មនុស្សរាប់រយនាក់ប្រជ្រៀតគ្នាដាក់ពាក្យធ្វើការនៅកាស៊ីណូមួយក្នុងក្រុងព្រះសីហនុ ក្រោយអត់ការងារច្រើនខែ

សៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមីរ ព.ស. ២៥៧០ (01 សីហា 2026)

ប្រភព៖ ខេមបូចា

មនុស្សរាប់រយនាក់បានសម្រុកប្រជ្រៀតគ្នាដាក់ពាក្យសុំធ្វើការនៅកាស៊ីណូមួយឈ្មោះ យ៉ាឌូលី ដែលស្ថិតនៅកណ្តាលក្រុងព្រះសីហនុ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោយ​កាស៊ីណូមួយនេះប្រកាសរើសបុគ្គលិក ចំពេលពួកគេគ្មានការងារធ្វើជាច្រើនខែ ចាប់តាំង​ពី​អំឡុងដើមឆ្នាំ២០២៦ដែលមានការបង្ក្រាបទីតាំងឆបោកតាមអនឡាញក្នុងខេត្តនេះមក។

ក្រុមអ្នកទៅដាក់ពាក្យធ្វើការ​​ បានបញ្ជាក់ថា ពួកគេប្រមូលផ្តុំគ្នាឈរចាំដាក់ពាក្យ​ធ្វើការ​នៅ​មុខ​កាស៊ីណូ យ៉ាឌូលី កកកុញទាំងមេឃកំពុងភ្លៀងផងនោះ ក្រោយឃើញកាស៊ីណូមួយ​នេះ ប្រកាសជ្រើសរើសបុគ្គលិកចម្រុះតួនាទីសរុបជាង១៥០នាក់ ដែលភាគច្រើនរើស​ផ្នែក​ចែកបៀរ។ ពួកគេចាត់ទុកថាជាឱកាសកម្រ ព្រោះក្រុងព្រះសីហនុបច្ចុប្បន្នគ្មាន​ឱកាស​ការ​ងារ​ត្រូវជំនាញរបស់ពួកគេដូចពីមុនឡើយ ដោយពួកគេខ្លះថាស្ទើរតែគ្មានលុយទិញ​បាយ​ហូប​។

កញ្ញា ជា មីនា ជាយុវតីម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ទៀត ដែលបាន​ទៅ​​ប្រជ្រៀត​គ្នាចាំដាក់ពាក្យសុំធ្វើការងារនៅកាស៊ីណូខាងលើ។ ក៏ប៉ុន្តែនាងមិនអាច​ដាក់​ពាក្យ​​បានតាមបំណងឡើយ ទោះបីទៅរង់ចាំតាំងពីព្រឹករហូតដល់ពេលល្ងាចក៏ដោយ។

កញ្ញា មីនា បាននិយាយថា៖ «ពេលព្រឹកទៅចាំម្តង ហើយពេលថ្ងៃទៅចាំម្តងទៀត តែគេថាអត់យក។ គេថាគេរើសពេញហើយ»

កញ្ញាបន្តថា ការបង្ខំចិត្តទៅឈររង់ចាំជាច្រើនម៉ោងហើយត្រូវដណ្តើមគ្នាចូលបែបនេះ ដោយ​សារនាងពិបាករកការងារធ្វើពេក។ នេះជាលើកទី៧របស់នាង ដែលដាក់ពាក្យ​រក​ការងារនៅ​កន្លែងផ្សេងៗគ្នាក្នុងក្រុងព្រះសីហនុចាប់តាំងពីនាង​ឈប់ពីការងារជាអ្នកបម្រើ​សេវាកម្មនៅហាងម្ហូបអាហារមួយកាលពីអំឡុងខែកុម្ភៈ ដោយសារថៅកែបង្ខំឱ្យ​ធ្វើការ​លើស​កម្លាំង។

កញ្ញាបន្ថែមថា៖ «ពិបាកណាស់បង ពេលអត់ការងារធ្វើ! អត់មានលុយ! ដាច់បាយហើយ។ នៅកំពង់សោមអ្នកដាច់បាយច្រើនណាស់ ព្រោះអីអត់ការងារធ្វើ។ ដាក់ពាក្យទៅកន្លែង​​​ណាក៏អត់ជាប់ វាពិបាក។ ពេលខ្លះគេគ្រាន់តែផុស(ជ្រើសរើស)ចោល ដល់ពេលយើងទៅដាក់ពាក្យ តែគេអត់យក គេថាពេញ»

ពាក់ព័ន្ធនឹងការប្រជ្រៀតគ្នាដាក់ពាក្យធ្វើការនៅកាស៊ីណូ យ៉ាឌូលី នេះដែរ មានគណនី​ហ្វេសប៊ុក​ជាច្រើនបានបង្ហាញការខកចិត្ត ដោយថាពួកគេខ្លះខំធ្វើដំណើរពីខេត្តផ្សេងទៅ ដើម្បីចង់បានការងារ តែត្រូវគេប្រាប់ឱ្យត្រឡប់ទៅវិញ។ ពួកគេក៏បានត្អូញត្អែរពីបញ្ហា​ជីវភាព និងតម្រូវការការងារ ដែលកំពុងបង្ខំឱ្យពួកគេស្វែងរកជាចាំបាច់។

ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Neath Moni បានបញ្ចេញមតិថា គាត់បានចំណាយ​លុយ​​មួយចំនួន ជាថ្នូរនឹងការចង់ចូលធ្វើការកាស៊ីណូខាងលើ។ ប៉ុន្តែលទ្ធផលគឺមិនដូច​ការ​សន្យា។

គាត់សរសេរថា៖ «ខំមកពីឆ្ងាយអស់ទឹកតែ៣០ដុល្លារ គេថាបានការងារធ្វើ។ បាញ់លុយឱ្យគេមុនឡើងដល់ ពេលឡើងមកដល់ឆាតលែងចូល តេលែងកើត ប្លុកចោលហ្មង ឈឺចិត្តនិយាយមិនចេញ»

ពលរដ្ឋម្នាក់ទៀត បានប្រាប់សារព័ត៌មានខេមបូចា ដោយលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ​ព្រោះបារម្ភ​ពី​សុវត្ថិភាព​ថា លោកក៏បានទៅចូលរួមដាក់ពាក្យធ្វើការដែរ ប៉ុន្តែមិនមាន​អ្នក​ទទួល​ឡើយ។ លោកស្វែងរកការងារនេះ  ដោយថា កាស៊ីណូ​ដែលគាត់ទើបចូលធ្វើការ​បាន​២ខែ បាន​ចេញ​​បញ្ជីឈ្មោះបុគ្គលិកដែលត្រូវជម្រុះចាប់ពីបំណាច់ខែកក្កដានេះទៅ ដោយមានទាំង​ឈ្មោះ​លោកផង ព្រោះតែភ្ញៀវថយចុះ។ មុនចូលធ្វើការនេះ លោក​ក៏គ្មាន​ការងារធ្វើរយៈ​ពេល​ប្រហែល១ឆ្នាំដែរ។

លោកនិយាយថា៖ «កាស៊ីណូបិទច្រើន ហើយកន្លែងខ្លះជម្រុះ(បុគ្គលិក)ខ្លះផង។ សូម្បីកន្លែងខ្ញុំធ្វើការឥឡូវក៏ជម្រុះដែរ។ ជម្រុះទាំងពួកខ្ញុំផង ជម្រុះទាំងខាងអ្នកចែកបៀរផង ជម្រុះទាំងខាងអ្នកបម្រើសេវាកម្មផង»

លោកឱ្យដឹងទៀតថា ជីវភាពគាត់កំពុងធ្លាក់ចុះ ដោយថាការងារថ្មីក៏រកមិនទាន់បាន ហើយ​ការ​ងារចាស់ក៏គេមិនទាន់បើកប្រាក់ខែឱ្យ។ មិនតែប៉ុណ្ណោះ របររត់តាក់ស៊ី​ក្រៅ​ម៉ោង​របស់​គាត់ ក៏លែងមានភ្ញៀវជិះ ដោយថាបច្ចុប្បន្នក្រុងព្រះសីហនុបានក្លាយជាក្រុង​ដែលស្ងាត់​មនុស្ស​មិនធ្លាប់មាន។ លោកកំពុងបារម្ភពីអនាគតគ្រួសាររបស់គាត់ដែលត្រូវចិញ្ចឹម​ម្តាយ​ចាស់ កូនតូច និងតម្រូវការបង់ការប្រាក់ធនាគារជាង៣០០ដុល្លាររៀងរាល់ខែ។

លោកប្រាប់ថា៖ «បារម្ភរឿងធនាគារគាត់រឹបអូសយកទ្រព្យសម្បត្តិ ដោយសារយើងបង់មកច្រើនឆ្នាំហើយ»

ពលរដ្ឋរាប់រយនាក់ឈរចាំដាក់ពាក្យធ្វើការនៅមុខកាស៊ីណូ យ៉ាឌូលី ក្នុងក្រុងព្រះសីហនុនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ រូបភាពនេះប្រជាពលបានផុសក្នុងខំមិនលើបណ្ដាញហ្វេសប៊ុក។

មិនមែនតែអ្នកអត់ការងារធ្វើទេដែលរអ៊ូ ប៉ុន្តែអាជីវករលក់ដូរមួយចំនួននៅខេត្តព្រះសីហនុ​ក៏​បានប្រាប់ពីទុក្ខលំបាករបស់ពួកគេ ដែលមិនអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានដូចពីមុន ដោយសារខ្សត់អតិថិជន។ ពួកគេប្រាប់ថា ហាងលក់ម្ហូបអាហារ កាស៊ីណូ និង​សណ្ឋាគារ​​ជាដើម ត្រូវបានបិទបណ្តើរៗ ចំណែកកន្លែងដែលនៅដំណើរការក៏លែងជ្រើសរើស​បុគ្គលិក​ទៀតដែរ ដោយសារគ្មានភ្ញៀវបរទេស បន្ទាប់ពីមានការបង្ក្រាបការឆបោកតាម​ប្រព័ន្ធ​អនឡាញ។

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ខេត្តព្រះសីហនុជារាជធានី-ខេត្តទី២ ដែល​សមត្ថកិច្ច​បង្ក្រាបទីតាំងឆបោកតាមអនឡាញបានច្រើនជាងគេ ក្នុងរយៈពេល៦ខែ​ដំបូង​នៃឆ្នាំ២០២៦។ ទីតាំងឆបោកតាមអនឡាញសរុបដែលសមត្ថកិច្ចបង្រ្កាបបានមានចំនួន ៤៨៨​កន្លែង​។ ក្នុងនោះរាជធានីភ្នំពេញមានចំនួន ១៣៩ទីតាំង និងខេត្តព្រះសីហនុ​មាន​ចំនួន ១២៤ទីតាំង។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា មាន​ប្រសាសន៍​ថា អ្នកធ្វើការក្នុងសេវាកម្មកាស៊ីណូមានតម្រូវការការងារច្រើន ដោយសារ​តែ​កាស៊ីណូ​លើសពាក់កណ្តាលក្នុងខេត្តព្រះសីហនុត្រូវផ្អាកដំណើរការ ក្រោយមាន​យុទ្ធនា​ការ​បង្ក្រាបការឆបោកតាមអនឡាញ។

លោកថ្លែងថា៖ «យុទ្ធនាការបង្ក្រាបស្គេមអនឡាញ ធ្វើឱ្យកាស៊ីណូមានការថយចុះតម្រូវការកម្លាំងពលកម្ម។ ដើមឡើយ កាស៊ីណូដែលមានអាជ្ញាបណ្ណជិត១០០ទីតាំង។ ឥឡូវនៅសល់តែប្រមាណ៤០ទីតាំងទេ អ៊ីចឹងអាចប៉ះពាល់បាត់បង់ការងារខ្លះក្នុងវិស័យសេវាកម្មកាស៊ីណូ»

យ៉ាងណា លោកបញ្ជាក់ថា ខេត្តព្រះសីហនុនៅសល់ការងារទំនេរប្រមាណ ១ ៥០០​កន្លែង​ក្នុងមួយសប្តាហ៍ និងបណ្តាខេត្តផ្សេងៗក៏មានឱកាសការងាររាប់ម៉ឺនកន្លែង ដែលភាគច្រើន​ផ្នែក​ឧស្សាហកម្មកាត់ដេរ។ ក៏ប៉ុន្តែលោកកត់សម្គាល់ថា ពលរដ្ឋដែលធ្លាប់ធ្វើការ​ក្នុង​វិស័យ​សេវាកម្ម និងកាស៊ីណូ នៅតែចង់បន្តការងារនេះ ដោយសារប្រាក់ចំណូលខ្ពស់ និង​ការងារ​ធូរស្រាលជាង បើធៀបនឹងការងារក្នុងវិស័យកាត់ដេរ។ 

អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា ការងារ​ដែល​មិន​ត្រូវ​ជំនាញជាឧបសគ្គដ៏ធំសម្រាប់ប្រជាពលរដ្ឋ។  លោកបន្តថា រដ្ឋាភិបាលគួរពង្រឹងការ​បណ្តុះ​បណ្តាលបច្ចេកទេសដល់ពលរដ្ឋ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និង​បង្កើន​ការ​ទាក់ទាញវិនិយោគិនបរទេស។

លោក ថារ៉ូ បន្តថា ផលលំបាកនៃជីវភាព ការអត់ការងារធ្វើ និងបញ្ហាបំណុល អាច​បង្ខំ​ចិត្ត​ឱ្យ​ពលរដ្ឋជ្រើសយកជម្រើសហានិភ័យ ដោយមិនបានគិតដិតដល់។

លោកមានប្រសាសន៍ថា៖ «សម្ពាធនៃការស្វែងរកការងារធ្វើ ប្រាក់ចំណូល ការចំណាយប្រចាំថ្ងៃ បញ្ហាបំណុលនេះ វានឹងអាចជះឥទ្ធិពលដល់ពួកគាត់នៅក្នុងការសម្រេចចិត្ត ឬក៏បង្ខំចិត្តទៅធ្វើការងារណាមួយដែលនៅក្នុងស្ថានភាពមួយដែលមានហានិភ័យ ឬក៏អាចថាបង្ខំចិត្តពួកគាត់ឱ្យចំណាកស្រុក»

លោក ថារ៉ូ ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការស្វែងរកការងារ ដើម្បីធានាថាកន្លែង​ការងារ​ស្របច្បាប់ និងគោរពសិទ្ធិការងារ។

លោកបានបន្ថែមថា៖ «ពលរដ្ឋខ្មែរយើង គួរតែប្រយ័ត្នដែរ ដើម្បីកំណត់ថាតើការងារហ្នឹងវាមានកម្រិតហានិភ័យប៉ុណ្ណា? មានភាពច្បាស់លាស់ប៉ុណ្ណា? កាស៊ីណូហ្នឹងជាប្រភេទ​​កាស៊ីណូដែលមានចុះបញ្ជីត្រឹមត្រូវ? មានការចុះអធិការកិច្ចត្រឹមត្រូវតាមប្រភេទការងារជាដើម។ ចៀសវាងរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬក៏អាចស្ថិតក្នុងជនរងគ្រោះដែលគេអូសទាញធ្លាក់ក្នុងប្រព្រឹត្តសកម្មភាព និងការងារដែលខុសច្បាប់»