ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ប្រកាសបិទទ្វាររោងចក្រដោយសារជម្លោះព្រំដែនខ្មែរ-ថៃ

ព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមីរ ព.ស. ២៥៧០ (23 កក្កដា 2026)

ប្រភព៖ RFI

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ដែលមានអ្នកគ្រប់គ្រងជាជនជាតិថៃ បានប្រកាសផ្អាកដំណើរការសកម្មភាពអាជីវកម្ម និងផលិតកម្មទាំងស្រុងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ខាងមុខ ដោយព្រមទាំងផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់កម្មករនិយោជិត។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីអង្គការសង់ត្រាល់បញ្ជាក់ថា នេះជារោងចក្រទី២ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាងដែលប្រកាសបិទទ្វារចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។ 

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២៦ បានប្រកាសផ្អាកដំណើរការសកម្មភាពអាជីវកម្ម និងផលិតកម្មរបស់ខ្លួនទាំងស្រុងនៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ខាងមុខ។ បើតាមសេចក្តីជូនដំណឹងដដែល ការសម្រេចផ្អាកដំណើរការអាជីវកម្មនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដោះស្រាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការសម្របសម្រួលពីប្រធាននាយកដ្ឋានវិវាទការងារ និងមានការចូលរួមពីតំណាងក្រុមហ៊ុន សហជីពមូលដ្ឋាន និងតំណាងកម្មករ។ គួរឲ្យដឹងថា ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ជាក្រុមហ៊ុនដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាង និងមានអ្នកគ្រប់គ្រងរោងចក្រ​ជាជនជាតិថៃ។

សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន​​បញ្ជាក់ថា ភាគីសហជីព និងតំណាងកម្មករបានយល់ព្រមទទួលយកកញ្ចប់ប្រាក់ទូទាត់បញ្ចប់កិច្ចសន្យាការងារដែលក្រុមហ៊ុនបានដាក់ស្នើ។ តាមក្រុមហ៊ុនហាយ-ថេក អឺភែរឹល កញ្ចប់ប្រាក់ទូទាត់បញ្ចប់កិច្ចសន្យាការងារ រួមមានប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់ជំនួសថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់ជំនួសការជូនដំណឹងមុន ដោយគិតតាមអតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ស្មើនឹង ៧ថ្ងៃកន្លះ​។

បន្ថែមពីលើនេះ សម្រាប់កម្មការិនីដែលកំពុងមានផ្ទៃពោះ ក្រុមហ៊ុនហាយ-ថេក អឺភែរឹល នឹងបន្តបង់ភាគទាន ប.ស.ស. រហូតដល់ថ្ងៃសម្រាល និងផ្តល់ប្រាក់ឈ្នួលចំនួន ៥០ភាគរយ ក្នុងរយៈពេល ៩០ថ្ងៃ។ ចំណែកកម្មការិនីដែលមានកូនតូច នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កូនម្នាក់ដែលមានអាយុចន្លោះពី ១៨ខែ ដល់ ៣៦ខែ។

ចំពោះនីតិវិធីទូទាត់ប្រាក់ ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល បានឱ្យដឹងថា កម្មករនិយោជិតអាចចាប់ផ្តើមចុះឈ្មោះ និងចុះហត្ថលេខា ឬផ្តិតមេដៃយល់ព្រមទទួលយកប្រាក់បំណាច់ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃបិទដំណើរការផលិតកម្មនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ ប្រាក់ទូទាត់ទាំងអស់នឹងត្រូវផ្ទេរចូលគណនីធនាគារ AMK របស់កម្មករក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីបញ្ចប់នីតិវិធីរួចរាល់។

លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២២ កក្កដានេះថា គិតពីដើមឆ្នាំ២០២៦ ពោលគឺចាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ មានរោងចក្រវាយនភណ្ឌកាត់ដេរចំនួន២ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាង បានប្រកាសបិទទ្វារអាជីវកម្មរបស់ខ្លួនជាផ្លូវការ។ តាម​លោក ឃុន ថារ៉ូ រោងចក្រទាំង ២នេះបានប៉ះពាល់ដល់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរ​បស់កម្មករនិយោជិតជិត ៣ពាន់នាក់។ មន្ត្រីអង្គការសង់ត្រាល់រូបនេះ​​ក៏មិនភ្លេចបញ្ជាក់ដែរថា កត្តាចម្បងដែលធ្វើឲ្យក្រុមហ៊ុន និងរោងចក្រសហគ្រាសប្រកាសបិទទ្វារអាជីវកម្ម គឺដោយសារតែការបិទច្រកព្រំដែនកម្ពុជា-ថៃ ដែលធ្វើ​ឱ្យ​ប៉ះពាល់ដល់ការនាំចូល និងនាំចេញទំនិញ រួមទាំងវត្ថុធាតុដើមសម្រាប់ដំណើរការក្នុងក្រុមហ៊ុន។

គួរឲ្យដឹងថា ជម្លោះព្រំដែនកម្ពុជា-ថៃដែលឈានដល់ការបិទព្រំដែនជាង ១ឆ្នាំមកនេះបានធ្វើឲ្យជប៉ុន​ត្អូញត្អែរជាខ្លាំងពីការខាតបង់​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន ដោយសារតែថ្លៃដឹកជញ្ជូន និង​ពេលវេលាផ្ទេរទំនិញ​កើនឡើងច្រើនជាងមុន។ ជប៉ុនធ្លាប់បានស្នើឲ្យកម្ពុជា និងថៃបើកច្រកព្រំដែនឡើងវិញដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុន។ តែរដ្ឋាភិបាល​កម្ពុជាតែងបញ្ជាក់ថា ការបិទព្រំដែននេះ គឺភាគីថៃជាអ្នកបិទដោយឯកតោភាគី និងថា បើចង់បើក​វិញ គឺថៃត្រូវតែជាអ្នកបើកមុន បន្ទាប់មកទើបកម្ពុជាបើកតាមក្រោយ។

សូមជម្រាបជូនដែ​រថា​ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃសម្រេចបានទឹកប្រាក់សរុប ៦៩៦លានដុល្លារអាមេរិកដែលធ្លាក់ចុះជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដោយសារបញ្ហាបិទព្រំដែន។ ក្នុងនោះ កម្ពុជានាំចេញទៅថៃមានតម្លៃជាង ២៩៦លានដុល្លារ ហើយនាំចូលទំនិញពីថៃវិញមានតម្លៃ ៨៥៤លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕