ពលករខ្មែរ២នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ
ប្រភព៖ RFA
ពលករខ្មែរ២នាក់បានស្លាប់ដោយសារជំងឺកូវីដ–១៩ នៅក្នុងខេត្តឈុនបូរី (Chunburi) ប្រទេសថៃ ចំណែកពលករជាច្រើនទៀតក៏ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ។ មន្ត្រីអង្គការសង្គមស៊ីវិលការពារសិទ្ធិពលករចំណាកស្រុកស្នើឱ្យរដ្ឋាភិបាល និងស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកយកចិត្តទុកដាក់ផ្ដល់ជំនួយដល់ពលរដ្ឋភ្លាមៗ ពិសេសជំនួយផ្នែកផ្លូវចិត្ត ដើម្បីបន្ធូរបន្ថយភាពភ័យខ្លាចរបស់ពួកគេ។
ពលករខ្មែរ២នាក់ធ្វើការនៅរោងចក្រសាច់មាន់ ឈ្មោះ ជី.អេហ្វ.អិន (GFN) ក្នុងខេត្តឈុនបូរី (Chunburi) ប្រទេសថៃ បានស្លាប់កាលពីថ្ងៃទី១៥ ខែសីហា ដោយសារជំងឺកូវីដ–១៩ ក្រោយបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
អ្នកទាំងពីរនាក់មានភេទប្រុស ម្នាក់មាន ឈ្មោះ ហុក សួន អាយុ៤០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឈន ជីវ៉ា។ ក្រៅពីករណីនេះនៅមានពលករជាច្រើននាក់ទៀតកំពុងមានជំងឺកូវីដ–១៩ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមានពលករជាច្រើនទៀតកំពុងសម្រាកព្យាបាល ដោយខ្លួនឯងនៅក្នុងរោងចក្រ។
ពលករកំពុងធ្វើការនៅរោងចក្រ GFN ថ្លែងប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បុរសទាំង២នាក់ ដែលបានស្លាប់ ត្រូវខាងរោងចក្របញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ហើយក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែនៅតែមិនអាចសង្គ្រោះជីវិតបាន ដោយស្ថានភាពធ្ងន់ធ្ងរពេក។ ពលករដដែលបន្តថា កាលពីថ្ងៃទី១៥ ខែសីហា គឺភ្លាមៗក្រោយមរណភាពរបស់អ្នកទាំងពីរ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលថៃ បានចុះទៅដល់រោងចក្រ និងបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាពពលករ ដែលកំពុងស្នាក់នៅរោងចក្រនេះ។ លោកថា លើសពីនេះ ក្រសួងសុខាភិបាល និងភាគីថៅកែរោងចក្រ សម្រេចសាងសង់ទីតាំងព្យាបាលអ្នកជំងឺកូវីដ–១៩ នៅជាប់រោងចក្រនោះតែម្ដង ដើម្បីផ្ដល់ការព្យាបាលត្រឹមត្រូវ ដល់អ្នកដែលបានឆ្លងជំងឺកូវីដ–១៩៖ «កាលមុនដំបូង ខាងក្រុមហ៊ុនហាក់ដូចជាមិនបានឱ្យព័ត៌មានទូលំទូលាយទៅខាងក្រៅ។ អ៊ីចឹង ព្យាយាមព្យាបាលខ្លួនឯង ព្យាយាមព្យាបាលគ្នាឯង ដល់ពេលមានអ្នកស្លាប់ចឹងទៅ ឃើញថា ខាងក្រសួងគេចុះមក គេក៏ត្រួតពិនិត្យ ហើយគេក៏ដាក់គំនាបឱ្យខាងក្រុមហ៊ុន ថតអ៊ិច្សរ៉េ ( X-Ray) សួតពលករទាំងអស់ ហើយនឹងធ្វើមន្ទីរពេទ្យ ដើម្បីបំបែកអ្នកជំងឺ ចែកទៅតាមប្រភេទ។ អ៊ីចឹងយើងចាំមើលតិចទៀតសិន។ កន្លងមក យើងដូចជាមិនកក់ក្ដៅ ប៉ុន្មានដែរ ដោយសារពេទ្យគ្នាឯង ហើយម្យ៉ាងទៀត ទៅតាមមន្ទីរពេទ្យខេត្ត ស្រុកហ្នឹង យើងដឹងហើយថា សូម្បីតែប្រជាជនគេហ្នឹងក៏ទប់មិនជាប់ផង»។
វិទ្យុអាស៊ីសេរីព្យាយាមទូរស័ព្ទទាក់ទងទៅក្រុមគ្រួសារសពពលករទាំង២នាក់ ដើម្បីសាកសួរព័ត៌មានបន្ថែមពីស្ថានភាពពួកគាត់ និងការទុកដាក់សពអ្នកទាំងពីរ ប៉ុន្តែពុំមានអ្នកលើកទូរស័ព្ទ កាលពីយប់ថ្ងៃទី១៥ សីហា។ ចំណែកមន្ត្រីស្ថានទូតប្រចាំនៅទីក្រុងបាងកក និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធក៏នៅមិនអាចទាក់ទងបានដែរ។
ពលករនៅរោងចក្រ GFN ម្នាក់ទៀត ដែលសុំលាក់ឈ្មោះដែរនោះ ឱ្យដឹងទៀតថា នៅមានពលករជាច្រើននាក់កំពុងស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមានអ្នកដួលសន្លប់ ដោយពុំមានមូលហេតុជាច្រើននាក់ផងដែរ។ លោកថាបញ្ហានេះធ្វើឱ្យពលករ ដែលកំពុងព្យាបាលជំងឺកូវីដ–១៩ ដោយខ្លួនឯង និងអ្នកកំពុងធ្វើចត្តាឡីស័ក មានការភ័យបារម្ភកាន់តែខ្លាំង។ ប្រភពដដែលបន្ថែមថា មានពលករមួយចំនួននាំគ្នាទៅសុំលិខិតឆ្លងដែនពីភាគីថៅកែរោងចក្រ ដើម្បីបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ លោកថា ដំណាក់កាលនេះពលករចង់បានការបញ្ជាក់ពីស្ថានភាពជំងឺពួកគាត់ និងការព្យាបាលត្រឹមត្រូវ៖ «យើងចង់ឱ្យរោងចក្រហ្នឹងធ្វើយ៉ាងម៉េចឱ្យដូចតាមស្តង់ដាររបស់ក្រសួងសុខាភិបាលថៃ ដែលគេធ្វើហ្នឹងទៅ។ យើងអត់ចង់ឱ្យស្ដង់ដារនៅក្រៅរោងចក្រ តាមមន្ទីរពេទ្យគេធ្វើអញ្ចេះ នៅរោងចក្រធ្វើផ្សេង គឺអត់អ៊ីចឹងឱ្យអ៊ីចឹងទេចង់ឱ្យដូចគ្នា»។
ពលករខ្មែរកំពុងធ្វើការនៅរោងចក្រ GFN មានចំនួនសរុបប្រមាណ ៣ពាន់នាក់ ភាគច្រើនកំពុងស្នាក់ក្នុងបរិវេណរោងចក្រ ទៅតាមទីតាំង ដែលថៅកែបានរៀបចំឱ្យ។ ពួកគេត្រូវថៅកែបិទខ្ទប់មិនឱ្យចេញក្រៅ ចាប់តាំងពីមានការផ្ទុះការឆ្លងជំងឺកូវីដ–១៩ខ្លាំងក្លាក្នុងប្រទេសនេះ។
មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីថា ពេលនេះពលករកំពុងច្របូកច្របល់ និងភ័យខ្លាច។ លោកស្នើដល់មន្ត្រីរដ្ឋាភិបាល និងស្ថានទូតប្រចាំនៅប្រទេសថៃយកចិត្តទុកដាក់ដល់ពួកគេ ដើម្បីបានថែទាំសុខភាពត្រឹមត្រូវ៖ «ស្ថានទូតគួរតែមានវិធានការណ៍មួយជួយទៅដល់ពួកគាត់ ដូចជាអ្នកដែលសង្គ្រោះបន្ទាន់ និងអ្នកនៅក្នុងរោងចក្រ ដើម្បីឱ្យពួកគាត់ទទួលបានសុវត្ថិភាព ទាំងផ្លូវកាយ និងតាមផ្លូវអារម្មណ៍។ អ្នកឆ្លងហើយហ្នឹងគួរតែមានការពង្រឹងស្មារតីពួកគាត់ ដើម្បីកុំឱ្យភិតភ័យ ពីព្រោះឥឡូវហ្នឹងមានអ្នកខ្លះទៅសុំប៉ាស្ទ័រ ពីខាងគ្រប់គ្រងឯកសារហ្នឹង ដើម្បីបានទៅខ្មែរវិញ ព្រោះគាត់គាត់រន្ធត់ ភ័យខ្លាច ហើយណាមួយមានបងប្អូនពីខ្មែរនោះ គេទូរស័ព្ទមក គាត់ព្រួយបារម្ភ គាត់ចង់ឱ្យទៅខ្មែរតែម្ដង»។
នេះជាករណីស្លាប់ពលករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃលើកដំបូង នៅក្រោយពេលមានការឆ្លងរាលដាលជំងឺ កូវីដ–១៩ ធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ ដោយចាប់ផ្តើមតាំងពីខែមិថុនាមក។ ពលករខ្មែរជាច្រើន ដែលបានឆ្លងជំងឺកូវីដ–១៩ ត្អូញត្អែរពីការលំបាក ដោយខ្វះខាតអាហារហូបចុក និងការព្យាបាលជំងឺនេះដោយខ្លួនឯង នៅតាមទីកន្លែងធ្វើការរបស់ពួកគេ ដូចជានៅតាមរោងចក្រ និងនៅតាមការដ្ឋានសំណង់ជាដើម ជាទីដែលពួកគេត្រូវបិទខ្ទប់មិនឱ្យចាកចេញទៅណាបាន។ ពួកគេភាគច្រើនពុំទទួលបានការព្យាបាលត្រឹមត្រូវ និងពុំទទួលបានជំនួយណាមួយពីស្ថានទូតខ្មែរឡើយ។ ក្រៅពីនេះមានពលករជាច្រើនពាន់នាក់សម្រុកចេញពីប្រទេសថៃទៅស្រុកកំណើតវិញ ដោយសារភ័យខ្លាចឆ្លងជំងឺផង គ្មានការងារធ្វើផង និងដោយសារឆ្លងជំងឺ ប៉ុន្តែមិនបានការព្យាបាល នៅពេលដែលតាមមន្ទីរពេទ្យក្នុងប្រទេសថៃទទួលតែអ្នកជំងឺធ្ងន់ធ្ងរផង។
ពលករខ្មែរម្នាក់បានស្លាប់ដោយសារជំងឺកូវីដ–១៩ ជាករណីទី១ នៅប្រទេសថៃ កាលពីថ្ងៃទី៣០ ខែមេសា នៅមន្ទីរពេទ្យក្រុងបាងកក ហើយសពត្រូវបូជានៅទីនោះ ទៅតាមវិធានការសុខាភិបាល៕