វិភាគ៖ តើបញ្ហាប្រជាធិបតេយ្យនឹងមានការកែលម្អទេ ក្រោយវត្តមានអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស UN មកកម្ពុជា?
ប្រភព៖ VOD
ដំណើរមកបំពេញទស្សនកិច្ចការងាររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) លោក វិទិត មុនតាប៊ន មកកាន់ប្រទេសកម្ពុជា រយៈពេលជាង១០ថ្ងៃ ចំពេលវិបត្តិនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា មិនទាន់ត្រូវបានស្ដារឡើងវិញនៅឡើយនោះ បង្កើតជាការចោទសួរថាតើក្រោយបញ្ចប់បេសសកម្មរបស់អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះ បញ្ហាប្រជាធិបតេយ្យនៅកម្ពុជាមានការកែលម្អឬទេ?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា វត្តមានរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មកកម្ពុជាពេលនេះ នឹងលើកយកបញ្ហាសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ដែលខ្វល់ខ្វាយពាក់ព័ន្ធនឹងការរួមតូចនៃលំហសេរីភាព និងនយោបាយ។
ប៉ុន្តែជាទស្សនៈរបស់លោក សំណើទាំងអស់នោះ បក្សកាន់អំណាចកម្ពុជានឹងមិនឆ្លើយតបជាវិជ្ជមានទេ ដោយសារការមិនឆ្លើយតបកន្លងទៅ មិនដែលមានឥទ្ធិពលអាក្រក់ណាមួយមកលើបរិបទនយោបាយបែបនេះទេ ក្រៅតែពីវិធានការតិចតួច ដូចជា ការបង្កកទ្រព្យសម្បត្តិមន្ត្រីមួយចំនួនតូច និងដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ នៃ EBA របស់សហភាពអឺរ៉ុប។
លោក ឯម សុវណ្ណរ៉ា គិតថា វិធាននេះនឹងមិនធ្វើឱ្យមេដឹកនាំនយោបាយកម្ពុជាបារម្ភពីទំនាក់ទំនងការទូតឬពាណិជ្ជកម្មរបស់ខ្លួន ជំរុញដល់ការស្ដារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហគមន៍អន្តរជាតិនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ លោកថា របត់នយោបាយនាប៉ុន្មានឆ្នាំចុងក្រោយនេះបានដើរបញ្ច្រាសទិសទៅនឹងកង្វល់របស់សហគមន៍អន្តរជាតិនេះ ដោយសារតែមានការចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងអ្នកនយោបាយជំទាស់ ជាដើម។
យ៉ាងណា លោកគិតថា ស្ថានភាពនេះអាចនឹងត្រូវបានកែលម្អ ប្រសិនបើអង្គការសហប្រជាជាតិហ៊ាន និយាយចំៗ ជាជាងទុកពេលឱ្យអ្នកនយោបាយឆ្លើយដោះសារ តាមរយៈការការពាររបាយការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
លោកថា៖ «លុះត្រាតែមានសម្ពាធខ្លាំងជាងនេះពីសហគមន៍អន្តរជាតិ ឧទាហរណ៍ថា ក្នុងនាមសហគមន៍អន្តរជាតិ អាចអំពាវនាវចំៗតែម្តងឱ្យ [រដ្ឋាភិបាលកម្ពុជា] គោរពទៅតាមខ្លឹមសារនៃស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលរដ្ឋាភិបាលតែងតែដោះសារថាបានដាក់ចូលមកក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ប៉ុន្តែអត់បានអនុវត្ត បានតែដាក់ចូល»។
យ៉ាងណា លោកមើលឃើញថា ការដែលរបត់នយោបាយនៅកម្ពុជារអិលធ្លាក់ទៅក្នុងវិបត្តិនយោបាយ និងសិទ្ធិមនុស្ស ដែលសហគមន៍អន្តរជាតិព្រួយបារម្ភដូចបច្ចុប្បន្ន គឺដោយសារវប្បធម៌ក្រាញអំណាចរបស់អ្នកនយោបាយខ្មែរ និងកត្តាអន្តរជាតិ ដែលលោកថា ប្រទេសមហាអំណាចយកចិត្តទុកដាក់បញ្ហាកម្ពុជាតិចតួច ខណៈមហាអំណាចខ្លះទៀតគាំទ្រនិងលើកទឹកចិត្តរបត់នយោបាយបច្ចុប្បន្ន។
ជ្រុងមួយទៀត លោក ឯម សុវណ្ណរ៉ា គិតថា ច្បាប់មួយចំនួនស្តីពីប្រជាធិបតេយ្យកម្ពុជា ដែលតំណាងរាស្រ្តសហរដ្ឋអាមេរិកសំដៅដល់ការដាក់ទណ្ឌកម្មនិងបង្កកទ្រព្យសម្បត្តិឥស្សរជននយោបាយនោះ ក៏ជាសម្ពាធមួយទៀតជំរុញឱ្យមានការកែលម្អប្រជាធិបតេយ្យនៅកម្ពុជាដែរ បើច្បាប់នេះមានសុពលភាពហើយត្រូវបានអនុវត្តមែននោះ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព យល់ឃើញថា ការកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អាស្រ័យលើការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលមានកាតព្វកិច្ចពង្រឹងនូវនីតិរដ្ឋ និងគោរពបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានទទួលស្គាល់។
បញ្ហានេះ លោកស្រីគូសបញ្ជាក់ថា វត្តមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើទឹកដីកម្ពុជា ក្នុងរយៈពេលជាងមួយសប្តាហ៍នេះ ជាឱកាសបង្កើននូវកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ ទាំងក្រុមអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីឈ្វេងយល់ពីបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងធ្វើរបាយការណ៍ដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
លោកស្រីយល់ឃើញថា បើស្ថានភាពសិទ្ធិមនុស្សមិនត្រូវបានកែលម្អទាន់ពេលទេ នឹងប៉ះពាល់ដល់អភិបាលកិច្ច ហើយអាចនឹងធ្វើឱ្យការខិតខំប្រឹងប្រែងរួមគ្នារបស់សង្គមស៊ីវិលនិងរដ្ឋាភិបាលលើគោលការណ៍ប្រជាធិបតេយ្យ អាចនឹងបរាជ័យ។
តែយ៉ាងណា លោកស្រីថា៖ «ខ្ញុំនៅតែមានក្ដីសង្ឃឹមថា ដោយសារស្មារតីនៃរដ្ឋធម្មនុញ្ញ យ៉ាងហោចណាស់ យើងនៅមានការចូលរួមពីអ្នកទាំងឡាយដែលគាត់ខ្វាយខ្វល់ពីសង្គមយើងហ្នឹង។ យើងនឹងអាចមានភាពប្រសើរ តាមរយៈការចូលរួមពីពលរដ្ឋទាំងអស់គ្នាហ្នឹង»។
ប្រហាក់ប្រហែលគ្នានេះដែរ នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មិនបានចងកាតព្វកិច្ចបណ្ដាប្រទេសដែលជារដ្ឋសមាជិកនោះទេ។ ប៉ុន្តែលោកថា យន្តការនេះអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ខាងទំនាក់ទំនង ដើម្បីទាញយកប្រយោជន៍ទាំងខាងនយោបាយនិងសេដ្ឋកិច្ច បើរបត់នយោបាយធ្វើឱ្យកម្ពុជារអិលធ្លាក់ទៅក្នុងបញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្សនោះ។
លោកថា៖ «ការកែប្រែលក្ខខណ្ឌសិទ្ធិមនុស្សនេះ សំខាន់រឿងឆន្ទៈអ្នកដឹកនាំដែរ បើសិនឆន្ទៈអ្នកដឹកនាំប្រទេស លោកចង់បានប្រទេសយើងមួយលែងឱ្យបែកបាក់សង្គម លែងបែកបាក់ជាតិ ឈប់ឈ្លោះគ្នា គ្មានជម្រើសអីក្រៅពីយើងគោរព[រដ្ឋ]ធម្មនុញ្ញ គោរពសិទ្ធិមនុស្ស គោរពគោលការណ៍ជាសកលអីហ្នឹងទេ»។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ បានបង្ហោះសារលើហ្វេសប៊ុករបស់លោក ក្រោយជួបជាមួយអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន ថាការបើកលំហសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវដើរតួទន្ទឹមនឹងនីតិរដ្ឋ។
លោកបញ្ជាក់ថា៖ «ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ និងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ កម្ពុជាចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យមានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា »។
បន្ថែមពីនេះ លោកស្រី ចក់ សុភាព គូសបញ្ជាក់ថា បើគេនិយាយដល់គោលការណ៍នីតិរដ្ឋ រដ្ឋត្រូវធានាយុត្តិធម៌ដល់ពលរដ្ឋគ្រប់និន្នាការដោយគ្មានការរើសអើង រួមទាំងធានាដល់សិទ្ធិបញ្ចេញមតិ និងជួបជុំដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងគោលការណ៍សកល។ តែយ៉ាងណា លោកស្រីថា បច្ចុប្បន្ន ជាញឹកញាប់ តួអង្គសង្គមស៊ីវិលដែលហ៊ានចេញមុខរិះគន់ ឬធ្វើការអនុវត្តនូវសិទ្ធិសេរីភាពមូលដ្ឋាន រាប់ទាំងសិទ្ធិប្រមូលផ្ដុំជាដើម តែងតែរងនូវការគាបសង្កត់ និងប្រឈមនឹងផ្លូវច្បាប់ ខណៈជនល្មើសបទឧក្រិដ្ឋធំៗពាក់ព័ន្ធការបំផ្លាញធនធានធម្មជាតិ ត្រូវរួចខ្លួន និងករណីខ្លះទៀត ពាក់ព័ន្ធអំពើហិង្សា ឬឃាតកម្មទៅលើអ្នកសារព័ត៌មានខ្លះ ជនដៃដល់មិនត្រូវបាននាំខ្លួនមកផ្តន្ទាទោសទេ។
បញ្ហានេះ អ្នកជំនាញនយោបាយ លោក ឯម សុវណ្ណរ៉ា បារម្ភថា កម្ពុជាអាចនឹងជួបវិបត្តិខាងផ្នែកការទូត និងសេដ្ឋកិច្ច ជាមួយក្រុមប្រទេសលោកសេរី ដូចបណ្ដាប្រទេសផ្ដាច់ការមួយចំនួន បើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មិនត្រូវបានកែលម្អទាន់ពេលនោះ៕