របាយការណ៍ស្តីពី ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា
ការវាយតម្លៃលើការពិនិត្យតាមដានភាពអនុលោមតាម FOA របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា
ខ្លឹមសារសង្ខេប
របាយការណ៍នេះ បំពេញមុខងារជាសមាសធាតុមួយនៃគម្រោងដែលកំពុងបន្តរវាងអង្គការ CENTRAL ជាមួយ CATU និង C.CAWDU ដើម្បីចងក្រងជាឯកសារថាតើសេរីភាពសហជីព(FOA) ត្រូវបានបំផ្លិចបំផ្លាញកម្រិតណានៅក្នុងបណ្ដារោងចក្រកាត់ដេរ ផលិតស្បែកជើង និងសម្ភារធ្វើដំណើររបស់កម្ពុជាទាំងមូល ដែលជាការបំផ្លាញដល់ការប្ដេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់កម្ពុជា រំលោភបំពានរដ្ឋធម្មនុញ្ញរបស់ប្រទេស និងច្បាប់ស្ដីពីការងារ ព្រមទាំងធ្វើឱ្យសមត្ថភាពរបស់ម៉ាកយីហោអន្តរជាតិក្នុងការអនុវត្តនីតិវិធីត្រួតពិនិត្យត្រឹមត្រូវយ៉ាងរឹងមាំនៅក្នុងសង្វាក់ការផ្គត់ផ្គង់របស់ខ្លួន ប្រែជាធ្លាក់ចុះខ្សោយ។
ក្នុងនាមជារបាយការណ៍ទីមួយដែលបានចេញផ្សាយក្រោមគំនិតផ្ដួចផ្ដើមនេះ ឯកសារនេះធ្វើការវាយតម្លៃលើកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) និងពិនិត្យថាតើដំណើរការនាពេលបច្ចុប្បន្នរបស់ BFC អាចវាយតម្លៃបានសមស្រប និងរាយការណ៍បានគ្រប់គ្រាន់អំពីឧបសគ្គរារាំងបង្កើតឡើងដោយនិយោជកសម្រាប់សេរីភាពសហជីពឬទេ។ ក្នុងនាមជាផ្នែកមួយនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា[1] របស់អង្គការអន្តរជាតិខាងការងារ (ILO) សកម្មភាពស្នូលមួយរបស់ BFC គឺធ្វើការពិនិត្យលើភាពអនុលោមតាមច្បាប់របស់រោងចក្រវាយនភណ្ឌសម្រាប់ការនាំចេញធៀបជាមួយស្ដង់ដាការងារអន្តរជាតិដើម្បីផ្ដល់ជាមូលដ្ឋានព័ត៌មានសម្រាប់ម៉ាកយីហោ និងអ្នកបញ្ជាទិញស្ដីពីលក្ខខណ្ឌការងារនៅក្នុងរោងចក្រនីមួយៗ។ បច្ចុប្បន្ន BFC វាយតម្លៃលើលក្ខខណ្ឌការងារក្នុងរោងចក្រចំនួន ៧០៣ រោងចក្រនៅទូទាំងប្រទេសកម្ពុជាដែលជួលកម្មករនិយោជិតប្រមាណ ៦៥១ ០០០ នាក់ឱ្យធ្វើការងារ។[2]
ជាផ្នែកមួយនៃដំណើរការនេះ ម៉ាកយីហោ និងអ្នកបញ្ជាទិញអាចទិញរបាយការណ៍ភាពអនុលោមតាមច្បាប់ ចំណែករបាយការណ៍ទម្រង់សង្ខេប គឺមានសម្រាប់កម្មករនិយោជិត សហជីពតំណាង និងសាធារណជនទូទៅនៅលើដេតាបេសតម្លាភាពរបស់ BFC។
អស់ពេលជាងមួយឆ្នាំកន្លងទៅនេះ ក្រុមការងាររបស់យើងបានធ្វើការសម្ភាសជាច្រើនជាមួយថ្នាក់ដឹកនាំសហជីព និងអ្នកតំណាងសហជីពមកពីរោងចក្រដែលបានចុះបញ្ជីជាមួយ BFC ចំនួន ១៤ រោងចក្រ ដើម្បីវាយតម្លៃលើសមត្ថភាពរបស់សមាជិកខ្លួនក្នុងការចូលទៅរក និងយល់អំពីទិន្នន័យជាសាធារណៈរបស់ BFC ក៏ដូចជាដើម្បីវាយម្លៃលើភាពសុក្រឹតនៃរបាយការណ៍ភាពអនុលោមតាមច្បាប់ដែលអាចរកបានជាសាធារណៈទាក់ទងជាមួយលក្ខខណ្ឌវិនិច្ឆ័យស្ដីពី FOA។ ការសម្ភាសរបស់យើងជាមួយសហជីពនៅតាមរោងចក្រ និងកម្មករនិយោជិតបានបើកកកាយឱ្យឃើញនូវបញ្ហាប្រឈមជាច្រើនសម្រាប់កម្មករនិយោជិតដែលជួបការលំបាកទាំងក្នុងការចូលទៅរកទិន្នន័យ ក៏ដូចជាប្រើប្រាស់ទិន្នន័យទាំងនេះ។ កម្មករនិយោជិតក៏បានចង្អុលបង្ហាញឱ្យឃើញអំពីមិនស៊ីសង្វាក់គ្នាដ៏ច្រើនសន្ធឹកសន្ធាប់រវាងទិន្នន័យ បើធៀបជាមួយបទពិសោធជាក់ស្ដែងដែលពួកគេជួបប្រទះ។ ថ្វីបើរោងចក្រទាំង ១៤ នៅក្នុងការសិក្សានេះ សុទ្ធតែបានពិន្ធុដ៏ល្អឥតខ្ចោះពី BFC លើលក្ខខណ្ឌវិនិច្ឆ័យស្ដីពី FOA ក្ដី ប៉ុន្តែអ្នកតំណាងសហជីពមកពីកន្លែងការងារចំនួន ១០ ក្នុងចំណោមកន្លែងការងារទាំង ១៤ បានរាយការណ៍ថា ពួកគេបានជួបប្រទះឧបសគ្គរារាំងសម្រាប់ FOA ក្នុងនោះរួមមានទាំងការបំភិតបំភ័យផ្ទាល់មាត់ ការគំរាមកំហែង ការយាយី និងការដាក់ក្នុងបញ្ជីខ្មៅដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញមុខងាររបស់ខ្លួន។
បើយោងតាមព័ត៌មានបានទទួលពីការសម្ភាសក្រុមគោលដៅ ការស្ទាបស្ទង់មតិកម្មករនិយោជិត និងការសម្ភាសតាមដានបន្ត យើងបានរកឃើញថា៖
- សហជីពឯករាជ្យដែលត្រូវបានរួមបញ្ចូលក្នុងការសិក្សានេះ បានរាយការណ៍ថា ដេតាបេសតម្លាភាពរបស់ BFC និងរបាយការណ៍ភាពអនុលោមតាមច្បាប់ដែលគេអាចរកបានជាសាធារណៈនោះ ពុំមានសារប្រយោជន៍ក្នុងការដោះស្រាយពាក្យបណ្ដឹងស្ដីពីភាពអនុលោមតាមច្បាប់ទាក់ទងជាមួយ FOA ទេ។ កម្មករនិយោជិត និងថ្នាក់ដឹកនាំសហជីពនៅក្នុងការសិក្សានេះ បានរាយការណ៍ថា ទិន្នន័យនៅតែបង្កការលំបាកសម្រាប់ឱ្យសហជីព ក៏ដូចជាកម្មករនិយោជិតចូលទៅរក មានការពិបាកយល់ ព្រមទាំងខ្វះព័ត៌មានលម្អិតឱ្យបានគ្រប់គ្រាន់ ដើម្បីអាចឱ្យមានសារប្រយោជន៍នៅក្នុងការចរចារបស់ពួកគេជាមួយនិយោជក និង/ឬម៉ាកយីហោ។
- ថ្នាក់ដឹកនាំសហជីពភាគច្រើនបានរកឃើញថា របាយការណ៍ភាពអនុលោមតាមច្បាប់របស់ BFC សម្រាប់រោងចក្ររបស់យើង គឺពុំសុក្រឹតទេ ហើយពុំបានឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្ដែងនៃមូលដ្ឋានឡើយ។ អ្នកតំណាងមកពីរោងចក្រចំនួន ១០ ក្នុងចំណោមរោងចក្រទាំង ១៤ ដែលបានចូលរួមក្នុងការសិក្សានេះ បានរាយការណ៍ថា ថ្វីបើរោងចក្របានពិន្ទុឥតខ្ចោះសម្រាប់ភាពអនុលោមតាមច្បាប់យោងតាមដេតាបេសតម្លាភាពរបស់ BFC ក្ដី ប៉ុន្តែមានការរំលោភបំពាន FOA យ៉ាងពាសពេញនៅក្នុងកន្លែងដែលពួកគេធ្វើការ។ របាយការណ៍ភាពអនុលោមតាមច្បាប់សាធារណៈ ក៏ពុំបានបើកបង្ហាញព័ត៌មានលម្អិតស្ដីពីភាពអនុលោមតាម FOA ដែរ ជាហេតុធ្វើឱ្យមិនសូវអាចយករបាយការណ៍នោះទៅប្រើប្រាស់ឱ្យមានប្រយោជន៍នៅក្នុងការចរចាឡើយ។ ទិដ្ឋភាពនេះ បង្កឱ្យមានសំណួរស្ដីពីភាពសុក្រឹតរបស់របាយការណ៍ និង/ឬចន្លោះខ្វះខាតជាសក្ដានុពលដែលមានក្នុងវិធីសាស្រ្តការសង្ខេបទិន្នន័យ។
- សកម្មភាពសហជីពកម្ពុជា គឺត្រូវបានលាក់បាំងដោយការឈ្លបតាមដាន និងតាមត្រួតពិនិត្យជាប្រចាំពីសំណាក់សហជីពដែលជាសម្ព័ន្ធភាពជាមួយក្រុមហ៊ុន ព្រមទាំងបរិយាកាសមិនទុកចិត្តគ្នាដែលមានយ៉ាងសាយភាយ។ មានភស្តុតាងគួរជាទីកត់សម្គាល់ដែលផ្ដល់តម្រុយបង្ហាញថា ថ្នាក់គ្រប់គ្រងរោងចក្រប្រើប្រាស់ “សហជីពពណ៌លឿង” ដើម្បីយាយី និងបំភិតបំភ័យសហជីពឯករាជ្យ និងមានការរាយការណ៍ជាច្រើនអំពីការដាក់ចូលក្នុងបញ្ជីខ្មៅ ការរារាំងមិនឱ្យអ្នកធ្វើការងារសហជីពដែលត្រូវបានបណ្ដេញចេញពីការងារអាចរកការងារធ្វើនៅទីកន្លែងផ្សេងបាន។ គេកម្រឃើញមានការចាប់បានអំពីការប្រតិបត្តិទាំងនេះនៅក្នុងសវនកម្មសង្គមបែបប្រពៃណីណាស់ រួមទាំងសវនកម្មសង្គមរបស់ BFC ផងដែរ។
ដោយសាររបាយការណ៍ភាពអនុលោមតាមច្បាប់របស់ BFC ត្រូវបានផលិតផលឡើងដោយអង្គការ ILO ហេតុដូច្នេះ របាយការណ៍ទាំងនេះមានទម្ងន់ និងភាពគួរជាទីជឿជាក់យ៉ាងខ្លាំងនៅក្នុងសង្វៀនសហជីព។ ថ្វីបើប្រទេសកម្ពុជាធានាសហជីពតាមផ្លូវច្បាប់ក្ដី ប៉ុន្តែឧបសគ្គរារាំងទាំងផ្នែករចនាសម្ព័ន្ធ និងផ្នែកប្រតិបត្តិការ បានរារាំងកម្មករនិយោជិត និងសហជីពមិនឱ្យអាចអនុវត្តសិទ្ធិរបស់ខ្លួនបានយ៉ាងពេញលេញ។ នៅហួសពីជញ្ជាំងរោងចក្រ នៅមានឧបសគ្គរារាំងផ្នែករដ្ឋបាល និងផ្នែកយុត្តិធម៌ដែលរារាំងការងារសហជីពបន្ថែមទៀតដូចមានជាឧទាហរណ៍ដូចជាដំណើរការចុះបញ្ជិកាសហជីព និងដំណើរការទទួលបានវិញ្ញាបនបត្រភាពជាតំណាងបំផុតដ៏វែងអន្លាយ ព្រមទាំងការចុះខ្សោយនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ដោយមិនអាចពឹងផ្អែកលើប្រព័ន្ធច្បាប់ក្នុងស្រុកបាន សហជីពបានសម្លឹងមើលទៅ BFC ដើម្បីជួយជ្រោមជ្រែងក្នុងការកត់ត្រាចងក្រងអំពីភាពមិនអនុលោមតាមច្បាប់។ បើគិតលើទិដ្ឋភាពផ្នែកទ្រឹស្ដីរចនាសម្ព័ន្ធត្រីភាគីរបស់ BFC គួរតែអនុញ្ញាតឱ្យមានការកត់ត្រាចងក្រងយ៉ាងគត់មត់ និងសុក្រឹតអំពីការរំលោភបំពាន FOA ទាំងសម្រាប់សហជីព ក៏ដូចជាម៉ាកយីហោ អាចពឹងផ្អែកបានលើការវាយតម្លៃទាំងនេះ ជាផ្នែកមួយនៃនីតិវិធីត្រួតពិនិត្យភាពត្រឹមត្រូវរបស់ខ្លួន។ ប៉ុន្តែក្នុងតថភាពជាក់ស្ដែង គឺគេពុំអាចធ្វើបែបនេះបានឡើយ ប្រសិនរបាយការណ៍ពុំមានភាពសុក្រឹត។ ប្រសិនរបាយការណ៍ទាំងនេះ ពុំបានចាប់យកនូវការរំលោភបំពានទេនោះ ជាលទ្ធផលធ្វើឱ្យមានការបង្ក្រាបសហជីពដោយគ្មានការត្រួតពិនិត្យ និងគ្មានជាឯកសារត្រឹមត្រូវ ជាហេតុធ្វើឱ្យតថភាពជាក់ស្ដែងនៃការធ្វើការងារក្នុងរោងចក្រក្រោម BFC ត្រូវមានភាពស្រពិចស្រពិល។
ដោយទទួលស្គាល់នូវតួនាទីដ៏ចាំបាច់ខ្វះមិនបានរបស់ BFC ក្នុងប្រទេសកម្ពុជា យើងខ្ញុំសូមសង្កត់ធ្ងន់ថា រាល់ការរិះគន់ទាំងឡាយដែលមានក្នុងរបាយការណ៍នេះ គឺពុំមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការងារដ៏សំខាន់របស់ BFC និងកម្មវិធីកាន់តែប្រសើរ ដែលបានសម្រេចបានកន្លងមកក្នុងការជួយកែលម្អលក្ខខណ្ឌការងារ ការពារសិទ្ធិរបស់កម្មករនិយោជិត និងធានាឱ្យប្រទេសកម្ពុជាមានភាពប្រកួតប្រជែងក្នុងនាមជាប្រទេសគោលដៅនៃការទិញផលិតផលប្រកបដោយសីលធម៌នោះឡើយ។ ផ្ទុយទៅវិញតាមរយៈការបោះពុម្ពផ្សាយទាំងនេះ យើងព្យាយាមពន្លេចឱ្យឃើញថាតើយើងអាចធ្វើយ៉ាងណាដើម្បីកែលម្អការវាយតម្លៃរបស់ BFC ស្ដីពី FOA បន្ថែមទៀតដើម្បីបង្កើតឱ្យមានបរិស្ថានកាន់តែមានសុវត្ថិភាព និងប្រកបដោយការគោរពថែមទៀតសម្រាប់សហជីពឯករាជ្យដើម្បីអាចមានប្រតិបត្តិការ ហើយបញ្រ្ចាសមកវិញ គឺដើម្បីជួយសម្របសម្រួលដល់ទំនាក់ទំនងវិជ្ជាជីវៈ និងផលិតភាពកាន់តែប្រសើរ។
សន្និដ្ឋាន
ការសិក្សានេះ ផ្ដល់ភស្តុតាងគាំទ្រទៅលើអ្វីដែលកម្មករនិយោជិត និងសហជីពបានលើកឡើងអស់ពេលជាច្រើនឆ្នាំមកហើយតាមរយៈការស្រាជ្រាវដោយឯករាជ្យទៅលើដេតាបេសតម្លាភាពរបស់ BFC ដែលផ្ទុយពីទិន្នន័យបែបស្ថិតិ។ ថ្វីបើ BFC គឺជាស្ថាប័នចម្បងមួយដែលចាំបាច់សម្រាប់កិច្ចការពារស្ដង់ដាការងារស្នូលដូចជាសេរីភាពសហជីពក្ដី ប៉ុន្តែស្ថាប័ននេះ ចាំបាច់ត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីអាចលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈឆ្លើយតប យុត្តិធម៌ និងប្រកបដោយអត្ថន័យនៅក្នុងរោងចក្រក្រោមការត្រួតពិនិត្យរបស់ខ្លួន។ ការធ្វើផ្ទុយពីនេះ គឺជាការខកខានមិនបានលើកកម្ពស់តាមអាណត្តិការងាររបស់ខ្លួន ក៏ដូចជាធ្វើឱ្យកម្មករនិយោជិតដែលខ្លួនអះអាងថាខ្លួនកំពុងបម្រើឱ្យ ត្រូវខកចិត្តផងដែរ។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យ BFC និងស្ថាប័នជាអ្នកពាក់ព័ន្ធរបស់ BFC ត្រូវធានាឱ្យបានថា ការកែលម្អលក្ខខណ្ឌការងារ គឺនៅតែជាស្នូលដ៏សំខាន់ជាដាច់ខាតនៃរាល់កិច្ចខិតខំទាំងអស់របស់ខ្លួន។ តាមរយៈការផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើសេរីភាពសហជីពនៅក្នុងរបាយការណ៍បឋមនេះ គោលដៅរបស់យើង គឺដើម្បីទាញចំណាប់អារម្មណ៍ឱ្យឃើញអំពីការលំបាកដែលសហជីពឯករាជ្យត្រូវជួបប្រទះ ដើម្បីអាចមានការតំណាងដោយស្មើភាពនៅក្នុងដេតាបេសនៅក្នុងភាពអនុលោមតាមច្បាប់របស់ BFC ដែលមានន័យថា ជាការបំផ្លាញដល់ចេតនារបស់គម្រោងទាំងមូល។
សម្រាប់ CENTRAL យើងមានបំណងបន្តប្រមូលទិន្នន័យ FOA សម្រាប់ឧស្សាហកម្មកាត់ដេរ BFC ផលិតស្បែកជើង និងសម្ភារធ្វើដំណើរក្នុងកិច្ចសហការជាមួយ CATU និង C.CAWDU ដែលមានផែនការសម្ភាសថ្នាក់ដឹកនាំសហជីព និងសកម្មជនមកពីរោងចក្រជាច្រើនទៀត ហើយនៅពេលក្រោយមក នឹងរួមបញ្ចូលនូវបញ្ហាសំខាន់ៗដទៃទៀតមិនមែនត្រឹមតែ FOA មួយមុខនោះទេ។ យើងខ្ញុំមានទស្សនៈយល់ឃើញថា គម្រោងនេះស្ថិតនៅក្រោមវត្ថុបំណងទូលំទូលាយរបស់យើងក្នុងការពិនិត្យតាមដានការរំលោភបំពានសិទ្ធិការងារជាប្រព័ន្ធនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងមើលឃើញរបាយការណ៍នេះថាជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសន្ទនាទូលំទូលាយ ដើម្បីបន្តលើកកម្ពស់យន្តការវាយតម្លៃភាពអនុលោមតាមច្បាប់សម្រាប់ពេលខាងមុខផងដែរ។
អនុសាសន៍
យើងបានលើកអនុសាសន៍ជាច្រើនជូនដល់ BFC សម្រាប់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយអនុសាសន៍ជាច្រើន គឺត្រួតស៊ីគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ដោយឡែក អង្គការ Human Rights Watch ថ្មីៗនេះ បានដាក់ចេញសកម្មភាពទូលំទូលាយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឈានឆ្ពៅទៅកែលម្អការគោរព FOA ក្នុងប្រទេសកម្ពុជាក្នុងអត្ថបទបោះពុម្ពផ្សាយរបស់ខ្លួនកាលពីឆ្នាំ ២០២២ ដែលមានចំណងជើងថា Only “Instant Noodle” Unions Survive: Union Busting in Cambodia’s Garment and Tourism Sectors.[3]
នៅទីនេះ យើងបានបង្រួមចំណុចផ្ដោតការយកចិត្តទុកដាក់របស់យើង ដើម្បីផ្ដោតទៅលើកម្រងអនុសាសន៍មួយចំនួនដើម្បីពង្រឹងភាពអាចធ្វើសកម្មភាពបាន។ ដោយហេតុថា ការបោះពុម្ពផ្សាយនេះ មានមុខងារជាចម្បងជារបាយការណ៍ស្រមោលនៃទិន្នន័យតម្លាភាពរបស់ BFC ស្ដីពី FOA ហេតុដូច្នេះ អនុសាសន៍របស់យើងគឺផ្ដោតដោយចំពោះទៅកាន់អ្នកទាំងឡាយដែលអាចដោះស្រាយកង្វល់ទាំងអស់នោះបាន ពោលគឺ៖ the ILO, the IFC, កម្មវិធីការងារកាន់តែប្រសើរ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា និយោជក និងអ្នកបញ្ជាទិញ។ យើងមានបំណងផ្ដល់អនុសាសន៍របស់យើងទៅកាន់ស្ថាប័នរដ្ឋាភិបាលដោយផ្ទាល់ដោយក្នុងនោះគឺរួមមាន រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងរបាយការណ៍ដាច់ដោយឡែកដែលនឹងដាក់ជូននៅពេលបន្ទាប់ទៀត ហើយនឹងផ្ដោតការយកចិត្តទុកដាក់ដោយផ្ទាល់បន្ថែមទៀតលើឧបសគ្គរារាំងផ្នែកច្បាប់ និងផ្នែកស្ថាប័នសម្រាប់ FOA។
សម្រាប់អង្គការ ILO, the IFC, កម្មវិធីការងារកាន់តែប្រសើរ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា៖
១. ដាក់របាយការណ៍ភាពអនុលោមតាមច្បាប់ទម្រង់ពេញដែលមានផ្ដល់ជូនសម្រាប់អ្នកបញ្ជាទិញជូនដល់សាធារណជន ជាពិសេសកម្មករនិយោជិត និងអ្នកតំណាងរបស់ខ្លួន ដើម្បីអាចទិញបាននៅក្រោមគម្រោងការកំណត់តម្លៃសមធម៌ និងលក្ខខណ្ឌការទិញបែបសមធម៌។ បើគិតតាមលក្ខណៈបច្ចេកទេស សាធារណជន រួមទាំងកម្មករនិយោជិត និងអ្នកតំណាងរបស់ខ្លួន អាចទិញរបាយការណ៍វាយតម្លៃភាពអនុលោមតាមច្បាប់ទម្រង់ពេញក្នុងតម្លៃ ១៥០០ដុល្លារអាមេរិក ប្រសិនរោងចក្រផ្ដល់សិទ្ធិឱ្យទិញ។ ថ្វីបើមានជម្រើសបែបនេះសម្រាប់សហជីពឯករាជ្យក្ដី ប៉ុន្តែអត្រាតម្លៃនេះ គឺពុំមែនជាតម្លៃដែលអាចមានលទ្ធភាពទិញបានសម្រាប់ទិន្នន័យដែលសហជីពមើលឃើញថា ពុំមានសុក្រឹតភាព/ពុំមានប្រសិទ្ធភាពសម្រាប់ការចរចានោះទេ។ ជាលទ្ធផលយើងពុំបានដឹងថា មានសហជីពឯករាជ្យណាមួយដែលធ្លាប់ព្យាយាមទិញរបាយការណ៍ទម្រង់ពេញ ហើយពុំអាចរាយការណ៍ថាតើរោងចក្រនឹងអនុញ្ញាតឱ្យពួកគេទិញ ឬមិនអនុញ្ញាតនោះឡើយ។ យើងខ្ញុំសូមបញ្ជាក់ជាថ្មីឡើងវិញថា សហជីព និងកម្មករនិយោជិតមានការចាប់អារម្មណ៍ចង់បានរបាយការណ៍ទម្រង់ពេញនេះ ព្រោះថារបាយការណ៍នេះអាចមានសារប្រយោជន៍សម្រាប់ការដោះស្រាយវិវាទ ជួយធានាភាពអនុលោមតាមច្បាប់ និងមានប្រយោជន៍ក្នុងការចរចាដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ។ ករណីតែមួយគត់ដែលសហជីព និងកម្មករនិយោជិតអាចមានលទ្ធភាពទទួលបានរបាយការណ៍ទម្រង់ពេញ គឺនៅពេលពួកគេចូលរួមក្នុងកម្មវិធីប្រឹក្សាយោបល់ស្ម័គ្រចិត្ត (PICC) ដែលជាកម្មវិធីថ្មីមួយ ប៉ុន្តែជាកម្មវិធីដែលពោរពេញដោយកង្វល់ស្ដីអំពីកង្វះសមធម៌។ ផ្ទុយទៅវិញតាមរយៈទីតាំងគេហទំព័រក្នុងប្រព័ន្ធរបាយការណ៍ដាច់ដោយឡែក ម៉ាកយីហោអាចមានលទ្ធភាពទទួលបានរបាយការណ៍វាយតម្លៃទម្រង់ពេញស្ដីពីរោងចក្រដែលពួកគេទិញទំនិញភ្លាមៗនៅពេលរបាយការណ៍នោះត្រូវបានបញ្ចប់រួចរាល់ និងដាក់បង្ហោះក្នុងគេហទំព័រ ហើយយោងតាម BFC បានឱ្យដឹងថាជាទូទៅ គឺរយៈពេលមួយខែបន្ទាប់ពីការវាយតម្លៃត្រូវបានធ្វើឡើយ របាយការណ៍នោះនឹងត្រូវបានបញ្ចប់ពេញលេញ រួចដាក់បង្ហោះនៅក្នុងគេហទំព័រ។ ដោយហេតុថា ម៉ាកយីហោអាចមានលទ្ធភាពទិញរបាយការណ៍នេះបានយ៉ាងងាយស្រួលសម្រាប់រោងចក្រនៅមួយៗដែលខ្លួនបញ្ជាទិញទំនិញ កម្មករនិយោជិត និងសហជីព គួរតែមានសិទ្ធិស្មើភាពក្នុងការចូលទៅទិញរបាយការណ៍អំពីរោងចក្រដែលជួលសមាជិកសហជីព និងកម្មករនិយោជិតឱ្យធ្វើការ ដើម្បីមានសិទ្ធិដឹងថាតើរបាយការណ៍នោះនិយាយដូចម្ដេចខ្លះអំពីលក្ខខណ្ឌការងាររបស់ខ្លួន។ ការកំណត់តម្លៃថ្លៃហួសលទ្ធភាព បូករួមជាមួយបទប្បញត្តិទាមទារឱ្យរោងចក្រត្រូវផ្ដល់ការអនុញ្ញាតជាមុនដើម្បីអាចទិញបាន ក្លាយជាបន្ទុកមិនសមហេតុផលសម្រាប់អ្នកពាក់ព័ន្ធដែលមានភាពងាយរងគ្រោះបំផុតនេះ ដែលយើងខ្ញុំសូមលើកទឹកចិត្តជាខ្លាំង និងផ្ដល់អនុសាសន៍ឱ្យលុបចោលនូវការតម្រូវបែបនេះ។
២. ដាក់បញ្ចូលចំណុចបញ្ហាទាំង ៥២ នៅក្នុងរបាយការណ៍សង្ខេបសម្រាប់សាធារណជនជំនួសឱ្យដាក់តែចំណុចបញ្ហាចាំបាច់ចំនួន ២១ ដូចនៅក្នុងការបើកបង្ហាញនាពេលបច្ចុប្បន្ន។ ដាក់ទិន្នន័យសម្រាប់ចំណុចបញ្ហាភាពអនុលោមតាមច្បាប់កម្រិតទាបដែលនៅសល់ចំនួន ៣១ ចំណុចទៀតឱ្យអាចរកបានជាសាធារណៈ ដើម្បីជួយលើកកម្ពស់ភាពអនុលោមតាមច្បាប់ឱ្យបានទូលំទូលាយជំនួសឱ្យផ្ដោតតែទៅលើចំណុចបញ្ហាចាំបាច់ចំនួន ២១ ចំណុច។ ថ្វីបើចំណុចទាំងនោះមិនពាក់ព័ន្ធខ្លាំងជាមួយសេរីភាពសហជីពដែលជាចំណុចផ្ដោតការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍របស់យើងនាពេលនេះក្ដី ប៉ុន្តែការបើកបង្ហាញគ្រប់ចំណុចទាំងអស់នៅក្នុងរបាយការណ៍ នឹងអាចជួយពង្រីកទំហំទិន្នន័យដែលមានសម្រាប់កម្មករនិយោជិតដើម្បីយកទៅចរចាអនុសញ្ញារួមដែលជាសិទ្ធិជាមូលដ្ឋានរបស់សហជីព ការពារដោយអនុសញ្ញា ILO លេខ ៩៨។ យោងតាម BFC បានឱ្យដឹងថា មានការពិភាក្សាលើចំណុចនេះជាច្រើនដងមកហើយ ប៉ុន្តែការងារនេះ គឺត្រូវការការអនុម័តយល់ព្រមពីគណៈកម្មាធិការប្រឹក្សាគម្រោងត្រីភាគី ដោយក្នុងនោះគឺមានអ្នកតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ) សហជីព និងរោងចក្រ។
៣. ដាក់របាយការណ៍តម្លាភាពដែលចេញផ្សាយថ្មីៗសម្រាប់គ្រប់រោងចក្រទាំងអស់ឱ្យមានក្នុងរយៈពេលមួយខែក្រោយកាលបរិច្ឆេទការវាយតម្លៃ ដោយមានប្រព័ន្ធផ្ដល់សញ្ញាដែលកម្មករនិយោជិត និងសហជីពអាច subscribe បាន។ ដូចបានពន្យល់ហើយថា កម្មករនិយោជិត និងបុគ្គលិកសហជីពមានការងារច្រើន ហើយដែលពុំមានពេលទំនេរចូលមកមើលគេហទំព័រតម្លាភាពរកមើលទិន្នន័យអំពីរោងចក្ររបស់ខ្លួន ដែលជាដំណើរការនៃការឆែករកព័ត៌មាននេះជាការងារដ៏ធំសម្បើមសម្រាប់កម្មករនិយោជិតភាគច្រើនដែលពុំនិយាយភាសាអង់គ្លេសផងនោះ ហើយអ្នកខ្លះពុំចេះអានភាសាខ្មែរគ្រប់គ្រាន់ និង/ឬពុំស្គាល់របៀបប្រើប្រាស់ការឆែករកបានអ៊ីនធឺណិត និងឧបករណ៍ឆែករកព័ត៌មាននោះ។
៤. បង្កើតយន្តការបណ្ដឹងសារទុក្ខផ្លូវដែលដាក់ទៅកាន់ BFC សម្រាប់ករណីរំលោភបំពានភាពអនុលោមតាមច្បាប់ ដោយរួមទាំងការរំលោភបំពាន FOA ព្រមទាំងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយអំពីយន្តការនេះ ដើម្បីឆ្លើយតបចំពោះបណ្ដឹងដែលបច្ចុប្បន្នត្រូវដាក់ជូនតាមរយៈប្រព័ន្ធ QR។ ថ្វីបើសហជីព និងកម្មករនិយោជិតអាចចូលទៅរករបាយការណ៍ភាពអនុលោមតាមច្បាប់ដែលពាក់ព័ន្ធរបស់ BFC ក្ដី ប្រសិនកម្មករ និងសហជីពរកឃើញមានភាពមិនត្រឹមត្រូវ ឬកង្វះព័ត៌មានណាមួយ បច្ចុប្បន្នពុំមានដំណើរការងាយស្រួលណាមួយដើម្បីឱ្យពួកគេអាចរាយការណ៍អំពីកង្វល់ទាំងនោះបានទេ។ បច្ចុប្បន្ន BFC បញ្ជាក់ថា ពួកគេមានពេលដើម្បីគាំទ្រដល់សហជីព និងរោងចក្រជានិច្ចក្នុងករណីមានវិវាទ ប៉ុន្តែគេក៏បានអះអាងថា តួនាទីរបស់ ILO ពុំមែនដើម្បីដោះស្រាយវិវាទបុគ្គលតាមរយៈការស៊ើបអង្កេត ឬដំណោះស្រាយលើបណ្ដឹងសារទុក្ខរបស់បុគ្គលនោះឡើយ។ ថ្វីបើមានវត្តមានអស់ពេលជា ២០ ឆ្នាំមកហើយ ហើយថ្វីបើបញ្ហានេះត្រូវបានលើកឡើងម្ដងហើយម្ដងទៀតនៅក្នុងអនុសាសន៍នាពេលកន្លងមកក្ដី ប៉ុន្តែគួរជាទីភ្ញាក់ផ្អើលដែល BFC នៅពុំទាន់បានបង្កើតនីតិវិធីដើម្បីចាត់ចែងបណ្ដឹងដែលទទួលបានដោយផ្ទាល់ពីកម្មករនិយោជិតនៅក្នុងលក្ខណៈផ្លូវការជាងពេលបច្ចុប្បន្ននោះឡើយ។ ប្រព័ន្ធក្រៅផ្លូវការដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះសហជីព និងសហព័ន្ធសហជីពអាចផ្ញើព័ត៌មានមកកាន់ BFC តាមរយៈប្រព័ន្ធលេខកូដ QR គឺត្រូវបានដៃគូរបស់យើងពិពណ៌នាថា ជាប្រព័ន្ធដែលឥតមានប្រសិទ្ធភាព។ ម្យ៉ាងទៀត ប្រព័ន្ធនេះពុំត្រូវបានផ្សព្វផ្សាយឱ្យដឹងជាសាធារណៈទូលំទូលាយឡើយ ហើយពុំមានយន្តការដែលគេអាចដាក់ពាក្យដើម្បីសុំព័ត៌មានបច្ចុប្បន្នភាពលើបញ្ហាដែលខ្លួនរាយការណ៍នោះឡើយ។ នៅពេលមិនមានយន្តការផ្លូវការដែលគេស្គាល់ និងដឹងច្បាប់យ៉ាងទូលំទូលាយដើម្បីអាចឱ្យកម្មករនិយោជិតរាយការណ៍ពីភាពមិនត្រឹមត្រូវបានទេនោះ របាយការណ៍ភាពអនុលោមតាមច្បាប់ គឺពុំតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលករកម្ពុជាដោយសមធម៌នោះឡើយ។
៥. បោះពុម្ពផ្សាយការពន្យល់ប្រកបដោយតម្លាភាព និងច្បាស់លាស់ស្ដីពីវិធីសាស្ត្រដែលបានប្រើប្រាស់ទាំងសម្រាប់ការវាយតម្លៃទម្រង់ពេញលេញ និងទិន្នន័យសង្ខេប។ តម្លាភាពរឹងមាំនៅក្នុងវិធីសាស្រ្តវាយតម្លៃ និងរាយការណ៍របស់ BFC ច្បាស់ជាអាចជួយលើកកម្ពស់ការយល់ដឹងរបស់អ្នកពាក់ព័ន្ធ និងការយល់ដឹងរបស់សាធារណជនទូទៅអំពីដំណើរការនៃការត្រួតពិនិត្យឱ្យបានកាន់តែប្រសើរថែមទៀត។ ឧបករណ៍ និងឯកសារណែនាំទាំងអស់របស់កម្មវិធីការងារកាន់តែប្រសើរ/ BFC ក៏គួរដាក់ឱ្យអ្នកពាក់ព័ន្ធទាំងអស់អាចចូលទៅរកបានផងដែរ។ ក្នុងនោះក៏អាចរួមមានការពន្យល់ពេញលេញអំពីរបៀបនៃការចម្រាញ់ទិន្នន័យដាក់ចូលទៅក្នុងរបាយការណ៍សាធារណៈ និងព័ត៌មានសាធារណៈពាក់ព័ន្ធជាមួយការប្រមូលទិន្នន័យផងដែរ (ដូចជាចំនួនកម្មករនិយោជិតដែលពិគ្រោះយោបល់ និង/ឬចំនួនសហជីពដែលបានចូលរួមក្នុងការសម្ភាស)។
៦. ចាត់វិធានការប្រកបដោយគណនេយ្យភាព ដើម្បីធានាឱ្យបានថា មានការពិចារណាយ៉ាងពេញលេញ និងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់កម្មករនិយោជិតនៅក្នុងដំណើរការនៃការវាយតម្លៃដោយនៅក្នុងនោះ គួររួមមានការចូលរួមដោយផ្ទាល់កាន់តែទូលំទូលាយថែមទៀតជាមួយកម្មករនិយោជិត និងអ្នកតំណាងកម្មករនិយោជិត ជាពិសេសនៅក្នុងអំឡុងពេលការវាយតម្លៃ។ ចំណុចនេះ គួររួមបញ្ចូលទាំងការធានាឱ្យមានអនាមិកភាពយ៉ាងពេញលេញចំពោះកម្មករនិយោជិតដែលបានផ្ដល់ការសម្ភាសនៅគ្រប់រោងចក្រដែល BFC បានចុះទៅពិនិត្យ និងធានាឱ្យបានថា សហជីពទាំងអស់គឺមានតំណាងនៅក្នុងការវាយតម្លៃនីមួយៗ។ បន្ថែមលើនេះ ករណីការរំលោភបំពាន FOA ដែលបានដាក់ជូនទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏គួរត្រូវបានកត់ត្រាទាំងនៅក្នុងការវាយតម្លៃទម្រង់ពេញលេញរបស់ BFC ក៏ដូចជានៅក្នុងរបាយការណ៍សាធារណៈ។ ការដាក់ពាក្យបណ្ដឹងអំពីការរំលោភបំពាន FOA ពុំបានបង្ហាញនៅក្នុងរបាយការណ៍ទេនាពេលបច្ចុប្បន្ន នេះគឺអាចបណ្ដាលមកពីអ្នកវាយតម្លៃសហគ្រាសរបស់ BFC ពុំបាននិយាយជាមួយសហជីពឯករាជ្យនៅក្នុងពេលចុះទៅពិនិត្យរោងចក្រ។ សហជីព “ពណ៌លឿង” ដែលពួកគេសម្ភាស នឹងធានាប្រាប់មន្រ្តី BFC ថាអ្វីៗគ្រប់យ៉ាង គឺសុទ្ធតែល្អនៅក្នុងរោងចក្រ ដោយហេតុថាពួកគេធ្វើការប្រកៀកស្មាជាដៃគូជាមួយថ្នាក់គ្រប់គ្រងរោងចក្រ។ ថ្វីបើកម្មករនិយោជិតត្រូវបានជ្រើសរើសចោះៗដោយអ្នកវាយតម្លៃសហគ្រាសរបស់ BFC ក្ដី តាមធម្មតាការវាយតម្លៃគឺធ្វើឡើងនៅក្នុងម៉ោងការងារដោយពុំមានរក្សាឯកជនភាពសម្រាប់អ្នកផ្ដល់ការសម្ភាសឡើយ ដែលជាហេតុអាចធ្វើឱ្យការឆ្លើយតបរបស់ពួកគាត់មានភាពលម្អៀង។ ក្នុងករណីមួយចំនួន រោងចក្រផ្ទាល់ក៏ជួយជ្រើសរើសកម្មករនិយោជិតសម្រាប់ការសម្ភាសផងដែរ។
៧. ធ្វើឱ្យមានសកម្មភាពខ្លាំងក្លា និងមានការសម្រេចចិត្តខ្ពស់នៅពេលក្រុមហ៊ុនបំពានច្បាប់ FOA ។ កម្មករនិយោជិត និងអ្នកតំណាងកម្មករនិយោជិតគួរបានទទួលការជូនដំណឹងអំពីការរំលោភបំពាន ហើយ BFC គួរបានទទួលការបំពាក់បរិក្ខារដើម្បីបម្រើតួនាទីជាប្រភពអាចផ្ទៀងផ្ទាត់បានសម្រាប់កម្មករនិយោជិត។ យើងតស៊ូមតិឱ្យមានយុទ្ធសាស្រ្តដែលមានការសម្របសម្រួលគ្នា ដែលត្រូវបានគាំទ្រយ៉ាងពេញលេញដោយរដ្ឋាភិបាលម្ចាស់ជំនួយរបស់កម្មវិធីការងារកាន់តែប្រសើរ ដើម្បីពង្រឹងកម្លាំងប្រសិទ្ធភាពកម្មវិធីក្នុងប្រទេសក្នុងការកាត់បន្ថយការបំបាត់សហជីពដែលកើតមានយ៉ាងសាយភាយក្នុងប្រទេសនាពេលបច្ចុប្បន្ន។ យើងជំរុញឱ្យមានអន្តរាគមន៍កម្រិតខ្ពស់ដើម្បីបំបាត់ចោលឧបសគ្គរារាំងផ្នែកស្ថាប័ន ផ្នែករចនាសម្ព័ន្ធ ផ្នែកនយោបាយ និងនៅក្នុងទស្សនៈយល់ឃើញ ឬការលំបាកផ្សេងៗទាំងអស់នេះ ដើម្បីផ្ដល់អាទិភាពដល់សិទ្ធិ និងសុខុមាលភាពរបស់កម្មករនិយោជិតនៅក្នុងក្របខ័ណ្ឌការងាររបស់កម្មវិធីការងារកាន់តែប្រសើរ។ នៅចុងបញ្ចប់នេះ ជាការសំខាន់ខ្វះមិនបានដែល BFC ត្រូវពង្រឹងកម្លាំងការសន្ទនារបស់ខ្លួនជាមួយសហជីពឯករាជ្យ និងអង្គការសិទ្ធិកម្មករនិយោជិតស្ដីអំពីអ្វីដែលពួកគេត្រូវការ ដើម្បីសម្របសម្រួលឱ្យមានការសហការកាន់តែជិតស្និទ្ធថែមទៀតឈានទៅដោះស្រាយកង្វល់ស្ដីពីសិទ្ធិរបស់កម្មករនិយោជិតឱ្យបានពេញលេញ។ ប្រសិនអាចសម្រេចបានការងារគួបកម្លាំងគ្នានេះ គឺចាំបាច់ត្រូវមានការងារអនុវត្តផ្ទាល់បន្ថែមទៀតពីសំណាក់ការិយាល័យកណ្ដាលរបស់កម្មវិធីការងារកាន់តែប្រសើរ ឬអន្តរាគមន៍ថ្មីៗដទៃទៀត យើងខ្ញុំស្នើឱ្យកម្មវិធីការងារកាន់តែប្រសើរត្រូវងើបឈរឡើងដើម្បីជម្នះបញ្ហាប្រឈមនេះ។
សម្រាប់និយោជក៖
៨. ប្រសិនអាចធ្វើបាន ត្រូវដកថ្នាក់ដឹកនាំសហជីពជាប់ឆ្នោត ស្ថាបនិកសហជីព និងសកម្មជនសហជីពចេញពីការបណ្ដេញចេញទ្រង់ទ្រាយធំ ឬការបញ្ឈប់ការងារ។ សូម្បីតែនៅពេលមានភាពចាំបាច់ផ្នែកហិរញ្ញវត្ថុក្នុងការព្យួរការងារ ឬបញ្ឈប់ការងារកម្មករនិយោជិតក្ដី ប៉ុន្តែគួររក្សាមន្រ្តីសហជីពដើម្បីគោរពទៅតាមសិទ្ធិសេរីភាពសហជីព ដើម្បីអាចឱ្យពួកគេបន្តការពារសិទ្ធិរបស់កម្មករនិយោជិតនៅសេសសល់ក្នុងរោងចក្រ។ នៅក្នុងពេលដែលវិបត្តិសេដ្ឋកិច្ចពិតជាគំរាមកំហែងដល់អាជីវកម្ម ហើយនៅទីបំផុតក៏គំរាមកំហែងដល់ជីវភាពរស់នៅរបស់ទាំងអស់គ្នា ប៉ុន្តែចាំបាច់ត្រូវតែបន្តគោរពសិទ្ធិសហជីព ទោះបីក្នុងពេលមានភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុក្ដី។
សម្រាប់អ្នកបញ្ជាទិញអន្តរជាតិ និងម៉ាកយីហោ៖
៩. ដាក់ឱ្យមានការចូលរួមរបស់កម្មវិធីការងារកាន់តែប្រសើររបស់ ILO នៅក្នុងគ្រប់បណ្ដាប្រទេសផ្គត់ផ្គង់ទំនិញទាំងអស់ដើម្បីជួយលើកកម្ពស់បរិយាបន្នកម្មករនិយោជិត និងអ្នកតំណាងរបស់កម្មករនិយោជិតនៅក្នុងដំណើរការវាយតម្លៃដើម្បីធានាឱ្យមានការអនុវត្តតាមនីតិវិធីត្រួតពិនិត្យត្រឹមត្រូវ។ មានភស្តុតាងគ្រប់គ្រាន់ដើម្បីចង្អុលបង្ហាញឱ្យឃើញថា ការវាយតម្លៃរបស់ BFC គឺត្រូវបានធ្វើឡើងដោយពុំមានបរិយាបន្នសហជីពឯករាជ្យឱ្យបានពេញលេញក្នុងរោងចក្រនីមួយៗ។ កម្មករនិយោជិត និងអ្នកតំណាងរបស់ខ្លួន ជាពិសេសអ្នកតំណាងមកពីសហជីពឯករាជ្យ គួរត្រូវបានធានាឱ្យមានសំឡេងនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃសកម្មភាពរបស់ BFC ដែលគួរត្រូវបានធានាតាមរយៈដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវរបស់ម៉ាកយីហោ។ ទិដ្ឋភាពបច្ចុប្បន្ននៃបរិយាបន្នសហជីពពណ៌លឿង អាចរារាំងដល់សហជីពឯករាជ្យមិនឱ្យអាចសហការបានពេញលេញ ហើយគួរប្រឆាំងទង្វើនេះតាមរយៈវិធានការការពារដើម្បីធានាឱ្យបានថា កម្មករនិយោជិត និងតំណាងរបស់ខ្លួនបានទទួលការចូលរួមប្រកបដោយសមធម៌នៅក្នុងដំណើរការវាយតម្លៃភាពអនុលោមតាមច្បាប់។
១០. ធានាឱ្យមានយន្តការបណ្ដឹងសារទុក្ខដែលមានប្រតិបត្តិការល្អនៅក្នុងសង្វាក់ការផ្គត់ផ្គង់របស់ខ្លួនទាំងមូលដើម្បីធានាថាសេរីភាពសហជីពត្រូវបានគោរពនៅកម្រិតរោងចក្រ ក៏ដូចជានៅក្នុងបរិបទនៃប្រទេសប្រតិបត្តិការ។ ម៉ាកយីហោត្រូវទទួលខុសត្រូវ ធានាឱ្យមានការត្រួតពិនិត្យជាប្រចាំ និងត្រូវកែសម្រួលនីតិវិធីត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្សរបស់ខ្លួន ឆ្លើយតបជាមួយការវិវត្តនៃប្រតិបត្តិការរបស់ខ្លួន និងបរិបទ។ ម្យ៉ាងទៀត ម៉ាកយីហោ និងអ្នកបញ្ជាទិញក៏មានកាតព្វកិច្ចត្រូវបង្កើត ឬចូលរួមប្រកបដោយអត្ថន័យក្នុងយន្តការបណ្ដឹងសារទុក្ខនៅកម្រិតប្រតិបត្តិការដើម្បីឆ្លើយតបជាមួយកង្វល់របស់បុគ្គល និងសហគមន៍។ យន្តការទាំងនេះ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់អំពីការរំលោភបំពានសិទ្ធិមនុស្សជាសក្ដានុពលដែលមានក្នុងដំណើរការត្រួតពិនិត្យភាពត្រឹមត្រូវទាំងមូល។ អនុលោមតាមគោលការណ៍មគ្គុទ្ទេសក៍អង្គការសហប្រជាជាតិ យន្តការបណ្ដឹងសារទុក្ខដែលមានប្រតិបត្តិការទាំងនេះ គួរប្រកាន់ខ្ជាប់ស្ដង់ដារនីត្យានុកូលភាព លទ្ធភាពអាចទទួលយកបាន ភាពអាចព្យាករទុកជាមុន ភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព ភាពស្របគ្នាជាមួយសិទ្ធិមនុស្ស និងការពង្រឹងជាបន្តបន្ទាប់។ ការអភិវឌ្ឍ និងប្រសិទ្ធភាពរបស់ពួកគេ គួរត្រូវបានកែសម្រួលយោងទៅតាមការចូលរួមយ៉ាងសកម្ម និងការប្រាស្រ័យទាក់ទងជាមួយអ្នកពាក់ព័ន្ធទាំងអស់។
១១. ត្រូវឱ្យសង្វាក់ផ្គត់ផ្គង់របស់ខ្លួនមានគណនេយ្យភាពអនុលោមតាមស្ដង់ដាសិទ្ធិមនុស្សអន្តរជាតិ និងស្ដង់ដាសិទ្ធិការងារ រួមទាំងអនុសញ្ញា ILO សំខាន់ៗដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន ដោយប្រើប្រាស់អំណាចនៃការទិញរបស់ខ្លួន ដើម្បីការពារកម្មករនិយោជិតនៅក្នុងសង្វាក់ការផ្គត់ផ្គង់។ ម៉ាកយីហោដែលមានប្រតិបត្តិការនៅកម្រិតអន្តរជាតិ គួរធានាយ៉ាងណាឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនត្រូវមានគណនេយ្យភាពអនុលោមតាមស្ដង់ដាខ្ពស់បំផុតដែលអាចធ្វើបាន ដោយក្នុងនោះរួមមានការធានាឱ្យមានយ៉ាងណាឱ្យដំណើរការរបស់ ILO BFC ត្រូវបន្ស៊ីជាមួយគោលដៅជាចេតនារបស់ខ្លួន។ ក្នុងនោះគឺរួមមានការធានានូវការគោរពអនុសញ្ញាស្ដីពីសិទ្ធិសហជីព និងសិទ្ធិចងក្រងរបស់ ILO ឆ្នាំ ១៩៤៨ (លេខ ៨៧) និងអនុសញ្ញាស្ដីពីសិទ្ធិចងក្រង និងអនុសញ្ញារួម ឆ្នាំ ១៩៤៩ (លេខ ៩៨) ដែលអនុសញ្ញាទាំងពីរនេះ កម្ពុជាបានផ្ដល់សច្ចាប័ន និងបានចូលជាធរមានរួចហើយ។ ជំនួសមកវិញ ម៉ាកយីហោជារឿយៗតែងទិញពីបណ្ដារោងចក្រដែលមានប្រតិបត្តិការទាមជាងស្ដង់ដាតាមរយៈការយោងទៅតាមច្បាប់ក្នុងស្រុក និងសេចក្ដីសម្រេចតាមផ្លូវច្បាប់នៅក្នុងប្រទេសផលិតក្រោមការបំភាន់ស្ដីពី “ការគោរពនីតិរដ្ឋ” ឬតាមរយៈការដកស្រង់ទិន្នន័យរបស់ BFC ដែលកម្មករនិយោជិតជាច្រើនតែងតែជំទាស់អំពីសុក្រឹតភាពនៃទិន្នន័យទាំងនោះ។ ម៉ាកយីហោចាំបាច់ត្រូវទទួលស្គាល់ថា ដើម្បីក្លាយជាអ្នកបញ្ជាទិញប្រកបដោយសីលធម៌ ពួកគេចាំបាច់ត្រូវធ្វើការងារបន្ថែមទៀតនៅក្នុងការគោរពសិទ្ធិកម្មករនិយោជិតនៅតាមបណ្ដារោងចក្រដែលខ្លួនបញ្ជាទិញ ពោលគឺត្រូវហួសពីអ្វីដែលបានសម្រេច ឬមានកំណត់នៅក្នុងប្រព័ន្ធយុត្តិធម៌ដេលគេដឹងថាមានភាពពុករលួយ ដោយក្នុងនោះនីតិរដ្ឋមានកេរ្តិ៍ដ៏អសោចដោយសារតែមានភាពទន់ខ្សោយ។ បន្ថែមលើនេះ ក្នុងនាមជាអតិថិជនដែលបង់ប្រាក់ ម៉ាកយីហោចាំបាច់ត្រូវឱ្យ BFC មានគណនេយ្យភាពធ្វើយ៉ាងណាឱ្យមានការវាយតម្លៃដ៏រឹងមាំដែលកំណត់អំពីការរំលោភបំពានសេរីភាពសហជីពយ៉ាងសុក្រឹត ហើយផ្ដល់លទ្ធភាពឱ្យពួកគេអាចផ្ដល់សំណង។
ទាញយករបាយការណ៍៖
របាយការណ៍សង្ខេបស្តីពី ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា
Barriers to Representation_ Freedom of Association in Cambodia
This post is also available in: អង់គ្លេស