលនៅប្រទេសម៉ាឡេស៊ីថែមទៀត៖ «ដល់ផ្ទះហ្នឹងពិបាកចិត្តទៀតធនាគារ ៤ខែហើយមិនបានបង់ឲ្យគេ ថាធ្វើការបានលុយបង់ ដល់មកដល់បាន ៣ថ្ងៃគេបិទ បើគាត់ឲ្យខ្ញុំទៅតាំងពីយូរខ្ញុំបានទៅផ្ទះបាត់ ខ្ញុំមិនបានជំពាក់គេផ្ទះគេនៅនេះទេ។មានតែខ្ញុំសំណាងគេមិនដេញចេញ ៣ខែហើយមានលុយឲ្យតែ ១ខែ ចេះតែឲ្យយើងនៅដែរ មិត្តភ័ក្ដិអីគេដេញចេញអស់ហើយ ដល់ពេលម្ចាស់ផ្ទះមកនាំគ្នារត់ទៅនេះទៅនោះ យប់មកជុំគ្នាវិញ»។
ពលរដ្ឋ និងនិស្សិត រួមទាំងអ្នកដំណើរផ្សេងទៀត ជិត ១៥០នាក់ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាកជើងយន្តហោះពីប្រទេសម៉ាឡេស៊ីភ្លាមៗ កាលពីថ្ងៃទី៧ ខែមេសា ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ-១៩ ខណៈអ្នកធ្វើដំណើរទាំងនោះកំពុងត្រៀមឡើងយន្តហោះទៅហើយ។ ការផ្អាកនេះបានធ្វើឲ្យពួកគេស្រែកទ្រហោយំ ព្រោះបានចំណាយលុយទិញសំបុត្រយន្តហោះ បូករួមទាំងថ្លៃធ្វើដំណើរពីកន្លែងស្នាក់ក្នុងតំបន់ឆ្ងាយៗ ទៅវាលយន្តហោះជាដើម។
បន្ទាប់មក នៅថ្ងៃទី២៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរចិត្តអនុញ្ញាតឱ្យពលករជាងពីររយនាក់ (២០០នាក់) ដែលក្នុងនោះក៏មានអ្នកទោសចំនួន ៧៣នាក់ផង ដែរអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបាន និងតម្រូវឱ្យខាងអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តសុខភាព រកជំងឺកូវីដ-១៩ ជាមុនសិន។ ប៉ុន្តែបានពន្យារពេលមកដល់ពេលនេះប្រមាណជិត៤ខែ ទើបស្ថានទូតខ្មែរ សហការជាមួយក្រុមហ៊ុនហោះហើរម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airline) ដែលបញ្ជូនពួកគាត់តាមជើងហោះហើរដំបូងចូលទៅកម្ពុជា បន្ទាប់ពីបានបិទក្នុងពេលឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ការរង់ចាំនេះ ធ្វើឲ្យពួកគាត់ត្អូញត្អែរថា ជួបការលំបាកខ្លាំងក្នុងជីវភាព ដូចជាអ្នកខ្លះគ្មានកន្លែងស្នាក់នៅ និងគ្មានលុយទិញអាហារហូបចុកជាដើម។
មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ចូលរួមអបអរសាទរចំពោះដំណឹងមកដល់កម្ពុជានេះ។ ប៉ុន្តែលោកក៏សំណូមពរឲ្យរដ្ឋាភិបាល គួរមានផែនការច្បាស់លាស់បន្ថែមទៀត តាមរយៈស្ថានទូត និងស្ថានកុងសុល សម្របសម្រួលនិងឆ្លើយតបតម្រូវការចាំបាច់ដល់អ្នកគ្មានការងារធ្វើហើយចង់វិលត្រឡប់មកវិញដែរ ដោយបន្តរស់នៅប្រទេសម៉ាឡេស៊ី ព្រោះតែគ្មានលទ្ធភាពធ្វើដំណើរ និងខ្វះខាតជីវភាពខ្លាំង៕
ប្រភព៖ RFA
This post is also available in: អង់គ្លេស