លិខិតចំហ

15
កុម្ភៈ

លិខិតចំហ

ភ្នំពេញ ថ្ងៃអង្គារ ០៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣

 

លិខិតចំហគោរពជូនចំពោះ

 

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៌ និងទូរគមនាគមន៍

 

 

សំណើ៖  ស្នើមានចំណាត់ការទៅលើលោក ផែង វណ្ណៈ ដែលជាម្ចាស់គេហទំព័រ Pheng Vannak News  ចំពោះ ការប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មាន។

 

យើងខ្ញុំអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅកម្ពុជាដែលមានរាយនាមដូចខាងក្រោម បានទទួលស្គាល់នូវឆន្ទៈដ៏ខ្ពង់ខ្ពស់និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅគ្រប់វិស័យ ជាពិសេសការបំពេញកាតព្វកិច្ច​ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆំាងនឹងស្ត្រី និងតាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយជាតិនានា។

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានក្នុងឆ្នាំ២០២១ ក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៥០០០ (ប្រាំពាន់)នាក់ មានស្រ្តីជាអ្នកសារព័ត៌មានតែ ៤៧០នាក់ ដែលស្មើនឹង ៩.៤ ភាគរយប៉ុណ្ណោះ។ តួលេខនេះបាន បង្ហាញពីវត្តមានរបស់ស្រ្តីដែលចូលរួមក្នុងវិស័យសារព័ត៌មាននៅមានតិចនៅឡើយក្នុងប្រទេសកម្ពុជា។ មិន​ត្រឹមតែ ប៉ុណ្ណោះ ក្នុ​ងចំណោមស្រ្តីជាអ្នកសារព័ត៌មានទាំងនេះ ពួក​គេបានរាយការណ៍អំពីបញ្ហាប្រឈមជាច្រើនដែលពួកគេ​ជួប ប្រទះ ជាពិសេសទាក់ទងនឹងការរើសអើងផ្អែកលើយេនឌ័រ ការបៀតបៀន និងគំរាមកំហែង[1]។ ប្រការទាំង​នេះ ធ្វើឲ្យ ប៉ះពាល់ដល់ស្ថានភាពផ្លូវកាយ ផ្លូវចិត្ត និងលទ្ធភាពក្នុងការបំពេញ​វិជ្ជាជីវៈរបស់ពួកគេ ហើយក៏អាចជា​ក​ត្តាបន្ទច់ បង្អាក់ស្រ្តីផ្សេងទៀត មិនឲ្យចាប់អាជីពការងារក្នុងវិស័យសារព័ត៌មានផងដែរ។

ជាមួយនឹងបញ្ហាប្រឈមទាំងនេះ យើងខ្ញុំមានការខកចិត្តនិងព្រួយបារម្ភយ៉ាងខ្លាំងដែលលោក ផែង វណ្ណៈ បានប្រើមាតិកា​ប្រមាថមាក់ងាយនិងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មានម្នាក់យ៉ាងធ្ងន់ធ្ងរ នៅលើប្រព័ន្ធផ្សព្វផ្សាយ​ សង្គមហ្វេស​ប៊ុកផ្ទាល់ខ្លួនរបស់លោក (Vannak Pheng) ដែលមានខ្លឹមសារ “ជាស្រី​ក្មេង​មាន​រូបសម្បត្តិ​ស្អាត​បាតដែរ​ តែ​ចរិកព្រៃផ្សៃ​…………ចរិក​ថោកទាប​ដូចនាង​ អាណា យកធ្វើប្រពន្ធងាប់ហើយ…” ។

យើ​ងខ្ញុំមើលឃើញថាសកម្មភាពប្រមាថមាក់ងាយខាងលើនេះ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកិច្ច ប្រឹង​ប្រែងនានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី ឆ្ពោះទៅសម្រេចឲ្យ​បានតាមគោលដៅទី ៥ នៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលក្នុងនោះក៏ធ្វើឡើងតាមរយៈការលុប បំបាត់ផ្នត់គំនិតរើសអើងផ្អែកលើយេនឌ័រ រួមទាំងតាមប្រព័ន្ធអនឡាញផងដែរ។ ជាង​នេះទៅទៀត ការប្រើប្រាស់​ ពាក្យសម្តីប្រមាថរបស់ លោក ផែង​ វណ្ណៈ​ ដូចខាងលើនេះ គឺជាទង្វើដែលមិនអាចលើកលែងបាន អសីលធម៌ និង​ បំពានយ៉ាងខ្លាំង​ទៅលើក្រមសីលធម៌​វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាពិសេស​ បំពាន​ទៅលើក្រមប្រតិ​បត្តិ​ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មាន​អំពើហិង្សាលើស្រ្តី ដែល​ក្រសួង​កិច្ច​ការនារី និង​ក្រសួង​ព័ត៌មាន​បានរួម​គ្នា​បង្កើតឡើង​ កាល​ពីខែ​កក្កដា ឆ្នាំ២០១៧ និង​ដោយ​រួម​ទាំង​បាន​បង្កើត​ក្រុម​ការងារ​ដើម្បីអនុវត្ត ពិនិត្យ តាមដានដោះស្រាយ​បញ្ហានៃ ការ​រំលោភ​បំពាន​លើ​ក្រមប្រតិបត្តិ​នេះដែរ។​ ជាងនេះទៅទៀតទង្វើ​ទាំង​នេះរបស់លោក ផែង វណ្ណៈ បាន​បណ្តាល​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្លូរបស់បុគ្គល បន្ទាបតម្លៃស្រ្តី  និងសង្គមជាតិទាំងមូលដែលផ្ទុយទៅនឹងរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា​ ៣១ “​…ពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់……ការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗមិនត្រួវអោយប៉ះពាល់ដល់សិទ្ធិសេរីភាព អ្នកដទៃឡើយ.. ​ ”។

អាស្រ័យហេតុដូចនេះ យើងខ្ញុំសូមស្នើដល់លោកជំទាវរដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋមន្ត្រី មេត្តាចាត់វិធានកាផ្លូវច្បាប់ តឹងរ៉ឹងទៅ​លើ លោក ផែង វណ្ណៈ ដើម្បីផ្តល់យុត្តិធម៌​ដល់ស្រ្តីដែលទទួលរងការប្រមាថ និង ​ការ​បៀត​បៀន រួមទាំងបង្កើត​គម្រូភាពល្អនៅក្នុងសង្គម រួមមាន៖

១. ក្រុមការងារតាមដានរាយការណ៍អំពើហិង្សាលើស្រ្តីនៃក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន ចាត់វិធានការ ចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដើម្បីអនុវត្តឲ្យស្របតាមក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការ​រាយ​ការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និង ទប់ស្កាត់រាល់មាតិកាដែលបង្កប់នូវខ្លឹមសារប្រមាថមាក់ងាយដល់ស្រ្តី និងបុគ្គលគ្រប់អត្តសញ្ញាណយេនឌ័រកុំ​ឲ្យ​កើតមានឡើងបន្តទៀត។ ។

២. បង្គាប់ឲ្យលោក ផែង វណ្ណៈ ទទួលស្គាល់កំហុស កែតម្រូវពាក្យពេចន៍ប្រមាថ មាក់ងាយ និង ធ្វើការសូម ទោសជាសាធារណៈចំពោះស្រ្តីជាអ្នកសារព័ត៌មានដែលរងគ្រោះ និងសាធារណៈជនទូទៅចំពោះទង្វើដ៏​អសីលធម៌​របស់គាត់។

៣.  បង្គាប់ឲ្យលោក ផែង វណ្ណៈ ចូល​ខ្លួនទទួលវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មាន​ដែលយល់ ដឹងត្រឹមត្រូវអំពីយេនឌ័រក្នុងវិស័យសារព័ត៌មាន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុមការងារដើម្បីអនុវត្ត ពិនិត្យ តាមដាន ដោះស្រាយបញ្ហានៃការរំលោភបំពានលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ ព័ត៌មានអំពីអំពើហិង្សាលើស្រ្តី។

សម្រាប់ព័ត៌មានបន្ថែម៖

អេង ចាន់ឌី       នាយិកាអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា                   095 797 909

បុណ្យ​ រចនា      នាយិកា​ប្រតិបត្តិ​អង្គការក្លាហាន                                         089 476 146

ជឹម ចាន់នាង    អគ្គលេខាធិការ​អង្គការ​ អិន​ជីអូ ស៊ី- ដ                                 012 668 853

ស្តើង ភារ៉ុង       នាយិកាប្រតិបត្តិអង្គការបន្ទាយស្រី                                     081 885 874

លិខិតចំហនេះគាំទ្រដោយ៖​

១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់លើស្រ្តី(NGO -CEDAW)

២. អង្គការ​យេនឌ័រ​និងអភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC)

៣. អង្គការ ក្លាហាន (Klahaan)

៤. អង្គការ បន្ទាយស្រី (Banteay Srei)

៥. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍​(BCV)

៦. អង្គការនារីដើម្បីសន្តិភាព (WPM)

៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធ៌មនៅកម្ពុជា (ខុមហ្រែ្វល)

៨. អង្គការលើកកម្ពស់គុណភាពជីវិត

៩. សមគមគាំពារស្ត្រីងាយរងគ្រោះ (ASVW)

១០. សហភាពការងារកម្ពុជា(CLC)

១១. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១២. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)

១៣. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១៤. អង្គការ អាក់សិនអេតកម្ពុជា (ActionAid Cambodia)

១៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១៦. បណ្តាញយុវជនកម្ពុជា (CYN)

១៧. មណ្ឌលព៌តមានស្រ្តីកម្ពុជា (WMC)

១៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)

១៩. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

២០. អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC)

២១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)

២២. បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ (GADNet)

២៣. ក្រុមសន្សំប្រាក់នារី​(LSG)

២៤. អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)

២៥. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

២៦. អង្គការសម័្ពគណនេយ្យភាពសង្គមកម្ពុជា (ANSA Cambodia)

២៧. អង្គការសមាគមន៍ធាងត្នោត (STT)

២៨. អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (LSCW)

២៩. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

៣០.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia)

៣១. អង្គការតម្លាភាពកម្ពុជាកម្ពុជា (TIC)

៣២. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង (UPWD)

៣៣. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក)

៣៤. អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ (SACD)

៣៥. អង្គការត្រួសត្រាយនៃកម្ពុជា

៣៦. សហគមន៍175គ្រួសារ

៣៧. ស.គ 197គ្រួសារសហគមន៍ភូមិព្រលាន

៣៨. គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)

៣៩.អង្គការមជ្ឈមណ្ឌលសម្ពន្ធ័ភាពការងារ​ និងសិទ្ធិមនុស្ស (សង់ត្រាល់)

៤០.​អង្គការសីលការ (Silaka)

៤១. អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍ (PAD)

៤២.បណ្តាញពហុវិស័យ

៤៣.សហគមន៍៨៤៣គ្រួសារខេត្តកោះកុង

៤៤.សហគមន៍១២៩គ្រួសារខេត្តកោះកុង

៤៥. សហគមន៍៨០គ្រួសារ ខេត្តកោះកុង

ទាញយកលិខិតចំហ(ភាសាខ្មែរ)

ទាញយកលិខិតចំហ(ភាសាអង់គ្លេស).pdf

 

 

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...