កម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រ ចេង ហាវ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នើសុំឱ្យថៅកែផ្តល់ប្រាក់ឈ្នួលពេញ និងសុំច្បាប់ឈប់សម្រាករយៈពេល១៤ថ្ងៃ ដោយបារម្ភពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ក្រោយពីកម្មកររោងចក្រនេះជាច្រើននាក់ឆ្លងជំងឺកូវីដ-១៩។
កម្មការិនីផ្នែកដេរម្នាក់ អ្នកស្រី សាន ផល្លា ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី១០ ខែឧសភា កម្មករ១៣នាក់របស់រោងចក្រ ចេង ហាវ (CHENGHAO CAMBODIA FASHION CO., LTD) ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរកឃើញវិជ្ជមានជំងឺកូវី-១៩។
អ្នកស្រីបន្តថា ក្រោយរកឃើញបែបនេះ មានកម្មករជាច្រើននាក់បានបង្ខំចិត្តសុំច្បាប់ឈប់សម្រាកពីការងាររយៈពេល១៤ថ្ងៃ ដោយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែពួកគេមិនទទួលបានប្រាក់ឈ្នួលទេ។
កម្មការិនីរូបនេះអះអាងថា បើទោះបីជាក្នុងរោងចក្រផ្ទុះជំងឺកូវីដ-១៩ក៏ដោយ ក៏ថៅកែមិនបានឱ្យកម្មករឈប់សម្រាកនោះទេ ហើយថែមទាំងបង្ខំឱ្យកម្មករធ្វើការងារធម្មតាទៀតផង។
អ្នកស្រីបន្ថែមថា៖ «កម្មករគ្នាភ័យ គ្នាខ្លាចឆ្លង តែខាងរោងចក្រគេនិយាយថា បើអ្នកណាភ័យខ្លាច អត់ធ្វើការ ដាក់ច្បាប់១៤ថ្ងៃទៅផ្ទះ ដោយអត់លុយ។ អ្នកឈប់អត់ដាក់ច្បាប់ គេលុបឈ្មោះចោល។ ឥលូវអ្នកភ័យខ្លាចគេដាក់ច្បាប់ទៅផ្ទះអស់ហើយ គេសុខចិត្តអត់លុយ»។
កម្មការិនីម្នាក់ទៀត អ្នកស្រី ណន ស្រីរ័ត្ន និយាយថា ពួកគាត់បារម្ភពីការឆ្លងរាលដាលជំងឺផ្លូវដង្ហើមនេះ និងចង់ឈប់សម្រាករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ប៉ុន្តែរយៈពេលឈប់សម្រាក១៤ថ្ងៃនោះ គឺពួកគាត់ទាមទារឱ្យភាគីរោងចក្រផ្តល់ប្រាក់ឈ្នួលពេញ ខណៈកម្មករមួយចំនួនកំពុងជាប់បំណុលធនាគារ។
អ្នកស្រីបន្ថែមថា៖ «ពេលរោងចក្រផ្ទុះកូវីដអ៊ីចឹង ខ្ញុំបារម្ភ ខ្ញុំភ័យខ្លាចដែរ! អ៊ីចឹងខ្ញុំចង់ឱ្យក្រសួងការងារជួយអន្តរាគមន៍ដោះស្រាយឱ្យពួកខ្ញុំមានលុយ កុំឱ្យពេលដែលខ្ញុំដាក់ច្បាប់ឈប់ទាំងគ្មានលុយបែបនេះ ពីព្រោះពួកខ្ញុំត្រូវការលុយបង់សងធនាគារជាប្រចាំខែ»។
កម្មការិនីរោងចក្រ ចេង ហាវ ម្នាក់ទៀត កញ្ញា ស្រី វី ប្រាប់ វីអូឌី ថា កញ្ញាត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩កាលពីម្សិលមិញនេះ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅវិទ្យាល័យមួយស្ថិតក្នុងឃុំកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
កម្មការិនីរូបនេះបន្តថា កញ្ញាមានការតក់ស្លុតពេលដឹងថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ ហើយមានការអាណិតអាសូរដល់សមាជិកគ្រួសារដែលបានជាប់ព័ន្ធ និងត្រូវបានគេយកទៅធ្វើចត្តាឡីស័ក ព្រមទាំងយកសំណាកទៅពិនិត្យផងដែរនោះ។
កញ្ញាចង់ឱ្យភាគីរោងចក្រផ្តល់ប្រាក់ឈ្នួលពេញដល់កញ្ញានិងកម្មករផ្សេងទៀតដែលបានឆ្លងជំងឺកូវីដ-១៩ និងកំពុងឈប់សម្រាកធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬបន្ទប់ជួល ជាដើម។
កញ្ញាបន្ថែមថា៖ «ខ្ញុំចង់ឱ្យខាងរោងចក្រផ្តល់ប្រាក់ឈ្នួលដល់ពួកយើង អំឡុងពេលយើងនៅសម្រាកព្យាបាល ឬជាប់ធ្វើចត្តាឡីស័កហ្នឹង ពីព្រោះគ្មានអ្នកណាចង់កើតឬឆ្លងជំងឺមួយនេះទេ។ អ្នកខ្លះគាត់ត្រូវការចំណាយផ្សេងៗ និងអ្នកខ្លះត្រូវការបង់សងគេដែរ អ៊ីចឹងដែរណា»។
វីអូឌី មិនអាចរកការឆ្លើយតបពីភាគីរោងចក្រ ចេង ហាវ បាននៅឡើយទេ ពាក់ព័ន្ធករណីនេះ។
នាយនគរបាលប៉ុសិ៍្តឃុំសៀមរាប លោក ឡាយ ទូច មានប្រសាសន៍ថា នៅព្រឹកមិញនេះ កម្មករប្រហែលជិត១ ០០០នាក់ បានប្រមូលផ្តុំមុខរោងចក្រ និងបានដាក់ពាក្យសុំច្បាប់សម្រាកពីការងារ ដោយសារពួកគេភ័យខ្លាចឆ្លងជំងឺកូវីដ-១៩។ លោកថា ពាក់ព័ន្ធករណីនេះ មន្ទីរនិងក្រសួងការងារ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានជួបប្រជុំគ្នាដើម្បីដោះស្រាយហើយដែរ។
លោកបន្ថែមថា៖ «នៅក្នុងរោងចក្រហ្នឹងវាផ្ទុះមេរោគ [កូវីដ-១៩] អ៊ីចឹងកម្មករផ្អើលអត់ព្រមចូលធ្វើការងារ ដោយសារភ័យខ្លាចឆ្លង ឥលូវក្រសួងការងារនិងអាជ្ញាធរពាក់ព័ន្ធគេកំពុងប្រជុំរកដំណោះស្រាយ»។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុល នាង ប្រាប់ថា កំពុងជាប់រវល់ប្រជុំ មិនអាចនិយាយបាន ខណៈអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនបានឆ្លើយតបឡើយនៅថ្ងៃទី១២ ខែឧសភានេះ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ធ្លាប់ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះកម្មករជាប់ធ្វើចត្តាឡីស័ក និងកម្មករផ្សេងទៀតដែលកំពុងរាំងខ្ទប់ដោយសារជំងឺកូវីដ-១៩។ លោក ឃុន ថារ៉ូ បន្តថា និយោជកត្រូវតែផ្តល់ប្រាក់ឈ្នួលពេញទៅដល់កម្មករ ខណៈពួកគេជាប់ធ្វើចត្តាឡីស័ក ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោកបន្ថែមថា៖ «អ៊ីចឹងការដែលឱ្យកម្មករគាត់ឈប់សម្រាក ដើម្បីធ្វើតេស្តរកកូវីដ ហើយដើម្បីទប់ស្កាត់កុំឱ្យមានហានិភ័យនៃការឆ្លងរីករាលដាល អាហ្នឹងវាជាកាតព្វកិច្ចរបស់និយោជក ហើយអាហ្នឹងវាក៏ជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែរ។ ហើយក៏មិនមានច្បាប់ណាចែងថា ការដែលឱ្យកម្មករឈប់សម្រាកហ្នឹង មិនត្រូវទទួលបានប្រាក់ឈ្នួល អាហ្នឹងវាអត់មានទេ»។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យដឹងថា មានកម្មករនិយោជិត១ ៧០០នាក់ បម្រើការងារនៅរោងចក្រជាង២០០ (២០៦) នៅតាមបណ្តារាជធានី-ខេត្ត បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែរហូតមកទល់ពេនេះ ក្រសួងនៅពុំទាន់បង្ហាញតួលេខថ្មីស្តីពីការឆ្លងជំងឺសកលនេះទៅលើកម្មករនៅឡើយទេ៕
ប្រភព៖ វីអូឌី