រាជរដ្ឋាភិបាល​និង​ពលរដ្ឋ​ខ្មែរ​ជ្រួលច្របល់​នឹង​រដ្ឋការ​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​ទំនិញ​ពី​ប្រទេស​កម្ពុជា

ចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ព.ស. ២៥៦៨ (07 មេសា 2025)

រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា ដល់​ទៅ ៤៩% ដើម្បី​ឆ្លើយតប​ទៅ​នឹង​ពន្ធ​ទំនិញ ៩៧% ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឈរ​នៅ​កំពូល​តារាង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់។

ក្នុង​ពិធី​ប្រកាស​ដំឡើង​ពន្ធ​លើ​គ្រប់​ប្រទេស​ធ្វើ​ជំនួញ​ជាមួយ​សហរដ្ឋ​អាមេរិក របៀប​ដាក់​ពន្ធ​តប​ទៅវិញ​ទៅមក ហៅថា Reciprocal Tariff លោក ដូណាល់ ត្រាំ និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២ ខែ​មេសា នេះ បាន​ផ្ទុះ​សំណើច​នៅ​ពេល​ដែល​ពួកគេ​រាប់​ដល់​ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បង់​ពន្ធ​ខ្ពស់​ជាងគេ​រហូត​ដល់ ៤៩% ក្នុង​ចំណោម​ប្រទេស​ទាំង ១៨៥ ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​យក​ពន្ធ​លើ​ទំនិញ​ជា​ផលិតផល​ប្រណីត​ពី​សហរដ្ឋ​អាមេរិក​រហូត​ដល់ ៩៧% ដែរ​នោះ។

សូម​បញ្ជាក់​ថា ពន្ធ​នាំ​ទំនិញ​ចូល​ដែល​រដ្ឋការ​អាមេរិកាំង​ថា​ប្រទេស​កម្ពុជា​យក​ពន្ធ ៩៧% នោះ តាម​ពិត​គេ​គណនា​តាម​របៀប​ការ​ធ្វើ​ជំនួញ​មិន​ស្មើភាព​ជាមួយ​គ្នា។ ទំនិញ​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក មាន​ទឹកប្រាក់​ចំនួន​ជិត ១៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ រីឯ​ទំនិញ​ដឹក​ពី​សហរដ្ឋ​អាមេរិក​នាំ​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​ដូច​គ្នា មាន​ទឹកប្រាក់​ចំនួន​ប្រមាណ ៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​ក្នុង​ភាសា​សេដ្ឋកិច្ច គេ​ហៅថា អតិរេក ឬ surplus ជា​ភាសា​អង់គ្លេស។

ប្រធានាធិបតី ត្រាំ យល់​ថា គេ​យក​លុយ​ពី​សហរដ្ឋ​អាមេរិក​តាម​របៀប​នេះ​យ៉ាង​សន្ធឹកសន្ធាប់​រាល់​ឆ្នាំ ព្រោះតែ​គ្មាន​ពន្ធ ឬ​ពន្ធ​ទាប។ លោក​បន្ថែម​ថា នេះ​លោក​បញ្ចុះ​តម្លៃ​ផង ដែល​ហៅថា discounted tariffs។

ក្រៅពី​កម្ពុជា ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ក៏​ត្រូវ​តម្រូវ​ឱ្យ​បង់​ពន្ធ​ដែរ ដូចជា វៀតណាម ត្រូវ​បង់​ពន្ធ ៤៦% ឡាវ ៤៨% ភូមា ៤៤% ថៃ ៣៦% ឥណ្ឌូនេស៊ី ៣២% ម៉ាឡេស៊ី ២៤% សិង្ហបុរី ១០% និង​ប្រទេស​ហ្វីលីពីន ១៧% ដូច្នេះ​បង្ហាញ​ថា​កម្ពុជា​ជាប់​កំពូល​តារាង​ជា​ប្រទេស​រង​ការ​បង់​ពន្ធ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន​នា​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មេសា នេះ ដោយ​ព្រមាន​ថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ ៤៩% លើ​ទំនិញ​ពី​ស្រុក​ខ្មែរ ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង ១២.០០​នាទី​ព្រឹក​នៅ​ថ្ងៃទី​៩ ខែ​មេសា ខាងមុខ​នេះ ហើយ​ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​ដោះស្រាយ​ឱ្យ​ទាន់​ពេល​ទេ វា​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ។

ប្រធាន​សភា​ពាណិជ្ជកម្ម​រូប​នេះ​អះអាង​ថា នៅ​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ចំនួន ១២,៨​ពាន់​លាន​ដុល្លារ ប៉ុន្តែ​បាន​នាំចូល​មក​វិញ​ត្រឹមតែ ៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក ខេស៊ី បាណេត បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​ស្នើសុំ​ការ​កាត់បន្ថយ​ពន្ធ​លើ​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក ការ​សម្របសម្រួល​ការ​ផ្តល់​អាជ្ញាបណ្ណ​អាជីវកម្ម​របស់​សហរដ្ឋ​អាមេរិក ដូចជា Starlink និង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​សន្តិសុខ​ជាតិ​នា​ពេល​កន្លង​មក ដូច្នេះ​កម្ពុជា​គួរតែ​ផ្តល់​អាជ្ញាបណ្ណ​ឱ្យ​កាន់តែ​ឆាប់​រហ័ស​ដល់​អាជីវកម្ម​របស់​សហរដ្ឋ​អាម៉េរិក ដូចជា Starlink ជាដើម។

ចំណែក​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មេសា នេះ​ដែរ​ថា ការ​កម្រិត​ពន្ធ​នេះ​អាច​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​វាយនភណ្ឌ​កាត់ដេរ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ រួម​ទាំង​ទំនិញ​ផ្សេង​ទៀត​ដែល​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋ​អាមេរិក។

លោក ឃុន ថារ៉ូ លើកឡើង​ថា វិស័យ​កាត់ដេរ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ស្មើ​នឹង​ប្រមាណ ៥០​ភាគរយ​នៃ​ផលិតផល​នាំចេញ​សរុប​ពី​ប្រទេស​កម្ពុជា បាន​ផ្តល់​ការងារ​ដល់​កម្មករ​ជិត ១​លាន​នាក់ ចំណែក​ពលរដ្ឋ និង​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​ផ្នែក​សេដ្ឋកិច្ច​មួយ​នេះ ក៏​មាន​ចំនួន​រហូត​ដល់​ទៅ​ជាង ៣​លាន​នាក់​ដែរ។

លោក ឃុន ថារ៉ូ គូស​បញ្ជាក់​ថា រោងចក្រ​អាច​បិទ​ទ្វារ កម្មករ​នឹង​ប្រឈម​ការ​បាត់បង់​ការងារ និង​ប្រាក់ចំណូល ហើយ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ក៏​នឹង​ធ្លាក់​ចុះ​ថែម​ទៀត ដែល​ជា​ហេតុ​នាំ​ឱ្យ​កម្ពុជា​មាន​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​កាន់តែ​ជ្រៅ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មេសា នេះ​ថា តួលេខ​កំណត់​ពន្ធ​របស់​អាមេរិក​សម្រាប់​កម្ពុជា​នៅ​ពេលនេះ គឺជា​បណ្តាសា​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ព្រោះ​ក្រុមហ៊ុន និង​រោងចក្រ​ដែល​រកស៊ី​នៅ​កម្ពុជា ប្រាកដជា​ផ្លាស់​ទៅ​រកស៊ី​នៅ​ប្រទេស​ផ្សេង​ជាមិនខាន។ មួយ​វិញ​ទៀត ក្រុមហ៊ុន​ចិន ដែល​រើ​ពី​ស្រុក​ចិន មក​បោះ​ទីតាំង​នៅ​ស្រុក​ខ្មែរ ព្រោះ​ខ្លាច​បង់​ពន្ធ​ខ្ពស់​លើ​ផលិតផល​ពី​ស្រុក​ចិន នោះ ក៏​ទំនង​ជា​នឹង​គិត​សាជាថ្មី​ដែរ។

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កសាង​ចំណង​នយោបាយ​ការទូត​ជាមួយ​អាមេរិក​ឱ្យ​ល្អ​ឡើងវិញ រួម​ទាំង​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ ដើម្បី​ជា​ទម្ងន់​មួយ​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ឱ្យ​មហាអំណាច​មួយ​នេះ​បន្ធូរបន្ថយ​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​មុខ។

អ្នកវិភាគ​សេដ្ឋកិច្ច​ខ្លះ​និយាយ​ថា នេះ​ជា​ផលវិបាក​ពី​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ជាតិ​បែប​ពុករលួយ ខាតបង់​ថវិកា​ជាតិ គឺ​ពេល​ណា​សេដ្ឋកិច្ច​ជួប​វិបត្តិ រដ្ឋ​គ្មាន​ថវិកា​បម្រុង​សម្រាប់​ជួយ​ផ្នែក​ផលិតកម្ម​ទេ មាន​តែ​ខ្ចី​បុល​គេ​ប៉ុណ្ណោះ៕