ប្រភព៖ RFI
ការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជំរុញឲ្យមានការបោះទុនវិនិយោគដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជារបៀបវារៈនៃទស្សនកិច្ចរបស់លោក Matt Western MP ក្នុងប្រទេសកម្ពុជា។ លោក Matt Western MP ជាប្រេសិតរបស់នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវទទួលបន្ទុកពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញដែលចេញផ្សាយនៅថ្ងៃពុធ ទី១០ មិថុនានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញ ដំណើរទស្សនកិច្ចរបស់លោក Matt Western MP បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ប្រទេសអង់គ្លេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការគាំទ្រកំណើនបៃតង និងបរិយាបន្ន និងការពង្រឹងតួនាទីរបស់ប្រទេសអង់គ្លេសជាដៃគូគាំទ្រគួរឲ្យទុកចិត្ត និងយូរអង្វែងសម្រាប់កម្ពុជា។ ក្នុងពេលស្ថិតនៅក្នុងប្រទេសកម្ពុជា លោក Matt Western MP នឹងជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជាជាច្រើនរូប រួមមាន លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.)។
លោក Matt Western MP បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសដែលបានចេញផ្សាយនាថ្ងៃទី១០ មិថុនាថា អំឡុងពេលកំពុងរៀបចំខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាមានឱកាសសម្រាប់បង្កើនទំនាក់ទំនងសម្រាប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ពង្រឹងជំនាញ និងបង្កើនភាពជាដៃគូផ្នែកអប់រំ និងផ្តល់ការគាំទ្រដល់កំណើនអាជីវកម្ម។ ប្រេសិតអង់គ្លេសដដែលរូបនេះមិនភ្លេចបន្ថែមថា អង់គ្លេសមានមោទនភាពនឹងធ្វើការជាមួយកម្ពុជាក្នុងវិស័យផ្សេងៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង សេវាកម្មហិរញ្ញវត្ថុ ទីផ្សារមូលធន និងការអប់រំ។ ចំពោះលោក Matt Western MP វិស័យទាំងនេះមានសក្តានុពលដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព បង្កើតការងារ ទាក់ទាញការវិនិយោគ និងធ្វើឲ្យមានវិបុលភាពយូរអង្វែង។
គួរដឹងថា កម្ពុជាកំពុងទទួលបានការអនុគ្រោះពន្ធសូន្យចូលទីផ្សារចក្រភពអង់គ្លេសក្រោម ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយរបស់អង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS Comprehensive Preferences)។ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ កត់សម្គាល់ថា នាពេលកន្លងមកក្រុមការ ប្រេសិតពិសេសទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់កម្ពុជាធ្លាប់បានបញ្ចុះបញ្ចូលរដ្ឋាភិបាលចក្រភពអង់គ្លេសដើម្បីទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្មបន្តទៀត។ សម្រាប់លោក ឃុន ថារ៉ូ រដ្ឋាភិបាលចក្រភពអង់គ្លេសមានទាំងអំណាច និងឥទ្ធិពលក្នុងការលើកកម្ពស់ និងធានាឲ្យមានការអនុវត្តស្តង់ដារការងារអន្តរជាតិ តាមរយៈយន្តការកំណត់លក្ខខណ្ឌរបស់ខ្លួនដែលមានចែង។
គួរជម្រាបជូនថា អង់គ្លេសជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ កាលពីឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនជាង ១ពាន់លានដុល្លារ ពោលកើនឡើង ៥,៦៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។ ទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅអង់គ្លេសមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ និងផលិតផលកសិកម្ម ខណៈកម្ពុជានាំចូលផលិតផលទូទៅពីអង់គ្លេស រួមមាន គ្រឿងចក្រ ឱសថ និងទំនិញផលិតផលឯកទេសជាដើម៕