ប្រភព៖ កាសែតខ្មែរ
កម្មករនិយោជិតនៃក្រុមហ៊ុន NagaWorld នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថា ការធ្វើកូដកម្មរបស់ពួកគេបានអូសបន្លាយរយៈពេល ១,៦៥៧ ថ្ងៃ ឬស្មើនឹង ៤ ឆ្នាំ ៦ ខែ និង ១៥ ថ្ងៃ ដោយអះអាងថា មកទល់ពេលនេះ ពួកគេនៅមិនទាន់ទទួលបានដំណោះស្រាយលើសំណើទាំង ៧ ចំណុចដែលបានដាក់ជូនក្រុមហ៊ុននោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ក្រុមកម្មករបានអះអាងថា ការតវ៉ារបស់ពួកគេគឺជាការទាមទារសិទ្ធិការងារ និងយុត្តិធម៌ មិនមែនជាសកម្មភាពដែលមានការជួលឱ្យធ្វើ ឬជាការញុះញង់ដូចការចោទប្រកាន់មួយចំនួននោះឡើយ។
កម្មករបានបន្តធ្វើសកម្មភាពតវ៉ានៅខាងមុខក្រុមហ៊ុន NagaWorld ដោយទាមទារឱ្យក្រុមហ៊ុនដោះស្រាយសំណើចំនួន ៧ ចំណុច។ ក្នុងនោះរួមមាន ការទទួលយកថ្នាក់ដឹកនាំ និងសមាជិកសហជីពដែលត្រូវបានបញ្ឈប់ឱ្យចូលធ្វើការវិញ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឱ្យស្របតាមច្បាប់ ការគណនាប្រាក់បំណាច់បន្ថែមសម្រាប់កម្មករដែលត្រូវបានបញ្ឈប់នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ការបើកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឱ្យបានត្រឹមត្រូវ ការដំឡើងប្រាក់ឈ្នួលគោល ៧% ការបញ្ឈប់ការប្រើប្រាស់បុគ្គលិកក្រោមស្លាកកម្មសិក្សាដោយមិនផ្តល់ស្ថានភាពជាបុគ្គលិកពេញសិទ្ធិ និងការផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកខ្មែរ និងបុគ្គលិកបរទេសដែលមានមុខតំណែង និងការងារដូចគ្នា។
ក្រៅពីនេះ ក្រុមកម្មករក៏បានអំពាវនាវឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងលើសកម្មភាពសហជីពគ្រប់ទម្រង់ផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល កម្មករបានអះអាងថា ទោះបីការតស៊ូរបស់ពួកគេបានអូសបន្លាយអស់រយៈពេលជាងបួនឆ្នាំកន្លះ និងប្រឈមការលំបាកយ៉ាងណាក៏ដោយ ពួកគេនឹងមិនបញ្ឈប់ការទាមទារនោះទេ ព្រោះយល់ថា សិទ្ធិការងាររបស់កម្មករនៅតែត្រូវបានរំលោភបំពាន។
ក្រុមកម្មករក៏បានអំពាវនាវដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ឱ្យពិនិត្យសំណុំរឿងនេះឡើងវិញ និងចូលរួមស្វែងរកដំណោះស្រាយចំពោះវិវាទការងារដែលអូសបន្លាយនេះ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូបានប្រាប់កាសែតខ្មែរថា ករណី វិវាទការងារនៅក្រុមហ៊ុនNagaWorld កូនសោរគន្លឹះនៅក្នុងការដោះស្រាយវិវាទនេះគឺមានតែអាជ្ញាធររដ្ឋទេ ជាពិសេសគឺ ក្រសួងការងារ មានអំណាចគ្រប់គ្រាន់នៅក្នុងការដោះស្រាយហើយតម្កល់នូវផលប្រយោជន៍ ភាគីទាំងសងខាង។
«ចឹងបើសិនជាយើងដោះស្រាយករណី ណាហ្គានេះបាន ខ្ញុំគិតថាជារឿងដែលមានការអបអរសាទរ ពីអន្តរជាតិណាស់។ ហើយចង់មិនចង់នាពេលបច្ចុប្បន្ននេះ សូម្បីតែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជាដើម ក៏កំពុងតែតាមដាន ត្រួតពិនិត្យ ទៅ លើបញ្ហានៃការអនុវត្តសិទ្ធិសេរីភាពផ្នែកសហជីព ដែលជាផ្នែកមួយនៃកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក៏ដូចជា ការ អនុលោមទៅតាមគោលការណ៍ យន្តការរបស់សហភាពអឺរ៉ុបពាក់ព័ន្ធទៅនឹងការលើកកម្ពស់សិទ្ធិការងារដែរ»។
គួរបញ្ជាក់ផងដែរថា វិវាទការងារនៅ NagaWorld បានចាប់ផ្តើមនៅចុងឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ក្នុងដំណាក់កាលដែលវិស័យកាស៊ីណូរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
សហជីព និងកម្មករបានអះអាងថា ការបញ្ឈប់ការងារនោះបានប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពដោយអយុត្តិធម៌ ខណៈក្រុមហ៊ុនបានលើកឡើងថា ការរៀបចំបុគ្គលិកឡើងវិញគឺជាការចាំបាច់ដោយសារស្ថានភាពអាជីវកម្ម។
ចាប់តាំងពីពេលនោះមក ការធ្វើកូដកម្ម និងការតវ៉ារបស់កម្មករបានបន្តកើតមានជាបន្តបន្ទាប់ ហើយក្នុងអំឡុងពេលកន្លងមក អាជ្ញាធរក៏បានចាត់វិធានការលើក្រុមអ្នកតវ៉ាមួយចំនួន រួមទាំងការចាប់ខ្លួន និងប្ដឹងសកម្មជនសហជីពខ្លះ ដែលបានទាក់ទាញការរិះគន់ពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
ជុំវិញវិវាទនេះ រដ្ឋាភិបាល និងក្រសួងការងារធ្លាប់បានអះអាងថា អាជ្ញាធរបានខិតខំសម្របសម្រួលដោះស្រាយតាមនីតិវិធីច្បាប់ ខណៈក្រុមហ៊ុន NagaWorld ក៏ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តពាក់ព័ន្ធនឹងការរៀបចំបុគ្គលិកធ្វើឡើងស្របតាមច្បាប់ និងស្ថានភាពអាជីវកម្ម។
កាសែតខ្មែរ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រុមហ៊ុន NagaWorld និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការអត្ថាធិប្បាយជុំវិញការលើកឡើងរបស់ក្រុមកម្មករនៅថ្ងៃទី២ ខែកក្កដា នេះបាននៅឡើយទេ៕