ផលលំបាករបស់ពលករធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩
ប្រភព៖ RFA
ពលករខ្មែរដែលធ្វើការងារខុសច្បាប់នៅប្រទេសម៉ាឡេស៊ី អំពាវនាវរកជំនួយបន្ទាន់ក្នុងអំឡុងពេលប្រទេសនេះ មានការរីករាលដាលខ្លាំងដោយជំងឺកូវីដ–១៩។ ពួកគាត់គ្មានការងារធ្វើ បាត់បង់ប្រាក់ឈ្នួលប្រចាំថ្ងៃ ខ្វះខាតជីវភាព និងមានបំណុលជាប់ខ្លួនជាដើម។ ក្រៅពីនេះ ពួកគាត់បាត់បង់សិទ្ធិសេរីភាពដើរហើរ ដោយអាចប្រឈមនឹងអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនទៀតផង។
ស្ត្រីជនជាតិចាម វ័យ ៣៧ ឆ្នាំម្នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងបន្ទប់ជួលតូចមួយជាមួយកូនស្រីអាយុជាង ១០ឆ្នាំ ២នាក់ នៅក្នុងខេត្តជូហូ (Johor) ប្រទេសម៉ាឡេស៊ី (Malaysia) ត្អូញត្អែរថា ពួកគាត់បច្ចុប្បន្នកំពុងប្រឈមបញ្ហាជីវភាព និងគ្មានប្រាក់សងម្ចាស់បំណុលនោះទេ។
ពលករខ្មែរនៅប្រទេសម៉ាឡេស៊ី លោកស្រី ហ៊ុល វាសនា ឈ្មោះចាមថា យ៉ាអៃសាស់ ជាអ្នកខេត្តបាត់ដំបង ថ្លែងថា គាត់ស៊ីឈ្នួលដេរខោអាវ និងមើលកូនអោយជនជាតិម៉ាឡេស៊ីជាង ៨ឆ្នាំមកហើយ។ លោកស្រីថា នៅទៅនេះសំបូរការងារធ្វើណាស់ សូម្បីតែក្រុមគ្រួសារគាត់ដែលរស់នៅជាជនអន្តោប្រវេសន៍ខុសច្បាប់ ក៏អាចរកប្រាក់ចំណូលបានដែរ។ ប៉ុន្តែចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ–១៩ មក ជិត ២ឆ្នាំមកនេះ គ្រួសាររបស់គាត់មានជីវភាពធ្លាក់ដុនដាបខ្លាំង៖ «គេបិទរោងចក្រដេរក្រណាត់អ៊ីចឹងទៅ អត់សូវមានអីដេរទេ ដូចថារោងចក្រមួយអត់មាន រោងចក្រពួកម៉ាកគេមានទៅសុំគេដេរតិចៗ បានមួយខែ១០០ដុល្លារ ១៥០ដុល្លារ សម្រាប់ថ្លៃផ្ទះ ហើយហូបចុកជួនកាលមានម៉ាឡេស៊ីគេជួយចែកអង្ករអ៊ីចឹង និងគ្រឿងផ្ទះបានតិចតួចប៉ុន្តែដូចថា លុយយើងត្រូវការលុយនិងអ្វីៗផ្សេងៗ ទៀតវាអត់មាន។ ពីមុនគេមានធ្វើការធម្មតាខ្ញុំមានមើលកូនម៉ាឡេ២ ៣ នាក់អីដែរ ឥឡូវម្ដាយគេអត់បានធ្វើការដែរ គេមើលខ្លួនគេទៅ ខ្ញុំដេរបានតិចៗខ្វះមុខខ្វះក្រោយ»។
លោកស្រី ហ៊ុល វាសនា ថ្លែងបន្តថា ក្នុងស្ថានភាពពេលនេះ សូម្បីតែប្រាក់បង់ថ្លៃសាលារៀនឲ្យកូនៗ ក៏លោកស្រីគ្មានលទ្ធភាពដែរ ពីព្រោះលោកស្រីរកចំណូលបានតិច តែចំណាយខ្ពស់។ មួយវិញទៀតលោកស្រីជំពាក់បំណុលគេ ៣ពាន់ដុល្លារ ដែលត្រូវបង់ការប្រាក់ជាប្រចាំផង៖ «កូនឥឡូវគេផ្អាកសាលាអ៊ីចឹងអត់បានរៀនទេ រៀនអនឡាញតិចតួចឥឡូវគេត្រូវការទារលុយរាល់ខែ ចូលលក្ខណៈជំពាក់លុយគ្រូអីដូចថាយើងវារត់អត់រួចណា និយាយឲ្យចំទៅ ២នាក់ហ្នឹង ជិត១០០ដុល្លារ ថ្លៃផ្ទះទាំងទឹកទាំងភ្លើងអីប្រហែលជា៨៥ ទៅ៩០ដុល្លារ។ រោងចក្រផ្សេងគេឆ្លៀតឲ្យដេរតិចៗអ៊ីចឹងទៅ បាន១៥០ដុល្លារ អីចឹងទៅណា អត់គ្រប់ទេ ព្រោះក្នុងមួយខែខ្ញុំចំណាយច្រើនដែរ ដូចថាយើងមានបង្វិលជំពាក់គេ មានបង់ការអីបន្តិចបន្តួចទៀតណាបង់ការទៅ»។
ថ្លែងដល់ចំណុចនេះ លោកស្រី ហ៊ុល វាសនា ហៅ អៃសាស់ រៀបរាប់ថា ជីវិតជាជនអន្តោប្រវេសន៍មកធ្វើការនៅស្រុកគេដោយខុសច្បាប់ លោកស្រីនិងកូនស្រីរស់នៅទាំងភ័យខ្លាច ភ្នែកនៅនឹងកញ្ចឹងក មិនហ៊ានចេញទៅរកការងារឆ្ងាយពីកូនស្រីៗដែលនៅក្មេងខ្ចីនោះទេ។ លោកស្រីថា ប្ដីលោកស្រីត្រូវបានសមត្ថកិច្ចម៉ាឡេស៊ី ចាប់ដាក់ពន្ធនាគារជាង៩ខែ និងបានបញ្ជូនទៅស្រុកខ្មែរវិញ ដោយសារគ្មានលិខិតស្នាមស្របច្បាប់នៅប្រទេសម៉ាឡេស៊ី។ លោកស្រីថា គាត់ធ្លាប់ត្រូវប៉ូលិសអន្តោប្រវេសន៍ចាប់ដាក់គុកម្ដងដែរ រីឯប្ដីគាត់ធ្លាប់ត្រូវចាប់ខ្លួន ៣ដង។ លោកស្រីថា បំណុលដែលលោកស្រីជាប់ជំពាក់គេសព្វថ្ងៃនេះ គឺដោយសារគាត់ទៅខ្ចីគេ យកទៅបង់ផាក និងចំណាយរត់ការផ្សេងៗ កាលពីពេលគាត់និងប្ដីត្រូវសមត្ថកិច្ចចាប់ខ្លួន៖ «និយាយឲ្យចំទៅប្ដីខ្ញុំជាប់៣ដងហើយ គាត់ទៅរកត្រីលក់គេចុះមកគេចាប់ កាលនោះអត់មានកូវីដយើងបង់ផាកឲ្យគេទៅ ចាប់២១ថ្ងៃគេបញ្ជូនទៅខ្មែរវិញអស់១ពាន់ដុល្លារ ខ្ញុំអស់មួយសារហ្នឹងទៅ។ ប្ដីខ្ញុំចាប់ផ្ដើមជប់ប៉ាស្ព័រដូចអ្នកទេសចរណ៍មួយខែម្ដង នៅថៃ ១ខែចំណាយ១៥០ដុល្លារ ប្រហែល១ឆ្នាំ កន្លះ គេបើកថាធ្វើតាមពួករោងចក្រក៏ទៅធ្វើនឹងគេទៀតអត់បាន ចាត់ទុកជាអាសាបង់ ខ្ញុំអស់ប្រហែលជាប់២–៣ ពាន់ដុល្លារប្ដីខ្ញុំត្រូវគេចាប់ម្ដងទៀត គេប្រលែងមកវិញគេសុំម្នាក់៤៥០ដុល្លារទៀតអស់មួយសារហ្នឹងទៀត។ លើកទី៣នេះ ធ្ងន់បណ្ដោយ»។
មិនខុសគ្នានោះទេ ជីវិតពលករចំណាកស្រុកខ្មែរដែលគ្មានឯកសារស្របច្បាប់ កំពុងរស់នៅធ្វើការក្នុងប្រទេសម៉ាឡេស៊ីផ្សេងទៀត ក៏កំពុងជួបបញ្ហាប្រឈមស្រដៀងគ្នាក្នុងអំឡុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ–១៩ នេះដែរ។
ជាស្ត្រីមេម៉ាយកូនពីរ លោកស្រី សំ សុភ័ណ្ឌ វ័យ ៤២ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានទៅធ្វើការនៅប្រទេសនេះ ប្រមាណ៥ឆ្នាំ ហើយ។ លោកស្រីថ្លែងថា ដោយសារតែការរាតត្បាតជំងឺកូវីដ–១៩ ពួកគាត់គ្មានការងារធ្វើច្រើនដូចមុនទេ។ នៅពេលថ្ងៃពួកគាត់ជិះម៉ូតូទៅឆ្ងាយដើរបេះផ្សិតចំបើងធម្មជាតិយកទៅលក់ ហើយនៅពេលយប់ គាត់និងប្អូនប្រុសបានសុំថៅកែរោងចក្រកាត់ដេរមួយកន្លែងធ្វើការវេនយប់ លួចលាក់ពីភ្នែកប៉ូលិសម៉ាឡេស៊ី។ ចំណែកប្រាក់ឈ្នួលវិញ គេឲ្យគាត់ទាបជាងអ្នកមានឯកសារស្របច្បាប់។ ប៉ុន្តែលោកស្រីថ្លែងថា ស៊ូរត់លាក់ខ្លួនគេចពីសមត្ថកិច្ចយ៉ាងប្រថុយប្រថាន ឲ្យតែបានការងារធ្វើខ្លះ ក្រែងបានប្រាក់ដោះបំណុល៖ «ពិបាកបំផុតរឿងលុយកាក់ហ្នឹងហើយ ខ្ញុំជំពាក់គេច្រើនកាលណោះខ្ញុំជំពាក់ធនាគារនៅខ្មែរពេលមកដល់ស្រុកម៉ាឡេនេះ ដូចថា ម៉ែគាត់ចាស់ហើយក៏អត់ឱ្យម៉ែគាត់ទៅបង់ធនាគារខ្ញុំក៏យកលុយគេនៅម៉ាឡេហ្នឹង យកទៅឲ្យម៉ែបង់ផ្ដាច់ធនាគារនៅខ្មែរ យើងរកអត់សូវបានអ៊ីចឹងលុយការទៀត ចេះតែកើនៗ ពេលកូរ៉ូណានេះ ម៉េចក៏គេនៅតែគិតការរហូតការស្មើដើមហើយឥឡូវ ថ្ងៃមុនរត់ដែរហ្នឹងនៅរោងចក្រនាំគ្នារត់ព្រោះអីប៉ូលិស រត់ចូលព្រៃវេទនាណាស់អ្នកនៅនេះឥឡូវនេះ»។
លោកស្រី សុភ័ណ្ឌ បន្តថា នៅពេលបានការងារធ្វើម្ដងៗក៏រត់ ពេលនៅផ្ទះគ្មានការងារធ្វើក៏ភ័យខ្លាច។ លោកស្រីថា នៅពេលបានដំណឹងថា ប៉ូលិសចុះចាប់អ្នករស់នៅខុសច្បាប់ម្ដងៗ ពួកគាត់ភ័យខ្លាចហើយក៏ទៅសុំជ្រកកោនមិត្តភក្ដិ ឬអ្នកស្គាល់ជនជាតិម៉ាឡេស៊ី ស្នាក់នៅមួយយប់ដើម្បីដោះទាល់មួយគ្រាសិន។
លោកស្រី សំ សុភ័ណ្ឌ ថ្លែងទាំងអួលដើមកថា ពួកគាត់ពិតជាចង់ឲ្យអាជ្ញាធររដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយដល់ពួកគាត់ ដែលកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសម៉ាឡេស៊ី ឲ្យអាចរស់នៅសមរម្យ ពិសេសជួយអន្តរាគមន៍បានត្រឡប់ទៅរស់នៅប្រទេសខ្មែរវិញ ពីព្រោះគាត់រកប្រាក់លែងបាន ហើយនឹកម្ដាយនិងកូនៗយ៉ាងខ្លាំង៖ «អត់មានការងារធ្វើ ចេះតែនៅៗរាប់ឆ្នាំរាប់ខែហ្នឹង ចង់ទៅផ្ទះអត់មានលុយមានកាក់អ៊ីចឹង នាំគ្នានិយាយថា បើគេឲ្យនាំគ្នាជិះម៉ូតូបានសុខចិត្តនាំគ្នាជិះម៉ូតូទៅផ្ទះហើយ នៅនេះចេះតែយូរឆ្នាំអត់បានសល់លុយសល់កាក់ ហើយកូនកាន់តែធំទៅហើយម្ដាយគ្មានលុយឲ្យកូន»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងមន្ត្រីស្ថានអគ្គរាជទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ដើម្បីឆ្លើយតបបានទេ ដោយហៅទៅលេខទូរស័ព្ទរបស់ស្ថានទូតជាច្រើនខ្សែ តែមិនមានអ្នកទទួល។ ប៉ុន្តែស្ថានឯកអគ្គរាជទូត នៅថ្ងៃទី ២៥ សីហា បានចេញសេចក្ដីប្រកាសព័ត៌មានថា ប្រជាពលរដ្ឋ ពលករ/ពលការិនី ដែលពុំមានឯកសារស្របច្បាប់ អាចវិលត្រឡប់ទៅកម្ពុជាវិញដោយខ្លួនឯង តាមរយៈកម្មវិធី ធ្វើមាតុភូមិនិវត្តន៍ (Recalibration Programme) របស់ អន្តោប្រវេសន៍ម៉ាឡេស៊ី។ ចំពោះអ្នកដែលមានលិខិតឆ្លងដែនហួសសុពលភាព ខូច ឬបាត់អាចស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ននៅស្ថានឯកអគ្គរាជទូត «ដោយឥតគិតថ្លៃ»។
ជុំវិញស្ថានភាពលំបាកលំបិនរបស់ពលករនៅប្រទេសម៉ាឡេស៊ីនេះ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ឲ្យដឹងថា មានពលករខ្មែរទាំងស្របច្បាប់និងមិនស្របច្បាប់ជាង១០ម៉ឺននាក់នៅប្រទេសម៉ាឡេស៊ី កំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ–១៩។ ពួកគេកំពុងប្រឈមបញ្ហាអត់ការងារធ្វើ ខ្វះម្ហូបអាហារ ខ្វះជម្រករស់នៅសមរម្យ និងឆ្លងជំងឺកូវីដ–១៩ និងចង់បានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជាឲ្យបានវិលត្រឡប់មកស្រុកកំណើតវិញ។
មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកសិទ្ធិការងារលោក ឌី ថេហូយ៉ា ថ្លែងថា ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ–១៩ ឆ្នាំ ២០២០ រហូតមកដល់ពេលបច្ចុប្បន្នលោកមិនទាន់ឃើញមានគោលនយោបាយណាមួយរបស់រដ្ឋាភិបាលដើម្បីឆ្លើយតបទៅនឹងបញ្ហាពលករខ្មែរនៅប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗ ក្នុងការផ្ដល់នូវកិច្ចគាំពារសង្គម ស្បៀងអាហារ និងការជួយផ្សេងៗ ពិសេសដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ នៅឡើយទេ។ លោកថា បើក្រឡេកមើលចេតនានៃការបង្កើតស្ថានកុងស៊ុល និងស្ថានទូត គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនៅប្រទេសទទួលនោះ ដូច្នេះរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការជួយធានាដល់ការរស់នៅរបស់ពលរដ្ឋប្រកបដោយសេចក្ដីថ្លៃថ្នូរ៖ «កាតព្វកិច្ចរបស់កុលស៊ុល ឬស្ថានទូតហ្នឹងហើយ ដែលត្រូវដឹងថា តើអ្វីជាបញ្ហារបស់ពលរដ្ឋរបស់ខ្លួនជាពិសេសក្នុងកាលៈទេសៈដែលគាត់អត់មានការងារធ្វើគាត់អត់មានប្រាក់ចំណូល ឬមួយចាំបាច់គាត់ត្រូវត្រឡប់ទៅខ្មែរវិញ អាហ្នឹងហើយដែលរដ្ឋត្រូវធ្វើម៉េចសម្របសម្រួលឲ្យគាត់បានទៅខ្មែរវិញ វាអត់មានត្រូវអីគាត់ត្រូវចំណាយថវិកាក្នុងការត្រឡប់មកវិញទេ បើសិនជាគាត់អ៊ីចឹងបន្តក្នុងការធ្វើការ ឬរស់នៅក្នុងប្រទេសម៉ាឡេស៊ី ស្ថានទូត ស្ថានកុងស៊ុលកម្ពុជា ក៏ត្រូវតែមានតួនាទីសម្របសម្រួលឲ្យគាត់មានការងារធ្វើ មានប្រាក់ចំណូលឬផ្ដល់នូវកិច្ចគាំពារសង្គម ជួយផ្ដល់ជំនួយទាក់ទងផ្ដល់ស្បៀងអាហារក្នុងកាលៈទេសៈមានការងារជាដើមអ៊ីចឹង នេះជាកាតព្វកិច្ចរបស់រដ្ឋ»។
មន្ត្រីសិទ្ធិការងាររូបនេះ ឲ្យដឹងថា តាមការសិក្សាកន្លងមក ពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសប្រមាណ៧០% បានជាប់ជំពាក់បំណុលគេ។ លោក ឌីថេ ហូយ៉ា បន្តថា បញ្ហានេះរដ្ឋក៏ត្រូវមានកាតព្វកិច្ចដែរ ក្នុងការជួយសម្របសម្រួលឲ្យពលរដ្ឋរួចផុតពីការគំរាមកំហែងនៃការសងបំណុលទាំងអស់នេះ ដើម្បីឆ្លងផុតពីវិបត្តិកូវីដ–១៩។
ត្រឡប់មកស្ដាប់ស្ថានភាពលោកស្រី ហ៊ុល វាសនា វិញ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏លោកស្រី ថាមិនទាន់ចង់វិលត្រឡប់ទៅស្រុកខ្មែរវិញឡើយ ព្រោះគាត់ក្រីក្រគ្មានដីធ្លី និងផ្ទះសម្បែង។ លោកស្រីថា តាំងពីអាជ្ញាធរម៉ាឡេស៊ីចាប់ប្ដីលោកស្រីដាក់គុក រួចបញ្ជូនទៅស្រុកខ្មែរវិញ គាត់និងកូនៗកំពុងរស់នៅយ៉ាងលំបាកលំបិន គ្មានការងារធ្វើជាប់លាប់ រំពឹងលុយបន្តិចបន្តួចឲ្យប្ដីផ្ញើឲ្យពីស្រុកខ្មែរដើម្បីទិញអាហារ និងសងបំណុលគេ៕