មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និយាយ​ផ្ទុយ​គ្នា​រឿង​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា

ព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ព.ស. ២៥៦៨ (10 មេសា 2025)

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា កំពុង​ខ្វែង​គំនិត​គ្នា​ជុំវិញ​បញ្ហា​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក ខណៈ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង សម្ដែង​ការ​ព្រួយបារម្ភ​ពី​ហានិភ័យ​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​នេះ។

ក្រោយពី​លោក ដូណាល់ ត្រាំ សម្រេច​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចូល​មក​កាន់​ទីផ្សារ​អាមេរិក​ចំនួន ៤៩% មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ខុសៗ​គ្នា​ជុំវិញ​បញ្ហា​នេះ ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល លើកឡើង​កិច្ច​សម្ភាសន៍​ពិសេស​ស្ដីពី​ការ​ដំឡើង​ពន្ធគយ​របស់​អាមេរិក​លើ​ទំនិញ​កម្ពុជា​នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​ដំឡើង​ពន្ធ​នេះ អ្នក​ប៉ះពាល់​មុន​គេ គឺ​អាមេរិក​ដែល​ជា​អ្នក​បញ្ជា​ទិញ បន្ទាប់​មក​ទើប​ប៉ះពាល់​ដល់​ធុរកិច្ច​នៅ​កម្ពុជា។

អ្នកស្រី ចម និម្មល អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ភ័យ​បារម្ភ និង​កុំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​លើ​រដ្ឋាភិបាល​នូវ​ដំណោះស្រាយ​ចំពោះ​មុខ ដែល​រដ្ឋាភិបាល​អាម៉េរិក​ប្រកាស​ដំឡើង​ពន្ធគយ​ដល់ ៤៩% មក​លើ​កម្ពុជា​នៅ​ពេលនេះ ព្រោះ​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្ពស់​ចំពោះ​ការងារ​នេះ។

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បែរជា​ទទួលស្គាល់​ថា ការ​ដំឡើង​ពន្ធ​នេះ​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅវិញ ប៉ុន្តែ​មិន​ប៉ះ​ខ្លាំង​នោះ​ទេ។

ដោយឡែក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ អះអាង​ថា ការ​ដំឡើង​ពន្ធ​នេះ​មិន​ប៉ះពាល់ ១០០% ដល់​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ឡើយ ខណៈ​កម្មករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រាន់តែ​រង​ផល​ប៉ះពាល់​ខ្លះ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​គិត​ជា​រួម កម្ពុជា​អាច​គ្រប់គ្រង​បាន​ដដែល។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើង​នៅ​ថ្ងៃទី​៤ មេសា នេះ​ថា កម្ពុជា​គ្មាន​គីឡូ និង​ជញ្ជីង​ពាណិជ្ជកម្ម​ណា​មួយ​ទៅ​តតាំង​ជាមួយ​អាមេរិក​នោះ​ទេ​ជុំវិញ​ការ​ដំឡើង​ពន្ធ​នេះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជាបន្ទាន់​នៅ​ពេលនេះ គឺ​ផ្លាស់ប្ដូរ​ឥរិយាបថ​ការទូត ដើម្បី​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ក្រោម​លក្ខខណ្ឌ​តម្កល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​របស់​ខ្មែរ​ជា​ធំ ទោះ​ត្រូវ​ឱន​លំទោន​ខ្លះ​ក៏ដោយ ដូច​សុភាសិត​ខ្មែរ​ថា ឱន​ដាក់​គ្រាប់ ងើយ​ស្កក។

ក្នុង​កិច្ច​ប្រញាប់ប្រញាល់​សុំ​បន្ថយ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​មួយ​ទៅ​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) សុំ​ចរចា ដោយ​ចាត់តាំង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ជា​មេដឹកនាំ​កិច្ចចរចា។

ក្នុង​លិខិត​នោះ លោក ហ៊ុន ម៉ាណែត បាន​ហៅ​លោក ត្រាំ ថា​លោក​ប្រធានាធិបតី​ដ៏​ថ្លៃថ្លា​ខ្ពង់ខ្ពស់​ជា​ទី​គោរព។ លោក​ថា លោក​ចង់​ថែរក្សា​ទំនាក់ទំនង​ជំនួញ​ទ្វេភាគី​ឲ្យ​យូរអង្វែង ហើយ​ថា​នឹង​បញ្ចុះ​អត្រា​ពន្ធ​ទំនិញ ១៩​ប្រភេទ​ពី​សហរដ្ឋ​អាមេរិក​អតិបរមា​ព្រមព្រៀង​គ្នា​ពី ៣៥% មក​អនុវត្ត​ត្រឹមតែ​នៅ ៥% ពេល​ឆាប់ៗ​នេះ។

គួរ​បញ្ជាក់​ថា ភាគី​ខ្មែរ​សុំ​ចរចា ហើយ​មិន​ទាន់​បាន​ចរចា​គ្នា​ផង លោក ហ៊ុន ម៉ាណែត បញ្ចុះ​ពន្ធ​ឲ្យ​សហរដ្ឋ​អាមេរិក​មុន​ទៅ​ហើយ ដោយ​អះអាង​ថា នឹង​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​ឲ្យ​កាន់​តែ​មាន​ជម្រៅ៕