ញត្តិ ស្តីពីការស្នើសុំទីតាំង កសាងស្តូប បញ្ឈប់វប្បធម៌និទណ្ឌភាព នៅរាជធានីភ្នំពេញ

23
មករា

ញត្តិ ស្តីពីការស្នើសុំទីតាំង កសាងស្តូប បញ្ឈប់វប្បធម៌និទណ្ឌភាព នៅរាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

…………………………….

ញត្តិ
គោរពជូន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

 

កម្មវត្ថុ៖ ស្នើសុំទីតាំង កសាងស្តូប បញ្ឈប់វប្បធម៌និទណ្ឌភាព នៅរាជធានីភ្នំពេញ

នៅក្នុងឱកាសគម្រប់ខួប ២០ឆ្នាំ នៃឃាតកម្មលើលោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាជាក្រុមសង្គមស៊ីវិល ដែលរួមមានអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព សហគម ព្រះសង្ឃ និស្សិត បញ្ញាវន្តខ្មែរ សកម្មជនសង្គម បរិស្ថាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកស្រាវជ្រាវកិច្ចការសង្គម យល់ឃើញថា ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាព ឬបញ្ចប់វប្បធម៌នៃការប្រព្រឹត្តិបទល្មើសហើយមិនជាប់ទោសទណ្ឌនៅកម្ពុជា គឺត្រូវធានាឱ្យមានយុត្តិធម៌ក្នុងសង្គម លើកកម្ពស់នីតិរដ្ឋនៅកម្ពុជា និងការបើកលំហសិទិ្ធសេរីភាពជាមូលដ្ឋាន ពីសំណាក់អាជ្ញាធររដ្ឋ ផ្អែកតាមគោលការណ៍លទិ្ធប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានធានា និងទទួលស្គាល់ជាសកលនៅក្នុងច្បាប់ជាតិ អន្តរជាតិ សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កតិកសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

«ការបញ្ចប់និទណ្ឌភាពនៅកម្ពុជា» គឺជាកាតព្វកិច្ចដ៏សំខាន់មួយរបស់រដ្ឋក្នុងការលើកកម្ពស់នីតិរដ្ឋ និងការគោរពសិទិ្ធមនុស្ស។ នៅពេលដែលលោក ជា វិជ្ជា នៅរស់រានមានជីវិត លោកបានលើកទ្បើងថា៖ «យុត្តិធម៌សង្គមគឺជា មូលដ្ឋានគ្រឹះនៃសន្តិភាព»។ នេះមានន័យថា កាតព្វកិច្ចរបស់អាជ្ញារដ្ឋក្នុងការស្វែងរកយុត្តិធម៌ គឺដើម្បីបង្កើនទំនុកចិត្តសម្រាប់សាធារណជនលើប្រព័ន្ធតុលាការ ក្នុងការផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះដែលទទួលរងការរំលោភសិទ្ធិមនុស្ស។

ការធ្វើកំណែទម្រង់ក្នុងប្រទេសប្រកបដោយវិជ្ជមាន ដោយសន្តិវិធីនិងអហិង្សា ដោយផ្អែកលើគោលការណ៍នីតិរដ្ឋជាចម្បង ជាអាទិភាពអាជ្ញាធររដ្ឋត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព ហើយតុលាការត្រូវតែឯករាជ្យ ដោយមិននៅក្រោមឥទ្ធិពលបុគ្គលមានអំណាច មានទ្រព្យសម្បត្តិ ដើម្បីគាបសង្កត់ទៅលើពលរដ្ឋទន់ខ្សោយ គ្មានអំណាច ក្រុមអ្នកងាយរងគ្រោះ សកម្មជនសិទ្ធិមនុស្ស សកម្មជនសិទ្ធិការងារ សកម្មជនសហជីព សកម្មជនសង្គម សកម្មជនស្រលាញ់លទិ្ធប្រជាធិបតេយ្យ នោះទេ។

បញ្ហានិទណ្ឌភាព គឺជាបញ្ហាដ៏រសើបមួយដែលកំពុងតែញាំញីនៅក្នុងសង្គម។ យើងខ្ញុំទាំងអស់គ្នាជាតំណាង ក្រុមសង្គមស៊ីវិល និងអ្នកវិភាគសង្គមជាច្រើនតែងតែបានលើកទ្បើង និងស្នើសុំឱ្យអាជ្ញាធររដ្ឋបញ្ឈប់វប្បធម៌និទណ្ឌភាព ដើម្បីយុត្តិធម៌សង្គម និងរក្សានូវសន្តិភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ។ លើសពីនេះ ការបន្តឱ្យមាននូវនិទណ្ឌភាព គឺជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់សាធារណជន បំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ ជាពិសេស សកម្មជន សិទ្ធិមនុស្សនានា ក្នុងសកម្មភាពតស៊ូមតិ និងស្វែងរកកាគាំទ្រ ដើម្បីផលប្រយោជន៍សង្គមជាតិ។

គិតចាប់តាំងពីឆ្នាំ១៩៩៤ យ៉ាងហោចណាស់អ្នកកាសែតចំនួន ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជាដោយពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ។ អ្នកកាសែត ១២នាក់ ក្នុងចំណោម ១៥នាក់នោះ បានបាត់បង់ជីវិត ខណៈពេលពួកគេកំពុងរាយការណ៍ពីបញ្ហារសើបដែលបាននឹងកំពុងកើតឡើងនៅកម្ពុជា។ រហូតមកដល់ពេលនេះ ពុំទាន់មានជនល្មើសណាម្នាក់ត្រូវបាននាំយកមកកាត់ទោសតាមច្បាប់នៅឡើយទេ។

កាលពីខែកុម្ភៈ ឆ្នាំ២០១២ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលត្រូវតុលាការខេត្តស្វាយរៀងរកឃើញថា មានទោសពីបទបាញ់ប្រហារទៅលើកម្មការិនីរោងចក្រកាត់ដេរចំនួន ៣នាក់ ឱ្យរងរបួសនៅក្នុងខេត្តស្វាយរៀង ស្ទើរតែមិនបានទទួលទោសនៅក្នុងពន្ធនាគារនោះទេ ដោយចំណាយពេលភាគច្រើននៅក្នុងមន្ទីរពេទ្យទៅវិញ។ បញ្ហានិទណ្ឌភាពនេះ ធ្វើឱ្យមានការកើនឡើងនូវការរំលោភអំណាចនិងអំពើពុករលួយ ហើយជាលទ្ធផល ភាពអយុត្តិធម៌សង្គមបន្តកើតមានកាន់តែធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋកាន់តែបន្តរងគ្រោះជាបន្តបន្ទាប់។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ ខណៈដែលលោកកំពុងពិសាកាហ្វេ នាព្រឹកនោះ នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ។ លោកបណ្ឌិត ដែលជាអ្នកវិភាគនយោបាយ និងអ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាព ត្រូវបានឃាតករបាញ់សម្លាប់អំឡុងពេលដែលមានការកើនឡើងនៃការធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស និងគណបក្សជំទាស់ នាពេលនោះ ។ ការស៊ើបអង្កេតលើអំពើឃាតកម្មនេះ មិនបានបង្ហាញមុខជនល្មើសផ្សេងទៀតក្រៅពីឃាតករម្នាក់ ដែលត្រូវបានផ្ដន្ទាទោស ដែលឃាតករម្នាក់នោះត្រូវសាធារណជនជឿជាក់ថា មិនមែនជាឃាតករពិតប្រាកដ ហើយការស៊ើបអង្កេតពេលនោះនៅតែត្រូវបានចាត់ទុកថា មិនគ្រប់គ្រាន់ ។

ដូចគ្នាដែរអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្ដាលថ្ងៃ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅខាងមុខតូបលក់កាសែតមួយកន្លែងនៅខាងក្រៅវត្តលង្កា។ អស់រយៈពេលជាង១ទសវត្សរ៍មកហើយ ឃាតករពិតប្រាកដមិនទាន់ត្រូវបានយកមកផ្ដន្ទាទោសនៅឡើយទេ។ ផ្ទុយទៅវិញ បុរសគ្មានកំហុសពីររូបគឺលោក ប៊ន សំណាង និងលោក សុខ សំអឿន បែរជាត្រូវបានកាត់ទោស និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំដោយមិនត្រឹមត្រូវ មុនពេលតុលាការបដិសេធការផ្ដន្ទាទោសនេះចោលវិញ។

ប្រសិនបើវប្បធម៌នេះនៅតែបន្ត នោះជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅតែជាឧបសគ្គ និង ជាបញ្ហាប្រឈមក្នុងដំណើរស្វែងរកយុត្តិធម៌។ ការលុបបំបាត់ឱ្យបាននូវបញ្ហានិទណ្ឌភាព គឺទាមទារឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធររដ្ឋ និងការសហការជាមួយ ក្រុមសង្គមស៊ីវិល ទីភ្នាក់ងារជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីជំរុញឱ្យមានការទទួលខុសត្រូវ យុត្តិធម៌សង្គម នីតិរដ្ឋ និងលទិ្ធប្រជាធិបតេយ្យ។

ដូចនេះ ការមាននូវស្តូបមួយនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីជាការតាស់តឿន និងរំលឹកដល់ភាគីដែលពាក់ព័ន្ធដូចមានរៀបរាប់ខាងលើ ឱ្យរួមគ្នាលុបបំបាត់វប្បធម៌និទណ្ឌភាព លើកកម្ពស់យុត្តិធម៌សង្គម ការគោរពសិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យនៅក្នុងប្រទេស ដើម្បីសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍដ៏ពិតប្រាកដ។

អាស្រ័យដូចបានជម្រាបជូនជាមតិ និងយោបល់ខាងលើ យើងខ្ញុំទាំងអស់គ្នាសង្ឃឹម យ៉ាងមុតមាំថា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តា ពិនិត្យ និងពិចារណា តាមការស្នើសុំខាងលើដោយក្តី អនុគ្រោះ។

សូមសម្តេច មហាបវរធិបតី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២៤

បញ្ជីរាយនាមស្ថាប័នដែលចូលរួមគាំទ្រញ្ញត្តិ៖
១. សហព័ន្ធសហជីពកម្ពុជា (CATU)
២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣. សហព័ន្ធសហជីពកម្មករទេសចរណ៍កម្ពុជា (CTWUF)
៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៥. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)
៦. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៧. សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
៨. សហជីពគាំទ្រសិទ្ធិការងាររបស់និយោជិតខ្មែរនៃណាហ្គាវើលដ៍ (LRSU)
៩. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១០. សហភាពការងារកម្ពុជា (CLC)
១១ សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១២. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១៣. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១៤. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
១៥. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៦. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
១៧. សហភាពផ្ទះសាមគ្គី (SH)
១៨. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
១៩. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
២០. សហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
២១. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
២២. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ (KKKHRDA)
២៣. អង្គការតម្លាភាពកម្ពុជា (TI)
២៤. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
២៥. អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)
២៦. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
២៧. អង្គការសមាគមធាងត្នោត (STT)
២៨. សមាគមការសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
២៩. អង្កការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៣០. អង្គការសមធម៌កម្ពុជា (EC)
៣១. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៣២. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center)
៣៣. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
៣៤. សហភាពពហុវិស័យកម្ពុជា (CCC)
៣៥. អង្គការពន្លកខ្មែរ (PKH)
៣៦. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)
៣៧. សហគមន៍បឹងប្រាំ (បាត់ដំបង)
៣៨. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៣៩. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៤០. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៤១. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
៤២. សហគមន៍បឹងពីរ (បាត់ដំបង)
៤៣. សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ
៤៤. សហគមន៍ព្រៃឡង់ខេត្តក្រចេះ
៤៥. សហគមន៍ព្រៃឡង់ខេត្តព្រះវិហារ
៤៦. សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង
៤៧. សហគមន៍ដីធ្លីត្រពាំងជោ (កំពង់ស្ពឺ)
៤៨. សហគមន៍ដីធ្លីរស្មីសាមគ្គី (កំពង់ស្ពឺ)
៤៩. សហគមន៍ដីធ្លីអមលាំង (កំពង់ស្ពឺ)
៥០. សហគមន៍ដីធ្លីដក់ពរ (កំពង់ស្ពឺ)
៥១. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៥២. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
៥៣. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥៤. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៥៥. អង្គការស៊ីដរ (NGO-CEDAW)
៥៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

Download Petition in Khmer

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...