ប្រភព៖ ប្រជាកាសែត
រោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រកាសបិទទ្វារជាផ្លូវការដោយសារវិបត្តិហិរញ្ញវត្ថុ ដោយភាគីរោងចក្រសុំពេល៣ខែ ដើម្បីទូទាត់សំណងជូនកម្មករ។
តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនអិមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) បានបញ្ជាក់ថា រោងចក្រ អិមអិល សម្រេចចិត្តបិទដំណើរការផលិតកម្មទាំងស្រុងចាប់ពីថ្ងៃទី២៧ ខែមេសា តទៅ ដោយសារជួបបញ្ហាហិរញ្ញវត្ថុ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងខាងសេដ្ឋកិច្ច។
សេចក្ដីជូនដំណឹងបន្តថា៖ «ចំពោះការប្រកាសបិទដំណើរការផលិតកម្មជាស្ថាពរនេះ លោកថៅកែនឹងធ្វើការទូទាត់សំណងអតីតភាពការងារជូនបងប្អូនកម្មករនិយោជិតទាំងអស់ ដោយយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីអត្ថប្រយោជន៍ដែលទទួលបានក្រោយរំលាយកិច្ចសន្យាការងារ និងច្បាប់ការងារ»។
រោងចក្រថានឹងផ្ដល់សំណងដល់កម្មករនិយោជិតទាំងអស់ ទាំងអ្នកដែលជាប់កិច្ចសន្យាការងារមានថិរវេលាកំណត់ដូចជា ប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ៥% តាមថិរវេលាជាក់ស្ដែងរយៈពេលនៃកិច្ចសន្យាការងារ។ ចំពោះកម្មករនិយោជិតដែលអនុវត្តកិច្ចសន្យាការងារមានថិរវេលា នឹងទទួលបានសំណងដូចជាប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់ជួសការជូនដំណឹងមុន ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសទី១ ចាប់ពីខែ មករា ដល់ ខែមិថុនា ឆ្នាំ២០២៦ (ចំនួន៧.៥ថ្ងៃ)។
បុគ្គលិករដ្ឋបាលរោងចក្រអិមអិល អិនធីមេត អឹភែរឹលលោក ងួន ស៊ីវត្ថា បានបញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៧ មេសា ថា ភាគីរោងចក្រសុំរយៈពេល៣ខែចាប់ពីចុងខែមេសា ឆ្នាំ២០២៦ ដើម្បីប្រមូលប្រាក់ពីការដាក់លក់ទ្រព្យសម្បត្តិនានារបស់រោងចក្រ។
លោកថា៖ «សុំរយៈពេល៣ខែដើម្បីប្រមែលប្រមូលពេលដើម្បីលក់ឥវ៉ាន់លក់អីពីខាង ហុង កុង និងចិន ព្រោះតាមច្បាប់លុះត្រាតែមានសាលក្រមពីតុលាការបានយើងមានសិទ្ធិដកលុយទាំងអស់ហ្នឹងដើម្បីលក់យកលុយដើម្បីសងបងប្អូនកម្មករនិយោជិតទាំងអស់»។
កម្មការិនីរោងចក្រ អិមអិល អ៊ិនធីមេត អឹភែរឹល អ្នកស្រី សូ សាវឿន បានប្រាប់ថា នៅព្រឹកថ្ងៃទី២៧ ខែមេសា កម្មករទាំងអស់នៃរោងចក្រនេះប្រមាណជិត៧០០នាក់បានទៅធ្វើការ ព្រោះដល់ថ្ងៃចូលធ្វើការវិញ បន្ទាប់ពីសម្រាកចូលឆ្នាំ ហើយនៅពេលទៅដល់រោងចក្រទើបដឹងថារោងចក្រប្រកាសបិទទ្វារ។
អ្នកស្រីថា៖ «បើសិនជារោងចក្រឈប់ហើយជូនដំណឹងដល់បងប្អូនកម្មករមុន ប្រហែលជាបងប្អូនកម្មករគាត់អាចស្វែងរកការងារផ្សេងៗបានធ្វើ។ តែដល់គាត់ភ្លាមៗអ៊ីចឹង គាត់ក៏អត់មានលុយក្នុងខ្លួន មិនថាខ្ញុំមិនថាពួកគាត់ទេគឺអត់ទាំងអស់ គឺអត់មានលុយក្នុងខ្លួនទេ។ អ៊ីចឹងឱ្យគាត់ស្វះស្វាងទៅរកការងារនៅឯណា បើប្រាក់ខែចុងក្រោយក៏មិនទាន់បានបើក ហើយអាសំណងហ្នឹងក៏មិនទាន់បានភ្លាមៗ»។
រីឯកម្មការិនីម្នាក់ទៀតដែលជាប្រធានផ្នែកដេរនៅរោងចក្រអិមអិលគឺ អ្នកស្រី ឡត សុភាព ឱ្យដឹងថា អ្វីដែលគាត់បារម្ភគឺប៉ះពាល់ជីវភាពគ្រួសារគាត់ពេលរោងចក្រអិមអិលនេះបិទទ្វារ។
អ្នកស្រីថា៖ «ព្រួយបារម្ភទី១ កម្មករខាងនេះគាត់ជំពាក់ធនាគារ ហើយរកការងារអត់ទាន់បានភ្លាមៗទេ ហើយលុយសងជំងឺចិត្តគេ សងគេសងតិចតួច ហើយរយៈពេលយូរទៀតបីខែបានគេទូទាត់ឱ្យយើង។ ខ្ញុំជំពាក់អង្គការមួយម៉ឺនដែរហ្នឹង។ បង់មួយខែ២រយ រយៈពេល១០ ឆ្នាំ យកសង់ផ្ទះ ហើយទើបតែបង់បានបីឆ្នាំហ្នឹង។ តំណាងរោងចក្រមានប្រធានរដ្ឋបាល គាត់អត់ទាន់ឈប់ទេនៅចាំបើកលុយឱ្យរួចរាល់សិន»។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យលោក នួន ស៊ីណា បញ្ជាក់ថា ក្រសួងនិងមន្ទីរការងារនឹងដោះស្រាយករណីនេះជូនកម្មកររោងចក្រអិមអិល អ៊ិនធីមេត អឹភែរឹល។
លោកថា៖ «លទ្ធផលនោះអត់ទាន់ដឹងទេបងដោយសារ ស្អែកខាងក្រសួងគាត់មក ។ ខ្ញុំក៏អត់ទាន់ហ៊ាននិយាយអីច្រើនដែរ ខាងក្រសួងនឹងមកដោះស្រាយ រដ្ឋលេខាធិការនឹងអញ្ជើញមកណា តំណាងសមាគមកាត់ដេរប៉ុណ្ណឹង។ ជាលទ្ធផលអត់ទាន់បានទេ ព្រោះនៅស្អែកមួយថ្ងៃទៀត គាត់មិនស្រែកឡូឡាអីទេ គ្រាន់តែមកឱ្យក្រុមការងារជួយឱ្យបានប្រាក់ខែទៀងទាត់អីចឹងណា។ ហើយក្រុមការងារក៏សកម្មដែរ យើងដឹងថាកម្មករគាត់ក៏មិនធូរធារអីដែរណា»។
លោកបន្ថែមថា៖ «ទាក់ទងរឿងហ្នឹងក្នុងនាមជាមន្ទីរក្រសួងក៏គាត់ប្ដេជ្ញាចិត្តដែរដោយរដ្ឋលេខាធិការគាត់អញ្ជើញមកហើយ។ ក្រសួងក៏គាត់ប្ដេជ្ញាចិត្តដោះស្រាយដែរ ហើយស្អែកក្រសួងនឹងដោះជាមួយរោងចក្រ តំណាងសមាគមកាត់ដេរទៀត»។
ជុំវិញករណីនេះ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា ការដែលរោងចក្រអិមអិល អ៊ិនធីមេត អឹភែរឹល ប្រកាសបិទទ្វារភ្លាមៗនេះ វានឹងផ្ដល់ផលមិនល្អដល់កម្មករនិយោជិត។
អ្នកស្រីថា៖ «ជុំវិញការបិទទ្វាយ៉ាងតក់ក្រហល់ភ្លាមៗនេះ ប្រាកដណាស់វានឹងជះឥទ្ធិពល ផលប៉ះពាល់ដល់កម្មករនិយោជិតខ្លាំង ព្រោះស្ថានភាពភាពឥឡូវនេះវាមិនអំណោយផលដល់កម្មករនិយោជិតទេ ព្រោះជាទូទៅក៏មានក្រុមហ៊ុនខ្លះរើសកម្មករដែរ តែនិយោជកត្រូវមើលដែរថាកម្មករដែលរើសយកមកធ្វើការ»។
អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែទី១ នៅពេលដែលក្រុមហ៊ុនបិទទ្វារក៏វាប៉ះពាល់ដល់សេដ្ឋកិច្ចកម្មករ ដែលគាត់ត្រូវទទួលបន្ទុកចិញ្ចឹមខ្លួនឯង ចិញ្ចឹមគ្រួសារ បងប្អូន គ្រួសារ សាច់ញាតិរបស់គាត់ ហើយបន្ទាប់មកគាត់ក៏ជាប់បំណុលជាច្រើនទៀត ព្រោះដូចដែលបានដឹងចឹងថា កម្មករនិយោជិត មានបំណុលស្ទើរតែ៩០ភាគរយជាង»។
រោងចក្រអិមអិល អិនធីមេត អឹភែរឹល ខេមបូឌា ML INTIMATE APPAREL (CAMBODIA) LTD ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត «អូរនាង» ក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រោងចក្រនេះមានកម្មករសរុបចំនួន ៦៩៦នាក់ ក្នុងនោះកម្មករជាប់កិច្ចសន្យាមានថេរវេលាកំណត់ចំនួន ៤២៧នាក់ និងកិច្ចសន្យាគ្មានថេរវេលាកំណត់ចំនួន ២៦៩នាក់៕