ក្រសួងការងារ ជ្រើសរើសកម្មករជាង ៧ ពាន់នាក់ទៀត ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលថ្នាក់សញ្ញាបត្របច្ចេកទេស
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំនេះ ទទួលបានគោលការណ៍ឱ្យជ្រើសរើសកម្មករ និយោជិត ប្រមាណ ៧ ៥០០ នាក់បន្ថែមទៀត ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលពិសេសថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ហើយបើធៀបនឹងឆ្នាំមុន មានការកើនឡើង ១ ០០០ នាក់។ នេះបើតាមលោក ថង សាម៉ុន អគ្គនាយករងអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
លោក ថង សាម៉ុន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖«ឆ្នាំនេះ យើងទទួលបានគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការបណ្តុះបណ្តាលចំនួន ៧ ៥០០ នាក់។ អ៊ីចឹងចំនួននេះ យើងមានការកើនឡើង ១ ០០០ នាក់ បើធៀបនឹងឆ្នាំ ២០២១»។
លោក ថង សាម៉ុន បន្តថា វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺមានការសិក្សារយៈពេល ៤ ខែ សម្រាប់កម្មករ និយោជិត ដែលបាត់បង់ការងារដោយសារផលប៉ះពាល់ នៃជំងឺកូវីដ ១៩ ទៅលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ឬអាចប្រកបមុខរបរដោយខ្លួនឯងបាន។
កាលពីឆ្នាំ ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ម្តងរួចមកហើយដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ ម៉ឺនរៀល ក្នុង ១ ខែ សម្រាប់រយៈពេល ៤ ខែ ដល់កម្មករនិយោជិត ដែលបាត់បង់ការងារ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ ១៩ ចំនួន ៦ ៥០០ នាក់។ ក្នុងឆ្នាំ ២០២១ ក្រុមការងារបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ជូនរោងចក្រសហគ្រាសចំនួន ១០៨ ដែលមានកម្មករចូលរួមសរុប ៦៨ ០០០ នាក់ (ស្រី ៥៤ ៧៩៩ នាក់)។ នេះបើតាមលោក ថង សាម៉ុន។
លោក សាម៉ុន ឱ្យដឹងថា សម្រាប់ឆ្នាំ ២០២២ នេះ គឺមានការផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួន ដោយការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករចំនួន ២០ ម៉ឺនរៀល អាស្រ័យលើស្ថានភាពរបស់កម្មករ ដែលពួកគេត្រូវមានបណ្ណក្រីក្រ។ ក្នុងករណីកម្មករមិនមានបណ្ណក្រីក្រ នឹងមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនេះទេ។
លោកបញ្ជាក់ថា៖ «ផែនការ ២០២២ គឺនៅពេលយើងឱ្យលុយពួកគាត់ លុះត្រាតែគាត់ [មាន] បណ្ណសមធម៌ប្រភេទ ១ និងប្រភេទ ២ ទើបទទួលប្រាក់ឧបត្ថម្ភ ២០ ម៉ឺនរៀល តែនេះ យើងមិនទាន់សម្រេចជាផ្លូវការទេ។ ចំណុចនេះ[យើង]កំពុងរង់ចាំការដំណើរការ ពីឯកឧត្តមរដ្ឋមន្ត្រី [អុិត សំហេង] ព្រោះយើងរង់ចាំការផ្តល់យោបល់ពីគាត់»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ លើកឡើងពីការអនុវត្តកម្មវិធីជាច្រើនក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញខ្លីទៅកាន់កម្មករ កម្មការិនី។ លោកថា ការផ្តល់វគ្គបណ្តុះបណ្តាលនេះ គឺជារឿងវិជ្ជមាន ១ ក្នុងការផ្តល់ជំនាញវិជ្ជាជីវៈផ្សេងទៀតទៅកាន់កម្មករ ព្រោះកម្មករ មិនត្រូវមានជំនាញតែ ១ មុខៗនោះទេ។
លោកបញ្ជាក់ថា៖ «កម្មករគាត់ត្រូវតែមានពហុជំនាញមួយដើម្បីឆ្លើយតបទីផ្សារ និងមុខរបរនៅក្នុងស្រុកខ្មែរយើង។ បើយើងគិតពីទំហំនៃកម្មករ ពលកម្មរបស់យើងក្នុងស្រុកនេះ ភាគច្រើន គឺកម្មករ គាត់ទទួលបានតែជំនាញ ដែលមិនមែនជាពហុជំនាញ។ ដូចគាត់ ជាកម្មករដេរ គាត់ចេះតែដេរ ហើយរាប់ឆ្នាំ»។
ទន្ទឹមនឹងការផ្តល់វគ្គបណ្តុះបណ្តាលនេះ លោកឃុន ថារ៉ូ ក៏ចង់ឃើញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើន និងជំរុញឱកាសការងារក្នុងស្រុក ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋ ជាពិសេសកម្មករ អាចចាប់យកជំនាញការងារទាំងនោះ ក្រោយទទួលបានវគ្គបណ្តុះបណ្តាលទាំងនេះ។
កាលពីថ្ងៃទី ៤ សីហា ក្រសួងការងារ បានបង្ហាញការស្ទង់មតិមួយ ដោយរកឃើញថា អ្នកទទួលបានការបណ្តុះបណ្តាលពីជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬ TVET ពីកម្រិត ១ ដល់កម្រិត ៤ ទទួលបានតួនាទី ជាអ្នកបច្ចេកទេសខ្ពស់ ដល់ទៅជាង ៤៥ ភាគរយ និងកម្រិតអ្នកគ្រប់គ្រងមានជាង ១៧ ភាគរយ ខណៈមុខរបរមួយចំនួន ប្រហែលជាមិនទាក់ទងនឹងជំនាញមាន ១៩ ភាគរយ៕