សេចក្តីថ្លែងការណ៍រួម៖ ក្រុមសង្គមស៊ីវិលស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាករណ៍អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ
រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
យើងខ្ញុំជាក្រុមសង្គមស៊ីវិលដូចមានរាយឈ្មោះនៅខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលប្រកាសឱ្យប្រើ កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈនេះ និងស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាកណ៍អនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ។ នៅពេលដែលត្រូវបានអាជ្ញាធរដ្ឋអនុវត្ត អនុក្រឹត្យនេះ នឹងរឹតត្បិតទៅលើសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ សិទិ្ធក្នុងការទទួលបានព័ត៌មាន សិទិ្ធលើឯកជនភាព ភាពប្រកួតប្រជែងនៃក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា ដែលនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។
មាត្រាមួយចំនួននៃអនុក្រឹត្យខាងលើ ជាពិសេសមាត្រា៦ មាត្រា១២ មាត្រា១៣ និងមាត្រា១៤ មានខ្លឹមសារទូលំទូលាយ និងមិនសូវច្បាស់លាស់ និងមានលក្ខណៈរឹតត្បិតយ៉ាងខ្លាំងដល់សិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិត និងភាពប្រកួតប្រជែងនៃប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ។
ជាក់ស្តែងមាត្រា៦ និងមាត្រា ១២ នៃអនុក្រឹត្យនេះបានដាក់កំហិតតួនាទីដល់ប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិ ឱ្យសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងការចាត់វិធានការទប់ស្កាត់ និងកាត់ផ្តាច់ចោលរាល់ការតភ្ជាប់បណ្តាញទាំងឡាយដែលប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់សង្គម។ អត្ថន័យនៃមាត្រានេះ មានលក្ខណៈទូលាយ និងស្រពិចស្រពិល ដែលអាចត្រូវបានអាជ្ញាធររដ្ឋបកស្រាយ និងអនុវត្តទៅលើ សកម្មជនសិទិ្ធមនុស្ស ពលរដ្ឋសហគមន៍មូលដ្ឋាន ឬ ពលរដ្ឋ ឬក្រុមមនុស្សទាំងឡាយណាដែលបញ្ចេញមតិរិះគន់រាជរដ្ឋាភិបាលតាមបណ្តាញអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គម ដោយចាត់ទុកថាសកម្មភាពរិះគន់ទាំងនោះ “ប៉ះពាល់ដល់របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់សង្គម” ។
ក្រៅពីនេះ ខ្លឹមសារដ៏ទូលំទូលាយនៅក្នុងមាត្រានេះ ក៏នឹងផ្តល់អំណាចឱ្យអាជ្ញាធរមានសមត្ថកិច្ចងាយស្រួលក្នុងការចាត់វិធានការរឹតត្បិតលើការទទួលបានព័ត៌មាននៅលើបណ្តាញអ៊ីនធឺណិត ឬបិទគេហទំព័រ ឬបណ្តាញសង្គមណា ដែលអាជ្ញាធររដ្ឋយល់ថាមានគំនិតផ្ទុយ ឬរិះគន់រាជរដ្ឋាភិបាល ទោះជាគេហទំព័រ ឬបណ្តាញសង្គមទាំងនោះ បានផ្តល់ព័ត៌មានដែលសាធារណៈមតិយល់ថាជាព័ត៌មានឯករាជ្យក៏ដោយ ។ វិធានការតាមរយៈអនុក្រឹត្យនេះ អាចនឹងរំលោភទៅលើសិទិ្ធក្នុងការទទួលបានព័ត៌មាន ដែលរាជរដ្ឋាភិបាលធ្លាប់បានបង្ហាញឆន្ទៈថានឹងគោរពតាមរយៈសេចក្តីព្រោងច្បាប់ស្តីពីការទទួលបានព័ត៌មាន និងវេទិកាពិគ្រោះយោបល់ជាច្រើនលើកច្រើនសារទៅលើសេចក្តីព្រាងច្បាប់នោះកន្លងមកហើយ ។
លើសពីនេះ មាត្រា១៤ បានតម្រូវឱ្យប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិរក្សាទុកកំណត់ត្រាបច្ចេកទេស និងតារាងបែងចែកការផ្ដល់អាសយដ្ឋានអាយភីនិងការកំណត់ផ្លូវនៃត្រាហ្វ៊ិកឆ្លងកាត់នៅច្រកទ្វារអ៊ីនធឺណិតជាតិសម្រាប់រយៈពេល១២ខែ ។ នេះមានន័យថា ប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិអាចដឹងអំពីសកម្មភាពរបស់មនុស្សគ្រប់គ្នា ដែលប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា រួមទាំងប្រវត្តិព័ត៌មានដែលពួកគេស្វែងរក ហើយនិងគេហទំព័រដែលមិនមានកូដនីយកម្ម (unencrypted search history) ដែលពួកគេចូលមើល រហូតដល់មួយឆ្នាំពេញ ។ ការរក្សាទុករយៈពេលយូរហួសហេតុនេះ នឹងរំលោភទៅលើសិទិ្ធលើឯកជនភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គមនៅកម្ពុជា ។
ជាមួយគ្នានេះដែរ យើងបានពិនិត្យឃើញថាការបង្កើតអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិនឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច ជាពិសេសលើភាពប្រកួតប្រជែងតាមប្រព័ន្ធអេឡិចត្រូនិកដែលកំពុងរីកចម្រើននៅកម្ពុជា ។ ការឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិតែមួយពីគ្រប់ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងអស់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនពីគ្រប់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ដល់ប្រជាពលរដ្ឋកម្ពុជា ។
លើសពីនេះទៅទៀត ការបង្កើតច្រកទ្វារតែមួយបែបនេះ ក៏អាចបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់រវាងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតផងដែរ ។ ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ ត្រូវបានគេជឿជាក់ថា អាចផ្តល់សិទិ្ធអំណាចដល់អាជ្ញាធររដ្ឋក្នុងការអន្តរាគមន៍ទៅលើប្រតិបត្តិការនៃការផ្តល់សេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុនអ៊ីនធឺណិតឯកជន ដោយអាចបង្កភាពងាយស្រួល ឬអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតណាមួយដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋ និងអ្នកមានអំណាច ផ្តល់នូវសេវាអ៊ីនធឺណិតល្បឿនលឿនជាងក្រុមហ៊ុនសេវាអ៊ីនធឺណិតដទៃទៀត ។
យើងបារម្ភថាអនុក្រឹត្យនេះនឹងក្លាយជាឧបសគ្គដល់ក្រុមហ៊ុនបច្ចេកវិទ្យានិងបង្កើតភាពមិនប្រាកដប្រជាដែលអាចបណ្តាលឱ្យអ្នកវិនិយោគទុនចាកចេញពីទីផ្សារបច្ចេកវិទ្យានៅកម្ពុជា ។ បន្ថែមលើនេះ ប្រសិនបើក្រុមហ៊ុនឯកជនត្រូវបានបង្ខំឱ្យចាកចេញមែន នោះបន្ទុកនៃការបង់ថ្លៃលើសេវានៃការប្រើប្រាស់អ៊ីនធឺណិតនឹងកើនឡើង នឹងធ្លាក់មកលើប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ហើយគុណភាពនៃសេវាអ៊ីនធឺណិតនឹងធ្លាក់ចុះ ។ យើងខ្ញុំទទូចឱ្យរាជរដ្ឋាភិបាលនិរាកណ៍អនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ដើម្បីធានាថា សេរីភាពមូលដ្ឋាន និងធានាប្រសិទ្ធភាពនៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ និងបានជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ នឹងត្រូវបានគោរពដោយស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ៕
ស្ថាប័នដែលបានចូលរួមមាន៖
- សហគមន៍ដីធ្លី ១៩៧ (កោះកុង(
- សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
- សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- សហគមន៍បឹងប្រាំ (បាត់ដំបង)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- បណ្តាញយុវជនកម្ពុជា (CYN)
- បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ដីធ្លីជីខលើ (កោះកុង)
- សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគីរី)
- បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- អង្គការសមធម៌កម្ពុជា (EC)
- សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍មានជ័យ (ស្វាយរៀង)
- សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
- អង្គការស្ពានសន្តិភាព (PBO)
- សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- អង្គការពន្លកខ្មែរ (PKH)
- បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
- អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
- សមាគមធាងត្នោត (STT)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លីតានូន (កោះកុង)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- អង្គការតម្លាភាពកម្ពុជា(TIC)
- អង្គការអាក់សិនអេតកម្ពុជា (ActionAid Cambodia)
- សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- សហពន្ធ័សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
- សហជីពឯករាជ្យកំលាំងសាមគ្គីកម្មករ (WSSIU)
- សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដែរកម្ពុជា (C.CAWDU)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- ក្លាហាន (Klahaan)
- វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP Center)
- សហព័ន្ធអ្នកសារព័ត៌អន្តរជាតិ (IFJ)
- ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
- មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារខ្មែរ ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារអង់គ្លេស
This post is also available in: អង់គ្លេស