ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ប្រតិកម្ម​នឹង​ការ​បកស្រាយ​របស់​ស្ថានទូត​ថា មិន​ឆ្លុះបញ្ចាំង​ការ​ពិត

29
សីហា

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ប្រតិកម្ម​នឹង​ការ​បកស្រាយ​របស់​ស្ថានទូត​ថា មិន​ឆ្លុះបញ្ចាំង​ការ​ពិត

ប្រភព៖ RFA

ពលករ​ខ្មែរ​ធ្វើការ​នៅ​ម៉ាឡេស៊ី ប្រតិកម្ម​នឹង​ការ​បកស្រាយ​របស់​ស្ថានទូត​ដោយ​មិន​ឆ្លុះ​បញ្ចាំង​ការពិត​ព្រោះ​ពួកគាត់​ត្រូវ​ចំណាយ​តម្លៃ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្មែរ​ថ្លៃ ខណៈ​ស្ថានទូត​មិនទាន់​រក​ដំណោះស្រាយ​នៅ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​ស្ថានទូត​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ឆ្លើយ​តប​នឹង​ទុក្ខ​កង្វល់​របស់​ពលករ។

ពលករ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ចង់​ឃើញ​ស្ថានទូត​ខ្មែរ​បញ្ឈប់​បុគ្គល​ដែល​ទាមទារ​ប្រាក់​ពី​ពួកគាត់​ហួសហេតុ ជា​ថ្នូរ​នឹង​ការ​ជួយ​សម្របសម្រួល​បញ្ជូន​ពួកគាត់​ទៅ​ស្រុក​ខ្មែរ​វិញ​។ ពួកគេ​ចង់ទៅ​ដោយសារ​ពួកគេ​រង​ការ​កេងប្រវ័ញ្ច​ផលប្រយោជន៍ ស្រប​ពេល​ជីវភាព​ពួកគាត់​កំពុង​លំបាក​លំបិន​ក្នុង​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូវីដ​១៩។

ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម លោកស្រី វ៉ែន មុន្នី កាល​ពី​ថ្ងៃទី​២៧ សីហា ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ជាច្រើន​នាក់​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ ពីព្រោះ​គ្មាន​ការងារ​ធ្វើ ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ និង​ប្រឈម​ប៉ូលិស​ប្រទេស​នេះ​ចាប់​ខ្លួន​ជាដើម។ ស្ត្រី​រូប​វ័យ​៤១​ឆ្នាំ​រូប​នេះ​ប្រាប់​ថា លោកស្រី​គ្មាន​សមត្ថភាព​ចំណាយ​ប្រាក់​ជាង ១​ពាន់​៦​រយ​ដុល្លារ (.៦៥០)​ទៅ​ឱ្យ​អ្នក​រត់ការ​ឯកសារ​បញ្ជូន​លោកស្រី​ត្រឡប់​ទៅ​កម្ពុជា​វិញ​ទេ ព្រោះ​ជីវភាព​គ្រួសារ​លោកស្រី​កំពុង​ត្រដាបត្រដួស​ហើយ​ប្តី​លោកស្រី​ទើប​ស្លាប់​ដោយសារ​កូវីដ១៩៖ «ប្រជាពលរដ្ឋ​យើង​នៅ​ម៉ាឡេស៊ី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ទាំងអស់គ្នា​ដល់ពេល​អ៊ីចឹង​ចង់ឱ្យ​ខាង​ស្ថានទូត​ជួយ​សម្រួល អ្នកខ្លះ​គាត់​នៅ​ផ្ទះ​ថៅកែ​រត់​ចេញពីផ្ទះ​ថៅកែ​គាត់​អត់​មាន​លិខិតឆ្លងដែន​អី​ត្រឹមត្រូវ អ៊ីចឹង​ចង់ឱ្យ​គាត់​ជួយ​ឯកសារ ឬមួយ​ជួយ​សព្វបែប​យ៉ាង​សម្រាប់​ពលរដ្ឋ​ខ្មែរ​យើង​រស់នៅ​ម៉ាឡេស៊ី​ហ្នឹង​ចង់ឱ្យ​ខាង​ខ្មែរ​ជួយ​គ្នា​ត្រង់​ហ្នឹង ព្រោះ​អី​យើង​រស់នៅ​ស្រុក​គេ​ពិបាក​ណាស់»

ស្រដៀង​គ្នា​នេះ​ដែរ ពលការិនី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល លោកស្រី រិន សុខា រៀបរាប់​ថា​លោកស្រី​បាន​មក​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជាង​៧​ឆ្នាំ​មក​ហើយ តែ​ពុំ​សល់​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ខ្មែរ​វិញ​ទេ។ លោកស្រី​បញ្ជាក់​ថា លោកស្រី​បង្ខំ​ចិត្ត​ឱ្យ​កូន​ខ្ចីបុល ពី​ស្រុក​កំណើត​ផ្ញើ​មក​ម៉ាឡេស៊ី​វិញ​ដើម្បី​បង់​ឱ្យ​មន្ត្រី​ស្ថានទូត​សម្រួល​សម្រួល​ដំណើរ​វិល​ទៅ​កម្ពុជា​វិញ។ លោកស្រី​អះអាង​ទៀត​ថា លោកស្រី​និង​ពលករ​ខ្មែរ​មួយ​ចំនួន​ទៀត​បាន​បង់​ប្រាក់ ៣​ពាន់​២​រយ​រីងហ្គីត ឬ​ស្មើ​៨​រយ​ដុល្លារ​អាមេរិក ឱ្យ​មន្ត្រី​ស្ថានទូត​ម្នាក់ ប៉ុន្តែ​មន្ត្រី​រូប​នោះ​បែរ​ជា​យក​ប្រាក់​របស់​ពលករ​ហើយក៏​គេចវេះ​ពី​ការ​ទទួលខុសត្រូវ​។ លោកស្រី​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ស្ថានទូត​មិន​ចាត់​វិធានការ ឬ​ផ្តល់​ដំណោះស្រាយ​ណាមួយ​ជូន​កម្មករ​នៅឡើយ​ទេ។ លោកស្រី​ចាត់ទុក​ការ​អះអាង​របស់​ស្ថានទូត​ខ្មែរ​កន្លងមក​មិន​ឆ្លុះបញ្ចាំង​ការពិត​ជាក់ស្តែង​ជុំវិញ​ទុក្ខ​លំបាក​ពលករ ហើយ​លោកស្រី​ស្នើ​ឱ្យ​ស្ថានទូត​អន្តរាគមន៍​ករណី​នេះ និង​លុប​បំបាត់​ករណី​មន្ត្រី ឬ​បុគ្គល​ដែល​កេងប្រវ័ញ្ច​ផល​ប្រយោជន៍​ពលករ៖ «ខ្ញុំ​គិតថា​គាត់​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​បាន​គិត​ពី​ពលករ​ដែល​ខំ​ធ្វើការ​នៅ​ក្នុង​ប្រទេស​គេ​មក​ឆ្ងាយ យើង​មក​ដល់​នេះ​យើង​ពឹង​ស្ថានទូត​ដោយ​សារ​ឯកសារ​ធ្វើ​ដំណើរ ឯកសារ​ស្នាក់នៅ​របស់​យើង​ផុត​សុពលភាព ដល់ពេល​អ៊ីចឹង​យើង​មានតែ​ពឹង​គាត់​ហើយ​ជា​មុខ​ជា​មាត់ ជា​ម៉ែ​ជា​ឪ​ដែល​អាច​ជួយ​រត់ការ​ឯកសារ​យើង​ត្រឡប់​ទៅ​ខ្មែរ​វិញ ក៏ប៉ុន្តែ​គាត់​បាន​រំលោភ​ការ​ទុកចិត្ត​របស់​ពួក​យើង»

ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្អូញត្អែរ​ថា​ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​រហូត​ខ្ទង់​ពាន់​ដុល្លារ ឱ្យ​មន្ត្រី​ស្ថានទូត ឬ​អ្នក​រត់​ការដែល​តម្លៃ​នេះ​ថ្លៃ​ហួស​លទ្ធភាព​របស់​ពលករ ដើម្បី​ជា​ថ្នូរ​សម្របសម្រួល​បញ្ជូន​ពួក​គាត់​ទៅ​ស្រុក​ខ្មែរ​វិញ ខណៈ​តម្លៃ​សំបុត្រ​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ទៅ​កម្ពុជា​តម្លៃ​ខ្ទង់​ជាង​២​រយ​ដុល្លារ និង​ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ១៩ (RT-PCR Test) ប្រហែល ១​រយ​ដុល្លារ​។ រីឯ​ពលករ​ខុសច្បាប់​បូក​ការ​បង់ថ្លៃ​ផាកពិន័យ​ប្រមាណ​ជិត​១២៥​ដុល្លារ​បន្ថែម​ទៀត​ប៉ុណ្ណោះ។ ក្រុម​ពលករ​ចង់ឱ្យ​ស្ថានទូត​ដោះស្រាយ​ចំពោះ​បុគ្គល​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​អំពើពុករលួយ និង​កេង​ចំណេញ​ផល​ប្រយោជន៍​ពី​ពលករ​ដែល​កំពុង​លំបាក។

ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៥ សីហា បាន​ច្រានចោល​ការ​លើកឡើង​របស់​ពលករ ហើយ​បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​មិន​បាន​កេង​ចំណេញ​ផលប្រយោជន៍​នោះ​ទេ ហើយ​ចាត់ទុក​ករណីនេះ​ជា​ការ​យល់​ច្រឡំ​។ ស្ថានទូត​ថា ពលករ​/​ពលការិនី ដែល​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់ អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​ខ្លួនឯង តាមរយៈ​កម្មវិធី ធ្វើ​មាតុភូមិ​និវត្តន៍ (Re-calibration Programme) របស់​អន្តោប្រវេសន៍​ម៉ាឡេស៊ី ដោយ​បញ្ជាក់​ថា ជនបរទេស​ខុសច្បាប់​ទាំងអស់​ត្រូវ​បំពេញ​ឯកសារ​និង​លក្ខខណ្ឌ​ដូចជា​ថតចម្លង​លិខិតឆ្លងដែន ឬ​លិខិត​ធ្វើដំណើរ​ដោយ​ភ្ជាប់​សំបុត្រ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​រួម​ជាមួយ​ការ​បង់ថ្លៃ​ផាកពិន័យ​ឱ្យ​ប៉ូលិស​ម៉ាឡេស៊ី ហើយ​ត្រូវ​តេស្ដ​អវិជ្ជមាន​កូវីដ​១៩ (RT-PCR Test) ដោយ​តម្លៃ​ទាំងនោះ​ពលករ​បង់ថ្លៃ​ខ្លួនឯង​។ ចំពោះ​អ្នក​ដែល​មាន​លិខិតឆ្លងដែន​ហួស​សុពលភាព ខូច ឬ​បាត់​អាច​ស្នើសុំ​លិខិត​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន ឬ​លិខិត​បើក​ផ្លូវ​នៅ​ស្ថាន​ឯកអគ្គរាជទូត «​ដោយ​ឥតគិតថ្លៃ»

ទោះបីជា​យ៉ាងណា​ស្ថានទូត​ថា បុគ្គលិក​ជាប់កិច្ចសន្យា​ផ្នែក​បកប្រែ​កិច្ចការ​ពលករ​ឈ្មោះ សូ ផាត បាន​ឈប់​បម្រើ​ការ​ងារ​នៅ​ស្ថានទូត​ហើយ​។ ការ​ជូន​ដំណឹង​នេះ​បន្ទាប់ពី​ក្រុម​ពលករ​ចោទប្រកាន់​បុគ្គលិក​ស្ថានទូត​បោក​យក​ប្រាក់​ពលករ។

មន្ត្រី​កិច្ចការ​កុងស៊ុល​នៃ​ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​អាស៊ីសេរី​ថា ករណី​នេះ​មន្ត្រី​ស្ថានទូត​មិន​ជាប់​ពាក់ព័ន្ធ​ការ​កេងប្រវ័ញ្ច​ប្រាក់​ពលករ​នោះ​ទេ ហើយ​លោក​ថា ប្រសិន​មាន​បុគ្គល​ណា​ទារ​ប្រាក់​ពលករ​ខ្ទង់​ពាន់​ដុល្លារ ស្ថានទូត​នឹង​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស៖ «មានន័យថា មិនដឹង​គេ​យក​លុយ​យ៉ាង​មិច​ទេ បើ​ចង់​ដឹង​ច្បាល់​ទាល់តែ​សួរ​ពលករ​ដែល​ជាប់​រឿង​ហ្នឹង​ផ្ទាល់ៗ ខាង​ខ្ញុំ​នេះ​ខ្ញុំ​អ្នក​បញ្ចេញ​ឯកសារ​តែ​មាន​អ្នកខ្លះ​គេ​យក​ថ្លៃ​ហ្នឹង​មែន ប៉ុន្តែ​លើ​ថ្លៃ​សំបុត្រ​យន្តហោះ ធ្វើតេស្ត​កូវីដ និង​បង់​ឱ្យ​ប៉ូលិស​អាជ្ញាធរ​ខាង​ម៉ាឡេស៊ី គេ​ផាក​៥​រយ​រីងហ្គីត»

ពលការិនី​រងគ្រោះ កញ្ញា ភី សុធី ថ្លែង​ថា កញ្ញា​ជា​ពលករ​ម្នាក់​ក្នុង​ចំណោម​ពលករ​ច្រើន​នាក់​ដែល​រងគ្រោះ​ដោយសារ​បុគ្គលិក​ស្ថានទូត​យក​ប្រាក់​ប្រមាណ ៨​រយ​ដុល្លារ​ក្នុង​ម្នាក់​ជា​ថ្នូរ​នឹង​ការ​ជួយ​សម្រួល​ឯកសារ​ត្រឡប់​ទៅ​ខ្មែរ​វិញ​។ កញ្ញា​ចាត់ទុក​ការ​ការ​ជូនដំណឹង​របស់​ស្ថានទូត​នេះ​មិនមែន​ជា​ដំណោះស្រាយ​ជួយ​ដល់​ពលករ​នោះ​ទេ ហើយ​ស្នើ​ឱ្យ​ស្ថានទូត​ចាត់វិធានការ​ដើម្បី​បង្វិលប្រាក់​ឱ្យ​ពលករ​វិញ៖ «ដូចជា​អត់​មាន​ដំណោះស្រាយ​ណាមួយ​កក់​ក្តៅ​ពី​ស្ថានទូត​ផ្តល់​ដល់​ពលករ​សោះ បើ​សិនជា​ទូត​គ្រាន់តែ​បញ្ឈប់​ម្នាក់​នោះ ហើយ​គ្មាន​ចំណាត់ការ​ផ្សេងៗ​បន្ត​ទៀត ចំពោះ​បុគ្គល​នោះ​ឱ្យ​មាន​ការទទួលខុសត្រូវ​គឺ​ពួក​ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំង​មែនទែន និង​មិន​ផ្តល់​យុត្តិធម៌​ណាមួយ»។មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ទទួល​បន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា យល់​ថា ស្ថានទូត​ខ្មែរ​ព្យាយាម​ដោះសារ​ជាង​ការ​ដោះស្រាយ​បញ្ហា ដោយ​មិន​ទាន់​ស្រាវជ្រាវ​រក​ការពិត​នៃ​ការ​ចំណាយ​ប្រាក់​រហូត​ដល់​ខ្ទង់​ពាន់​ដុល្លារ​។ លោ​ក​ថា ការ​គំរាមកំហែង​ពលករ​មិន​ឱ្យ​រាយការណ៍​ពី​បញ្ហា​របស់​ខ្លួន​គឺជា​អំពើ​រំលោភ​សិទ្ធិ​ពួកគាត់​ធ្ងន់ធ្ងរ ព្រោះ​សង្គម​ប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​លើកឡើង​នូវ​តម្រូវ​ការ និង​ទុក្ខ​កង្វល់​របស់​ខ្លួន ដែល​រដ្ឋ​ត្រូវ​ស្តាប់​និង​ឆ្លើយតប​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​បញ្ហា​ទាំងនោះ​របស់​ពួកគាត់៖ «យើង​បង្កើត​ឱ្យ​មាន​ស្ថានទូត​ស្ថាន​កុងស៊ុល​ហ្នឹង​ធ្វើការ​ទៅ​លើ​អី ប្រសិន​បើ​មាន​ជនខិលខូច​ណាមួយ​បោក​បញ្ឆោត​ពលរដ្ឋ​ខ្លួនឯង ឬ​មួយ​កិបកេង​ប្រវ័ញ្ច នៅពេល​មាន​បញ្ហា​បែប​ហ្នឹង​ស្ថានទូត​ក៏​ត្រូវ​តាមដាន​ស៊ើប​ដែរ អ្នកណា​ជា​មេខ្យល់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាត់​ការ​មេខ្យល់​ហ្នឹង​ហើយ​បើ​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ស្ថានទូត​អាហ្នឹង​ក៏​ត្រូវ​ទទួលស្គាល់​ខ្លួនឯង​ដែរ កុំ​ព្យាយាម​ដោះសា​ជាជាង​ដោះស្រាយ បើ​មិន​អ៊ីចឹង​ទេ បញ្ហា​វា​នៅ​ដដែល​ជាពិសេស​បញ្ហា​នៅ​ម៉ាឡេស៊ី​ហ្នឹង​វា​មិនមែន​តែ​ឥឡូវ​ទេ»

សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រសិនបើ​បញ្ហា​ទាំងនេះ​រដ្ឋាភិបាល​និង​ស្ថានទូត​មិន​ដោះស្រាយ​នឹង​ធ្វើ​ឱ្យ​កម្មករ​ខ្មែរ​ប្រឈម​ការ​ជួញដូរ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​គំរាម​កំហែង​ផ្លូវ​ច្បាប់​ជាដើម។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០២០ ពលករ​ខ្មែរ​ស្របច្បាប់ និង​ពលករ​ខុស​ច្បាប់ មាន​ចំនួន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​(១០០.០០០) កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...