លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថាចំនួនពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានការកើនឡើងនៅក្នុងឆ្នាំ២០២៤ បើធៀបទៅនឹងឆ្នាំ២០២៣។ លោក ហេង សួរ បានអះអាងដែរថា ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស បានរកចំណូលផ្ញើមកស្រុកកំណើត ជិត៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរចំនួន ១លាន៣សែន៨ម៉ឹននាក់ កំពុងធ្វើការនៅបរទេស ដោយក្នុងនោះរួមមាន ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី ជាដើម។ លោក ហេង សួរ អះអាងថា ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បានកើនឡើងក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១លាន៣សែន៥ម៉ឺននាក់។
បើតាមលោក ហេង សួរ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស អាចរកប្រាក់ចំណូលសរុបប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយក្នុងនោះពួកគេក៏បានផ្ញើប្រាក់មកគ្រួសារនៅកម្ពុជាបានប្រមាណជិត៣ពាន់លានដុល្លារ។
ទោះយ៉ាងណា ក្រសួងការងារមិនបានបញ្ជាក់អំពីតួលេខដែលពលករខ្មែរចំណាកស្រុកដោយខុសច្បាប់ឡើយ។ តែបើតាមមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ មានពលករខ្មែរយ៉ាងហោចណាស់ជាង២លាននាក់ទាំងស្របច្បាប់ និងខុសច្បាប់ កំពុងធ្វើការនៅក្រៅប្រទេស។ ថៃជាប្រទេសដែលមានពលករខ្មែរច្រើនជាងគេ។ នេះបើតាមលោក ឡឹង សុផុន មន្ត្រីតំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ។
បើតាមលោក ឡឹង សុផុន បច្ចុប្បន្នពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាកង្វះឯកសារ និងត្រូវអាជ្ញាធរថៃចាប់ខ្លួននិងរងការផាកពិន័យជាបន្តបន្ទាប់។
អាជ្ញាធរថៃកាលពីថ្ងៃទី២១កុម្ភៈឆ្នាំ២០២៥ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន១២នាក់ នៅក្នុងខេត្តស្រះកែវ ករណីឆ្លងដែនចូលទៅរស់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។
បើតាមក្រសួងការងារកម្ពុជា ក្រសួងតែងតែរំលឹកដល់ប្រជាពលរដ្ឋដែលចូលទៅធ្វើការងារនៅប្រទេសថៃថា ត្រូវតែចូលទៅ ដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសពលករដែលទទួលបានការអនុញ្ញតពីរដ្ឋាភិបាល។ ការចូលទៅធ្វើការដោយខុសច្បាប់ នឹងត្រូវប្រឈមវិធានការច្បាប់របស់ប្រទេសថៃ៕