ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ – យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ សម្រាប់រយៈពេលយ៉ាងតិច ៣ខែ ដើម្បីផ្ដល់ឱ្យអ្នកខ្ចីប្រាក់នូវឱកាសក្នុងការស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬ ផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ ។
វិស័យកាត់ដេរ ទេសចរណ៍ សេវាកំសាន្ត និងសំណង់ កំពុងត្រូវបានរងគ្រោះជាខ្លាំងពីការរីករាលដាលនៃជំងឺនេះ ។ វិស័យទាំងនេះផ្ដល់ការងារដល់ស្រ្តីរាប់សែននាក់ ខណៈដែលអត្រានៃអ្នកខ្ចីកម្ចីខ្នាតតូចគឺមានស្រ្តីចំនួន ៧៥% មានន័យថា មានករណីជាច្រើន ដែលវិបត្តិជំងឺរីករាលដាលនេះ ប៉ះពាល់យ៉ាងខ្លាំងចំពោះស្រ្តីជាអ្នកខ្ចីប្រាក់ ។ ក្រៅពីនេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមដងផ្លូវ ក៏ប្រឈមនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូលផងដែរ ។ មានមនុស្សតិចតួចណាស់ដែលមិនទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ១៩នេះ ។ រាជរដ្ឋាភិបាលបានចាត់វិធានការមួយចំនួនរួចមកហើយ ដើម្បីកាត់បន្ថយមនុស្សមួយចំនួនពីការរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចជាងមួយឆ្នាំកន្លងមកនេះ ។ សាច់ប្រាក់ដែលត្រូវបានផ្ដល់ឱ្យទៅប្រជាពលរដ្ឋជាច្រើនដែលមានប័ណ្ណក្រីក្រ និងប្រាក់ឧបត្ថម្ភសម្រាប់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី រោងចក្រ បានផ្ដល់ប្រភពដ៏សំខាន់មួយនៃប្រាក់ចំណូល ដល់ប្រជាពលរដ្ឋរាប់សែននាក់ ដែលត្រូវការជំនួយ ។ ប្រសិនបើគ្មានគោលនយោបាយទាំងនេះទេ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៃការរីករាលដាលជាសកលនេះ នឹងកាន់តែមានស្ថានភាពអាក្រក់ខ្លាំងជាងនេះ ។
ប៉ុន្តែរាជរដ្ឋាភិបាលមិនទាន់បានចាត់វិធានការស្រដៀងគ្នានេះ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឡើយទេ ។ ការស្នើសុំរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំមុន ដើម្បីឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ អនុវត្តការសម្រាលបន្ទុកដល់វិស័យជាក់លាក់មួយចំនួន ដោយគ្មានគោលការណ៍ណែនាំច្បាស់លាស់ថាតើអ្នកខ្ចីប្រាក់ណាខ្លះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬ ប្រភេទនៃការជួយសម្រាលបន្ទុកអ្វីសម្រាប់ផ្ដល់នោះ បានអនុញ្ញាតឱ្យវិស័យមីក្រូហិរញ្ញវត្ថុកំណត់គោលការណ៍ខ្លួនឯងយ៉ាងមានប្រសិទ្ធភាពក្នុងការរៀបចំឥណទានឡើងវិញ ។ នេះមានន័យថា ស្ទើរតែគ្រប់ករណីដែលយើងខ្ញុំបានតាមដាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងតែផ្អាកការបង់ប្រាក់ដើម ប៉ុន្តែនៅតែបន្តប្រមូលយកការបង់ថ្លៃការប្រាក់ ព្រមទាំងគណនាការប្រាក់លើឥណទានទាំងនេះ ។ ការណ៍នេះ បាននាំឱ្យមានកំណត់ត្រាប្រាក់ចំណេញខ្ពស់សម្រាប់អ្នកផ្ដល់កម្ចីឥណទានខ្នាតតូចមួយចំនួន ខណៈដែលប្រាក់ចំណូលនៅក្នុងគ្រួសារបន្តធ្លាក់ចុះ ដោយសារតែវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩ និងបន្ទុកបំណុលកាន់តែធំសម្រាប់អ្នកខ្ចីប្រាក់ បន្ទាប់ពីបញ្ចប់ការរៀបចំឥណទានឡើងវិញ ។ ការអនុវត្តបែបនេះមិនមែនជាការសម្រាលបន្ទុកពិតប្រាកដនោះទេ ។
ខណៈដែលប្រទេសកម្ពុជាពេលនេះកំពុងប្រឈមនឹងការឆ្លងរីករាលដាលជាសហគមន៍ និងការទទួលមរណភាពជាបន្តបន្ទាប់ ដោយសារជំងឺកូវីដ១៩ ការអនុវត្តក្នុងការជួយសម្រាលបន្ទុកបំណុលបែបទូលំទូលាយគឺត្រូវការជាចាំបាច់ ។ ការរៀបចំឥណទានឡើងវិញមិនពេញលេញសម្រាប់កម្ចីឥណទានខ្នាតតូចប្រមាណជា ១០% ដែលត្រូវបានរាយការណ៍ដោយវិស័យមីក្រូហិរញ្ញវត្ថុ គឺមិនគ្រប់គ្រាន់ ដើម្បីដោះស្រាយជាមួយទំហំនៃវិបត្តិនេះទេ ។ យើងខ្ញុំ សូមស្នើសុំជាថ្មីម្ដងទៀត នូវសំណើដែលបានស្នើសុំដំបូងកាលពីជិតមួយឆ្នាំមុន សូមឱ្យផ្អាកការបង់សងកម្ចីទាំងអស់ រួមទាំងប្រាក់ដើម និងការប្រាក់ ក៏ដូចជាការប្រាក់បង្គរ (ការប្រាក់ដែលត្រូវបានកត់ត្រាទុកនិងត្រូវទូទាត់នៅពេលក្រោយ) សម្រាប់រយៈពេលយ៉ាងតិច ៣ខែ ។
ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ក្នុង “ព្រឹត្តិការណ៍២០កុម្ភៈ” បានអូសបន្លាយពេលជាងមួយខែមកហើយ និងកំពុងបន្តប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន ។ របាយការណ៍ពីការធ្វើអត្តឃាតដោយសារបញ្ហាបំណុលកំពុងបន្តកើតមានឡើង ។ ស្រដៀងគ្នានេះដែរ របាយការណ៍ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ រួមមានឃាតកម្មផងដែរនេះ ក៏កំពុងកើតមានឡើងក្នុងបរិបទនៃការតានតឹងផ្លូវចិត្តដោយសារបញ្ហាបំណុល និងវិបត្តិហិរញ្ញវត្ថុ ។ បញ្ហាទាំងនេះបានក្លាយជាការអំពាវនាវជាបន្ទាន់ពីប្រជាពលរដ្ឋ ឬក្រុមមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា សូមឱ្យមានការជួយសម្រាលបន្ទុកបំណុល ក៏ដូចជាការចាត់វិធានការពីសំណាក់រាជរដ្ឋាភិបាល ។ យុវជនចំនួន៦នាក់ ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ និងត្រូវបានឃាត់ខ្លួនឆ្លងយប់ផងដែរ បន្ទាប់ពីចែកចាយញត្តិអំពាវនាវឱ្យមានការផ្អាកការបង់សងប្រាក់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាវិធានការជួយសម្រួលបន្ទុកសេដ្ចកិច្ចផ្សេងទៀត ។ ខណៈដែលមនុស្សជាច្រើនភ័យខ្លាចបាត់បង់ដីធ្លី ឬ ផ្ទះសម្បែងរបស់ពួកគេ ដោយសារការបង់ប្រាក់យឺត កម្មវិធីរៀបចំឥណទានតាមករណីជាក់ស្ដែង គឺមិនគ្រប់គ្រាន់នោះទេ ។
សម្ពាធបណ្ដាលមកពីកម្ចីឥណទានខ្នាតតូចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានកំពុងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសុវត្ថិភាពកម្មសិទ្ធិដីធ្លី ។ កាលពីពេលថ្មីៗ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងក្រោយមកបានលុបសារនេះវិញ ដោយមានរៀបរាប់ថា ប្រសិនបើអ្នកចង់កាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ វីធីទីមួយគឺត្រូវឱ្យធនាគារផ្អាកការបង់សងប្រាក់កម្ចី ។ ថ្មីៗនេះផងដែរ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំប្រជាពលរដ្ឋកុំឱ្យច្រណែននឹងអ្នកទោស ដែលពួកគេមិនត្រូវភ័យខ្លាចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ រឹបអូសយកផ្ទះសម្បែងរបស់ពួកគេ ។ ការបញ្ចេញយោបល់នេះ គឺជាការមើលរំលងភាពភ័យខ្លាចដែលប្រឈមដោយអ្នកទោសអំឡុងពេលមានវិបត្តិនេះ ក៏ដូចជាបង្ហាញជាទូទៅថា អ្នកខ្ចីប្រាក់អាចនឹងបាត់បង់ដីធ្លី ដោយសារបញ្ហាបំណុល ។
យើងខ្ញុំ ស្នើសុំយ៉ាងទទូចឱ្យរាជរដ្ឋាភិបាល ជួយប្រជាពលរដ្ឋរាប់លាននាក់ដោយដាក់ចេញវិធានការណែនាំឱ្យវិស័យមីក្រូហិរញ្ញវត្ថុដែលរកប្រាក់ចំណេញ ដើម្បីជួយទទួលបន្ទុកសេដ្ឋកិច្ចខ្លះរបស់អ្នកខ្ចីប្រាក់ ។ អ្នកខ្ចីប្រាក់មួយចំនួនកំពុងត្រូវបាត់បង់ដីធ្លីរបស់ពួកគេ មិនទទួលបានការថែទាំសុខភាព និងប្រឈមនឹងហានិភ័យនៃសុខភាព និងសុវត្ថិភាពរបស់ពួកគេ អំឡុងពេលមានវិបត្តិជំងឺនេះ ដើម្បីទុកលទ្ធភាពបង់សងបំណុលទាំងនេះ ។ ការផ្អាកការបង់សងប្រាក់រយៈពេលបីខែ ជាមួយលក្ខខណ្ឌដែលអាចបន្តការផ្អាកនេះបន្តទៀត នឹងជួយអ្នកខ្ចីប្រាក់ឱ្យស្នាក់នៅផ្ទះ រក្សាសុវត្ថិភាព និងពង្រឹងស្ថានភាពទូទៅនៅក្នុងប្រទេសវិញ ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2. សហគមន៍អមលាំង (កំពង់ស្ពឺ)
3. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
4. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
5. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
6. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
7. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
8. សហជីពនិយោជិតទេសចរណ៍អាស៊ាន នៃសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (AEURLH)
9. សហគមន៍បឹងប្រាំ (បាត់ដំបង)
10. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
11. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
12. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
13. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
14. សម្ព័ន្ធសហជីពកម្ពុជា (CATU)
15. សហភាពការងារកម្ពុជា (CLC)
16. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
17. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
18. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
19. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
20. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
21. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
22. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
23. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
24. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
25. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
26. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
27. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
28. បណ្តាញយុវជនកម្ពុជា (CYN)
29. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
30. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
31. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
32. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
33. សហគមន៍ដីធ្លីជីខលើ (កោះកុង)
34. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
35. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
36. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
37. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
38. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
39. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
40. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
41. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
42. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
43. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
44. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
45. អង្គការសមធម៌កម្ពុជា (EC)
46. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FFTUWKC)
47. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
48. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
49. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
50. សហជីពកម្មករនិយោជិតក្រុមហ៊ុន អេច.ស៊ី.ស៊ី.គ្រុប
51. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
52. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
53. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
54. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
55. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
56. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
57. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
58. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
59. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
60. សហគមន៍ដីធ្លីខេត្តប៉ៃលិន
61. សហគមន៍ឡពាង (កំពង់ឆ្នាំង)
62. សហគមន៍មានជ័យ (ស្វាយរៀង)
63. មាតាធម្មជាតិកម្ពុជា (MNC)
64. សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC)
65. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
66. សហគមន៍អូរដំដែក (កំពង់ធំ)
67. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
68. អង្គការស្ពានសន្តិភាព (PBO)
69. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
70. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
71. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
72. សហគមន៍ភ្នំក្រោម (សៀមរាប)
73. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
74. សហគមន៍ព្រៃឡង់ (កំពង់ធំ)
75. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
76. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
77. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
78. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
79. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
80. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
81. អង្គការសមាគមធាងត្នោត (សធត)
82. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
83. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
84. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
85. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនអេចស៊ីស៊ី ព្រលានយន្តហោះខេត្តសៀមរាប
86. សហជីពសមគ្គីឯករាជនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាភ្នំពេញ
87. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
88. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
89. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
90. សហគមន៍ដីធ្លីតានី (សៀមរាប)
91. សហគមន៍ដីធ្លីតានូន (កោះកុង)
92. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
93. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
94. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
95. អង្គការតម្លាភាពកម្ពុជា (TI)
96. សហជីពនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់
97. សហជីពកម្មករនិយោជិតវិស័យទេចរណ៍នៃស៊ីនទ្រី(ខេមបូឌា)
98. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនជីអេសអាយ
99. សហជីពកម្មករចំណីអាហារ និងសេវាកម្មនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីតធីត
100. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីតសៀមរាប (USWCSR)
101. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
102. សហជីពឯករាជ្យកំលាំងសាមគ្គីកម្មករ (WSSIU)
103. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
ទាញយកសេចក្តីថ្លែងការណ៍រួម ជាភាសារខ្មែរ ទាញយកសេចក្តីថ្លែងការណ៍រួម ជាភាសារអង់គ្លេស
This post is also available in: អង់គ្លេស