ប្រភព៖ tfa
ឧស្សាហកម្មឆបោកតាមអនឡាញដែលចាក់ឫសយ៉ាងជ្រៅនៅកម្ពុជាមិនត្រឹមតែបំផ្លាញមុខមាត់ប្រទេសជាតិ និងបង្កការរំលោភសិទ្ធិមនុស្សក្នុងទម្រង់ឃោរឃៅលើជនរងគ្រោះជុំវិញពិភពលោកប៉ុណ្ណោះទេ ថែមទាំងទាញយុវជនខ្មែរដែលខ្វះឱកាសទទួលបានការសិក្សាពេញលេញ ឱ្យធ្លាក់ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មនេះផងដែរ។ អ្នកធ្លាប់ធ្វើការក្នុងវិស័យនេះអះអាងថា មុនចូលប្រឡូកប្រឡាក់ក្នុងការងារឆបោកតាមអនឡាញជាមួយបណ្ដាញឧក្រិដ្ឋជនចិន បុគ្គលិកខ្មែរទាំងអស់តែងតែត្រូវបានបណ្ដុះបណ្ដាលដោយបណ្ដាញឧក្រិដ្ឋជនឱ្យចេះប្រើល្បិចកលឆបោកលុយពីជនរងគ្រោះនៅជុំវិញពិភពលោក។
ពលរដ្ឋខ្មែរដែលធ្លាប់ធ្វើការងារលើវិស័យតាមអនឡាញបានលាតត្រដាងដោយរៀបរាប់យ៉ាងលម្អិតពីយុទ្ធសាស្ត្ររបស់បណ្ដាញឧក្រិដ្ឋជនចាប់តាំងពីការប្រកាសរើសបុគ្គលិក និងផ្ដល់វគ្គបណ្ដុះបណ្ដាលឱ្យបុគ្គលិកចេះនូវជំនាញនិយាយបែបបញ្ចុះបញ្ចូល ដើម្បីឆបោកលុយជនរងគ្រោះនៅជុំវិញពិភពលោកតាមប្រព័ន្ធអនឡាញ។
បុគ្គលិកធ្លាប់ធ្វើការក្នុងវិស័យឆបោកតាមអនឡាញម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះរៀបរាប់ប្រាប់ទូរទស្សន៍អាស៊ីសេរីថា បណ្ដាញឧក្រិដ្ឋជនមិនទាមទារឱ្យបុគ្គលិកខ្មែរមានចំណេះដឹងខ្ពស់នោះទេ ដោយគ្រាន់តែអាចវាយអក្សរលើកុំព្យូទ័របានខ្លះៗ ព្រោះសារ និងឃ្លាសម្រាប់ទាក់ទងជនរងគ្រោះត្រូវបានរៀបចំទុកជាស្រេចដោយបណ្ដាញឧក្រិដ្ឋជន។ ប្រភពដដែលថា បុគ្គលិកខ្មែរមានតួនាទីចាប់ផ្ដើមសន្ទនា និងបញ្ចុះបញ្ចូលជនរងគ្រោះនៅដំណាក់កាលដំបូងរហូតឈានដល់ការឆបោកលុយកាក់ជនរងគ្រោះបានសម្រេច។
អតីតបុគ្គលិករូបនេះបន្ថែមថា ប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជាមានទម្រង់ស្រដៀងគ្នាស្ទើរគ្រប់ទីកន្លែង ដោយបែងចែកបុគ្គលិកជា ២ក្រុមសំខាន់។ ក្រុមទី១ គឺអ្នកទាក់ទង ឬ (Add Contact) ដែលភាគច្រើនជាពលរដ្ឋខ្មែរមានភារកិច្ចទាក់ទងជនរងគ្រោះតាមបណ្ដាញសង្គម និងកម្មវិធីស្វែងរកដៃគូស្នេហា ដើម្បីបង្កើតទំនាក់ទំនង និងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។ ចំណែកក្រុមទី២ ហៅថា «អ្នកសម្លាប់» ឬ (Killer) ដែលភាគច្រើនជាជនជាតិចិន និងវៀតណាម មានជំនាញខ្ពស់ក្នុងការល្បួងជនរងគ្រោះភ្ជាប់គណនីធនាគារដាក់លុយវិនិយោគបែបក្លែងក្លាយ ឬដាក់លុយក្នុងវិស័យគ្រីបតូរួចបណ្ដាញឧក្រិដ្ឋជនលួចយកតែម្ដង។
ប្រភពដដែលបញ្ជាក់ទៀតថា ទាំងបុគ្គលិកខ្មែរ និងជនបរទេស មុនចូលធ្វើការតែងតែត្រូវមេការចិនប្រចាំអគារនីមួយៗ បណ្ដុះបណ្ដាលពីរបៀបនិយាយលួងលោម និងទាក់ទាញជនរងគ្រោះដោយប្រើភាសាសមរម្យ ហើយការសន្ទនាមិនត្រូវធ្វើក្នុងលក្ខណៈបង្ខិតបង្ខំ ឬបង្ហាញចេតនាឆបោកឱ្យជនរងគ្រោះដឹងឡើយ។
ពលរដ្ឋ៖ «តែគ្រាន់ថា ពួកយើងអ្នក (Add contact) អ៊ីចឹង យើងអ្នកមកលេងផ្ដើមដំបូងបានអីទាំងអស់ ពី [ជនរងគ្រោះ] ហ្នឹង បានព័ត៌មាន បានទាំងទីក្រុង ឈ្មោះអាយុ អ្នកខ្លះសួរប្រាក់ខែទៀតចាប់ពី ៥ពាន់ដុល្លារទើបយក។ អ្នកខ្លះណាវាទិញពួកចិនគ្នាវា វាលក់ បើយើងអត់ស្ដាប់តាមគេ អាហ្នឹងដឹងតែត្រូវហើយ បើមិនឆក់ខ្សែភ្លើង សម្លាប់ចោលអ៊ីចឹង។ បើថា បន្ទប់ដេកបន្លាលួសហ្នឹង ចាក់ពេញហ្នឹង អត់ឱ្យចេញទេ។ ពេលខ្ញុំធ្វើអនឡាញខ្ញុំឃើញទាំងអស់។ បើក្រុមហ៊ុនមួយ វាបើកឱ្យពួកចិនហ្នឹងវា ឃៀល (Kill) អត់ដំណើរការ ថ្ងៃណាក្រុមហ៊ុនផ្សេងវាបើក វាទិញចិនហ្នឹងទៅទៀត ទិញតៗទៀត។ ពួកចិនហ្នឹងដូចកញ្ចាស់គេអ៊ីចឹង គេចង់គេចាក់សោ បើថា ដេកសុទ្ធតែបន្លាលួសសងខាងឃាំងអត់ឱ្យចេញទេ»។
ប្រតិបត្តិការឆបោកលុយពលរដ្ឋអាមេរិក និងជនរងគ្រោះជុំវិញពិភពលោកដោយបណ្ដាញឧក្រិដ្ឋជននៅកម្ពុជាមានច្រើនទម្រង់ រួមមានការវិនិយោគក្លែងក្លាយតាមរយៈទំនាក់ទំនងបែបស្នេហា ការបញ្ចុះបញ្ចូលឱ្យទិញទំនិញខ្យល់ ការក្លែងអត្តសញ្ញាណ និងការផ្ញើតំណភ្ជាប់ ឬលីង (Link) បង្កប់មេរោគ ដើម្បីហែកចូលលួចលុយពីគណនីធនាគាររបស់ជនរងគ្រោះ។
អតីតបុគ្គលិកធ្វើការក្នុងវិស័យឆបោកតាមអនឡាញបញ្ជាក់ថា សម្រាប់ការឆបោកតាមទម្រង់ស្នេហាក្រុមអ្នក «សម្លាប់» ឬ (Killer) តែងបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះដោយប្រើពាក្យសម្ដីផ្អែមល្ហែមជារៀងរាល់ថ្ងៃ។ ប្រភពដដែលថា ទំនាក់ទំនងខ្លះអាចអូសបន្លាយរយៈពេលរាប់ឆ្នាំ ទើបបណ្ដេញឧក្រិដ្ឋជនបោកលុយជនរងគ្រោះបានសម្រេច។ លើសពីនេះ បណ្ដាញឧក្រិដ្ឋជនថែមទាំងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬអេអាយ (AI) បង្កើតរូបនារីស្អាតៗសម្រាប់ខលវីដេអូជាមួយជនរងគ្រោះ ដើម្បីបង្កើនទំនុកចិត្ត និងបោកបញ្ឆោតឱ្យពួកគេជឿជាក់មុនឈានទៅដល់ការឆបោកយកលុយ។
ទោះបីជាមជ្ឈមណ្ឌលឆបោកតាមអនឡាញរីករាលដាលពាសពេញប្រទេស និងធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនរងគ្រោះធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មនេះក្ដី ក៏ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅតែព្យាយាមបំភ្លៃ និងលាក់បាំងការពិតចំពោះពលរដ្ឋរបស់ខ្លួនដែលរងគ្រោះ។ លោក ហ៊ុន សែន ថ្មីៗនេះអះអាងថា បណ្ដាញឧក្រិដ្ឋជនបានបណ្ដុះបណ្ដាលជនបរទេសឱ្យចេះឆបោកលុយជនរងគ្រោះនៅជុំវិញពិភពលោក ខណៈពលរដ្ឋខ្មែរត្រូវបានទប់ស្កាត់មិនឱ្យចូលរួមក្នុងសកម្មភាពទាំងនោះ។
លោក ហ៊ុន សែន៖ «ពួកក្រុមឆបោកតាមបច្ចេកវិទ្យា ប្រទេសរបស់យើងត្រូវបានបំផ្លិចបំផ្លាញដោយក្រុមនេះ ហើយក្រុមនេះ ក៏អាចក្លាយទៅជាក្រុមដែលងាយនឹងគំរាមកំហែងប្រទេសជាតិរបស់យើងទៅអនាគត។ វាជាភ័ព្វសំណាងហើយ ដែលពលរដ្ឋរបស់យើងមិនទាន់បានគេបង្ហាត់ ឱ្យទៅជាអ្នកចេះឆបោកតាមបច្ចេកវិទ្យា។ យើងទប់ស្កាត់ទាន់ពេលវេលា ថ្ងៃក្រោយប្រទេសជាតិរបស់យើងនឹងត្រូវរងគ្រោះ ដោយសារក្រុមនេះជាប្រភេទជាក្រុមម៉ាហ្វីយ៉ា (Mafia)»។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា ការរីករាលដាលនៃបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា បានធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនត្រូវឧក្រិដ្ឋជនចិនបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកជំនាញឆបោកតាមអនឡាញ។ ទោះជាយ៉ាងណា លោកសង្កត់ធ្ងន់ថា ពលរដ្ឋទាំងនោះក៏ជាជនរងគ្រោះដែលធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មនេះ ដោយសារតែការល្បួងផ្ដល់ប្រាក់ចំណូលខ្ពស់ បញ្ហាកង្វះការងារស្របច្បាប់ និងបញ្ហាជីវភាពគ្រួសារ ជាដើម។ លោក ឌី ថេហូយ៉ា ព្រមានថា ពលរដ្ឋខ្មែរគួរជៀសវាងឱ្យឆ្ងាយពីសកម្មភាពទាំងនេះ ព្រោះលោកថា អំពើឆបោកតាមអនឡាញជាអំពើឧក្រិដ្ឋកម្មដែលបំផ្លាញមនុស្សជាតិ និងសង្គមកម្ពុជា។
លោក ឌី ថេហូយ៉ា ៖ «ទោះបីមានការបង្ក្រាប ប៉ុន្តែខ្ញុំមើលឃើញថា ការបង្ក្រាបទាំងនោះមិនជាមានប្រសិទ្ធភាព ១រយភាគរយទេ វានៅមានអ្នកដែលអាចនឹងបន្តការរកស៊ី។ ឧទាហរណ៍ថា បើសិនជាគេពួកចិននេះវាបានបង្រៀនខ្មែរក្លាយជាអ្នកជំនាញបោកគេហើយនោះ ហើយបើសិនជាចិននេះត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញក៏ដោយ ឬមួយគាត់គេចខ្លួនទៅប្រទេសណាមួយ ខ្ញុំគិតថា បណ្ដាញនេះនឹងប្រើបុគ្គលិកខ្មែរបន្តធ្វើកិច្ចការងារអីបន្តទៀត ប្រសិនបើការបង្ក្រាបនេះមិនមានប្រសិទ្ធភាព ពាក្យថា ប្រសិទ្ធភាពសំដៅទៅលើបណ្ដាញទាំងមូលត្រូវបានចាប់ផ្ដន្ទាទោសដាក់ពន្ធនាគារ»។
ក្រុមឆបោកតាមអនឡាញតែងប្រកាសជ្រើសរើសបុគ្គលិកតាមបណ្ដាញសង្គម ដោយសន្យាផ្ដល់ប្រាក់ខែខ្ពស់ និងមិនទាមទារបទពិសោធន៍ការងារឡើយ។ ពួកគេប្រើគណនីហ្វេសប៊ុក និងតេឡេក្រាមក្លែងក្លាយ ប្រកាសរើសបុគ្គលិកឱ្យទៅធ្វើការនៅកាស៊ីណូ អគារពាណិជ្ជកម្ម និងក្រុមហ៊ុនអនឡាញ។ មេខ្យល់តែងអះអាងថា ការងារងាយស្រួលមានកន្លែងស្នាក់នៅ និងអាហារហូបចុកដោយឥតគិតថ្លៃ ដើម្បីទាក់ទាញយុវជន និងអ្នកគ្មានការងារឱ្យធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មនេះ៕