ក្រុមអង្គការសង្គមស៊ីវិល រួមទាំងសមាគមការពារសិទ្ធិមនុស្សអាដហុក បានយកឱកាសទិវាពលកម្មអន្តរជាតិ ផ្ញើសារ សិទ្ធិការងារ ជាមូលដ្ឋានគ្រឹះនៃការគោរពសិទ្ធិមនុស្ស ដែលត្រូវបញ្ឈប់ការកេងប្រវ័ញ្ច និងរើសអើងសហជីព ដើម្បីធានាពីការគោរពគោលការណ៍ប្រជាធិបតេយ្យ។
អាដហុកបាននិយាយលើហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១៣៩ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ថា ខ្លួនចូលរួមអបអរ និងគោរពការប្តេជ្ញាចិត្ត ភាពរឹងមាំ និងសមិទ្ធផលរបស់កម្មករ និងអ្នកការពារសិទ្ធិការងារទាំងអស់នៅជុំវិញពិភពលោក ព្រមទាំងក្នុងប្រទេសកម្ពុជាផងដែរ។
លើសពីនេះ អាដហុកថា ការគោរពសិទ្ធិការងារ ជាមូលដ្ឋានគ្រឹះនៃការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន និងបានអំពាវនាវឱ្យបញ្ឈប់ការកេងប្រវ័ញ្ច និងរើសអើងនៅក្នុងសហជីព។
ប្រភពនោះ សង្កត់ធ្ងន់ថា ការខិតខំប្រឹងប្រែងរបស់កម្មករ ជំរុញឱ្យមានការរីកចម្រើន និងលើកទឹកចិត្ត ក្រុមអ្នកការពារសិទ្ធិមនុស្ស។
លើសពីនេះ មជ្ឈមណ្ឌលសម័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បាននិយាយដែរថា ការរួមគ្នាអបអរសាទរទិវាពលកម្មអន្តរជាតិ ដែលជាពេលវេលា ដើម្បីទទួលស្គាល់ការរួមចំណែកដ៏មានតម្លៃរបស់កម្មករកម្ពុជានៅគ្រប់វិស័យ។
សង់ត្រាល់ ឱ្យដឹងទៀតថា ការចូលរួមព្រឹត្តិការណ៍នេះ បង្ហាញពីសារៈសំខាន់នៃការធានាឱ្យមានការគោរពសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ ដែលជាតម្រូវការអាទិភាពរបស់កម្មករ។
បញ្ហានេះ សង់ត្រាល់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និយោជក បង្កើនការធានាការពារសិទ្ធិសេរីភាពមូលដ្ឋាន សេចក្តីថ្លៃថ្នូររបស់កម្មករ ដែលជាចលករក្នុងការរុញច្រានសេដ្ឋកិច្ចជាតិ ជាពិសេស ភាគីពាក់ព័ន្ធដោះស្រាយនូវកង្វល់របស់កម្មករនិយោជិតឱ្យមានប្រសិទ្ធិភាព៕