ក្រុមអង្គការប្រកាសធ្វើយុទ្ធនាការ៨ថ្ងៃដើម្បីអបអរសាទរខួបទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២
ក្រុមអង្គការសមាគមដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស ប្រកាសធ្វើយុទ្ធនាការរយៈពេល ៨ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមីនា ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនៅប្រទេសកម្ពុជា នឹងអបអរសាទរខួបទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២។
ក្រុមអង្គការសង្គមស៊ីវិល ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ជាដើម បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាកាលពីថ្ងៃទី១ ខែមីនា ថា ពួកគេនឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នាដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលខាងលើអះអាងថា គោលបំណងនៃការប្រារព្ធកម្មវិធីនេះ គឺដើម្បីរម្លឹកដល់ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រី ក្មេងស្រី និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីនៅគ្រប់វិស័យ។ ជាងនេះទៀត ក៏ដើម្បីបង្ហាញដល់សាធារណជនឱ្យបានជ្រាបអំពីតម្រូវការ បញ្ហា ប្រឈមរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងស្នើឱ្យរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះផងដែរ។
អង្គការក្រៅរដ្ឋាភិបាលទាំងនោះបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមីនា ពួកគេនឹងចេញផ្សាយខិត្តប័ណ្ណជារៀងរាល់ថ្ងៃ និងចេញផ្សាយវីដេអូចំនួន ៧ឃ្លីប ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ថែមទៀត ដែលលើកឡើងនូវសំណើឱ្យមានការដោះស្រាយនូវបញ្ហាប្រឈមចំនួន ១៧ចំណុចតាមវិស័យនីមួយៗ។ ជាងនេះទៀត នៅថ្ងៃទី៨ ខែមីនា ក៏នឹងមានការរៀបចំកម្មវិធីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដែលមានអ្នកចូលរួមចំនួនប្រមាណ ៥០០នាក់ផងដែរ។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មីនា នេះថា បញ្ហារបស់កម្មករនិយោជិតជាស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺជាបញ្ហាដែលត្រូវដោះស្រាយជាប្រព័ន្ធ ព្រោះបញ្ហាទាំងអស់នោះពាក់ព័ន្ធទាំងវិស័យសង្គម សេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាយ៉ាងខ្លាំង។
លោកបន្ថែមថា ក្នុងវិស័យសង្គមកិច្ច ស្ត្រីទទួលបានការគាំពារនៅមានកម្រិតនៅឡើយ ស្ត្រីដែលជាកម្មករនិយោជិតត្រូវបានបាត់បង់ឱកាសក្នុងការចូលរួមកសាងសមត្ថភាព និងចលនាសង្គម ដោយសារសម្ពាធការងារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងប្រាក់ឈ្នួលទាប ជាដើម។
ចំណែកសកម្មជនសិទ្ធិមនុស្សជាស្ត្រីតែងតែទទួលរងនូវការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ដូចជាការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ការប្រើប្រាស់អំពើហិង្សាទាក់ទងនឹងសកម្មភាពតស៊ូមតិ ក្នុងការការពារសិទ្ធិការងារ ការលើកកម្ពស់សិទ្ធិមនុស្ស និងការពារផលប្រយោជន៍របស់ស្ត្រីដូចគ្នា ជាដើម។
លោក ឃុន ថារ៉ូ អះអាងថា ដោយឡែកវិស័យសេដ្ឋកិច្ច ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលជាកម្លាំងពលកម្មយ៉ាងសកម្ម ក៏ប៉ុន្តែស្ត្រីនៅទីជនបទ និងក្រីក្រ បានបាត់បង់ឱកាសក្នុងការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ដើម្បីប្រែក្លាយទៅជាធនធានមនុស្សប្រកបដោយសក្ដានុពលរហូតមក។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ចំណែកវិស័យនយោបាយវិញ ស្ត្រីដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចទទួលបានឱកាសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ផ្ទុយទៅវិញ ស្ត្រីដែលមាននិន្នាការប្រឆាំងតែងតែទទួលរងនូវការចោទប្រកាន់ផ្នែកនយោបាយ នៅពេលដែលពួកគេហ៊ានក្រោកឈរ និងចូលរួមទាមទារ តវ៉ា ដើម្បីយុត្តិធម៌សង្គម និងសេរីភាពក្នុងការបញ្ចេញមតិ ជាដើម។
បែបនេះក្តី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន តែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្ត្រីរហូតបង្កើតបានជាពាក្យស្លោកថា ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិសព្វថ្ងៃនេះ។
យ៉ាងណាក៏ដោយ សិទ្ធិស្ត្រីនៅកម្ពុជាត្រូវបានគេមើលឃើញថា តែងរងនូវការរំលោភបំពានពីសំណាក់រដ្ឋាភិបាលជានិច្ច។ ជាក់ស្តែង ក្រុមស្ត្រីដែលធ្វើការតស៊ូមតិ សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី និងមេដឹកនាំសហជីពនៃបុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ កំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ បន្ទាប់ពីពួកគេចេញមុខទាមទារឱ្យកម្មករ និងពលរដ្ឋរងគ្រោះ។
ជាងនេះទៀត សកម្មជននយោបាយ ដូចជាកញ្ញា កឹម តុលា ដែលជាអតីតមេឃុំគណបក្សសង្គ្រោះជាតិ ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែ រួមជាមួយសកម្មជនដែលជាស្ត្រីជាច្រើនផ្សេងទៀត។ លើសពីនេះ ស្ត្រីអ្នកសារព័ត៌មានដែលជាបុគ្គលិករបស់អង្គភាពសារព័ត៌ វីអូឌី ដែលត្រូវបានបិទ ក៏ត្រូវរងនូវការប្រមាថកេរខ្មាសពីអ្នកសារព័ត៌មានដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលផងដែរ៕
ប្រភព៖ ឌឹ ខេមបូឌា ដេលី