របាយការណ៍ Central ថា សិទ្ធិសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង

សុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ព.ស. ២៥៦៨ (07 មិថុនា 2024)

ប្រភព៖ RFI

នៅថ្ងៃអង្គារ ទី៤ មិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ « សង់ត្រាល់ » បានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា។ សង់ត្រាល់បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង តាមរយៈការគំរាមកំហែងគ្រប់រូបភាព។ 

របាយការណ៍ដែលបានវាយតម្លៃលើកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានអះអាងថា មានសហជីពចំនួន១០ ក្នុងចំណោម ១៤ បានរងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ ការអះអាងនេះធ្វើឡើងតាមរយៈការធ្វើសម្ភាសរបស់សង់ត្រាល់នៅក្នុងការវាយតម្លៃពីស្ថានភាពកម្មករ និងសហជីព ក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិហៅកាត់ ILO។

ប្រភពជាសហជីពឯករាជ្យដែលសង់ត្រាល់បានជួបសម្ភាសឲ្យដឹងទៀតថា ពួកគេត្រូវបានឈ្លបតាមដាន និងត្រួតពិនិត្យជាប្រចាំពីសំណាក់ក្រុមសហជីពដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ឬនិយោជក។ ជាក់ស្តែង រោងចក្រមួយចំនួនមានក្រុមសហជីពពណ៌លឿងដើរយាយី និងបំភិតបំភ័យសហជីពឯករាជ្យតាមរយៈការព្រមានដាក់ក្នុងបញ្ជីខ្មៅ និងមិនអាចឲ្យពួកគេរកការងារធ្វើបាន។ តាមរបាយការណ៍របស់សង់ត្រាល់ដដែល វាបានឆ្លុះបញ្ចាំងពីភាពខ្វះចន្លោះប្រហោងនៅក្នុងការអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា។

នៅចំពោះមុខស្ថានភាពសេរីភាពសហជីពដែលកាន់តែរឹតត្បិតដូចនេះ សង់ត្រាល់បានលើកជាអនុសាសន៍រហូតដល់១១ចំណុចដើម្បីឲ្យភាគីពាក់ព័ន្ធទាំងអស់ មានទាំងថៅកែក្រុមហ៊ុន អ្នកបញ្ជាទិញ អង្គការអន្តរជាតិ និងរដ្ឋាភិបាលកម្ពុជាត្រូវមានគណនេយ្យភាពតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិការងារ ដែលកម្ពុជាផ្តល់សច្ចាប័ន។

គួរកត់សម្គាល់ថា ករណីបំពានសិទ្ធិការងារ និងរារាំងសកម្មភាពសហជីពឯករាជ្យត្រូវបានអ្នកតាមដានសង្គមមើលឃើញថា នៅតែជាបញ្ហាដ៏ស្រួចស្រាល់នៅកម្ពុជា។ ជាក់ស្តែង ករណីវិវាទការងារដ៏រ៉ាំរ៉ៃនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ដែលឈានដល់ការចាប់ខ្លួនមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ដាក់ក្នុងពន្ធនាគារ។ ករណីចាប់ខ្លួនលោក ម៉ម រិទ្ធី ប្រធានសហជីពសហព័ន្ធសហជីពកម្មករវិស័យទេសចរណ៍សេវាកម្មកម្ពុជា និងករណីចាប់ខ្លួនលោក ជា ចាន់ ប្រធានសហជីពរោងចក្រ វីងស្ដារស៊ូ៕