នៅព្រឹកថ្ងៃទី៧ មករានេះ កម្មកររោងចក្រដេរស្បែកជើង «YJC» ប្រមាណ ២ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ ៣។ ពួកគេបានប្រឆាំងនឹងការប្រមាថ មាក់ងាយរបស់មេការជនជាតិចិន ការមិនបើកប្រាក់បំណាច់ឆ្នាំ និងការមិនអនុញ្ញាតឲ្យឈប់សម្រាកនៅថ្ងៃបុណ្យជាតិ ៧មករា។ ក្រសួងការងារក៏បានចុះអន្តរាគមន៍សម្របសម្រួលភ្លាមៗរហូតដល់ភាគីទាំងពីរបានព្រមព្រៀង និងបញ្ចប់ការតវ៉ាក្នុងថ្ងៃដដែលនេះ។
លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះថា មូលហេតុធំចម្បងនៃការចេញតវ៉ាបិទផ្លូវរបស់កម្មកររោងចក្រដេរស្បែកជើង «YJC» គឺដោយសារតែការជេរប្រមាថ មាក់ងាយរបស់មេការជនជាតិចិន។ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន អង្គការសង់ត្រាល់បានបង្ហោះវីដេអូដែលបង្ហាញឲ្យឃើញពីសកម្មភាពរបស់កម្មករ-កម្មាការនីរោងចក្រដេរស្បែកជើង «YJC» ចេញតវ៉ានាព្រឹកថ្ងៃទី៧ មករានេះ ដោយមានទាំងការលើកទង់ជាតិកម្ពុជានៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកកងពិសី ខេត្តកំពង់ស្ពឺ។
បើតាមលោក ឃុន ថារ៉ូ ការតវ៉ារបស់កម្មកររោងចក្រប្រមាណជាង ២ពាន់នាក់នៅព្រឹកថ្ងៃទី៧ មករាក៏ដើម្បីទាមទារឲ្យមេការរោងចក្របើកប្រាក់បំណាច់ឆ្នាំ និងការមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាកនៅថ្ងៃបុណ្យជាតិ ៧មករា។ ដោយឡែក អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការតវ៉ារបស់កម្មកររោងចក្រ «YJC» ត្រូវបានក្រសួងការងារយកចិត្តទុកដាក់ ដោះស្រាយ និងសម្របសម្រួលចប់សព្វគ្រប់នៅរសៀលថ្ងៃទី៧ មករានេះ។
បើតាមលោកស៊ុន មេសា ភាគីទាំងពីរបានឯកភាពស្រុះស្រួលគ្នាលើ ១០ចំណុច រួមមាន ការបញ្ឈប់ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថលើកម្មករ ការអនុញ្ញាតឲ្យកម្មករមានជំងឺដែលមានវេជ្ជបញ្ជាឈប់សម្រាក ការអនុវត្តថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលធ្វើឡើងទៅតាមវេនដើម្បីធានាច្រវាក់ផលិតកម្ម និងការមិនគុំគួនគ្នាជាដើម។ បន្ទាប់ពីបានព្រមព្រៀងគ្នា កម្មករ កម្មការនីទាំងអស់បានយល់ព្រមចូលបម្រើការងារជាធម្មតាឡើងវិញនៅថ្ងៃព្រហស្បតិ៍ ទី៨ មករា៕